នៅក្នុងខួប៧១ឆ្នាំនៃការបង្កើតគណបក្សប្រជាជនកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលជាប្រធានគណបក្សកាន់អំណាច នៅថ្ងៃអង្គារនេះ បានថ្លែងថា គណបក្សរបស់លោកនឹងឈ្នះការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំក្រោយនេះ ហើយលោកក៏ព្រមានកម្ចាត់ក្រុមមនុស្សដែលលោកហៅថាជា«ក្រុមប្រឆាំងជ្រុលនិយម» និង«ពួកអគតិ»។
លោក ហ៊ុន សែន បានថ្លែងបែបនេះនៅក្នុងពិធីអបអរសាទរខួប៧១ឆ្នាំនៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ ដែលធ្វើឡើងនៅវិមាន៧មករា ដែលជាទីស្នាក់ការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជាក្នុងរាជធានីភ្នំពេញ។
លោក ហ៊ុន សែន បានថ្លែងថា៖ «លទ្ធិប្រជាធិបតេយ្យចាក់ឫសកាន់តែរឹងមាំក្នុងសង្គមខ្មែរ» បើទោះមានការរិះគន់ពីប្រទេសប្រជាធិបតេយ្យមួយចំនួនក៏ដោយ ក្រោយការរំលាយគណបក្សសង្គ្រោះជាតិ និងការបង្រ្កាបនយោបាយនៅកម្ពុជា។
លោកនាយករដ្ឋមន្រ្តីថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ដែលលទ្ធផលបង្ហាញថាគណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងប្រមាណ៧៤% គឺជាសញ្ញានៃជោគជ័យរបស់គណបក្សសម្រាប់ការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំ២០២៣។
លោក ហ៊ុន សែន បញ្ជាក់ថា៖ «តាមរយៈជ័យជម្នះនេះ នឹងធ្វើឱ្យគណបក្សប្រជាជនមានមូលដ្ឋានកាន់តែរឹងមាំសម្រាប់ឈានទៅដណ្តើមជ័យជម្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៅឆ្នាំ២០២៣ខាងមុខ ហើយបានធ្វើឱ្យបរាជ័យនូវឧបាយកលនិងសកម្មភាពប្រទូសរ៉ាយទាំងឡាយរបស់ពួកប្រឆាំងជ្រុលនិយម និងពួកអគតិ ដែលដើរផ្ទុយពីឆន្ទៈ និងផលប្រយោជន៍របស់ប្រជាជន»។
លោក ហ៊ុន សែន ឱ្យដឹងទៀតថា គណបក្សប្រជាជនកម្ពុជានឹងបន្តអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការពារសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខរបស់ជាតិ រក្សាមិនឱ្យមានការបែកបាក់ផ្ទៃក្នុងជាតិ និងមិនឱ្យមាន«អនុភាពប្រតិកិរិយា» និង«អាសិរពិស»មកបំផ្លាញប្រទេសកម្ពុជាឡើយ។
លោក ហ៊ុន សែន បន្ថែមថា៖ «គណបក្សប្រជាជនកម្ពុជាបន្តដើរទៅមុខឥតងាករេលើមាគ៌ាប្រជាធិបតេយ្យ សេរី ពហុបក្ស និងនីតិរដ្ឋ ដែលស្របទៅនឹងបរិបទនៃសង្គមកម្ពុជា និងឆ្លើយតបទាំងស្រុងទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជន។ ព្រមជាមួយគ្នាគណបក្សបដិសេធនូវរាល់សកម្មភាពទាំងឡាយ ទោះចេញពីប្រភពណាក្តី ដែលប៉ុនប៉ងនាំឱ្យកម្ពុជា ឱ្យឃ្លាតចេញពីមាគ៌ានេះ ឬគាបសង្កត់មកលើអធិបតេយ្យភាពរបស់កម្ពុជា»។
បើតាមលោក ហ៊ុន សែន គណបក្សប្រជាជនកម្ពុជាបន្តពង្រឹងកិច្ចសហការយ៉ាងស្មោះសជាមួយគណបក្សនយោបាយ អង្គការសង្គមស៊ីវិល ដែលលោកថា«មានភាពស្មោះត្រង់ និងសុឆន្ទៈពិតប្រាកដ» ក្នុងគោលបំណងថែរក្សាបរិយាកាសល្អនៅមុនការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣។
ចំណែកអនុប្រធានគណៈកម្មការគណបក្សប្រជាជនកម្ពុជាប្រចាំរាជធានីភ្នំពេញ លោក កើត ឆែ បានថ្លែងក្នុងពិធីនោះថាជំនួសឱ្យសមាជិក និងសមាជិកាទាំងអស់របស់គណបក្ស ពួកគេប្តេជ្ញាធ្វើឱ្យគណបក្សប្រជាជនកម្ពុជាមានសន្ទុះអ្នកគាំទ្រកាន់តែខ្លាំង ជាពិសេសបន្តគាំទ្រលោក ហ៊ុន សែន នៅក្នុងការធ្វើជានាយករដ្ឋមន្ត្រី រួមទាំងលោក ហ៊ុន ម៉ាណែត ជាបេក្ខជនអនាគតនាយករដ្ឋមន្ត្រី។
អ្នកវិភាគនយោបាយ លោកបណ្ឌិត មាស នី បានលើកឡើងថា គណបក្សប្រជាជនកម្ពុជាពិតជាបានចាក់ឫសយ៉ាងរឹងមាំនៅក្នុងប្រទេសកម្ពុជា ដោយហេតុថាគណបក្សមួយនេះមានសមត្ថភាពនៅក្នុងការរក្សាអំណាចអស់រយៈកាល៤៣ឆ្នាំមកហើយ។ ទោះជាយ៉ាងណា លោកថាគណបក្សកាន់អំណាចនេះនៅមិនទាន់សម្រេចបាននូវឯកភាពជាតិ ក៏ដូចជាការរួបរួមជាតិនោះទេ ដែលការណ៍នេះនាំឱ្យកម្ពុជាមិនមានលទ្ធិប្រជាធិបតេយ្យពិតប្រាកដ។
លោក មាស នី ប្រាប់វីអូអេថា៖ «កាលណាមិនមានសាមគ្គីភាព យើងពិបាកណាស់នៅក្នុងការនិយាយថាប្រជាធិបតេយ្យពិតប្រាកដវាបានកើតឡើងនៅក្នុងប្រទេសខ្មែរ គឺពិបាកនឹងវាយតម្លៃថាវាបានកើតមានឡើង»។
អ្នកវិភាគរូបនេះអះអាងថា គណបក្សប្រជាជនកម្ពុជាកំពុងតែមានការព្រួយបារម្ភពីការបាត់បង់សំឡេងឆ្នោតនាឆ្នាំ២០២៣ខាងមុខ ខណៈគណបក្សប្រឆាំងពោលគឺគណបក្សភ្លើងទៀនកំពុងតែបោះពួយឆ្ពោះគួរឱ្យកត់សម្គាល់ទៅរកការបោះឆ្នោតខាងមុខ។
លោកនិយាយថា៖ «អ៊ីចឹងទោះបីជាគណបក្សប្រជាជនបានឈ្នះភ្លូកទឹកភ្លូកដីក៏ដោយ ក៏ប៉ុន្តែជាការមើលឃើញរបស់ខ្ញុំគឺការព្រួយបារម្ភរបស់ពួកគាត់ គឺនៅតែមានទេ គឺដោយសារតែសន្ទុះនៃគណបក្សភ្លើងទៀនហាក់ដូចជាស្ទុះលឿន ដែលមួយរយៈបោះឆ្នោតនេះ គឺយើងឃើញថាបានរហូតដល់ទៅជាង២ពាន់កន្លែងដែរ»។
នៅក្នុងពិធីរំលឹកខួប៧១ឆ្នាំនៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន ក៏បានថ្លែងថាគណបក្សប្រជាជនកម្ពុជាមានប្រភពចេញពីចលនាតស៊ូប្រឆាំងពួកអាណានិគមនិយម ដើម្បីឯករាជ្យជាតិ។ លោកបន្ថែមថាគណបក្សប្រជាជនកម្ពុជាជា«របស់ប្រជាជន អាស្រ័យដោយប្រជាជន និងដើម្បីប្រជាជន»។ បើតាមលោក ហ៊ុន សែន សមិទ្ធផលដែលគណបក្សនេះសម្រេចបានក្នុងរយៈពេល៤៣ឆ្នាំ ក្រោយការផ្តួលរំលំរបបខ្មែរក្រហម គឺដោយសារមានភាពត្រឹមត្រូវផ្នែកនយោបាយ មានការគាំទ្រយ៉ាងពេញទំហឹងពីប្រជាពលរដ្ឋ មានរចនាសម្ព័ន្ធរឹងមាំ មានធនធានមនុស្សប្រកបដោយគុណភាព និងសមត្ថភាព មានសាមគ្គីភាពផ្ទៃក្នុងរឹងមាំ និងរបៀបរបបធ្វើការងារបានត្រឹមត្រូវ។
លោក ហ៊ុន សែន ក៏បានអំពាវនាវឱ្យថ្នាក់ដឹកនាំរបស់គណបក្សបង្កើនការខិតខំបំពេញការងារឱ្យបានល្អ និងអនុវត្តគោលការណ៍កំណែទម្រង់របស់គណបក្ស ដើម្បីធានាថាគណបក្សនៅតែរឹងមាំ និងទទួលបានការស្រឡាញ់គាំទ្រពីប្រជាជនជានិច្ច៕