នៅដើមអាណត្តិទី៧នេះ ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ព្រះមហាក្សត្របានតែងតាំងអនុរដ្ឋលេខាធិការ និងរដ្ឋលេខាធិការជាង១៤០០នាក់ ដែលចំនួននេះកើនឡើងជិត៣ដង បើធៀបនឹងការតែងតាំងកាលពីអាណត្តិមុន។ អ្នកតាមដានសង្គមយល់ថាការតែងតាំងច្រើនលើសលប់នេះធ្វើឱ្យខ្ជឋខ្ជាយថវិកាជាតិ។ ប៉ុន្តែមន្រ្តីគណបក្សកាន់អំណាចការពារថាការតែងតាំងអនុរដ្ឋលេខាធិការ និងរដ្ឋលេខាធិការច្រើនបែបនេះ ដោយសារតម្រូវការការងារច្រើន។
កាលពីដើមអាណត្តិទី៦ ដែលដឹកនាំដោយលោក ហ៊ុន សែន ព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យតែងតាំងអនុរដ្ឋលេខាធិការ និងរដ្ឋលេខាធិការសរុប៦៣២នាក់តែប៉ុណ្ណោះ ដោយក្នុងនោះ រដ្ឋលេខាធិការសរុបចំនួន២៤១នាក់ និងអនុរដ្ឋលេខាធិការ សរុបចំនួន៣៩១នាក់ ឱ្យទៅបម្រើការនៅក្រសួងចំនួន២៨ និងលេខាធិការដ្ឋាន១។ នេះបើតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រព្រះករុណាព្រះបាទ នរោត្តម សីហមុនី ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨។
ក្នុងអាណត្តិទី៦នោះ ក្រសួងមហាផ្ទៃ មានចំនួនរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការច្រើនជាងគេ ដោយមានរដ្ឋលេខាធិការសរុបចំនួន១៨នាក់ និងអនុរដ្ឋលេខាធិការមានចំនួន៣២នាក់។
ដោយឡែក នៅដើមអាណត្តិទី៧ ព្រះមហាក្សត្របានតែងតាំងអនុរដ្ឋលេខាធិការ និងរដ្ឋលេខាធិការសរុប១៤៣៨នាក់។ នេះបើតាមព្រះរាជក្រឹត្យចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ដោយយោងតាមសំណើរបស់លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អាណត្តិទី៧នេះ។
តាមព្រះរាជក្រឹត្យតែងតាំងចុះថ្ងៃទី២២ ខែសីហានេះ ក្រសួងមហាផ្ទៃ ដែលដឹកនាំដោយលោក ស សុខា កូនប្រុសលោក ស ខេង ជារដ្ឋមន្ត្រី មានរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការច្រើនជាងគេ រហូតដល់១០៤នាក់ ដោយក្នុងនោះ រដ្ឋលេខាធិការមានចំនួន៤២នាក់ និងអនុរដ្ឋលេខាធិការ មានចំនួន៦២នាក់។ ចំណែកទីស្តីការគណៈរដ្ឋមន្ត្រី ទាំងរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ មានចំនួនសរុប៨៩នាក់ ដោយក្នុងរដ្ឋលេខាធិការមានចំនួន៥៤នាក់។ បន្ទាប់មកគឺក្រសួងការពារជាតិ ដែលដឹកនាំដោយកូនប្រុសរបស់លោក ទៀ បាញ់ គឺលោក ទៀ សីហា ជារដ្ឋមន្ត្រី គឺមានរដ្ឋលេខាធិការចំនួន៤៤នាក់ និងអនុរដ្ឋលេខាធិការមានចំនួន៤២នាក់។ ក្រៅពីនោះ តាមក្រសួងជាង២០ទៀត មានរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ មិនក្រោម២០នាក់នោះទេ។
បើគិតអំពីចំនួនតួលេខសរុបនៃក្បាលម៉ាស៊ីនដឹកនាំរដ្ឋាភិបាលអាណត្តិទី៧នេះ ដែលរួមមាននាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រី មានសរុបមានចំនួន៩០នាក់។ ដូច្នេះបើបូកសរុបចំនួនក្បាលម៉ាស៊ីនដឹកនាំរដ្ឋាភិបាល និងចំនួនរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ដែលជាតំណែងនយោបាយ គឺមានចំនួនសរុប១៥២៨នាក់។
ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ លោក កើត សារ៉ាយ រិះគន់ថានេះជាការតែងតាំងរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការច្រើនលើសលប់ ហើយវាមិនធ្វើឱ្យចំណេញដល់ជាតិនោះទេ។ ប៉ុន្តែលោកមើលឃើញថាវាប៉ះពាល់ថវិកាជាតិ។
លោកប្រាប់វីអូអេថា៖ «នេះវាបង្ហាញថាវាមិនមែនជាបច្ចេកទេស ឬស្តង់ដារមួយក្នុងការរៀបចំ ដើម្បីឆ្លើយតបទៅជាមួយនឹងការដោះស្រាយលើបញ្ហារបស់ប្រជាពលរដ្ឋទេ។ តែនេះគឺជាស្តង់ដារមួយ គឺជារបៀបមួយ ដែលកំពុងធ្វើឱ្យមានការបំផ្លាញថវិកាជាតិ ដោយប្រយោល មានន័យថាយកមុខនាទី តួនាទី ដាក់ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ដើម្បីចែកកន្លែងគ្នាអង្គុយ ចែកកៅអីគ្នាអង្គុយ ចាយថវិការដ្ឋដោយខ្ជះខ្ជាយ»។
បើតាមលោក កើត សារ៉ាយ ប្រទេសថៃមានប្រជាជនច្រើនជាងកម្ពុជាឆ្ងាយ ប៉ុន្តែប្រទេសក្បែរខាងមួយនេះមានរដ្ឋមន្ត្រី និងរដ្ឋលេខាធិការតិចជាងកម្ពុជា។
លោកថ្លែងថា៖ «ប៉ុន្តែបើយើងប្រៀបធៀបរវាងប្រទេសថៃ និងកម្ពុជា ថៃមានប្រជាពលរដ្ឋ ៧០ ឬ៨០លាននាក់ គេមានរដ្ឋមន្ត្រី តិចជាងខ្មែរ មានរដ្ឋលេខាធិការក៏តិចជាងខ្មែរ។ ហើយខ្មែរមានតែ១៦ ឬ១៧លាននាក់ ប៉ុន្តែយើងមានរដ្ឋមន្ត្រី [និង]ក្រសួងមួយហែកចេញជា៣ជា៤ ហើយរដ្ឋមន្ត្រីមួយបំបែករដ្ឋលេខាធិការ អនុរដ្ឋលេខាធិការរាប់រយនាក់ឯណោះ»។
ក្រៅពីនេះ លោក កើត សារ៉ាយ យល់ថាការតែងតាំងអនុរដ្ឋលេខាធិការ និងរដ្ឋលេខាធិការច្រើនយ៉ាងនេះ គឺមិនមានប្រសិទ្ធភាពការងារទេ ហើយបែរជាធ្វើឱ្យយឺតយ៉ាវដល់ការងារក្នុងការអភិវឌ្ឍសង្គម។
លោកបញ្ជាក់ថា៖ «យើងមើលឃើញកន្លងមក ការដែលមានអនុរដ្ឋលេខាធិការច្រើនយ៉ាងនេះ មានរដ្ឋលេខាធិការច្រើនយ៉ាងនេះ មានរដ្ឋមន្ត្រីមានក្រសួងច្រើនយ៉ាងណា សួរថា តើមកដល់ពេលនេះ ការឆ្លើយតបទៅនឹងតម្រូវការដោះស្រាយបញ្ហាសង្គមហ្នឹងប្រកបដោយប្រសិទ្ធភាពហើយឬនៅ? សួរថាសង្គមកម្ពុជាបានផ្លាស់ប្តូរអ្វីជាវិជ្ជមាន ហើយទេ? វាអត់ឃើញមាន។ ព្រៃនៅតែអស់ រ៉ែនៅតែអស់ ប្រជាពលរដ្ឋនៅតែរងភាពអយុត្តិធម៌ ជនភាពទុច្ចរិត។ ពួកឧកញ៉ាខិលខូចនៅតែឆបោកពីមួយថ្ងៃទីមួយថ្ងៃ»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសានថ្លែង ការពារថាការតែងតាំងទាំងនោះ គ្រាន់តែតែងតាំងឡើងវិញ ដោយរដ្ឋាភិបាលថ្មី ដែលដឹកនាំដោយលោក ហ៊ុន ម៉ាណែត ហ្នឹងដោយសារតម្រូវការការងារច្រើន។
លោកប្រាប់វីអូអេថា៖ «ការតែងតាំងវាអាស្រ័យលើសំណូមពរការងារ ដែលត្រូវតែងតាំង។ បើគ្មានសំណូមពរការងារទេ គេអត់តែងតាំងទេ។ តែងតាំងយកមនុស្សមកស្អី យកមនុស្សមកដេកស៊ីប្រាក់ខែហ្នឹង ហើយអត់មានធ្វើការងារហ្នឹង អាហ្នឹងម៉េចត្រូវ? គេគិតគូរ រាជរដ្ឋាភិបាល ជាអ្នកគិតគូរ ជាអ្នកទទួលខុសត្រូវ មិនមែនពួកប្រឆាំងទទួលខុសត្រូវឯណា»។
លោក សុខ ឥសាន ចាត់ទុកការរិះគន់រដ្ឋាភិបាលអាណត្តិទី៧ថា«ក្បាលធំ ខ្លួនតូច» នោះមិនត្រឹមត្រូវនោះទេ។
លោកថ្លែងថា៖ «សមាជិករាជរដ្ឋាភិបាល គឺមានតែនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី ហើយនឹងរដ្ឋមន្ត្រីតាមក្រសួង។ ចំណែករដ្ឋលេខាធិការ អនុរដ្ឋលេខាធិការមានចំនួនប៉ុន្មានក៏ដោយ តែគាត់មិនមែនជាសមាជិកគណៈរដ្ឋមន្ត្រីទេ។ អ៊ីចឹងមិនត្រូវយករដ្ឋលេខាធិការ អនុរដ្ឋលេខាធិការមកបូកសរុប ហើយវាយប្រហារមកថា រដ្ឋាភិបាលមានក្បាលធំ ខ្លួនតូច[គឺ]តែពួកប្រឆាំងនិយាយអ៊ីចឹង»។
គួរបញ្ជាក់ថាខណៈកម្ពុជាមានការផ្លាស់ប្តូរនាយករដ្ឋមន្រ្តី កូនៗរបស់មន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាត្រូវបានមើលឃើញថាទទួលបានតំណែងជាន់ខ្ពស់នៅតាមក្រសួងស្ថាប័នរដ្ឋ ហើយអ្នកខ្លះក៏ត្រូវបានតែងតាំងជាអភិបាលខេត្តផងដែរ ដូចជាលោក ប្រាក់ សោភ័ណ កូនប្រុសរបស់លោក ប្រាក់ សុខុន អតីតរដ្ឋមន្រ្តីក្រសួងការបរទេស ត្រូវបានតែងតាំងជាអភិបាលខេត្តសៀមរាប៕