បន្ទាប់ពីតំណាងរាស្ត្រជាប់ឆ្នោតធ្វើសច្ចាប្រណិធានថា «មិនកេងប្រវ័ញ្ចនូវផលប្រយោជន៍ជាតិសម្រាប់ផ្ទាល់ខ្លួន ឬសម្រាប់គ្រួសារ ឬសម្រាប់បក្ខពួក»នោះ អ្នកតាមដានសង្គមកម្ពុជាថ្លែងថា បើចង់ឱ្យការសច្ចាប្រណិធាននោះមានប្រសិទ្ធភាព លុះត្រាតំណាងរាស្ត្រហ៊ានប្រកាសទ្រព្យសម្បត្តិ និងបំណុលដោយបើកចំហ និងជាសាធារណៈ ព្រោះពាក្យសម្បថមិនទាន់អាចផ្តល់ទំនុកចិត្តសម្រាប់ពលរដ្ឋនោះទេ ហើយក៏មិនអាចកាត់បន្ថយអំពើពុករលួយបានដែរ។
កាលពីថ្ងៃទី២១ ខែសីហា ដែលជាថ្ងៃដំបូងនៃការបើកសម័យប្រជុំលើកដំបូងរបស់រដ្ឋសភា អាណត្តិទី៧ តំណាងរាស្ត្រទាំង១២៥រូប ដែលមកពីគណបក្សប្រជាជនកម្ពុជា និងមកពីគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច បានធ្វើសច្ចាប្រណិធាន ផឹកទឹកសម្បថនៅព្រះមរបរាជវាំង ដើម្បីធានាចំពោះភាពស្របច្បាប់របស់ខ្លួន ក្នុងការធ្វើជាតំណាងរាស្ត្រអាណត្តិទី៧ និងបានសច្ចាបម្រើផលប្រយោជន៍ជាតិ។
លោក វ៉ន ចាន់ឡូត អ្នកជំនាញច្បាប់មួយរូប យល់ថា ការធ្វើសច្ចាប្រណិធាននេះ គ្រាន់តែជាទម្រង់មួយ ដើម្បីបង្គ្រប់កិច្ច ក្នុងការបញ្ជាក់អំពីភាពត្រឹមត្រូវ និងភាពស្របច្បាប់របស់តំណាងរាស្ត្រ ដោយយោងតាមទំនៀមទម្លាប់ដែលកម្ពុជាបានកំណត់តែប៉ុណ្ណោះ។
លោកថា ប្រសិនបើចង់ឱ្យពាក្យសច្ចាប្រណិធាននោះមានប្រសិទ្ធភាព និងដើម្បីឱ្យពលរដ្ឋទុកចិត្ត លុះត្រាតែតំណាងរាស្ត្រទាំងអស់ហ៊ានប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់ខ្លួនជាសាធារណៈ បើទោះបីជាច្បាប់ប្រឆាំងអំពើពុករលួយមិនបានចែងក៏ដោយ។
លោក វ៉ន ចាន់ឡូត ប្រាប់វីអូអេនៅថ្ងៃពុធនេះថា៖ «ការស្បថនេះជាការពញ្ញាក់ ឬជាការសន្យាមួយដើម្បីធានាថា ខ្លួននឹងមិនធ្វើនូវទង្វើទុច្ចរិត [មិនធ្វើ]នូវទង្វើនៃការធ្វើឱ្យប៉ះពាល់ទៅដល់ផលប្រយោជន៍ជាតិ ផលប្រយោជន៍របស់ប្រជាពលរដ្ឋ។ ហើយជាក់ស្តែង បើយើងមើលអំពីការប្រកាសទ្រព្យសម្បត្តិជាសាធារណៈជាដើម គឺកម្ពុជាយើងអត់មានទេ។ អ៊ីចឹងហើយដែលវាកង្វះនូវតម្លាភាពមួយ ដែលជំរុញឱ្យការត្រួតពិនិត្យទៅដល់បញ្ហានៃអំពើពុករលួយ ឬបញ្ហាអំពើពុករលួយនៅប្រទេសកម្ពុជាមិនមានការថមថយ»។
ក្រៅពីនេះ លោកថា ប្រសិនបើកម្ពុជាចង់ដោះស្រាយអំពើពុករលួយ និងការមិនកេងប្រវ័ញ្ចផលប្រយោជន៍ជាតិ គឺវាអាស្រ័យលើការទទួលខុសត្រូវរបស់អ្នកនយោបាយ និងអ្នកដឹកនាំប្រទេសតែម្តង។ លោកបន្ថែមថា អំពើពុករលួយនៅបន្តញាំញីសង្គមកម្ពុជា ព្រោះការបែងចែកអំណាចទាំងបីនៅមានភាពមិនច្បាស់លាស់ ហើយម្យ៉ាងទៀត កម្ពុជាក៏កំពុងប្រឈមមុខនឹងកង្វះការប្រកួតប្រជែងដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ទាំងផ្ទៃក្នុងគណបក្សកាន់អំណាច និងជាមួយគណបក្សនយោបាយផ្សេងទៀត។
បើតាមលោក វ៉ន ចាន់ឡូត អំពើពុករលួយ និងប្រព័ន្ធនីតិរដ្ឋនៅកម្ពុជាត្រូវបានគេវាយតម្លៃថា មានស្ថានភាពអាក្រក់ ដូច្នេះលោកថា រដ្ឋាភិបាលថ្មី ដែលដឹកនាំដោយកូនប្រុសច្បងលោក ហ៊ុន សែន គឺ លោក ហ៊ុន ម៉ាណែត ត្រូវស្តារបញ្ហានីតិរដ្ឋ និងដោះស្រាយអំពើពុករលួយនេះ។
បើតាមសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ(CPI) ឆ្នាំ២០២២ ដែលត្រូវបានចេញផ្សាយ ដោយអង្គការតម្លាភាពអន្តរជាតិកាលពីខែមករា ឆ្នាំ២០២៣កន្លងទៅ ប្រទេសកម្ពុជាទទួលបានពិន្ទុ២៤ លើពិន្ទុអតិបរមា១០០ និងជាប់ចំណាត់ថ្នាក់ទី១៥០ ក្នុងចំណោម១៨០ប្រទេស ដែលត្រូវបានដាក់បញ្ចូលនៅក្នុងសន្ទស្សន៍។ លទ្ធផលពិន្ទុ និងចំណាត់ថ្នាក់នេះបានបង្ហាញពីភាពប្រសើរឡើងបន្តិច បើធៀបនឹងលទ្ធផលឆ្នាំ២០២១។
ក្នុងសន្ទស្សន៍ CPI ឆ្នាំ២០២១ ប្រទេសកម្ពុជាទទួលបាន២៣ពិន្ទុ លើពិន្ទុអតិបរមា១០០ និងជាប់ចំណាត់ថ្នាក់ទី១៥៧។ ហើយលទ្ធផលសន្ទស្សន៍ CPI ឆ្នាំ២០២២ បង្ហាញថា ប្រទេសកម្ពុជាបន្តបោះជំហានយ៉ាងយឺតពីក្រោយបណ្តាប្រទេសក្នុងតំបន់អាស៊ី ក៏ដូចជាសកលលោក ក្នុងការលុបបំបាត់អំពើពុករលួយ។
ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ លោក កើត សារ៉ាយ ប្រាប់វីអូអេថា ពាក្យសម្បថរបស់តំណាងរាស្ត្រគ្រាន់តែជាចិត្តសាស្ត្រមួយដើម្បីបញ្ជាក់ជំហរជាលក្ខណៈអន្តរកាល ឬជាបណ្តោះអាសន្នតែប៉ុណ្ណោះ។ លោកថា អ្វីដែលសំខាន់ត្រូវមើលលើគោលនយោបាយ និងការអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាលថ្មីថា តើនឹងដឹកនាំកម្ពុជាបែបណា។
លោកក៏មិនទាន់មានជំនឿលើរដ្ឋាភិបាលថ្មីក្នុងការដោះស្រាយអំពើពុករលួយ បញ្ហាសិទ្ធិមនុស្ស និងបញ្ហាផ្សេងទៀតក្នុងសង្គមបានល្អប្រសើរនោះដែរ ដោយសារកង្វះឆន្ទៈនយោបាយដើម្បីឆ្លើយតបនឹងការរីករាលដាលនៃអំពើពុករលួយ។
លោកថ្លែងថា៖ «យើងត្រូវមើលទៅលើគោលនយោបាយ យើងត្រូវទៅមើលពីយន្តការថា តើរដ្ឋាភិបាលនីតិកាលទី៧ តំណាងរាស្ត្រដែលស្បថនៅក្នុងព្រះមរបរាជវាំង ឬមន្ត្រីផ្សេងៗ ដែលទៅស្បថហ្នឹង តើពួកគាត់មានទស្សនវិស័យ មានការកែប្រែឡានចាស់ មួយគ្រឿងដែលបើកជាង៣០ឆ្នាំហ្នឹង ហើយឬនៅ? បានដូរកង់ហើយ ឬនៅ? មានឆន្ទៈដូរហ្វ្រាំង ហើយឬនៅ? មានឆន្ទៈដូរម៉ាស៊ីន ដូរស្បែកសព្វបែបយ៉ាងទេ? បើគ្មានទេ ដូរតែអ្នកបើកឡានថ្មី ហើយបើកឡានចាស់ដដែល ខ្ញុំជឿជាក់ថា ប្រជាពលរដ្ឋកម្ពុជានៅតែទទួលលទ្ធផលចាស់ដដែលទេ [ពាក់ព័ន្ធ] អំពើអយុត្តិធម៌ អំពើពុករលួយ ពាសពេញប្រទេសដដែល»។
ប្រតិកម្មទៅនឹងរឿងស្បថស្បែនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន លើកឡើងថា ពាក្យសម្បថដែលតំណាងរាស្ត្រស្បថនោះ គឺមានក្នុងរដ្ឋធម្មនុញ្ញកម្ពុជា។ លោកថា តំណាងរាស្ត្រអនុវត្តតាមច្បាប់ និងទទួលបានប្រាក់បំណាច់នៃការបំពេញការងារតែប៉ុណ្ណេះ ដូច្នេះគ្មានពាក់ព័ន្ធអំពើពុករលួយនោះទេ។
លោកថ្លែងថា៖ «គាត់ [តំណាងរាស្ត្រ] ធ្វើការងារ ទីមួយអនុម័តច្បាប់ ទី២តាមដានការត្រួតពិនិត្យការអនុវត្តច្បាប់ និងទី៣ចុះទៅសំណេះសំណាលប្រជាពលរដ្ឋ ដើម្បីដឹងសុខទុក្ខប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋមានសំណូមពរអី។ អាហ្នឹងសំខាន់នូវតួនាទីតំណាងរាស្ត្រ។ ដូច្នេះវាគ្មានអីពាក់ព័ន្ធអីជាមួយរឿងអំពើពុករលួយអីទេ ព្រោះតំណាងរាស្ត្រធ្វើអំពើពុករលួយក៏មិនអាចប្រព្រឹត្តទៅបានដែរ ពីព្រោះគ្នាស៊ីតែប្រាក់បំណាច់ទេ»។
បើតាមលោក សុខ ឥសាន ការប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់តំណាងរាស្ត្រ ក៏អនុវត្តទៅតាមច្បាប់ប្រឆាំងអំពើពុករលួយផងដែរ ដោយមិនចេះតែប្រកាសជាសាធារណៈនោះទេ។
ច្បាប់ប្រឆាំងអំពើពុករលួយចែងថា សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា សមាជិករាជរដ្ឋាភិបាល មន្រ្តីសាធារណៈដែលមានអាណត្តិជ្រើសតាំង សមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ប្រធាន អនុប្រធាន និងមន្រ្តីទាំងអស់នៃអង្គភាពប្រឆាំងអំពើពុករលួយ មន្រ្តីរាជការស៊ីវិលយោធា នគរបាលជាតិ និងអ្នករាជការសាធារណៈផ្សេងទៀតដែលត្រូវបានតែងតាំងដោយព្រះរាជក្រឹត្យ ឬអនុក្រឹត្យជាដើម ត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់ខ្លួនរៀងរាល់២ឆ្នាំម្ដង។ ថ្នាក់ដឹកនាំអង្គការក្រៅរដ្ឋាភិបាលក៏តម្រូវឱ្យធ្វើដូច្នេះដែរ។
ជាមួយគ្នានេះ អ្នកឯកទេសអភិបាលកិច្ច លោក ឱក សេរីសោភក្តិ៍ កត់សម្គាល់ថា ប្រសិនបើតំណាងរាស្ត្រអាណត្តិមុនៗពិតជាបានធ្វើដូចពាក្យស្បថ នោះកម្ពុជាទំនងនឹងមិនមានអំពើពុករលួយនោះទេ។
លោកថ្លែងថា៖ «ចំពោះខ្ញុំ បើសិនជាម្នាក់ៗធ្វើសច្ចាប្រណិធានហើយ វាមានប្រសិទ្ធភាពមែន [គឺ] ស្រុកទេសមិនដឹងជាជឿនលឿន មិនដឹងជាអត់មានអំពើពុករលួយហ្នឹងយ៉ាងណាទេ ទោះបីជាចៅក្រម ក៏ធ្វើដែរ។ ក៏ប៉ុន្តែប្រសិទ្ធភាពយ៉ាងណានោះ ដូចមតិសាធារណជនបានឃើញហើយ វាមានកម្រិតតិចតួចណាស់»។
លោកបន្ថែមថា ការប្រកាសទ្រព្យសម្បត្តិ និងបំណុល បូករួមឆន្ទៈអ្នកដឹកនាំប្រទេស ពិតជាមានសារៈសំខាន់ណាស់ក្នុងការលុបបំបាត់អំពើពុករលួយ។ ប៉ុន្តែលោកថា ប្រសិនបើការប្រកាសទ្រព្យសម្បត្តិ ដែលនៅតែធ្វើដូចសព្វថ្ងៃ គឺនៅតែមិនមានប្រសិទ្ធភាព ក្នុងការលុបបំបាត់អំពើពុករលួយនោះទេ ដូច្នេះការប្រកាសទ្រព្យសម្បត្តិ គួរតែធ្វើឡើងដោយបើកចំហ។
លោកបន្ថែមថា៖ «ចំណាត់ការដើម្បីកុំឱ្យមានអំពើពុករលួយហ្នឹង វាជារឿងមួយផ្សេងទៀត។ វាជាឆន្ទៈរបស់រាជរដ្ឋាភិបាល របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដោយរួមបញ្ចូលដោយមានការប្រកាសទ្រព្យសម្បត្តិ ការប្រកាសបំណុល។ ប៉ុន្តែដូចដែលយើងឃើញស្រាប់ហើយ ការប្រកាសទ្រព្យសម្បត្តិ អត់មានលក្ខណៈជាចំហទេ។ វាជាស្រោមសំបុត្របិទ។ បើចង់ឱ្យមានប្រសិទ្ធភាពទាល់តែបើកចំហឱ្យគេដឹងគ្រប់គ្នាដូចប្រទេសឯទៀតបានធ្វើ។ បើយើងគ្រាន់តែបិទដដែល ហើយសាធារណជនមិនដឹង អាហ្នឹងជារឿងផ្ទៃក្នុងរបស់រាជរដ្ឋាភិបាល»។
បើតាមលោក ឱក សេរីសោភក្តិ៍ ប្រទេសដែលមានការប្រកាសទ្រព្យសម្បត្តិ និងបំណុលជាសាធារណៈ និងហ៊ានស៊ើបអង្កេតចាប់មន្ត្រី ឬអ្នកខិលខូចមកផ្តន្ទាទោស គឺប្រទេសនោះមានប្រសិទ្ធភាពក្នុងការកាត់បន្ថយអំពើពុករលួយ។ លោកថា បញ្ហាចម្បងក្នុងប្រទេសកម្ពុជាវិញ គឺ ដោយសារកម្ពុជាមិនទាន់មាន«ច្បាប់ការពារដល់អ្នកដែលហ៊ានផ្តល់ព័ត៌មានអំពើពុករលួយ» និងមិនហ៊ានដាក់ទោសមន្ត្រី ដែលប្រព្រឹត្តអំពើពុករលួយ ទើបជាហេតុធ្វើឱ្យកម្ពុជាឋិតក្នុងប្រទេសដែលមានការប្រព្រឹត្តអំពើពុករលួយច្រើននៅឡើយ៕