លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលកាន់អំណាចដ៏យូរអង្វែងនៅកម្ពុជា បានប្រកាសកាលពីថ្ងៃពុធ ទី ២៦ ខែកក្កដាថា លោកចុះចេញពីតំណែង ហើយកូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត នឹងឡើងកាន់តំណែងនេះ។ ការផ្ទេរតំណែងនេះនឹងបញ្ចប់ការដឹកនាំរយៈពេលជិតបួនទសវត្សរ៍របស់លោក ហ៊ុន សែន នៅកម្ពុជា។
ការប្រកាសត្រូវបានធ្វើឡើង បីថ្ងៃបន្ទាប់ពីគណបក្សកាន់អំណាចគឺគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន ទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតមួយដែលគ្មានគូប្រជែងមាំទាំ។
កាលពីថ្ងៃទី ៧ ខែសីហា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់ «ចាត់តាំងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា»។ ព្រះរាជក្រឹត្យបញ្ជាក់ទៀតថា នាយករដ្ឋមន្រ្តីដែលទទួលបានការចាត់តាំងនេះ មានភារកិច្ចរៀបចំសមាសភាពរាជរដ្ឋាភិបាលដើម្បីសុំសេចក្តីអនុម័តទុកចិត្តពីរដ្ឋសភា។
នៅថ្ងៃទី ២២ ខែសីហា សមាជិកសភាចំនួន ១២ ៣រូប ក្នុងចំណោម ១២ ៥រូប បានបោះឆ្នោតគាំទ្រលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ហើយនាយករដ្ឋមន្ត្រី វ័យ ៤៥ឆ្នាំរូបនេះ ចាប់ផ្តើមការងារជាផ្លូវការជាមួយគណៈរដ្ឋមន្ត្រីថ្មីរបស់លោក នៅថ្ងៃទី ២៣ ខែសីហា។
ខាងក្រោមនេះជាព័ត៌មានលម្អិតខ្លះៗអំពីលោក ហ៊ុន ម៉ាណែត វ័យ ៤៥ឆ្នាំ ដែលនឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា៖
តើលោក ហ៊ុន ម៉ាណែត ជានរណា?
លោក ហ៊ុន ម៉ាណែត ជាកូនប្រុសច្បងក្នុងចំណោមកូនសរុបទាំងប្រាំនាក់របស់លោក ហ៊ុន សែន និងលោកស្រី ប៊ុនរ៉ានី ហ៊ុនសែន។ លោកបានកើតនៅថ្ងៃទី ២០ ខែតុលា ឆ្នាំ ១៩៧៧ នៅស្រុកមេមត់ ខេត្តកំពង់ចាម (បច្ចុប្បន្នជាខេត្តត្បូងឃ្មុំ)។ ឪពុករបស់លោក គឺលោក ហ៊ុន សែន បានពណ៌នាការចាប់កំណើតរបស់លោក ហ៊ុន ម៉ាណែត ថា លោក ហ៊ុន ម៉ាណែត ជាដួងព្រលឹងកើតពីពន្លឺចែងចាំងលេចចេញពីដើមពោធិ៍មួយ។
នៅឆ្នាំ ២០០៦ លោក ហ៊ុន ម៉ាណែត បានរៀបអាពាហ៍ពិពាហ៍ជាមួយ អ្នកស្រី ពេជ្រ ចន្ទមុនី កូនស្រីរបស់អ្នកនយោបាយល្បីឈ្មោះមួយរូបនៅកម្ពុជា។ លោកនិងអ្នកស្រី ចន្ទមុនី មានកូនចំនួនបីនាក់ ស្រី ២ និង ប្រុស ១។
ការអប់រំពីបស្ចឹមលោក
លោក ហ៊ុន ម៉ាណែត បានធំដឹងក្តីនៅរាជធានីភ្នំពេញ។ លោកបានចូលបម្រើយោធាកម្ពុជានៅឆ្នាំ ១៩៩៥ ប៉ុន្តែលោកទទួលបានការអប់រំថ្នាក់ឧត្តមសិក្សានៅសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។
លោកជាជនជាតិខ្មែរដំបូងគេ ដែលបានបញ្ចប់ការសិក្សាពីបណ្ឌិត្យសភាយោធា West Point របស់សហរដ្ឋអាមេរិក នៅឆ្នាំ ១៩៩៩។
បន្ទាប់មក លោកទទួលបានសញ្ញាបត្រថ្នាក់អនុបណ្ឌិតផ្នែកសេដ្ឋកិច្ច ពីសាកលវិទ្យាល័យក្រុងញូវយ៉ក នៅឆ្នាំ ២០០២ និងសញ្ញាបត្រថ្នាក់បណ្ឌិតផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យក្រុង Bristol នៅឆ្នាំ ២០០៨។
អាជីពយោធានិងនយោបាយ
បន្ទាប់ពីបញ្ចប់ការសិក្សា លោក ហ៊ុន ម៉ាណែត ក៏បានឡើងដំណែងជាបន្តបន្ទាប់ក្នុងជួរកងយោធពលខេមរភូមិន្ទ រួមមានតំណែងជាមេបញ្ជាការរងកងអង្គរក្សរបស់ឪពុកលោក មេបញ្ជាការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម មេបញ្ជាការកងទ័ពជើងគោក និងអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ។
លោកក៏បានក្លាយជាប្រមុខដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជា និងបានក្លាយជាសមាជិកម្នាក់នៃគណៈកម្មការអចិន្ត្រៃយ៍ដ៏មានអំណាចរបស់គណបក្សប្រជាជនកម្ពុជា។
ចាប់តាំងពីចូលកាន់តំណែងជាផ្លូវការជាលើកដំបូងក្នុងតំណែងជាអគ្គមេបញ្ជាការកងកម្លាំងជាតិប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មនៅឆ្នាំ ២០០៨ លោក ហ៊ុន ម៉ាណែត បានប្រឡូកនៅក្នុងកិច្ចការកែទម្រង់យោធា ការចរចាក្នុងជម្លោះព្រំដែនកម្ពុជា-ថៃនៅឆ្នាំ ២០១១ ការទប់ទល់នឹងការរាតត្បាតនៃជំងឺកូវីដ១៩ នៅកម្ពុជា និងកិច្ចការការទូត សង្គម និងមនុស្សធម៌ផ្សេងៗទៀត ដែលជាគោលការណ៍នយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជារបស់គណបក្សប្រជាជនកម្ពុជា។
កាលពីខែធ្នូ ឆ្នាំ ២០២១ លោក ហ៊ុន សែន បានដាក់ឈ្មោះលោក ហ៊ុន ម៉ាណែត ជាជម្រើសនៃអ្នកស្នងតំណែងបន្តជាមេដឹកនាំ ហើយភ្លាមៗ គណបក្សប្រជាជនកម្ពុជាបានគាំទ្រលោក ហ៊ុន ម៉ាណែត ជា «អនាគតនាយករដ្ឋមន្រ្តី»។
តើលោក ហ៊ុន ម៉ាណែត មានទស្សនៈនយោបាយយ៉ាងដូចម្តេច?
លោក ហ៊ុន ម៉ាណែត មិនបានផ្តល់បទសម្ភាសន៍ និងតម្រុយច្រើននោះទេ អំពីទស្សនៈវិស័យរបស់លោកសម្រាប់កម្ពុជានិងពលរដ្ឋចំនួន ១៦ លាននាក់ក្នុងប្រទេសនេះ។
ជាទូទៅ លោកជៀសវាងការថ្លែងសុន្ទរកថាវែងៗនៅអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត ដោយកម្រិតត្រឹមញញឹម និងបក់ដៃទៅកាន់អ្នកគាំទ្រតែប៉ុណ្ណោះ។ នៅអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតទ្រង់ទ្រាយធំកាលពីពេលកន្លងទៅ លោកបាននិយាយថា ការបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតសម្រាប់អនាគតត្រចះត្រង់ ហើយលោកបានព្រមានពីការប៉ុនប៉ងរបស់ «ក្រុមឧទ្ទាម» ដែលលោកមិនបានបញ្ជាក់លម្អិតមួយក្នុងការ «បំផ្លាញការបោះឆ្នោត»។
កាលពីឆ្នាំ ២០១៥ លោក ហ៊ុន ម៉ាណែត បានប្រាប់ទៅកាន់បណ្តាញផ្សព្វផ្សាយ ABC របស់អូស្ត្រាលី ថា កម្ពុជាត្រូវរក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខ «ជាដាច់ខាត»។
តើលោក ហ៊ុន ម៉ាណែត នឹងធ្វើការដឹកនាំខុសពីឪពុករបស់លោកឬទេ?
បណ្តាប្រទេសមហាអំណាចនានានឹងសម្លឹងមើលយ៉ាងដិតដល់ពីសញ្ញាថា តើលោក ហ៊ុន ម៉ាណែត នឹងរក្សារបៀបដឹកនាំ ដែលរងការរិះគន់ថាមានភាពផ្តាច់ការ ដូចឪពុករបស់លោក ឬជំរុញឱ្យមានសេរីភាវូបនីយកម្ម និងរបៀបដឹកនាំតាមលទ្ធិប្រជាធិបតេយ្យបែបបស្ចឹមលោកប្រសើរជាងមុនឬយ៉ាងណា។
លោក ហ៊ុន សែន ធ្លាប់បានបញ្ជាក់ថា លោករំពឹងថា អ្នកស្នងតំណែងពីរូបលោកនឹងបន្តគំរូដឹកនាំរបស់លោក។
នៅពេលសារព័ត៌មាន Phnom Penh Post សួរថា តើកូនប្រុសរបស់លោកនឹងធ្វើការដឹកនាំខុសពីរូបលោកឬទេ លោក ហ៊ុន សែន បានអស់សំណើច។
លោក ហ៊ុន សែន ថ្លែងថា៖ «ខុសតាមរបៀបណា? រាល់ការប្រាសចាកណាមួយមានន័យថា បង្អាក់សន្តិសុខ និងប៉ះពាល់ដល់សមិទ្ធផលរបស់អ្នកជំនាន់មុន»។
លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីតែងតាំង រួមទាំងគណៈរដ្ឋមន្ត្រីរបស់លោក កំពុងត្រៀមខ្លួនចូលបំពេញកាតព្វកិច្ចរបស់ខ្លួន នៅថ្ងៃទី ២២ ខែសីហានេះតទៅ ជាពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា រដ្ឋាភិបាលថ្មី នឹងចាប់ផ្តើមអាណត្តិរបស់ខ្លួន៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្ត្របញ្ញា