ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការឡើង​គោរមងារ​ជា​សម្តេច​របស់​លោក ហ៊ុន ម៉ាណែត នាំឱ្យ​មាន​ការចោទ​សួរ​អំពី​គុណសម្បត្តិ


លោក ហ៊ុន ម៉ាណែត ថ្លែងសុន្ទរកថាអំពីការប្តេជ្ញាចិត្តដឹកនាំរដ្ឋាភិបាល ក្រោយពីរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តឱ្យធ្វើជានាយករដ្ឋមន្ត្រីសម្រាប់អាណត្តិទី៧។ រូបនេះថតពីអេក្រង់ទូរទស្សន៍ក្នុងបន្ទប់ព័ត៌មាននៃរដ្ឋសភា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)
លោក ហ៊ុន ម៉ាណែត ថ្លែងសុន្ទរកថាអំពីការប្តេជ្ញាចិត្តដឹកនាំរដ្ឋាភិបាល ក្រោយពីរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តឱ្យធ្វើជានាយករដ្ឋមន្ត្រីសម្រាប់អាណត្តិទី៧។ រូបនេះថតពីអេក្រង់ទូរទស្សន៍ក្នុងបន្ទប់ព័ត៌មាននៃរដ្ឋសភា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)

លោក​ ហ៊ុន ម៉ាណែត​ ដែល​ទើប​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា​ ថ្មីៗ​នេះ​ត្រូវ​បាន​ព្រះ​មហា​ក្សត្រ​ ប្រោស​ព្រះ​រាជ​ទាន​គោរម​ងារ​ជា​«សម្តេច​មហា​បវរធិបតី»។ ​ការណ៍​នេះ​ឱ្យ​នាំ​អ្នក​តាមដាន​បញ្ហា​សង្គម​មាន​មតិ​ចម្រុះ​ចំពោះ​គុណ​សម្បត្តិ​នៅ​ក្នុង​ការ​ទទួល​បាន​គោរម​ងារ​មួយ​នេះ។​

នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ អ្នកស្រី​ ចក់ សុភាព​ ប្រាប់​វីអូអេ​នា​ពេល​ថ្មីៗ​នេះ​ថាគោរម​ងារ​ជា​សម្តេច​ គឺ​ជា​ទូទៅ​ត្រូវ​បាន​ផ្តល់​ជូន​ដល់​បុគ្គល​ទាំង​ឡាយ​ណា​ដែល​មាន​ស្នាដៃ​ចំពោះ​ជាតិ​ សាសន៍​ និង​ព្រះ​មហា​ក្សត្រ។ ​ អ្នកស្រី​បន្ថែម​ថា ​ការ​ផ្តល់​ងារ​មួយ​នេះ​ដល់​នាយក​រដ្ឋមន្ត្រី​ថ្មី​ ហាក់​ដូច​ជា​លឿន​ពេក​ ដោយ​សារ​តែ​លោក​ ហ៊ុន ម៉ាណែត​ មិន​ទាន់​បាន​បញ្ចេញ​ស្នា​ដៃអ្វី​ឡើយ​ក្នុង​នាម​ជា​ប្រមុខ​រដ្ឋាភិបាល។​

អ្នកស្រី​បញ្ជាក់​ថា៖​«បើ​សិន​ជា​ការ​ផ្តល់​នូវ​គោរម​ងារ​បែប​នេះ​ ខ្ញុំ​គិត​ថា​ វា​នឹង​ធ្វើ​ឱ្យ​មាន​ការ​ប៉ះ​ពាល់​ទៅ​ដល់​គោរម​ងារ​ហ្នឹង​ថា​ តើ​វា​មាន​តម្លៃ​បែប​ណា​ ពីព្រោះ​វា​អាច​ផ្តល់​ឱ្យ​ដោយ​មិន​ចាំ​បាច់​វាស់​វែង​ទៅ​លើ​ស្នាដៃ​។ល។»។​

អ្នកស្រី​បន្ថែម​ថា៖​«អ៊ីចឹង​ខ្ញុំ​គិត​ថា ​រដ្ឋាភិបាល​ ជា​ពិសេស​ក្រុម​ប្រឹក្សា​ដែល​ផ្តល់​នូវ​គោរម​ងារ​ទាំង​ឡាយ​ហ្នឹង​គួរ​តែ​ពិនិត្យ​មើល​ឡើង​វិញ​នូវ​លក្ខខណ្ឌ​ដែល​ត្រូវ​ផ្តល់​គោរមងារ​ហ្នឹង។​ ​តើ​ឈរ​លើ​មូលដ្ឋាន​អ្វី​ជា​ជាង​ការ​ដែល​យើង​គ្រាន់​តែ​ផ្តល់​គោរមងារ​ដោយ​មិន​បាន​ផ្តោត​លើ​ស្នា​ដៃ​ហ្នឹង? អ៊ីចឹង​វា​នឹង​ធ្វើ​ឱ្យ​តម្លៃ​នៃ​គោរមងារ​ទាំង​អស់​ហ្នឹង​មិន​មាន​តម្លៃ​ទៀត​ឡើយ»។​

ចំណែក​ប្រធាន​សមាគម​និស្សិត​បញ្ញវន្ត​ខ្មែរ​ ​លោក​ កើត សារ៉ាយ​ យល់​ថា ​គោរមងារ​ជា​សម្តេច​នេះ​ ជា​គោរមងារ​ដ៏​ឧត្តុង្គ​ឧត្តម​ ដ៏​មាន​តេជៈ​មាន​ឥទ្ធិពល​ និង​ឫទ្ធានុភាព​ ដែល​មិន​មាន​បុគ្គល​ណា​ក៏​អាច​ទទួល​បាន​នោះ​ដែរ។​

លោក​សង្កេត​ឃើញ​ថា​ លោក ​ហ៊ុន ម៉ាណែត​ ទទួល​បាន​គោរមងារ​ជា​បន្ត​បន្ទាប់​ ស្រប​ពេល​លោក​នៅ​មិន​ទាន់​ធ្វើ​អ្វី​មួយ​ដែល​សម្រេច​បាន​ជា​ដុំ​កំភួន​នោះ​ឡើយ​សម្រាប់​ប្រយោជន៍​ជាតិ។​

លោក​ថ្លែង​ថា៖«ដូច្នេះ​ខ្ញុំ​មើល​ឃើញ​ថា ​វាគួរ​តែ​ជា​ការ​ទទួល​បាន​ដោយ​លោក​ ហ៊ុន ម៉ាណែត​ ខ្លួន​ឯង​ហ្នឹង​គឺ​គាត់​មាន​ស្នាដៃ។​ គាត់​បាន​បង្ហាញ​អំពី​លទ្ធភាព​នៅ​ក្នុង​ការ​រៀបចំ។ ​ឧទាហរណ៍​បើ​និយាយ​អំពី​ថា​ គាត់​មាន​ស្នាដៃ​នៅ​ក្នុង​ការ​រៀប​ចំ​ លើក​ស្ទួយ ​លើក​កម្ពស់​ប្រជា​ធិតេយ្យ​ ស្តារ​ប្រព័ន្ធ​យុត្តិ​ធម៌​នៅ​កម្ពុជា​ ធ្វើ​ឱ្យ​មាន​កំណែ​ទម្រង់​ ភាព​ក្រីក្រ​របស់​ប្រជា​ពល​រដ្ឋ​កម្ពុជា​ឬ​កំណើន​ការងារ​អី​ជា​ដើម. ​អាហ្នឹង​យើង​មើល​ឃើញ​ថា​ គាត់​មាន​លទ្ធភាព​របស់​ខ្លួន​ឯង​នៅ​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​របស់​សង្គម»។​

បើ​តាម​ប្រធាន​សមាគម​រូប​នេះ​ ការ​ទទួល​បាន​ងារ​ជា​សម្តេច​ដោយ​ស្រួលៗ​បែប​នេះ​ មិន​មាន​តម្លៃ​អ្វី​ឡើយ​ ប៉ុន្តែ​ធ្វើ​ឱ្យ​ប៉ះពាល់​ជា​អវិជ្ជមាន​លើ​គោរម​ងារ​កំពូល​មួយ​នេះ។​

ចាប់​តាំង​ពី​ការ​បង្កើត​រដ្ឋាភិបាល​អាណត្តិ​ថ្មី​របស់​លោក​ហ៊ុន ម៉ាណែត​ កាលពី​ចុង​ខែ​សីហា​នេះ​មក ​គេ​ឃើញ​មាន​ការ​ចេញ​ព្រះ​រាជ្យ​ក្រឹត្យ​ជា​ហូរ​ហែ​ ​ដោយ​មាន​ការ​តែង​តាំង​ទី​ប្រឹក្សា​ផ្ទាល់​លោក​នាយក​រដ្ឋ​មន្ត្រី​ចំនួន​ ១០៤ ​នាក់ ​ទី​ប្រឹក្សា​ក្រសួង​ព័ត៌មាន​ចំនួន​ ៤១៥​នាក់។​ ក្នុង​ចំណោម​ទីប្រឹក្សា​ក្រសួង​ព័ត៌មាន​ទាំង​នោះ​ មាន​បុគ្គល​យ៉ាង​តិច​ ១០ ​នាក់​កំពុង​បម្រើ​ការ​ក្នុង​ស្ថាប័ន​សារ​ព័ត៌មាន​ដែល​រណប​នឹង​រដ្ឋាភិបាល​ ​ចំណែក​ទីប្រឹក្សា​ និង​ជំនួយ​ការ​ទីស្តី​ការ​គណៈ​រដ្ឋមន្ត្រី​ មាន​ចំនួន​ ៩៧ ​នាក់ ​និង​មាន​ការ​តែង​តាំង​ទីប្រឹក្សា​នៅ​តាម​ក្រសួង​ស្ថាប័ន​រដ្ឋ​ជា​ច្រើន​ទៀត។​

ដោយ​ឡែក​ សម្រាប់​តួលេខ​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​រដ្ឋា​ភិបាល​អាណត្តិ​ទី​៧​នេះ រួម​មាន​នាយក​រដ្ឋ​មន្ត្រី ​ឧប​នាយក​រដ្ឋមន្ត្រី ​រដ្ឋ​មន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋ​មន្ត្រី ​និង​រដ្ឋ​មន្ត្រី​ មាន​ចំនួន​ ៩០ ​នាក់។ ​ហើយ​ចំនួន​រដ្ឋ​លេខាធិការ​ និង​អនុ​រដ្ឋ​លេខាធិការ ​ដែល​ជា​តំណែង​នយោបាយ ​គឺ​មាន​ចំនួន​សរុប​ជាង​ ១៤០០ នាក់។

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា​ លោក ​ប៉ែន បូណា​ លើក​ឡើង​ថា​ ការ​ទទួល​បាន​គោរមងារ​ជា​សម្តេច​របស់​លោក​ ហ៊ុន ម៉ាណែត​គឺ​ធ្វើ​ឡើង​ទៅ​តាម​ព្រះរាជ​ក្រឹត្យ​ដែល​ចេញ​ដោយ​ព្រះ​មហា​ក្សត្រ​ និង​ថា ​នាយក​រដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា​ មាន​ស្នា​ដៃ​ច្រើន​នៅ​ក្នុង​វឌ្ឍន​ភាព​នៃ​សង្គម​ជាតិ​រាប់ចាប់​តាំង​កាល​ពី​លោក​នៅ​ជា​អគ្គ​មេ​បញ្ជាការ​រង​នៃ​កង​យោធពល​ខេមរ​ភូមិន្ទ។​

លោក​បញ្ជាក់​ថា៖​«ការងារ​សង្គម​របស់​គាត់​ដើម្បី​ជួយ​ប្រទេស​ជាតិ​ប្រជាជន​នេះ​ គាត់​បាន​ធ្វើ​អ្វី​ខ្លះ​ជា​ពិសេស​ក្នុង​អំឡុង​ពេល​កូវីដ១៩។ ទាំង​អស់​គ្នា​បាន​ដឹង​ហើយ​ថា​ សម្តេច​ធិបតី​ ហ៊ុន ម៉ាណែត​ លោក​បាន​ធ្វើ​អ្វី?​ លោក​បាន​កសាង​ស្នាដៃ​គុណ​សម្បត្តិ​ធំ​ធេង​ លះ​បង់​គ្រប់​បែប​យ៉ាង​ដើម្បី​ការពារ​ជីវិត​ប្រជា​ពល​រដ្ឋ​ចេញ​ពី​កូវីដ១៩។ ​ដូច្នេះ​គឺ​ជា​គុណ​សម្បត្តិ​គ្រប់​គ្រាន់​ ស័ក្តិ​សម​ ដែល​គាត់​ទទួល​គោរមងារ​ជា​សម្តេច​នេះ»។​

ទោះ​យ៉ាងណា​ អ្នក​វិភាគ​នយោបាយ​ លោក​ មាស នី​ ប្រាប់​វីអូអេ​ថា ​នៅ​កម្ពុជា​មិន​មាន​ការ​កំណត់​ឬ​ក៏​លក្ខខណ្ឌ​នៅ​ក្នុង​ការ​ឱ្យ​គោរមងារ​ជាក់​លាក់​នោះ​ទេ​ ហើយថា​ ការ​ទទួល​បាន​ងារ​ដោយ​ងាយ​ស្រួល​បែប​នេះ ​គឺ​មិន​បាន​ផ្តល់​តម្លៃ​លើ​ងារ​នេះ​ទេ​ តែ​បែរ​ជា​បន្ទាប​តម្លៃ​ងារ​នោះ​ទៅ​វិញ។​

លោក​ថ្លែង​ថា៖​«ខ្ញុំ​មិន​មាន​អ្វី​ទៅ​ធ្វើការ​រិះគន់​អី​ទេ ​ គ្រាន់តែ​ថា​ បើ​សិន​ណា​គោរមងារ​ដែល​យើង​ឱ្យ​ហ្នឹង​ វា​អត់​មាន​ជា​លក្ខខណ្ឌ​ថា​ តើ​បុគ្គល​ឬ​មន្ត្រី​ដែល​បាន​ទទួល​នោះ​ត្រូវ​តែ​មាន​ជា​សមត្ថ​ភាព​អី​ ឬ​បង្ហាញ​នូវ​ស្នាដៃ​អី​ខ្លះ​មុន​នឹង​ឱ្យ​គោរមងារ​ហ្នឹង។​ ​អាហ្នឹង​ខ្ញុំ​គិត​ថា​ ​កាល​ណា​ចេះ​តែ​ឱ្យ​អ៊ី​ចឹងធ្វើ​ឱ្យ​តម្លៃ​នៃ​គោរម​ងារ​ហ្នឹង​ ​វា​អត់​សូវ​ទទួល​ស្វាគមន៍​ពី​មហា​ជន​ ហើយ​ក៏​វា​មិន​សូវ​មាន​តម្លៃ»។

បើ​តាម​អ្នក​វិភាគ​រូប​នេះ​ នៅ​ពេល​របស់​អ្វី​មួយ​មាន​ចំនួន​ច្រើន​ ហើយ​ត្រូវ​បាន​ប្រគល់​ដោយ​ស្រួល​ទៅ​បុគ្គល​ណា​មួយ​ ដោយ​មិន​មាន​គោល​ការណ៍​និង​ច្បាប់​ច្បាស់​លាស់​ទេ​ ​ របស់​នោះ​នឹង​មិន​សូវ​មាន​តម្លៃ​ឡើយ។ ​លោក​ប្រៀប​ប្រដូច​ទៅ​នឹង​ងារ​ «ឯកឧត្តម»​ ដែល​មាន​ចំនួន​ច្រើន​លើស​លប់។​

បន្ទាប់​ពី​បាន​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា​ លោក​ហ៊ុន ម៉ាណែត​ ក៏​បាន​ផ្តើម​ដំណើរ​ទស្សន​កិច្ច​កម្រិត​តំបន់​ជា​លើក​ដំបូង​ ពោល​គឺ​លោក​បាន​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​ទីក្រុង​ហ្សាការតា​ ប្រទេស​ឥណ្ឌូណេស៊ី។ ​នៅ​ទី​នោះ​ លោក ​ហ៊ុន ម៉ាណែត​ដែល​មាន​គោរមងារ​ជា​សម្តេច​ក៏​នឹង​ជួប​បណ្តា​មេ​ដឹកនាំ​អាស៊ាន ​និង​ពិភព​លោក​ សរុប​ប្រមាណ​២០​ប្រទេស​ ដែល​មាន​វត្តមាន​ក្នុង​កិច្ច​ប្រជុំ​រយៈ​ពេល​៣​ថ្ងៃ ​ចាប់​ពី​ថ្ងៃ​ទី​៥​ដល់​ថ្ងៃ​ទី​៧​ ខែ​កញ្ញា ​ដែល​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​ជា​ម្ចាស់​ផ្ទះ។ ​អនុ​ប្រធានាធិបតី​អាមេរិក ​អ្នកស្រី ​Kamala Harris ​និង​នាយក​រដ្ឋមន្រ្តី​ចិន ​លោក​ Li Qiang ​ក៏​នឹង​មាន​វត្តមាន​ក្នុង​កិច្ច​ប្រជុំ​នេះ​ផង​ដែរ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG