ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន ម៉ាណែត ត្រៀម​ខ្លួន​បង្ហាញ​មុខ​ជា​លើក​​ដំបូង​ទៅ​កាន់​បណ្តា​មេ​ដឹកនាំ​អាស៊ាន​និង​ពិភពលោក


នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត ឡើង​ថ្លែង​សុន្ទរកថា​ក្នុង​អំឡុង​ពេល​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ស្ដី​ពី​ជំនួញ​និង​ការ​វិនិយោគក្នុង​ទីក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី ថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ២០២៣។
នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត ឡើង​ថ្លែង​សុន្ទរកថា​ក្នុង​អំឡុង​ពេល​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ស្ដី​ពី​ជំនួញ​និង​ការ​វិនិយោគក្នុង​ទីក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី ថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ២០២៣។

លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន ម៉ាណែត ​នៅ​ថ្ងៃ​ចន្ទ​នេះ​ បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទីក្រុង​ហ្សាការតា​នៃ​ប្រទេស​ឥណ្ឌូណេស៊ី ​ដែល​ជា​ដំណើរ​ទស្សនកិច្ច​ក្រៅ​ប្រទេស​លើក​ដំបូង​សម្រាប់​កិច្ច​ប្រជុំ​កំពូល​អាស៊ាន ​ក្នុង​តំណែង​ជា​នាយក​រដ្ឋមន្រ្តី​របស់​លោក។​

លោក ​ហ៊ុន ម៉ាណែត ​នឹង​ជួប​បណ្តា​មេ​ដឹកនាំ​អាស៊ាន ​និង​ពិភព​លោក​ សរុប​ប្រមាណ​២០​ប្រទេស​ ដែល​មាន​វត្តមាន​ក្នុង​កិច្ច​ប្រជុំ​រយៈ​ពេល​៣​ថ្ងៃ ​ចាប់​ពី​ថ្ងៃ​ទី​៥​ដល់​ថ្ងៃ​ទី​៧​ ខែ​កញ្ញា ​ដែល​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​ជា​ម្ចាស់​ផ្ទះ។ ​អនុ​ប្រធានាធិបតី​អាមេរិក ​អ្នកស្រី ​Kamala Harris ​និង​នាយក​រដ្ឋមន្រ្តី​ចិន ​លោក​ Li Qiang ​ក៏​នឹង​មាន​វត្តមាន​ក្នុង​កិច្ច​ប្រជុំ​នេះ​ផង​ដែរ។​

រដ្ឋាភិបាល​របស់​អតីត​នាយក​រដ្ឋមន្រ្តី ​លោក​ ហ៊ុន សែន ​រង​ការ​រិះគន់​ថា​ធ្វើ​ឲ្យ​ធ្លាក់​លទ្ធិ​ប្រជា​ធិបតេយ្យ ​និង​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ធ្ងន់​ធ្ងរ​ តាម​រយៈ​ការ​បង្រ្កាប​នយោបាយ​ក្នុង​ប្រទេស ​និង​ការ​រៀបចំ​ការ​បោះ​ឆ្នោត​កាល​ពី​ខែ​កក្កដា​ ដោយ​អវត្តមាន​គណបក្ស​ជំទាស់​ដ៏​ចម្បង។​

អ្នក​វិភាគ​មើល​ឃើញ​ថា​ រដ្ឋាភិបាល​របស់​លោក​ ហ៊ុន ម៉ាណែត​ ដែល​ជា​កូន​ប្រុស​របស់​លោក ​ហ៊ុន សែន​ ពិបាក​ក្នុង​ការ​ស្តារ​ស្ថានភាព​នយោបាយ​និង​សិទ្ធិ​មនុស្ស ​ក្រោម​ហេតុ​ផល​ថា​ សេដ្ឋកិច្ច​របស់​កម្ពុជា​ពឹង​ផ្អែក​ទៅ​លើ​ប្រទេស​ចិន។​

អ្នក​ស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហ​ប្រតិបត្តិ​ការ​ និង​សន្តិភាព ​លោក​ វណ្ណ ប៊ុនណា​ ប្រាប់​វីអូអេ​ថា​ បញ្ហា​ប្រជា​ធិបតេយ្យ​និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ​នឹង​មិន​ត្រូវ​បាន​ជជែក​ច្រើន​នោះ​ទេ​នៅ​ក្នុង​កិច្ច​ប្រជុំ​ទ្វេភាគី​ ព្រោះ​នេះ​ជា​លើក​ដំបូង​ដែល​លោក​ ហ៊ុន ម៉ាណែត ​បង្ហាញ​មុខ​លើ​ឆាក​អន្តរជាតិ។​ លោក​មើល​ឃើញ​ថា ​រដ្ឋាភិបាល​អាណត្តិ​ថ្មី​ពិបាក​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​តុល្យភាព​រវាង​អាមេរិក​និង​ចិន​ ដោយ​សារ​រដ្ឋាភិបាល​កម្ពុជា​ពឹង​ផ្អែក​ច្រើន​លើ​សេដ្ឋកិច្ច​របស់​ចិន ​ហើយ​ក៏​ពឹង​ផ្អែក​ផ្នែក​នយោបាយ​ផង​ដែរ។​

លោក​ថ្លែង​ថា៖ ​«វា​ពិបាក​នៅ​ក្នុង​ការ​ឲ្យ​រដ្ឋាភិបាល​អាណត្តិ​ថ្មី​ហ្នឹង ​បើក​លំហ​នយោបាយ​និង​សិទ្ធិ​មនុស្ស​ផង​ដែរ.​ ហើយ​ ក៏​ត្រូវ​មាន​ការ​ធ្វើ​តុល្យភាព​រវាង​ការ​បើក​លំហ​សេរីភាព​នយោបាយ​ជាមួយ​នឹង​ការ​រក្សា​ស្ថិរភាព​នយោបាយ​នៅ​ក្នុង​ផ្ទៃ​ក្នុង​បក្ស​របស់​ខ្លួន​ផង​ដែរ។ ​ អា​នេះ​ជា​រឿង​ពិបាក​មួយ​ដែល​រដ្ឋាភិបាល​អាណត្តិ​ថ្មី​ហ្នឹង​អាច​នឹង​ពិបាក​ធ្វើ​ឲ្យ​មាន​ការ​ស្តារ​ឡើង​វិញ​ពី​លំហ​សិទ្ធិ​មនុស្ស​ប្រជា​ធិបតេយ្យ»។​

កិច្ច​ប្រជុំ​អាស៊ាន​នៅ​ឆ្នាំ​នេះ​មាន​មូលបទ​«សារៈ​សំខាន់​អាស៊ាន៖ ​ស្នូល​នៃ​កំណើន» ​ដែល​កិច្ច​ប្រជុំ​កំពូល​នឹង​ផ្តោត​លើ​ការ​ជំរុញ​ចក្ខុ​វិស័យ​សហគមន៍​អាស៊ាន​ឆ្នាំ​២០២៥​ ដែល​ផ្តល់​ជា​ផែនទី​ចង្អុល​ផ្លូវ​មួយ​ដ៏​សំខាន់​សម្រាប់​ការ​ពង្រឹង​ឥទ្ធិពល​អាស៊ាន ​តាម​រយៈ​ការ​បង្កើន​ប្រសិទ្ធ​ភាព​ស្ថាប័ន​ ក្នុង​គោលដៅ​ស្វែង​រក​ផល​ប្រយោជន៍​សម្រាប់​ប្រជាជន​របស់​ខ្លួន​នៅ​លើ​ឆាក​អន្តរជាតិ។ ​បន្ថែម​ពី​នេះ ​ការ​ពិភាក្សា​នឹង​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ពូន​ជ្រុំ​សហគមន៍​អាស៊ាន ​ប្រកប​ដោយ​បរិយាប័ន្ន ​ចក្ខុ​វិស័យ​វែង​ឆ្ងាយ ​និង​យក​ប្រជាជន​ជាស្នូល​ ដែល​ជា​កម្លាំង​ដ៏​សំខាន់ ​ដើម្បី​សម្រេច​បាន​នូវ​ផែនការ​អាស៊ាន​ឆ្នាំ​២០៤៥។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ក្រសួង​ការ​បរទេស​កម្ពុជា។​

បើ​តាម​ក្រសួង​ការបរទេស​កម្ពុជា ​របៀប​វារៈ​សំខាន់ៗ​រួម​មាន​កិច្ច​ព្រម​ព្រៀង​ជា​ឯកច្ឆន្ទ​៥​ចំណុច​ស្តីពី​មីយ៉ាន់ម៉ា ​និង​សេចក្តី​សម្រេច​ផ្សេងៗ​ទៀត​របស់​ថ្នាក់​ដឹកនាំ​អាស៊ាន។​ ថ្នាក់​ដឹកនាំ​អាស៊ាន​ក៏​នឹង​ពិភាក្សា​លើ​ទស្សន​វិស័យ​អាស៊ាន​ស្តីពី​ឥណ្ឌូ-ប៉ាស៊ីហ្វិក ​និង​ផ្លាស់ប្តូរ​ទស្សនៈ​ស្តីពី​បញ្ហា​តំបន់​ និង​អន្តរ​ជាតិ​ដែល​ជា​ក្តី​បារម្ភ​រួម។​

រដ្ឋមន្រ្តី​ការ​បរទេស​ឥណ្ឌូណេស៊ី ​អ្នកស្រី ​Retno L.P Marsudi​ ថ្លែង​បើក​នៅ​ក្នុង​កិច្ច​ប្រជុំ​រដ្ឋមន្រ្តី​ការ​បរទេស​អាស៊ាន​នា​ថ្ងៃ​ចន្ទ​នេះ​ថា ​អ្នកស្រី​ទទួល​ស្វាគមន៍​រដ្ឋមន្រ្តី​ការ​បរទេស​កម្ពុជា​ថ្មី ​គឺ​លោក​ សុខ ចិន្តា​សោភា​ ហើយ​ទន្ទឹង​រង់ចាំ​ធ្វើ​ការ​ជាមួយ​លោក។ ​ អ្នកស្រី​បន្ថែម​ថា អាស៊ាន​មាន​សារៈ​សំខាន់​ក្នុង​ការ​ចូលរួម​ចំណែក​ក្នុង​ការ​កសាង​សន្តិ​ភាព ​សន្តិសុខ​ និង​វិបុល​សុខ​ក្នុង​តំបន់។​

អ្នកស្រី​បញ្ជាក់​ថា​ ​ភាគី​ទាំង​អស់​នឹង​ពិនិត្យ​មើល​ឡើង​វិញ​យ៉ាង​ស៊ី​ជម្រៅ​លើ​ការ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​៥​ចំណុច​លើ​វិបត្តិ​នៅ​មីយ៉ាន់ម៉ា ​និង​ដាក់​ចេញ​អនុសាសន៍​សម្រាប់​មេ​ដឹកនាំ​ក្នុង​ការ​ពិនិត្យ​មើល។​

បើ​តាម​អ្នក​វិភាគ​ លោក​ វណ្ណ ប៊ុនណា ​បញ្ហា​ស្ថិរភាព​ក្នុង​តំបន់​ រួមមាន​វិបត្តិ​នៅ​មីយ៉ាន់ម៉ា​ ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​ សង្គ្រាម​នៅ​អ៊ុយក្រែន ​និង​ការ​ប្រកួត​ប្រជែង​របស់​មហា​អំណាច​ នឹង​ត្រូវ​បាន​លើក​ឡើង​មក​ពិភាក្សា​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​របស់​អាស៊ាន។​ លោក​បន្ថែម​ថា ​មេ​ដឹកនាំ​ទាំង​នោះ​ក៏​នឹង​ជជែក​គ្នា ​ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ ​ក្រោយ​វិបត្តិ​កូវីដ១៩​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​វិបត្តិ​សេដ្ឋ​កិច្ច​សកល។​

ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​បាន​ក្លាយ​ជា​បញ្ហា​ចម្រូង​ចម្រាស​រាប់​ទស​វត្សរ៍​មក​ហើយ​រវាង​ប្រទេស​ចិន ​និង​សមាជិក​មួយ​ចំនួន​របស់​អាស៊ាន​ រួម​មាន​វៀតណាម ​ហ្វីលីពីន ​ម៉ាឡេស៊ី ​និង​ព្រុយណេ។​

គួរ​បញ្ជាក់​ថា​ ​បន្ទាប់​ពី​ដំណើរ​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​អាស៊ាន​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ លោក​ ហ៊ុន ម៉ាណែត ​ក៏​គ្រោង​នឹង​ទៅ​បំពេញ​ទស្សន​កិច្ច​នៅ​ប្រទេស​ចិន​ និង​ចូល​រួម​កិច្ច​ប្រជុំ​អន្តរ​ជាតិ​មួយ​ចំនួន​ទៀត​ ក្នុង​ឋានៈ​ជា​នាយក​រដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា ​ក្នុង​នោះ​មាន​មហា​សន្និបាត​អង្គការ​សហ​ប្រជាជាតិ​នៅ​ទីក្រុង​ញូវយ៉ក ​សហ​រដ្ឋ​អាមេរិក ​នៅ​ថ្ងៃ​ទី​២២ ​ខែ​កញ្ញា​ខាង​មុខ៕

XS
SM
MD
LG