អ្នកឃ្លាំមើលសង្គមលើកឡើងថា កម្ពុជាមិនមានភាពចាំបាច់ក្នុងការបន្តអាណត្តិរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ដែលមានសមាសភាពពីគណបក្សនយោបាយមិនជាប់ឆ្នោតនោះទេ ដោយថា រដ្ឋាភិបាលអាណត្តិទី៧នេះ មានទីប្រឹក្សា និងមន្ត្រីនយោបាយច្រើនលើសលប់។
ការលើកឡើងរបស់អ្នកឃ្លាំមើលសង្គមនេះធ្វើឡើងបន្ទាប់ពីព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ សម្រាប់អាណត្តិទី៧នេះ។
អ្នកសិក្សាពីការវិវត្តសង្គម លោក មាស នី ប្រាប់ VOA ថា ពីដំបូងឡើយឧត្តមក្រុមប្រឹក្សាមួយនេះហាក់មានភាពសកម្ម ប៉ុន្តែលោកថា ក្រោយមកទំនងមិនសម្រេចលទ្ធផលណាមួយជាដុំកំភួនឡើយ។
លោក មាស នី ថ្លែងថា៖ «ដូចខ្ញុំបានជម្រាបជូនដោយសារតែវាប្រើប្រាស់ធនធានមនុស្សហ្នឹងច្រើនណាស់ទៅហើយ។ ប្រសិនបើទុកឧត្តមក្រុមប្រឹក្សាហ្នឹង ទុកឱ្យគាត់នៅតាមគណបក្សរបស់គាត់រៀងៗខ្លួនទៅ ធ្វើការពង្រឹងគណបក្សរបស់ខ្លួន អាហ្នឹងវាអាចដែរសម្រាប់ជួយជ្រោមជ្រែងទៅលើការអនុវត្តលទ្ធិប្រជាធិបតេយ្យនាពេលខាងមុខ។ ប៉ុន្តែការចូលទៅ ខ្ញុំមើលទៅដូចជាមិនមានសង្ឃឹមថានឹងមានការផ្លាស់ប្តូរអីទេ ហើយក៏មិនចាំបាច់ដែរ»។
បើតាមលោក មាស នី ការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានេះ គឺជាទិដ្ឋភាពនយោបាយ ជាជាងផ្នែកបច្ចេកទេស ដែលលោកថា ប្រសិនបើនៅតែបន្តអនុវត្តយន្តការដូចអាណត្តិមុន នោះនឹងមិនមានអ្វីប្លែកគ្នាឡើយ។
ចំណែកប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង លើកឡើងថា រដ្ឋាភិបាលមិនគួរបង្កើតឱ្យមានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នេះបន្តទៀតទេ ដោយលោកថា រដ្ឋាភិបាលបានតែងតាំងទីប្រឹក្សា និងជំនួយការរបស់រដ្ឋាភិបាលច្រើនរួចមកហើយ។
លោកថ្លែងថា៖ «សម្រាប់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នេះ ខ្ញុំថា មិនគួរមានភាពចាំបាច់ណាមួយដែលត្រូវបន្តទេបាទ ព្រោះក្នុងរយៈពេលកន្លងមក យើងឃើញថា ក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក៏បានប្រជុំដែរ។ ប៉ុន្តែថា តើស្អីបានចេញជាផ្លែផ្កែ ជាដុំកំភួន? អត់ឃើញមានបាទ [...] អ៊ីចឹងខ្ញុំថា មិនគួរមានស្ថាប័ននេះទេ។ ម៉្យាងវិញទៀត រដ្ឋាភិបាលបានតែងតាំងទីប្រឹក្សា បានតែងតាំងជំនួយការហ្នឹងច្រើនមកហើយបាទ»។
ព្រះរាជក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ បញ្ជាក់ថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ជាយន្តការពិគ្រោះ និងផ្តល់យោបល់របស់គណបក្សនយោបាយជូនរាជរដ្ឋាភិបាលក្រៅក្របខណ្ឌសភា ក្នុងគោលដៅលើកស្ទួយប្រសិទ្ធភាពការងារដើម្បីជាប្រយោជន៍ដល់ការបម្រើសេវាជូនប្រជាជន និងការអភិវឌ្ឍសង្គមជាតិប្រកបដោយសក្តានុពល។
ព្រះរាជក្រឹត្យដដែលបន្ថែមថា គណបក្សនយោបាយទាំងអស់ដែលចុះបញ្ជីត្រឹមត្រូវអាចចូលរួមក្នុងឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់នេះបាន ដោយត្រូវដាក់ពាក្យស្នើសុំជាផ្លូវការក្នុងរយៈពេលពីរសប្តាហ៍ បន្ទាប់ពីព្រះរាជក្រឹត្យនេះបានចូលជាធរមាន។
នាយកអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA) លោក សន ជ័យ ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា ឯករាជ្យភាពជាការសំខាន់សម្រាប់ប្រសិទ្ធភាពការងាររបស់ឧត្តមក្រុមប្រឹក្សាមួយនេះ ប៉ុន្តែលោកថា កន្លងមកពួកគេនៅតែមានដែនកំណត់នៃអំណាចក្នុងការធ្វើការងារ។ លោកបន្ថែមថា លោកគាំទ្រតិចតួចសម្រាប់ការបន្តវត្តមានរបស់ឧត្តមក្រុមប្រឹក្សាដែលមានសមាភាពពីគណបក្សមិនជាប់ឆ្នោតនេះ។
លោក ឈឹម ផលវរុណ អ្នកទទួលបន្ទុកសម្របសម្រួលការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ប្រាប់វីអូអេថា ការរិះគន់ណាមួយលើការបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នេះ គឺជាសិទ្ធិបញ្ចេញមតិ។
លោកថា៖ «អ្នកដែលបញ្ចេញមតិវាជាសេរីភាពរបស់បុគ្គលរៀងៗខ្លួន ប៉ុន្តែមិនអាចមតិរបស់បុគ្គលមានតម្លៃជាធរមានតម្រូវឱ្យអ្នកដទៃធ្វើតាមទេ។ ហើយវាក៏ជាវត្ថុបំណងរបស់រដ្ឋាភិបាលក្នុងការប្រមូលធាតុចូលពីគណបក្សនានាដែលមាននៅកម្ពុជា»។
នៅពេលសួរពាក់ព័ន្ធជាមួយចំណាយលើសមាជិករបស់ឧត្តមក្រុមប្រឹក្សា លោក ឈឹម ផលវរុណថា អាស្រ័យទៅលើចំនួនប្រតិភូគណបក្សជាក់ស្តែង។
បើតាមលោក ឈឹម ផលវរុណ មកទល់ពេលនេះមានគណបក្សចំនួន២០ហើយ ដែលបានដាក់ចូលជាសមាជិកនៃឧត្តមក្រុមប្រឹក្សា ប៉ុន្តែលោកថា កំពុងស្ថិតក្នុងដំណាក់កាលដាក់ពាក្យនៅឡើយ ដែលមិនទាន់ដឹងថានឹងចាប់ផ្តើមជាផ្លូវការនៅថ្ងៃណានោះទេ។
សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ជួបប្រជុំគ្នាជារៀងរាល់មួយខែម្តង និងជួបពិភាក្សាផ្ទាល់ជាមួយនាយករដ្ឋមន្រ្តី រៀងរាល់៦ខែម្តង តាមការកោះប្រជុំរបស់ប្រធានក្រុមប្រឹក្សា។ នេះបើតាមព្រះរាជក្រឹត្យដដែល។
ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ លើកឡើងថា គណបក្សរបស់លោកត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមជាសមាជិករបស់ក្រុមប្រឹក្សាមួយនេះ ដោយសារតែមើលឃើញពីគុណតម្លៃដែលអាចចូលរួមអភិវឌ្ឍជាតិបាន។
ឆ្លើយតបទៅនឹងអ្នករិះគន់ដែលថា ការបង្កើតឧត្តមក្រុមប្រឹក្សានេះមិនមានប្រយោជន៍នោះ ប្រធានគណបក្សរូបនេះថា ជាការលើកឡើងដែលមិនចង់ឱ្យខ្មែររីកចម្រើន។
លោកថ្លែងថា៖ «អ៊ីចឹងអ្នកវាយតម្លៃបែបណាបែបណីនោះ អានោះជាសិទ្ធិរបស់គេ ប៉ុន្តែសម្រាប់ខ្ញុំ ខ្ញុំជាតួអង្គមួយនៅក្នុងឧត្តមក្រុមប្រឹក្សាផងដែរ ខ្ញុំមើលឃើញថា ឧត្តមក្រុមប្រឹក្សាគឺជាយន្តការល្អសម្រាប់ជួយសង្គ្រោះប្រជាជនខ្មែរយើងទាំងមូល»។
មុនចាកចេញពីតំណែងជានាយករដ្ឋមន្រ្តី លោក ហ៊ុន សែន បានប្រកាសថា រដ្ឋាភិបាលអាណត្តិថ្មីដែលដឹកនាំដោយកូនប្រុសរបស់លោក នឹងបន្តរក្សាឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ដើម្បីប្រមូលធាតុចូលពីគណបក្សដែលចូលរួមប្រកួតប្រជែងការបោះឆ្នោត តែមិនមានលទ្ធភាពឈ្នះអាសនៈរដ្ឋសភា។
ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៨ ក្រោមគំនិតផ្តួចផ្តើមរបស់អតីតនាយករដ្ឋមន្ត្រីកម្ពុជា គឺលោក ហ៊ុន សែន ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ដោយគ្មានវត្តមានគណបក្សជំទាស់ដ៏ចម្បង។ ក្នុងការបោះឆ្នោតនោះ គណបក្សប្រជាជនកម្ពុជាបានកាន់កាប់អាសនៈទាំងអស់ក្នុងរដ្ឋសភា។
ការបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នាពេលនោះ ត្រូវបានអ្នកតាមដានមើលឃើញថា ជាជម្រើសមួយរបស់លោក ហ៊ុន សែន ដើម្បីបង្កើនភាពស្របច្បាប់សម្រាប់រដ្ឋសភាឯកបក្ស៕