ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​ហ៊ុន ម៉ាណែត ​នឹង​ចូលរួម​កិច្ច​ប្រជុំ​អាស៊ាន​ជា​លើក​ដំបូង ​ក្នុង​តំណែង​ជា​នាយក​រដ្ឋមន្រ្តី


រូបឯកសារ៖​ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជួប​សំណេះសំណាល​ជាមួយ​នឹង​កម្មករ​រោងចក្រ​កាត់ដេរ​នៅ​ភូមិ​ព្រៃស្ពឺ​ជាយ​រាជធានី​ភ្នំពេញ ថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២៣។ (AP)
រូបឯកសារ៖​ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជួប​សំណេះសំណាល​ជាមួយ​នឹង​កម្មករ​រោងចក្រ​កាត់ដេរ​នៅ​ភូមិ​ព្រៃស្ពឺ​ជាយ​រាជធានី​ភ្នំពេញ ថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២៣។ (AP)

ក្នុង​ឋានៈ​ជា​នាយក​រដ្ឋម​ន្ត្រី​ថ្មី​របស់​កម្ពុជា ​លោក​ ហ៊ុន ម៉ាណែត ​នឹង​ទៅ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​ទីក្រុង​ហ្សាការតា​នៃ​ប្រទេស​ឥណ្ឌូណេស៊ី ​ដែល​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន ចាប់​ពីថ្ងៃ​ទី៤ ​ដល់​ថ្ងៃ​ទី៧​ ខែ​កញ្ញា​ ឆ្នាំ​២០២៣។ ​ ដំណើរ​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ដែល​ជា​ប្លុក​មាន​១០​ប្រទេស​នេះ ​គឺជា​បេសក​កម្ម​ការ​ទូត​ក្រៅ​ប្រទេស​លើក​ដំបូង​របស់​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ ដែល​លោក ​ហ៊ុន ម៉ាណែត ​នឹង​ជួប​ជា​មួយ​បណ្តា​មេ​ដឹកនាំ​ប្រទេស​ផ្សេងៗ​នៅ​លើ​ពិភព​លោក​ ដែល​ធ្លាប់​ជួប​ជជែក​ការងារ​ជា​មួយ​ឪពុក​របស់​លោក​ គឺ​លោក ​ហ៊ុន សែន​ ដែល​កាន់​អំណាច​៣៨​ឆ្នាំ ​មុន​នឹង​លាលែង​ពី​តំណែង។​

អ្នក​តាម​ដាន​មើល​ឃើញ​ថា​ ដំណើរ​ទស្សន​កិច្ច​នេះ​ជា​ការ​បង្ហាញ​ខ្លួន​ទៅ​កាន់​មេ​ដឹកនាំ​ពិភព​លោក​ និង​ថា​ គោល​នយោ​បាយ​ការ​បរទេស​កម្ពុជា ​គឺ​នៅ​ដដែល ​ដូច​ការ​ដឹកនាំ​របស់​អតីត​នាយក​រដ្ឋមន្រ្តី ​លោក ​ហ៊ុន សែន។​

អ្នក​ស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហ​ប្រតិបត្តិ​ការ​ និង​សន្តិភាព ​លោក​ វណ្ណ ប៊ុនណា ​យល់​ថា​ បញ្ហា​ស្ថិរភាព​ក្នុង​តំបន់​ រួមមាន​វិបត្តិ​នៅ​មីយ៉ាន់ម៉ា​ ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​ សង្គ្រាម​នៅ​អ៊ុយក្រែន ​និង​ការ​ប្រកួត​ប្រជែង​របស់​មហា​អំណាច​ នឹង​ត្រូវ​បាន​លើក​ឡើង​មក​ពិភាក្សា​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​របស់​អាស៊ាន។ ​លោក​បន្ថែម​ថា​ មេ​ដឹកនាំ​ទាំង​នោះ​ក៏​នឹង​ជជែក​គ្នា ​ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ ​ក្រោយ​វិបត្តិ​កូវីដ១៩​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​វិបត្តិ​សេដ្ឋ​កិច្ច​សកល។​

នៅ​ពេល​និយាយ​ពាក់ព័ន្ធ​ជា​មួយ​គោល​នយោ​បាយ​ការ​បរទេស​កម្ពុជា ​នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក ​ហ៊ុន ម៉ាណែត​ អ្នក​វិភាគ​រូប​នេះ​យល់​ថា​ ជំហរ​របស់​កម្ពុជា​នឹង​មិន​មាន​អ្វី​ប្រែ​ប្រួល​ឡើយ​នៅ​លើ​ឆាក​អន្តរ​ជាតិ។​

លោក​ថ្លែង​ថា៖​ «ចំពោះ​ជំហរ​កម្ពុជា ​ខ្ញុំ​មើល​ឃើញ​ថា ​បើ​ទោះ​បី​កម្ពុជា​មាន​នាយក​រដ្ឋមន្ត្រី​ថ្មី​ពិត​មែន ​ក៏​ប៉ុន្តែ​ខ្ញុំ​មើល​ឃើញ​ថា​ កម្ពុជា​នៅ​តែ​រក្សា​គោល​នយោបាយ​របស់​ខ្លួន​ដដែល​ មាន​ន័យ​ថា​ កម្ពុជា​នឹង​មិន​ផ្លាស់​ប្តូរ​គោល​ជំហរ​ គោល​នយោបាយ​ការ​បរទេស​របស់​ខ្លួន​ក្នុង​ការ​ទាញ​យក​ផល​ប្រយោជន៍​ពី​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ក្នុង​នាម​ជា​ស្ថាប័ន​ពហុភាគី​មួយ​ផង​ដែរ»។​

សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​ លោក ​ឯម សុវណ្ណារ៉ា​ ប្រាប់​វីអូអេ​ថា​ ប្រទេស​លោក​ខាង​លិច​ចង់​ឃើញ​អង្គការ​តំបន់​អាស៊ាន​ និង​កម្ពុជា​ដែល​ជា​សមាជិក​មួយ​ ប្រកាន់​ខ្ជាប់​នូវ​មជ្ឈភាព ​និង​អព្យាក្រឹត្យ​ភាព​របស់​ខ្លួន​ បើ​ទោះ​កម្ពុជា​ត្រូវ​បាន​មើល​ឃើញ​ថា​ លម្អៀង​ទៅ​រក​ចិន​ក៏​ដោយ។​

លោក​បញ្ជាក់​ថា៖​ «អ៊ីចឹង​នៅ​ក្នុង​អាណត្តិ​រដ្ឋាភិបាល​ថ្មី​របស់​ឯក​ឧត្តម ​ហ៊ុន ម៉ាណែត​ ហ្នឹង​ ក៏​អន្តរ​ជាតិ​គេ​ចង់​ឱ្យ​កម្ពុជា​រក្សា​នូវ​ជំហរ​នេះ​ដែរ​ ពីព្រោះ​ហេតុ​អ្វី​បាន​គេ​ចង់​បញ្ជាក់​នៅ​កន្លែង​ហ្នឹង? ​ព្រោះអី​កន្លង​មក​យើង​ឃើញ​ភាព​ល្អូក​ល្អើន​កម្ពុជា​ជា​មួយ​ចិន​ហ្នឹង​ខ្លាំង»។​

បើ​តាម​អ្នក​វិភាគ​រូប​នេះ ​ចិន​នៅ​តែ​មាន​ឥទ្ធិ​ពល​ទៅ​លើ​បណ្តា​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​ប្លុក​ដែល​មាន​១០​ប្រទេស​នេះ​ ប៉ុន្តែ​មិន​ខ្លាំង​ដូច​មុន​ទេ ​ដោយ​សារ​តែ​វិបត្តិ​សេដ្ឋកិច្ច​របស់​ចិន​ខ្លួន​ឯង​ផ្ទាល់។​

លោក​បន្ថែម​ថា​ កាល​ពី​កន្លង​ទៅ ​កម្ពុជា​ឈរ​នៅ​ខាង​ចិន​លើ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ដោយ​ចង់​ឱ្យ​ជម្លោះ​ដែន​ទឹក​ដែល​ចិន​កំពុង​ប្រទាញ​ប្រទង់​ជា​មួយ​ប្រទេស​ជា​សមាជិក​អាស៊ាន ​ដោះ​ស្រាយ​ដោយ​ទ្វេ​ភាគី ​មិន​មែន​យន្តការ​របស់​អាស៊ាន ​ដែល​មាន​១០​ប្រទេស​ឡើយ។​

ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​បាន​ក្លាយ​ជា​បញ្ហា​ចម្រូង​ចម្រាស​រាប់​ទស​វត្សរ៍​មក​ហើយ​រវាង​ប្រទេស​ចិន ​និង​សមាជិក​មួយ​ចំនួន​របស់​អាស៊ាន​ រួម​មាន​វៀតណាម ​ហ្វីលីពីន ​ម៉ាឡេស៊ី ​និង​ព្រុយណេ។​

នៅ​គ្រា​ដែល​កម្ពុជា​ប្រគល់​ញញួរ​ទៅ​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០២២ ​ដើម្បី​ធ្វើ​ជា​ប្រធាន​ប្តូរ​វេន​របស់​អាស៊ាន​ អតីត​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ លោក ហ៊ុន សែន​ ដែល​ជា​ប្រធាន​អាស៊ាន​កាល​នោះ ​បាន​ស្នើ​ឱ្យ​រក្សា​មជ្ឈភាព​អាស៊ាន​ ឬ​ភាព​ជា​អ្នក​នៅ​កណ្តាល​របស់​អាស៊ាន​ ដើម្បី​ការពារ​ភាព​រឹងមាំ​របស់​សមាគម​ដែល​មាន​អាយុ​កាល​ជាង​៥០​ឆ្នាំ​មួយ​នេះ។​ លោក​បន្ថែម​ថា ​មជ្ឈភាព​អាស៊ាន​គឺ​ជា​កម្លាំង​ចលករ​ចម្បង​សម្រាប់​កិច្ច​សន្ទនា ​និង​កិច្ច​សហ​ប្រតិបត្តិ​ការ​ជាមួយ​ដៃ​គូ​ខាង​ក្រៅ​ តាម​រយៈ​យន្តការ​ដែល​ដឹកនាំ​ដោយ​អាស៊ាន​នេះ ​ដើម្បី​ដោះស្រាយ ​និង​ទប់​ស្កាត់​រាល់​បញ្ហា​ប្រឈម​ក្នុង​តំបន់​ដែល​នឹង​ឈាន​ទៅ​រក្សា​សន្តិភាព​ វិបុល​ភាព​ និង​សុខដុម​រមនា​សម្រាប់​គ្រួសារ​អាស៊ាន។​

លោក ​ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ការ​បរទេស ​និង​សហ​ប្រតិបត្តិការ​អន្តរជាតិ​ បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា​ លោក​ ហ៊ុន ម៉ាណែត ​នឹង​អញ្ជើញ​ទៅ​ឥណ្ឌូណេស៊ី ​ដើម្បី​ចូល​រួម​ក្នុង​ជំនួប​កំពូល​អាស៊ាន ​ជំនួប​កំពូល​អាស៊ាន​បូក​ និង​ជំនួប​កំពូល​អាស៊ី​បូព៌ា ​នា​ថ្ងៃ​ទី​៤​ ខែ​កញ្ញា។ ​លោក​បន្ថែម​ថា ​លោក ​ហ៊ុន ម៉ាណែត​«នឹង​បង្ហាញ​មុខ​ជា​លើក​ទីមួយ​បង្អស់​លើ​ឆាក​អន្តរជាតិ​ ក្នុង​នាម​ជា​មេ​ដឹក​នាំ​កំពូល​វ័យ​ក្មេង​ជាង​គេ ​ក្នុង​ជំនួប​កំពូល​អាស៊ាន​សប្តាហ៍​ក្រោយ»។​

បើ​តាម​លោក ​ហ្សង់ ហ្វ្រង់ស័រតាន់ ​ដែល​ទើប​ទទួល​បាន​តំណែង​រដ្ឋាភិបាល ​ក្រោយ​លា​ឈប់​ពី​ការងារ​ជា​អ្នក​គ្រប់គ្រង​វិទ្យុ​បារាំង​ជា​ខេមរ​ភាសា ​(RFI)​ លោក ​ហ៊ុន ម៉ាណែត​នឹង​ចាប់​ដៃ ​ហើយ​នឹង​ជួប​ជា​ផ្លូវ​ការ​ ឬ​ក្រៅ​ផ្លូវ​ការ​ជាមួយ​ប្រមុខ​រដ្ឋ​ឬ​ប្រមុខ​រដ្ឋាភិបាល ​ឬ​ក៏​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​ចំនួន​១៧​នាក់​យ៉ាង​តិច​ ដែល​មក​ពី​បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍ រួម​មាន​ចិន ​ជប៉ុន​ កូរ៉េ​ខាង​ត្បូង​ ឥណ្ឌា ​អាមេរិក ​រុស្ស៊ី ​អូស្ត្រាលី ​និង​នូវែលសេឡង់។​

លោក​បញ្ជាក់​បន្ថែម​ថា​ លោក ​ហ៊ុន ម៉ាណែត ​នឹង​«ការពារ​ឧត្តម​ប្រយោជន៍​ជាតិ​យើង​នៅ​ចំពោះ​មុខ​សមាជិក​អាស៊ាន​៩​ដទៃ​ផ្សេង​ទៀត ​និង​ដើម្បី​ការពារ​ផល​ប្រយោជន៍​រួម​របស់​អាស៊ាន​នៅ​ចំពោះ​មុខ​បណ្តា​ប្រទេស​ដៃគូ​សន្ទនា​របស់​អាស៊ាន»។​

បើ​តាម​មន្រ្តី​ជាន់​ខ្ពស់​រដ្ឋាភិបាល​រូប​នោះ​ បញ្ហា​តំបន់​ និង​បញ្ហា​អន្តរ​ជាតិ​ដែល​ត្រូវ​ចូល​រួម​ដោះ​ស្រាយ​ មាន​ដូច​ជា​វិបត្តិ​រ៉ាំរ៉ៃ​នៅ​មីយ៉ាន់ម៉ា ​ការ​ប្រជែង​ឥទ្ធិពល​គ្នា​រវាង​កំពូល​មហា​អំណាច​ពិភព​លោក ​និង​រវាង​មហា​អំណាច​តំបន់​ នៅ​ក្នុង​លំហ​នៃ​ដែន​អាស៊ី-ប៉ាស៊ីហ្វិក ​និង​ជា​ពិសេស​វិបត្តិ​សេដ្ឋកិច្ច​សកល​ដែល​បាន​និង​កំពុង​បន្ត​ជះ​ផល​អវិជ្ជ​មាន​មក​លើ​ពិភពលោក។

អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ លោក​ ប៉ែន បូណា​ ប្រាប់​វីអូអេ​ថា​ ដំណើរ​ទៅ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​របស់​នាយក​រដ្ឋមន្ត្រី​ថ្មី​កម្ពុជា ​មិន​មាន​អ្វី​ប្លែក​ឡើយ ​គឺ​ទៅ​ចូលរួម​ក្នុង​នាម​ជា​សមាជិក​អង្គការ​តំបន់​មួយ​នេះ ​ដែល​កិច្ច​ប្រជុំ​ធ្វើ​ឡើង​ជា​រៀងរាល់​ឆ្នាំ។

បើ​តាម​អ្នក​នាំពាក្យ​រូប​នេះ​ ជំហរ​របស់​កម្ពុជា​នៅ​លើ​ឆាក​អន្តរ​ជាតិ​ ​គឺ​ដើរ​ស្រប​ទៅ​តាម​រដ្ឋ​ធម្ម​នុញ្ញ​កម្ពុជា ​ដែល​ចែង​អំពី​ការ​ប្រកាន់​ខ្ជាប់​ជានិច្ច​នូវ​នយោបាយ​អព្យា​ក្រឹត្យ អចិន្ត្រៃយ៍ ​និង​មិន​ចូល​បក្ស​សម្ព័ន្ធ។​

គួរ​បញ្ជាក់​ថា​ បន្ទាប់​ពី​ដំណើរ​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​អាស៊ាន​នៅប្រទេស​ឥណ្ឌូ​ណេស៊ី ​លោក​ ហ៊ុន ម៉ាណែត ​ក៏​គ្រោង​នឹង​ទៅ​បំពេញ​ទស្សន​កិច្ច​នៅ​ប្រទេស​ចិន​ និង​ចូល​រួម​កិច្ច​ប្រជុំ​អន្តរ​ជាតិ​មួយ​ចំនួន​ទៀត​ ក្នុង​ឋានៈ​ជា​នាយក​រដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា ​ក្នុង​នោះ​មាន​មហា​សន្និបាត​អង្គការ​សហ​ប្រជាជាតិ​នៅ​ទីក្រុង​ញូវយ៉ក ​សហ​រដ្ឋ​អាមេរិក ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២២ ​ខែ​កញ្ញា​ខាង​មុខ៕

XS
SM
MD
LG