ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មាន​​វិបត្តិមនុស្ស​ធម៌​នៅ​ក្រុង​ Fallujah ​ខណៈ​កង​កម្លាំង​អ៊ីរ៉ាក់​សម្រុក​ចូល​​​ភាគ​កណ្តាល​នៃ​ក្រុង​នេះ


ទាហាន​អ៊ីរ៉ាក់​កំពុង​ជួយ​ជន​ស៊ីវិល​ដែល​រត់​គេច​ខ្លួន​ពី​ក្រុង​ Fallujah ដោយ​សារ​អំពើ​ហិង្សា​ជាមួយ​ក្រុម​រដ្ឋ​ឥស្លាម នៅ​ជាយ​ក្រុង​ Fallujah កាល​ពី​ថ្ងៃទី​១៨ ខែ​មិថុនា ឆ្នាំ២០១៦។
ទាហាន​អ៊ីរ៉ាក់​កំពុង​ជួយ​ជន​ស៊ីវិល​ដែល​រត់​គេច​ខ្លួន​ពី​ក្រុង​ Fallujah ដោយ​សារ​អំពើ​ហិង្សា​ជាមួយ​ក្រុម​រដ្ឋ​ឥស្លាម នៅ​ជាយ​ក្រុង​ Fallujah កាល​ពី​ថ្ងៃទី​១៨ ខែ​មិថុនា ឆ្នាំ២០១៦។

ដោយ​ភាព​អស់​កម្លាំង​ខ្លាំង ស្រេក​ឃ្លាន​ និង​អស់​សង្ឃឹម ​មនុស្ស​៣ម៉ឺន​នាក់​បាន​ចាក​ចេញ​ពី​ក្រុង​ Fallujah ​កាល​ពី​បី​ថ្ងៃ​មុន​នេះ​នៅ​ពេល​ដែល​កង​កម្លាំង​រដ្ឋាភិបាល​អ៊ីរ៉ាក់​បាន​វាយ​សំរុក​ចូល​ក្នុង​ផ្នែក​កណ្តាល​នៃ​ក្រុង​នេះ ដោយ​រុញ​ច្រាន​ពួក​យុទ្ធជន​រដ្ឋ​ឥស្លាម​ឲ្យ​ទៅ​កាន់ប៉ែក​ឦសាន​នៃ​ក្រុង​នេះ។

ទោះ​ណា​ជា​មាន​ធាតុអាកាស​ក្តៅ​ខ្លាំង​ក្នុង​រដូវ​ក្តៅ​នៃ​ប្រទេស​អ៊ីរ៉ាក់​ក៏​ដោយ​ ក៏​មនុស្ស​ច្រើន​នាក់​ក្នុង​បណ្តា​ក្រុមជន​ដែល​បាន​រត់​គេច​ខ្លួន​ចេញ​ពី​ក្រុង​នេះ​បាន​ទទួល​ទាន​ដំណេក​នៅ​ខាង​ក្រៅ​អាគារ​ពីព្រោះ​នៅ​ពេល​នេះ​មាន​មនុស្ស​រស់​នៅ​ពេញ​ជំរំជន​ភៀស​ខ្លួន​ទៅ​ហើយ។​ មនុស្ស​ខ្លះ​បាន​ទៅ​ជ្រក​កោន​ក្នុង​ឃ្លាំង​ឥវ៉ាន់​ឬ​នៅ​ក្នុង​វិហារ​ឥស្លាម។ ចំនួន​មនុស្ស​ដែល​បាន​ចាក​ចេញ​ពី​ក្រុង​នេះ​មាន​៦ម៉ឺន​នាក់​ហើយ។

ក្រុម​ប្រឹក្សា​ជនភៀស​ខ្លួន​របស់​ប្រទេស​ន័រវែស ហៅ​កាត់​ថា​ NRC ​ដែល​បាន​ផ្តល់​ម្ហូប​អាហារ​គ្រា​មាន​អាសន្ន​ និង​ទឹក​ដប​ឱ្យ​ដល់​មនុស្ស​រាប់​ម៉ឺន​នាក់​នោះ​ បាន​និយាយ​ថា ​ចំនួន​មនុស្ស​យ៉ាង​ច្រើន​ និង​ការ​ខ្វះខាត​ការ​សម្រប​សម្រួល​នៅ​ក្នុង​ជំរំ​បាន​ធ្វើ​ឱ្យ​ខ្លួន​មាន​ការ​ពិបាក​ក្នុង​ការ​ផ្តល់​អាហារ​ឱ្យ​បាន​ទៅ​ដល់​គ្រួសារ​ដែល​ទើបមក​ដល់​ថ្មីៗ។

លោក ​Nasr Muflahi ​នាយក​អង្គការ ​NRC​ ប្រចាំ​ប្រទេស​អ៊ីរ៉ាក់​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា៖ «យើង​សុំ​ឱ្យ​រដ្ឋាភិបាល​អ៊ីរ៉ាក់​ទទួល​បន្ទុក​ក្នុង​ការ​សម្រាល​មហន្តរាយ​មនុស្ស​ធម៌​នេះ​ដែល​កំពុង​កើត​មាន​នៅ​ពេល​នេះ»។

លោក ​Muflahi ​បាន​ថ្លែងថា៖ «យើង​មិន​អាច​បន្ត​ផ្តល់​ជំនួយ​បាន​ទេ​នៅ​ពេល​ដែល​យើង​មិន​ដឹង​ថា​ នរណា​នៅ​ទី​ណា​ហើយពួក​គេ​ត្រូវ​ការ​អ្វី​នោះ»។

លោក​នាយក​រដ្ឋមន្ត្រី​អ៊ីរ៉ាក់ ​Haider al Abadi ​បាន​ប្រកាស​ថា​ កង​កម្លាំង​រដ្ឋាភិបាល​អ៊ីរ៉ាក់​បាន​ទទួល​ជ័យ​ជម្នះ​នៅ​ក្នុង​ការ​ប្រយុទ្ធ​របស់​ពួក​គេ​ដើម្បី​ត្រួតត្រា​ក្រុង​ Fallujah។

ក៏​ប៉ុន្តែ​ក្នុង​ក្រុង​ Fallujah ជាក់​ស្តែង​វិញ ពួក​យុទ្ធជន​រដ្ឋាភិបាល​អ៊ីរ៉ាក់​ប្រឈម​មុខ​នឹង​ពួក​អ្នក​លប​បាញ់​ស៊ីប​ និង​គ្រាប់​បែក​នៅ​ពេល​ពួក​គេប្រយុទ្ធ​ដើម្បី​កម្ចាត់​ពួក​ជន​សកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម​ ឱ្យ​ចេញ​ពី​ក្រុង​នេះ​ដែល​ពួក​គេ​បាន​កាន់​កាប់​ទីនេះ​ជាង​ពីរ​ឆ្នាំ​មក​ហើយ​នោះ។

មាន​សេចក្តី​រាយការណ៍​មក​ថា​ ពួក​ជន​សកម្ម​ប្រយុទ្ធ​ខ្លះ​បាន​បញ្ជូន​ប្រពន្ធ​និង​កូន​ពួក​គេ​ឱ្យ​ចេញ​ពីក្រុង​នេះ​ជាមួយ​ពួកជន​ភៀស​ខ្លួន​ដែរ៕

XS
SM
MD
LG