អង្គការក្រុមប្រឹក្សាជនភៀសខ្លួនន័រវែស ដែលហៅកាត់ថា NRC បាននិយាយថាពួកឥស្លាមជ្រុលនិយមនៅក្នុងប្រទេសអ៊ីរ៉ាក់បានបាញ់សម្លាប់ពួកជនស៊ីវិលនៅពេលពួកគេប៉ុនប៉ងរត់គេចខ្លួនចេញពីការប្រយុទ្ធគ្នានៅក្នុងក្រុង Fallujah។
ក្រុមការពារសិទ្ធិមនុស្សនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា
«របាយការណ៍ពីក្រុមគ្រួសារដែលអង្គការ NRC បានជួបទាក់ទងបានពណ៌នាថាពួកជនស៊ីវិលដែលខិតខំព្យាយាមឆ្លងកាត់ទន្លេ Euphrates ដើម្បីរត់គេចខ្លួនចេញពីការប្រយុទ្ធគ្នាបានត្រូវបានយកធ្វើជាទីដៅនៃការវាយប្រហារដោយក្រុមប្រឆាំងប្រដាប់ដោយអាវុធ»។
កងកម្លាំងរដ្ឋាភិបាលអ៊ីរ៉ាក់បានប្រយុទ្ធប្រឆាំងនឹងពួកយុទ្ធជនរដ្ឋឥស្លាម ពីរបីសប្តាហ៍មកហើយនៅក្នុងការខិតខំប្រឹងប្រែងដើម្បីវាយយកក្រុងនេះមកវិញ។ក្រុងនេះបានឋិតនៅក្នុងការត្រួតត្រារបស់ពួករដ្ឋឥស្លាម ចាប់តាំងពីខែមករាឆ្នាំ២០១៤មក។ រហូតមកដល់ពេលនេះ ការវាយលុកនេះបានឡោមព័ទ្ធក្រុងនេះនៅបីជ្រុង ដោយមានតែតំបន់តែមួយគត់ដែលមិនទាន់បានត្រូវឡោមព័ទ្ធគឺច្រាំងខាងលិចនៃទន្លេ Euphrates។
ការស្ទង់ប្រមាណមួយដោយអ.ស.ប.បានឲ្យដឹងថា ចំនួនជនស៊ីវិលដែលជាប់គាំងនៅក្នុងក្រុង Fallujah មានប្រមាណ៥ម៉ឺននាក់។ មនុស្សជាច្រើនបានប៉ុនប៉ងឆ្លងកាត់ទន្លេនេះជាមធ្យោបាយមួយដើម្បីរត់គេចខ្លួនពីការប្រយុទ្ធគ្នា ក៏ប៉ុន្តែអ.ស.ប.បាននិយាយថា មានមនុស្សមួយចំនួនដែលមានរួមបញ្ចូលទាំងកុមារផងដែរ បានលង់ទឹកស្លាប់នៅពេលប៉ុនប៉ងឆ្លងកាត់ទន្លេនេះដែលមានទទឹង៣០០ម៉ែត្រ។
បើតាមអង្គការ NRC មានគ្រួសារតិចជាងបីពាន់បានរត់គេចខ្លួនដោយជោគជ័យចេញពីក្រុង Fallujah នៅក្នុងរយៈពេលប៉ុន្មានថ្ងៃដំបូងនៃការវាយលុកដោយកងកម្លាំងរដ្ឋាភិបាលអ៊ីរ៉ាក់ដែលបានចាប់ផ្តើមកាលពីថ្ងៃទី២១ខែឧសភា។ អង្គការនេះបានថ្លែងថា ចាប់តាំងពីពេលនោះមក មានគ្រួសារតែមួយចំនួនតូចប៉ុណ្ណោះដែលអាចរត់គេចខ្លួនចេញពីក្រុងនេះ៕