ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជន​ស៊ីវិល​ជា​ច្រើន​បាន​រងគ្រោះ​ក្នុង​ការ​ប្រយុទ្ធ​ដ៏​ខ្លាំង​ដើម្បី​ដណ្តើម​យក​ក្រុង​ Fallujah


ក្រុម​គ្រួសារ​កំពុង​គេច​ខ្លួន​បាន​មក​ដល់​ខេត្ត​ Anbar បន្ទាប់​ពី​បានរត់​​គេច​​ចេញ​ពី​ក្រុង​ Fallujah កាល​ពី​ថ្ងៃទី២៧ ខែ​ឧសភា ឆ្នាំ២០១៦ នៅពេល​ការ​វាយ​យក​ក្រុង​នេះពួក​រដ្ឋ​ឥស្លាម​ មាន​សភាព​កាន់​តែ​ខ្លាំងឡើងៗ។
ក្រុម​គ្រួសារ​កំពុង​គេច​ខ្លួន​បាន​មក​ដល់​ខេត្ត​ Anbar បន្ទាប់​ពី​បានរត់​​គេច​​ចេញ​ពី​ក្រុង​ Fallujah កាល​ពី​ថ្ងៃទី២៧ ខែ​ឧសភា ឆ្នាំ២០១៦ នៅពេល​ការ​វាយ​យក​ក្រុង​នេះពួក​រដ្ឋ​ឥស្លាម​ មាន​សភាព​កាន់​តែ​ខ្លាំងឡើងៗ។

ចំនួនជន​ស៊ីវិល​ស្លាប់​ចាប់​ផ្តើម​កើន​ឡើងនៅ​ពេល​ដែល​ការ​ប្រយុទ្ធ​ដណ្តើម​យក​ក្រុង​ Fallujah​ ដែល​កាន់កាប់​ដោយ​ពួក​រដ្ឋ​ឥស្លាម​ កំពុង​មាន​សភាព​ខ្លាំង​ឡើងៗ។​

លោក ​Jan Egeland ​នៃ​ក្រុម​ប្រឹក្សា​ជន​ភៀស​ខ្លួន​ន័រវែស​ បាន​និយាយ​ថា​ «មហន្តរាយ​ខាង​មនុស្សធម៌​មួយ​កំពុង​កើត​មាន​ឡើង​នៅក្នុង​ក្រុង Fallujah។ គ្រួសារ​ជា​ច្រើន​បាន​ជាប់​គាំង​នៅ​ក្នុង​កន្លែង​ដែល​មាន​ការ​បាញ់​កាំភ្លើង​ត​គ្នា​ដោយ​គ្មាន​ផ្លូវ​រួច​ដោយ​សុវត្ថិភាព​ទេ»។

កង​កម្លាំង​រដ្ឋាភិបាល​អ៊ីរ៉ាក់​បាន​បើកការ​វាយ​លុក​មាន​គោលដៅ​វាយ​យក​ក្រុង​នេះ​មកវិញ។

ទីភ្នាក់ងារ​អ.ស.ប.​ខាង​ជន​ភៀស​ខ្លួន​ហៅ​កាត់​ថា​ UNHCR ​បាន​ទទួល​របាយ​ការណ៍​ថា​ ពួក​ជន​ស៊ីវិល​បាន​ត្រូវ​សម្លាប់​នៅក្នុង​ការ​បាញ់​ផ្តក់​យ៉ាង​ខ្លាំង​ឬត្រូវ​កប់​ទាំង​រស់នៅ​ក្រោម​កម្ទេច​កម្ទី​ផ្ទះ​របស់​ពួក​គេ។​

យ៉ាងហោចណាស់​ មាន​កុមារ​យ៉ាង​តិច​២ម៉ឺន​នាក់ កំពុង​ជាប់​នៅក្នុង​ទីក្រុង​នោះ។ នេះ​បើ​យោង​តាម​សេចក្ដី​ថ្លែង​ការណ៍​មួយ​របស់​អង្គការ​យូនីសេហ្វ។ ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​សម្រាប់​កុមារ​នេះ បាន​ទទូច​ឲ្យ​ភាគី​ទាំង​អស់​ ធានា​សុវត្ថិភាព​កុមារ​ទាំង​នេះ ដែល​កំពុង​ប្រឈម​នឹង​ការ​ជ្រើសរើស​ឲ្យ​ធ្វើ​ជា​ទាហាន​កុមារ​ផង​ដែរ។

សេចក្ដី​ថ្លែង​ការណ៍​បាន​ព្រមាន​ថា «កុមារ​ប្រឈម​នឹង​ហានិភ័យ​នៃ​ការ​ចាប់​បង្ខំ​ឲ្យ​ចូល​ប្រយុទ្ធ និង​ការ​ព្រាត់ប្រាស​ពី​ក្រុម​គ្រួសារ​របស់​ពួកគេ»។

លោក ​William Spindler​ អ្នក​នាំ​ពាក្យ​នៃ​អង្គការ UNHCR ​បាន​និយាយ​ថា៖ «មាន​សេចក្តី​រាយការណ៍​ដែរ​អំពី​គ្រួសារ​រាប់​រយ​គ្រួរ​បាន​ត្រូវ​ប្រើ​ប្រាស់​ធ្វើ​ជា​ខែល​មនុស្ស»​ដោយ​ពួក​ជន​សកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម»។

មាន​គ្រួសារ​ប្រមាណ​៦២៥​បាន​រត់​គេច​ខ្លួន​រួច​ចេញពី​ការ​ប្រយុទ្ធ​គ្នា​ចាប់​តាំង​ពី​សប្តាហ៍​មុន​មក។​

កង​កម្លាំង​រដ្ឋាភិបាល​អ៊ីរ៉ាក់​បាន​បំបែក​និង​ត្រួត​ពិនិត្យ​ក្រុម​បុរសៗ​ដោយ​សារ​បារម្ភ​អំពី​ស្វាមី​ភ័ក្តិ​របស់​ពួក​ជន​ទាំង​នោះ​ជាមួយ​ពួក​រដ្ឋ​ឥស្លាម ​ក្រោយ​ពេល​ពួក​គេ​បាន​រស់នៅ​ជាង​ពីរ​ឆ្នាំ​ក្រោម​ការ​គ្រប់​គ្រង​របស់​ពួក​រដ្ឋ​ឥស្លាម ​ហើយចុង​ក្រោយ​បាន​ចាក​ចេញ​ពី​ក្រុង​នោះ៕

XS
SM
MD
LG