ការសម្រេចរបស់សហរដ្ឋអាមេរិកនៅក្នុងការដកខ្លួនចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ គឺមិនមានអ្វីគួរឲ្យភ្ញាក់ផ្អើលឡើយ ដោយសារតែប្រទេសនេះបានព្រមានកាលពីមួយឆ្នាំកន្លងទៅនេះថានឹងដកខ្លួនចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្សនេះ ប្រសិនបើក្រុមប្រឹក្សានេះមិនបញ្ឈប់ការវាយប្រហាររបស់ខ្លួនទៅលើប្រទេសអ៊ីស្រាអែលនោះទេ។ មន្ត្រីរបស់សហរដ្ឋអាមេរិកក៏បានចោទប្រកាន់ផងដែរថា ក្រុមប្រឹក្សាសិទ្ធិមនុស្សដែលមានសមាជិកចំនួន ៤៧ ប្រទេសនេះមិនមានប្រសិទ្ធភាព។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ច្រានចោលការរិះគន់នេះ។
លោក Kenneth Roth នៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch នៅឯទីក្រុង New York បានថ្លែងក្នុងសម្ដីដើមថា៖ «ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានសម្រេចនូវកិច្ចការល្អៗជាច្រើនកន្លងមកនៅក្នុងបណ្ដាប្រទេសជាច្រើន ដូចជាកូរ៉េខាងជើង មីយ៉ាន់ម៉ា ស៊ូដង់ខាងត្បូង និងស៊ីរីជាដើម។ ប៉ុន្តែរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ផ្ដល់ការយកចិត្តទុកដាក់តែចំពោះប្រទេសអ៊ីស្រាអែលតែប៉ុណ្ណោះ។ បន្ថែមពីលើនេះទៀត ដោយសារតែក្រុមប្រឹក្សាសិទ្ធិមនុស្សរិះគន់ខ្លាំងក្លាទៅលើប្រទេសអ៊ីស្រាអែល បានជាសហរដ្ឋអាមេរិកសម្រេចដកខ្លួនចេញពីក្រុមប្រឹក្សានេះដោយមិនផ្ដល់តម្លៃដល់ក្រុមប្រឹក្សានេះ និងព្យាយាមកាត់បន្ថយផលប៉ះពាល់នៃការរិះគន់របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនេះទៅលើអ៊ីស្រាអែល»។
មន្ត្រីរបស់សហរដ្ឋអាមេរិកក៏បានចោទក្រុមប្រឹក្សាសិទ្ធិមនុស្សនេះផងដែរថាបានទទួលយកប្រទេសរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនានានៅលើពិភពលោកឲ្យចូលជាសមាជិករបស់ខ្លួន ដែលប្រទេសទាំងនោះមានដូចជាប្រទេសចិន គុយបា និងវ៉េណេស៊ុយអេឡាជាដើម។ ប្រទេសចិនបានបដិសេធការចោទប្រកាន់នោះភ្លាមៗ។
លោក Geng Shuang អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងក្នុងសម្ដីដើមថា៖ «មនុស្សគ្រប់គ្នាដែលគ្មានភាពលម្អៀង អាចមើលឃើញយ៉ាងច្បាស់អំពីសមិទ្ធផល និងការវិវឌ្ឍដ៏អស្ចារ្យលើបញ្ហាសិទ្ធិមនុស្សនៅប្រទេសចិន។ អាកប្បកិរិយារបស់សហរដ្ឋអាមេរិកចំពោះក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនេះ បានទទួលរងការរិះគន់ពីសំណាក់បណ្ដាប្រទេសជាច្រើននៅជុំវិញពិភពលោក»។
សកម្មជនសិទ្ធិមនុស្សនានាបានថ្លែងថា ការដកខ្លួនរបស់សហរដ្ឋអាមេរិកនេះនឹងមិនរារាំងដល់ការលើកកម្ពស់សិទ្ធិមនុស្សនៅលើពិភពលោកនោះទេ ប៉ុន្តែបណ្ដាប្រទេសផ្សេងទៀតត្រូវតែខិតខំប្រឹងប្រែងបន្ថែមទៀត។
អ្នកស្រី Sarah Margon នៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch នៅឯទីក្រុងវ៉ាស៊ីនតោន បាននិយាយថា៖ «ករណីនេះក៏ធ្វើឲ្យមានការឆ្លើយតបបែបអវិជ្ជមានប្រឆាំងនឹងសហរដ្ឋអាមេរិកវិញផងដែរនៅពេលដែលប្រទេសនេះធ្វើនូវរឿងជាច្រើននៅក្នុងប្រទេសរបស់ខ្លួនដូចជាការបំបែកកុមារពីឪពុកម្ដាយរបស់ពួកគេហើយបែរជាលើកឡើងថាពួកគេត្រូវតែធ្វើដូច្នេះពីព្រោះតែច្បាប់នោះជាដើមដែលតាមការពិត វាគឺជាការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកដោយខ្លួនឯងតែប៉ុណ្ណោះ»។
ប្រធានាធិបតីអាមេរិកលោក Donald Trump បានបញ្ជាក់កាលពីថ្ងៃពុធ ទី២០ ខែមិថុនា ថាសហរដ្ឋអាមេរិកនឹងឈប់បំបែកកុមារពីក្រុមគ្រួសាររបស់គេដែលបានចូលមកក្នុងសហរដ្ឋអាមេរិកដោយខុសច្បាប់ពីប្រទេសម៉ិកស៊ិកហើយបន្ទាប់ពីស្ថានភាពវេទនារបស់កុមារទាំងនោះបានបង្កឲ្យមានការខឹងសម្បារពីសំណាក់អន្តរជាតិមក។
លោក Bill Keating សមាជិកសភាប្រចាំរដ្ឋ Massachuseth មកពីគណបក្សប្រជាធិបតេយ្យបានថ្លែងថារដ្ឋបាលរបស់លោក Trump មិនបានឆ្លុះបញ្ចាំងពីអាកប្បកិរិយារបស់រដ្ឋាភិបាលអាមេរិកទាំងមូលនោះឡើយ។
លោក Bill Keating បានថ្លែងថា៖ «សម្រាប់មនុស្សទូទៅនៅជុំវិញពិភពលោកនៅពេលដែលពួកគេសម្លឹងមើលទៅលើសកម្មភាពដូចនេះពួកគេគួរតែសម្លឹងមើលទៅលើស្ថាប័នផ្សេងៗទៀតផងដែររបស់សហរដ្ឋអាមេរិកដូចជាសភាជាដើមហើយនឹងមើលទៅលើអ្វីដែលពួកគេបានលើកឡើង»។
អ្នកតាមដានស្ថានការណ៍នានាក៏យល់ឃើញផងដែរថាការដកខ្លួនរបស់សហរដ្ឋអាមេរិកចេញពីកិច្ចខិតខំប្រឹងប្រែងអន្តរជាតិនានាដូចជាកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់និងកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីបញ្ហាបម្រែបម្រួលអាកាសធាតុជាដើមគឺជាលក្ខណៈសំគាល់នៃរបបដឹកនាំរបស់សហរដ្ឋអាមេរិកនាបច្ចុប្បន្នតែប៉ុណ្ណោះដែលប្រហែលជានឹងមិនបន្តទៅរដ្ឋបាលបន្ទាប់របស់សហរដ្ឋអាមេរិកនោះទេ៕
ប្រែសម្រួលដោយ យូ សុធារី