អង្គការសហប្រជាជាតិបានចាប់ផ្តើមដំណើរការបំពេញអាសនៈដែលទំនេរ ដោយការដកខ្លួនរបស់សហរដ្ឋអាមេរិកពីក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ បន្ទាប់ពីសហរដ្ឋអាមេរិក បានជូនដំណឹងជាផ្លូវការទៅកាន់អង្គការសហប្រជាជាតិ ថាខ្លួនលាឈប់ពីស្ថាប័ន ដែលមានសមាជិកចំនួន៤៧ប្រទេសនេះហើយ។
ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិមិនបានធ្វើឲ្យខាតពេលបន្តិចសោះឡើយក្នុងការបត់បែនឲ្យស្របទៅតាមស្ថានភាពជាក់ស្តែងនៃស្ថាប័នខ្លួន។ ក្រុមប្រឹក្សាសិទ្ធិមនុស្សបានដកស្លាកឈ្មោះរបស់សហរដ្ឋអាមេរិកពីកន្លែងប្រជុំរបស់ប្រទេសចំនួន៤៧។ អង្គការសហប្រជាជាតិបានយកស្លាកឈ្មោះសហរដ្ឋអាមេរិកទៅដាក់នៅក្នុងចំណោមប្រទេសអង្កេតការវិញ។
អ្នកនាំពាក្យរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ លោក Rolando Gomez បានប្រាប់វីអូអេថា អសនៈដែលទំនេរនេះ នឹងត្រូវបានបំពេញដោយសមាជិកថ្មីដែលនឹងត្រូវបានបោះឆ្នោតដោយមហាសន្និបាតនៃអង្គការសហប្រជាជាតិ។
លោក Gomez បានថ្លែងថា៖ «នេះជារឿងដែលមិនធ្លាប់កើតមានពីមុនមកទេ ដែលសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ដកខ្លួនចេញ។ ដូច្នេះ យើងកំពុងតែបន្តរដំណើរការយ៉ាងល្អបំផុត តាមតែយើងអាចធ្វើបានទៅតាមនីតិវិធីសមស្រប»។
សមាជិកនៃក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ត្រូវបានបោះឆ្នោតជ្រើសតាំងពីប្រាំតំបន់ គឺ តំបន់អាហ្រ្វិក អាស៊ី អ៊ឺរ៉ុបខាងកើត អាមេរិកខាងត្បូង និងខារីបៀន និងក្រុមប្រទេសលោកខាងលិច។ លោក Gomez បាននិយាយថា អសនៈដែលទំនេររបស់សហរដ្ឋអាមេរិក នឹងត្រូវបំពេញដោយប្រទេសណាមួយក្នុងចំណោមក្រុមប្រទេសលោកខាងលិច រួមមានប្រទេសកាណាដា ណូវែលសេឡង់ អូស្រ្តាលី និងអ៊ីស្រាអែល។
លោក Gomez បានបន្តរទៀតថា៖ «តាមទ្រឹស្តី ប្រទេសអ៊ីស្រាអែល អាចចូលជាជាសមាជិក ពីព្រោះប្រទេសនេះជាសមាជិកនៃក្រុមប្រទេសលោកខាងលិច។ ប្រទេសណាមួយក៏ដោយ ដែលស្ថិតនៅក្នុងក្រុមប្រទេសលោកខាងលិច មានសក្តានុពល អាចបំពេញកៅអីដែលទំនេរនេះបាន»។
ផ្ទុយពីការលើកឡើងរបស់សហរដ្ឋអាមេរិក លទ្ធផលដូច្នេះ គឺមិនមែនជាការបាត់បង់សិទ្ធិជាសមាជិកអង្កេតការ ដូចដែលរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានស្តីរបន្ទោសទៅលើ អង្គការសហប្រជាជាតិ ទៅលើអ្វីដែលហៅថា ជាពុតត្បុតរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស ដែលមានភាពលំអៀងប្រឆាំងទៅនឹងប្រទេសអ៊ីស្រាអែល សម្រាប់ការសម្រេចចិត្តដកខ្លួនពីក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់ខ្លួននោះទេ។
លោក Gomez បាននិយាយថា សហរដ្ឋអាមេរិក អាចបន្តចូលរួម និងដើរតួនាទីដ៏មានឥទ្ធិពល ក្នុងនាមជាសមាជិកអង្កេតការ។ លោកបានបន្តថា វាគឺជាសិទ្ធិរបស់សហរដ្ឋអាមេរិកក្នុងការចូលរួម ឬមិនចូលរួមជាមួយក្រុមប្រឹក្សាសិទ្ធិមនុស្ស។
លោក Gomez បានថ្លែងបន្តថា៖ «ភាពខុសគ្នាជាចំបងរវាងសមាជិក និងសមាជិកអង្កេតការ គឺស្ថិតនៅត្រង់ថាសមាជិកអាចបោះឆ្នោតនៅឯក្រុមប្រឹក្សាសិទ្ធិមនុស្ស ឯសមាជិកអង្កេតការមិនអាចបោះឆ្នោតបានទេ។.......សហរដ្ឋអាមេរិក អាចនឹងមានលទ្ធភាពក្នុងការគាំទ្រសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស រៀបចំព្រឹត្តិការណ៍ផ្សេងៗ ជះឥទ្ធិពលលើភាសា និងសេចក្តីសម្រេចផ្សេងៗរបស់ក្រុមប្រឹក្សានេះបាន។ ចំណុចខុសគ្នាជាចំបងនោះគឺថា សហរដ្ឋអាមេរិកនឹងមិនអាចបោះឆ្នោតបានទេ»។
ទោះជាសហរដ្ឋអាមេរិក អាចបន្តជះឥទ្ធិពលដ៏សម្បើមក្នុងនាមជាអ្នកអង្កេតការណ៍ក៏ដោយ ក៏លោក Gomez កត់សម្គាល់ថា វាតែងតែមានភាពប្រសើរជាងក្នុងការធ្វើជាសមាជិក ជាជាងជាអ្នកអង្កេតការនៅក្រៅសង្វៀន៕
ប្រែសម្រួលដោយ យូ សុធារី