អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) បានអំពាវនាវដល់អាជ្ញាធរកម្ពុជាឲ្យទម្លាក់ការចោទប្រកាន់ដែលមានចរិតនយោបាយប្រឆាំងនឹងសកម្មជនដីធ្លីដ៏លេចធ្លោម្នាក់ គឺអ្នកស្រី ទេព វន្នី និងស្នើឲ្យដោះលែងសកម្មជនរូបនេះ ដោយគ្មានលក្ខខណ្ឌ។ នេះបើតាមសេចក្តីប្រកាសរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សដែល VOA បានទទួលបាននៅថ្ងៃអង្គារ។
អ្នកស្រី ទេព វន្នី ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ និងត្រូវបានផ្តន្ទាទោសតាមបទចោទប្រកាន់ជាច្រើន។
លោក Phil Robertson នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ីបានបញ្ជាក់ថា៖
«អ្នកស្រីទេព វន្នី បានចំណាយពេលពីរឆ្នាំនៅក្នុងពន្ធនាគារ តាមបទចោទដែលប្រឌិតខុសការណ៍ពិតជាច្រើន ហើយអ្នកស្រីគួរតែត្រូវបានដោះលែង»។
លោកបានបន្ថែមថា៖
«នេះគ្រាន់តែជាករណីដែលបង្កការរិះគន់ជាសាធារណៈមួយ ក្នុងចំណោមករណីជាច្រើនទៀតដែលអាជ្ញាធរកម្ពុជាបានប្រើប្រាស់ខុសប្រព័ន្ធយុត្តិធម៌កម្ពុជា ដើម្បីបៀតបៀន និងឃុំខ្លួនសកម្មជនដីធ្លីដែលតវ៉ាដោយសន្តិវិធី»។
អ្នកស្រី ទេព វន្នី វ័យ៣៨ឆ្នាំ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនក្នុងពន្ធនាគារកាលពីខែសីហា ឆ្នាំ២០១៦ ដោយបទចោទថា បានប្រព្រឹត្តអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស។
ក្រោយការឃុំខ្លួនបណ្តោះអាសន្ននោះ សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ ក៏បានសម្រេចកាត់ទោសអ្នកស្រី ទេព វន្នី ដែលជាម្ចាស់ជ័យលាភីរង្វាន់ស្ត្រីជាអ្នកដឹកនាំរបស់អង្គការ Vital Voices ឲ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ ៦ខែ តាមមាត្រា២១៨នៃក្រមព្រហ្មទណ្ឌ។
កាលពីខែកុម្ភៈ ឆ្នាំ ២០១៨ តុលាការកំពូល បានសម្រេចតម្កល់សាលដីការបស់តុលាការថ្នាក់ក្រោម ដែលបានកាត់ទោសអ្នកស្រី ទេព វន្នី ឲ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ និង៦ខែ។ ការសម្រេចរបស់តុលាការបាននាំឲ្យមានការរិះគន់ពីសំណាក់ក្រុមការពារសិទ្ធិមនុស្សថា មានភាពអយុត្តិធម៌សម្រាប់សកម្មជនដ៏ល្បីល្បាញរូបនេះ។
VOA ព្យាយាមសុំការអធិប្បាយពីលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ តែមិនទាន់អាចទាក់ទងបានទេនៅថ្ងៃអង្គារនេះ។
យ៉ាងណាក្តី លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សគ្រប់គ្រងប្រទេសមានប្រសាសន៍បញ្ជាក់ VOA នៅថ្ងៃអង្គារនេះថា ការលើកឡើងរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ជាទស្សនៈលម្អៀងទៅរកក្រុមមាននិន្នាការប្រឆាំងនឹងរដ្ឋាភិបាលដែលធ្លាប់បានធ្វើកន្លងមកជាច្រើនដងមកហើយ។
លោកថ្លែងថា៖
«ខ្ញុំយល់ថា មតិរបស់ Human Rights ហ្នឹង វាមិនខុសអីពីមុនទេ តាំងពីមុនមក។ វាមានលក្ខណៈចរិតនយោបាយ ហើយលម្អៀងទៅរកខាងពួកប្រឆាំង។ យើងដឹងហើយ ទេព វន្នី ទោះបីថាលោកខាងលិច ផ្តល់កិត្តិយសឲ្យគាត់ ជាវីរៈនារីយ៉ាងណាក៏ដោយ ក៏តាមការណ៍ពិតហ្នឹងមិនមែនជាវីរៈនារីល្អទ។ វាជាវីរៈនារីបម្រើអត្ថប្រយោជន៍របស់បុគ្គល និងក្រុមជនដែលមានមនោគមវិជ្ជាលម្អៀងទៅខាងលោកសេរី»។
លោក សុខ ឥសាន បានសង្កត់ធ្ងន់ថា អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) មិនមានឥទ្ធិពលខាងផ្លូវច្បាប់ ដាក់សម្ពាធលើប្រព័ន្ធយុត្តិធម៌កម្ពុជា ឲ្យដោះលែងអ្នកស្រីទេព វន្នី ដែលត្រូវតែបន្តស្ថិតក្នុងពន្ធនាគារទៅតាមការសម្រេចរបស់តុលាការ។
«ឥឡូវមិនយូរទេ តុលាការកាត់ទោស អ្នកស្រីតែប៉ុន្មានឆ្នាំទេ តែដល់ធ្មេចបើក ធ្មេចបើកទៅ វាគង់នឹងដល់ ហើយវាលែងដោយស្វ័យប្រវត្តិហើយ មិនបាច់ Human Rights មកគាបសង្កត់ ឬមួយក៏មានមតិអី ដើម្បីនឹងដាក់លក្ខខណ្ឌមកលើរាជរដ្ឋាភិបាលកម្ពុជាឲ្យដោះលែងជាបន្ទាន់ ឬឥតលក្ខខណ្ឌអីទេ វាឥតប្រយោជន៍ទេបាទ»។
អង្គការ Human Rights Watch បានពណ៌នា ពីការធ្វើទុកបុកម្នេញតាមផ្លូវតុលាការប្រឆាំងអ្នកស្រីទេព វន្នី ថា ចាប់តាំងពីការចាប់ខ្លួននោះមក អ្នកស្រី ទេព វន្នី ត្រូវបានគេដាក់នៅក្នុងមណ្ឌលកែប្រែទី២ នៅក្នុងទីក្រុងភ្នំពេញ។
មួយសប្តាហ៍ក្រោយការចាប់ខ្លួនអ្នកស្រី សាលាដំបូងរាជធានីភ្នំពេញ បានកាត់ទោសអ្នកស្រីឲ្យជាប់ពន្ធនាគាររយៈពេល៦ថ្ងៃ ក្រោមបទចោទប្រកាន់ថា បានជេរប្រមាថមន្ត្រីសាធារណៈមួយរូបក្នុងយុទ្ធនាការ «ថ្ងៃចន្ទពណ៌ខ្មៅ» មួយ ដើម្បីទាមទារឲ្យមានការដោះលែងសកម្មជនសិទ្ធិមនុស្សជាច្រើននាក់ ដែលត្រូវបានឃុំខ្លួនដោយមិនត្រឹមត្រូវ។
ដោយបានអនុវត្តន៍ទោស៦ថ្ងៃ ក្នុងការឃុំខ្លួនមុនការកាត់ទោសនោះ អ្នកស្រីទេព វន្នី គួរតែត្រូវបានដោះលែង ក៏ប៉ុន្តែអ្នកស្រីត្រូវបានគេផ្ទេរទៅកាន់ពន្ធនាគារវិញ ដោយផ្អែកលើបទចោទនានា ដែលត្រូវបានផ្អឹបទុកជាយូរហើយ តែត្រូវបានព្រះរាជអាជ្ញា សើរើយកមកវិញ។
អង្គការឃ្លាំមើលសិទ្ធិមនុស្សដដែលនេះ បានសន្មត់នៅក្នុងរបាយការណ៍របស់ខ្លួនកាលពីពេលមុនថា ទាំងករណីនេះ និងក្នុងការកាត់ទោសផ្សេងទៀតប្រឆាំងនឹងអ្នកស្រីទេព វន្នី នោះ គឺបទចោទប្រកាន់ជាច្រើន «គ្មានមូលដ្ឋានបញ្ជាក់ការណ៍ពិត» ហើយទំនងជាត្រូវបានគេប្រឌិតឡើងតែប៉ុណ្ណោះ៕