តុលាការកំពូលនៅថ្ងៃពុធនេះ បានសម្រេចតម្កល់សាលដីការបស់តុលាការថ្នាក់ក្រោម ដែលបានកាត់ទោសអ្នកស្រី ទេព វន្នី សកម្មជនដីធ្លីនាំមុខនៅសហគមន៍បឹងកក់ឲ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ និង៦ខែ។ ការសម្រេចរបស់តុលាការ បាននាំឲ្យមានការរិះគន់ពីសំណាក់ក្រុមការពារសិទ្ធិមនុស្សថា មានភាពអយុត្តិធម៌សម្រាប់សកម្មជនដ៏ល្បីល្បាញរូបនេះ។
ក្នុងសេចក្ដីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលត្រូវបានតម្កល់ទុកជាបានការដោយសាលាឧទ្ធរណ៍ អ្នកស្រី ទេព វន្នី ត្រូវបានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ ៦ខែ ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ឬត្រូវមានទោសកម្រិតធ្ងន់។ តុលាការចោទអ្នកស្រីថា បានប្រើហិង្សាលើកងសន្តិសុខ គ្រាដែលអ្នកស្រី និងសកម្មជនបឹងកក់ផ្សេងទៀតទៅតវ៉ាសុំដំណោះស្រាយនៅក្បែរផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែមីនា ឆ្នាំ២០១៣កន្លងទៅ។
ក្នុងបណ្ដឹងសារទុក្ខ និងការផ្ដល់សក្ខីកម្មដល់តុលាការកំពូលរបស់កម្ពុជា អ្នកស្រី ទេព វន្នី បានលើកឡើងថា តុលាការគួរណាស់តែដោះលែងអ្នកស្រីឲ្យមានសេរីភាព ដោយអ្នកស្រីសន្យាថានឹងបញ្ឈប់ការតវ៉ារឿងដីក្នុងតំបន់បឹងកក់ បន្ទាប់ពីទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃក្នុងសហគមន៍ក្រីក្រកណ្ដាលរាជធានីភ្នំពេញមួយនេះ ទើបត្រូវបានអាជ្ញាធរដោះស្រាយបញ្ចប់ កាលពីពេលថ្មីៗ។
ក្នុងការតតាំងក្តីក្នុងសវនាការរយៈពេលជិតមួយម៉ោង គេមិនឃើញមានវត្តមានរបស់មេធាវីនិងភាគីដើមបណ្តឹង ដែលជាកងសន្តិសុខប្តឹងអ្នកស្រី ទេព វន្នី ចូលរួមនោះឡើយ។
ចំណែកមេធាវីការពារអ្នកស្រី ទេព វន្នី និងអ្នកស្រី ទេព វន្នី ផ្ទាល់ បានអះអាងថា អ្នកស្រី ទេព វន្នី មិនបានប្រព្រឹត្តហិង្សាណាមួយដូចការចោទប្រកាន់ និងបានលើកហេតុផលទៀតថា មិនមានភស្តុតាង ឬសាក្សីណាមួយបញ្ជាក់ថា អ្នកស្រី ទេព វន្នី គឺជាអ្នកប្រព្រឹត្តហិង្សានោះទេ។ អ្នកស្រី ទេព វន្នី ផ្ទាល់បានអះអាងថា អ្នកស្រីតែងប្រកាន់ខ្ជាប់នូវធម៌អហិង្សាក្នុងការតវ៉ានានា។
ក្រោយសវនាការដោយមិនអនុញ្ញាតឲ្យមានការថតសំឡេង ឬថតរូបភាព អ្នកស្រី គឹម សត្ថាវី ប្រធានអង្គជំនុំជម្រះបានប្រកាសសាលដីកា ដោយសម្រេចច្រានចោលបណ្តឹងសារទុក្ខរបស់អ្នកស្រី ទេព វន្នី ដោយយោងលើមូលហេតុថា ការសម្រេចរបស់សាលាឧទ្ធរណ៍ និងសាលាដំបូងមានការសម្អាងលើភស្តុតាង ចម្លើយរបស់ដើមបណ្តឹង និងចម្លើយរបស់សាក្សីខាងដើមបណ្តឹង ត្រឹមត្រូវតាមច្បាប់។
អ្នកស្រីប្រកាសដោយបិទផ្លូវតវ៉ាក្នុងន័យដើមថា៖ «យល់ឃើញថា បណ្តឹងរបស់ឈ្មោះ ទេព វន្នី មិនមានមូលហេតុត្រឹមត្រូវ......។ ដូច្នេះបដិសេធបណ្តឹងរបស់អ្នកស្រី ទេព វន្នី និងតម្កល់សាលដីកាសាលាឧទ្ធរណ៍ទុកជាបានការ»។
ខណៈត្រូវបានមន្រ្តីពន្ធនាគារបណ្ដើរចេញពីបន្ទប់សវនាការ ទៅរថយន្តដើម្បីបញ្ជូនទៅពន្ធនាគារវិញ អ្នកស្រី ទេព វន្នី ស្រែកថា ការសម្រេចរបស់តុលាការមានភាពអយុត្តិធម៌ និងថា មូលហេតុនៃការតវ៉ារបស់អ្នកស្រីក្នុងពេលកន្លងមក គឺដើម្បីទាមទារឲ្យមានការដោះស្រាយទំនាស់ដីធ្លីតំបន់បឹងកក់ប៉ុណ្ណោះ។
ក្នុងទឹកមុខស្រពាប់ស្រពោន លាយនឹងទឹកភ្នែករលីងរលោង នឹកស្រណោះនៅពេលដែលបានជួបកូនស្រីវ័យជំទង់ដែលមានវត្តមាននៅសវនាការព្រឹកមិញដែរ អ្នកស្រី ទេព វន្នី បន្ថែមថា អាជ្ញាធរទើបតែដោះស្រាយទំនាស់ដីធ្លីនោះចប់ ដូច្នេះអ្នកស្រីនឹងលែងតវ៉ា ហើយថាតុលាការគួរតែដោះលែងអ្នកស្រីឲ្យមានសេរីភាព។
ក្នុងពេលដែលត្រូវបានឆ្មាំពន្ធនាគារបណ្ដើរបញ្ចូលក្នុងឡាន ត្រៀមតម្រង់ទៅរកពន្ធនាគារព្រៃស ដើម្បីបន្តជីវិតនៅក្រោយរនាំងដែក អ្នកស្រី ទេព វន្នី បានស្រែកពោលបន្តថា៖ «អយុត្តិធម៌ខ្លាំងណាស់សម្រាប់ខ្ញុំ។ ខ្ញុំចង់បានសេរីភាព។ ខ្ញុំចង់ចេញទៅក្រៅដើម្បីបញ្ជាក់ពីសមត្ថភាពសម្តេចក្នុងការដោះស្រាយ។ ឈប់ធ្វើឲ្យប្រជាពលរដ្ឋឈឺចាប់បន្តទៀត»។
អ្នកស្រី សាម សុគន្ធា មេធាវីការពារក្តីឲ្យអ្នកស្រី ទេព វន្នី ប្រាប់អ្នកសារព័ត៌មាននៅខាងក្រៅបរិវេណតុលាការកំពូលថា ការសម្រេចរបស់តុលាការកំពូល មានភាពអយុត្តិធម៌សម្រាប់កូនក្តីរបស់អ្នកស្រី។ អ្នកស្រីបន្តថា ក្នុងសវនាការនោះ មិនមានភស្តុតាងណាមួយបញ្ជាក់ថា កូនក្តីអ្នកស្រីបានប្រើហិង្សាលើកងកម្លាំងសន្តិសុខនោះទេ ហើយក៏មិនមានសាក្សីណាមួយបញ្ជាក់ថា ពិតជាអ្នកស្រី ទេព វន្នី ដែលបានប្រើហិង្សាក្នុងការតវ៉ានោះដែរ។
អ្នកស្រី សាម សុគន្ធា បន្ថែមថា យោងតាមច្បាប់ ការដែលមិនមានភស្តុតាងដាក់បន្ទុកណាមួយច្បាស់លាស់ គឺបង្ហាញពីវិមតិសង្ស័យ ឬហៅថា រាល់ភាពមិនច្បាស់លាស់ក្នុងការកាត់ក្តី គឺត្រូវផ្តល់ប្រយោជន៍ដល់ជនត្រូវចោទ។
អ្នកស្រីបញ្ជាក់ថា៖ «បើអត់វិមតិសង្ស័យគឺទាល់តែមានភស្តុតាងច្បាស់ថា ទេព វន្នី កំពុងលើកដៃ វាយមនុស្សម្នាក់ ទេព វន្នី កំពុងកាន់របស់នេះ របស់នោះ អ្នកបឹងកក់វាយពួកគេ។ អាហ្នឹងហើយបានហៅថាភស្តុតាងច្បាស់លាស់។ ចុះបើអត់មានផង គឺខ្ញុំត្រូវតែលើកថាវាមានវិមតិសង្ស័យ។ ហើយបើមានវិមតិសង្ស័យ ទាំងរដ្ឋធម្មនុញ្ញ មាត្រា៣៨ កថាខណ្ឌទី៥ ទាំងមាត្រា៣៥១នៃក្រមនីតិវិធីព្រហ្មទណ្ឌ សុទ្ធតែឲ្យចៅក្រមពិចារណាផ្តល់ផលប្រយោជន៍ទៅជនជាប់ចោទជានិច្ច»។
សវនាការកាត់ទោសបង្ហើយដោយបិទផ្លូវតវ៉ាទៅលើអ្នកស្រី ទេព វន្នី នៅព្រឹកនេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធររាជធានីកាលពីខែមករា ទើបតែដោះស្រាយបញ្ហាដីធ្លីតំបន់បឹងកក់ដែលរ៉ាំរ៉ៃអស់រយៈពេលជិត១០ឆ្នាំមកហើយ ក្រោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចេញបញ្ជាជាថ្មីឲ្យដោះស្រាយបញ្ចប់កាលពីខែវិច្ឆិកាកន្លងទៅ។
អ្នកស្រី បូវ សោភា ស្រ្តីសកម្មជនបឹងកក់ម្នាក់ដែលឈរនៅខាងក្រៅបរិវេណតុលាការកំពូល ដើម្បីរងចាំលទ្ធផលសវនាការអះអាងថា អ្នកស្រី និងប្រជាពលរដ្ឋសហគមន៍បឹងកក់ផ្សេងទៀត ទទួលបានការដោះស្រាយពីអាជ្ញាធររួចហើយ ដូច្នេះអ្នកស្រីថា ពលរដ្ឋបឹងកក់មិនមានហេតុផលណាមួយដើម្បីបន្តការតវ៉ាទៀតទេ។
អ្នកស្រីបញ្ជាក់ថា៖ «អ្វីដែលយើងទាមទារតវ៉ា គឺយើងចង់បានផ្ទះសម្បែងឲ្យកូនយើងរស់នៅ តែទីបំផុតអ្វីដែលយើងបានមកហើយ នៅធ្វើការតវ៉ាធ្វើអីទៀត? អត់មានត្រូវការធ្វើការតវ៉ាទៀតទេ ពួកខ្ញុំនឹងបញ្ឈប់ការតវ៉ាហើយ។ គួរតែគិតឲ្យប្រជាពលរដ្ឋមានជីវភាពសមរម្យទៅ»។
អ្នកស្រី បូវ សោភា បន្ថែមថា ប្រសិនបើអ្នកស្រី ទេព វន្នី នៅតែត្រូវបានឃុំខ្លួន នោះសហគមន៍បឹងកក់របស់អ្នកស្រីនឹងបន្តការតវ៉ាទាមទារឲ្យមានការដោះលែង។
អ្នកស្រី ទេព វន្នី វ័យ៣៥ឆ្នាំ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនក្នុងពន្ធនាគារកាលពីខែសីហា ឆ្នាំ២០១៦ ជាមួយនឹងបទចោទថា បានប្រព្រឹត្តអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដែលរហូតមកដល់ពេលនេះ អ្នកស្រីត្រូវបានឃុំខ្លួនអស់រយៈពេលជិត១ឆ្នាំកន្លះមកហើយ។ ក្រោយការឃុំខ្លួនបណ្តោះអាសន្ននោះ សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ ក៏បានសម្រេចកាត់ទោសលោកស្រី ទេព វន្នី ដែលជាម្ចាស់ជ័យលាភីរង្វាន់ស្ត្រីជាអ្នកដឹកនាំរបស់អង្គការ Vital Voices ឲ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ ៦ខែ តាមមាត្រា២១៨នៃក្រមព្រហ្មទណ្ឌ។
លោក អំ សំអាត មន្រ្តីជាន់ខ្ពស់ផ្នែកអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ ដែលបានឃ្លាំមើលដំណើរការសវនាការនៅព្រឹកនេះ លើកឡើងថា ដើមហេតុដែលបណ្តាលឲ្យអ្នកស្រី ទេព វន្នី ជាប់ឃុំ គឺបណ្តាលមកពីការតវ៉ាឲ្យមានដំណោះស្រាយក្នុងវិវាទដីធ្លី និងថា ប្រសិនបើរដ្ឋាភិបាលដោះស្រាយបញ្ហាដីធ្លីចាប់តាំងពីពេលវិវាទចាប់ផ្តើម នោះការតវ៉ារបស់អ្នកបឹងកក់ទាមទារដំណោះស្រាយ រហូតឈានដល់ការចាប់ខ្លួនសកម្មជនបឹងកក់ ក៏មិនកើតមានដែរ។
អ្នកការពារសិទ្ធិមនុស្សរូបនេះ បានបន្ថែមថា អ្នកស្រី ទេព វន្នី គួរត្រូវបានដោះលែងឲ្យមានសេរីភាព ដើម្បីមើលថែម្តាយចាស់ជរា និងកូនតូចៗដែលកំពុងមានជំងឺ បន្ទាប់ពីអ្នកស្រីបានលែងលះជាមួយអតីតស្វាមីជាទាហាន ក្រោយពេលអ្នកស្រីជាប់ពន្ធនាគារនាពេលកន្លងទៅ។
លោក អំ សំអាត មានប្រសាសន៍បន្តថា៖ «ខ្ញុំគិតថា រឿងបឹងកក់ដោះជិតចប់ហើយ វាគួរណាស់តែអ្នកស្រី ទេព វន្នី ត្រូវបានដោះលែងដើម្បីឲ្យគាត់មានសេរីភាព ដើម្បីថែរក្សាកូន និងម្តាយ។ តែទីបំផុតគាត់ត្រូវជាប់ពន្ធនាគារ ២ឆ្នាំ៦ខែ បានន័យថានៅជាង១ឆ្នាំទៀតបានអាចរួចខ្លួន»។
ក្រៅពីការកាត់ទោសក្នុងសំណុំរឿងហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស អ្នកស្រី ទេព វន្នី និងស្ត្រីបឹងកក់៣នាក់ ដែលមានឈ្មោះ បូ ឆវី ឈ្មោះ គង់ ចន្ថា និងឈ្មោះ ហេង មុំ ក៏ធ្លាប់ត្រូវបានតុលាការគ្រប់ជាន់ថ្នាក់កាលពីឆ្នាំកន្លងទៅ កាត់ទោសឲ្យជាប់ពន្ធនាគារម្នាក់ៗ៦ខែ ករណីជេរប្រមាថនិងប្រឆាំងអ្នករាជការសាធារណៈ នៅមុខសាលារាជធានីភ្នំពេញ កាលពីឆ្នាំ២០១១។
សង្គមស៊ីវិលចំនួន៣៤ស្ថាប័ននៅថ្ងៃពុធនេះ ក៏បានចេញសេចក្តីថ្លែងការណ៍មួយ បង្ហាញពីការសោកស្តាយចំពោះសាលដីការបស់តុលាការកំពូល ដែលសម្រេចបន្តឃុំខ្លួនអ្នកស្រី ទេព វន្នី ក្នុងពន្ធនាគារ។ សង្គមស៊ីវិលទាំងនោះ បានអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធ ពិនិត្យសារជាថ្មីម្តងទៀត ទៅលើការផ្តន្ទាទោសផ្សេងៗប្រឆាំងនឹងអ្នកស្រី និងចាត់វិធានការសមស្របដែលចាំបាច់ដើម្បីផ្តល់យុត្តិធម៌ជូនអ្នកស្រី និងធានាថា អ្នកស្រីនឹងត្រូវបានដោះលែង។
បើតាមរបាយការណ៍របស់អង្គការលីកាដូ ការអភិវឌ្ឍនៅតំបន់បឹងកក់ធ្វើឲ្យប៉ះពាល់ដល់ពលរដ្ឋជាង ៤ពាន់គ្រួសារ ក្នុងនោះពលរដ្ឋជាង៣ពាន់គ្រួសារត្រូវបានបណ្តេញចេញឲ្យទៅរស់នៅជាយក្រុង ឬទទួលសំណងក្នុងអត្រាក្រោមតម្លៃទីផ្សារ ជាថ្នូរនឹងការចាកចេញ ប៉ុន្តែពលរដ្ឋជិត១ពាន់នាក់ទៀត បានទាមទារការអភិវឌ្ឍនៅនឹងកន្លែង។
នៅឆ្នាំ២០១១ ក្នុងពេលមួយសប្ដាហ៍ក្រោយធនាគារពិភពលោកសម្រេចផ្អាកការផ្ដល់កម្ចីថ្មីដល់កម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញអនុក្រឹត្យមួយសម្រេចកាត់ឆ្កៀលផ្ទៃដីទំហំ១២.៤៤ហិចតា ដល់ប្រជាពលរដ្ឋបឹងកក់ដែលនៅសេសសល់ ឲ្យបន្តរស់នៅ និងទទួលសិទ្ធិជាកម្មសិទ្ធិលើអចលនទ្រព្យរបស់ខ្លួន។ ក៏ប៉ុន្តែភាពមិនច្បាស់លាស់ និងបញ្ហានៅតែបន្តអូសបន្លាយ ខណៈដែលមានប្រជាពលរដ្ឋមួយចំនួន ត្រូវបានបដិសេធការដោះស្រាយ ឬទទួលបានដំណោះស្រាយយឺតយ៉ាវ។
ក្រោយពេលវិវាទដីធ្លីតំបន់នោះកើតឡើង គេឃើញក្រុមពលរដ្ឋបឹងកក់ ជាពិសេសស្រ្តីដែលរួមមានអ្នកស្រី ទេព វន្នី ផង តែងចេញមុខតវ៉ាជាបន្តបន្ទាប់ ជាហេតុធ្វើឲ្យមានការប្រឈមនឹងកងសន្តិសុខ រហូតរងការចាប់ខ្លួន និងឃុំឃាំងជាច្រើនលើក រហូតមកដល់បច្ចុប្បន្ន៕