មេធាវីការពារក្តីឲ្យអ្នកស្រី ទេព វន្នី និងសកម្មជនសិទ្ធិមនុស្សបឹងកក់បានទទូចសុំឲ្យអ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ជួយអន្តរាគមន៍ដល់សកម្មជនជាប់ឃុំ ទេព វន្នី ឱ្យមានសេរីភាពឡើងវិញ។ ពួកគេអះអាងថា អ្នកស្រី ទេព វន្នី គឺជា ពលរដ្ឋស្លូតត្រង់ និងជនគ្មានទោសពៃរ៍។
ការទទូចសុំរបស់មេធាវី និងសកម្មជនបឹងកក់នេះ ធ្វើឡើងក្នុងជំនួបដ៏កម្រមួយ ជាមួយប្រេសិតសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ដែលធ្វើឡើងកាលពីល្ងាចថ្ងៃអង្គារនៅតំបន់បឹងកក់។
អ្នកស្រី សាម សុគន្ធា មេធាវីការពារក្តីអ្នកស្រី ទេព វន្នី បានប្រាប់ អ្នកស្រី ស្មីតថា អ្នកស្រី ទេព វន្នី គឺជាជនស្លូតត្រង់ ដែលមិនបានប្រព្រឹត្តបទឧក្រិដ្ឋណានោះឡើយ។
«ខ្ញុំនិយាយតាមការពិត និងស្មោះត្រង់ចំពោះអ្នកថា អ្នកស្រី ទេព វន្នី គឺពិតជា ជនគ្មានទោស នៅក្នុងករណីនេះ។ គាត់មិនបានប្រព្រឹត្តបទឧក្រិដ្ឋអ្វីទាំងអស់។ ដូច្នេះ ខ្ញុំសង្ឃឹមទៅលើអ្នក»។
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា អ្នកស្រី រ៉ូណា ស្មីត បានបង្ហាញខ្លួននៅតំបន់បឹងកក់ជាលើកដំបូង និងបានជួបកូនស្រីអ្នកស្រី ទេព វន្នី គឺ កុមារី អ៊ូ គង់បញ្ញា វ័យ១៣ឆ្នាំ នៅក្នុងការប្រារព្ធខួបមួយឆ្នាំនៃការឃុំខ្លួនអ្នកស្រី ទេព វន្នីនៅតំបន់បឹងកក់កាលពីថ្ងៃអង្គារកន្លងទៅ។
អ្នកស្រីស្មីត បានថ្លែងអំណរគុណទៅកាន់ អ្នកស្រី សាម សុគន្ធា ចំពោះការបំពេញកិច្ចការងារការពារក្តីអ្នកស្រី ទេព វន្នី។ អ្នកស្រីក៏បាន បញ្ជាក់ប្រាប់សកម្មជនការពារសិទិ្ធលំនៅដ្ឋាននៅតំបន់បឹងកក់ ដែលទទូចសុំឲ្យមានការដោះលែងអ្នកស្រីទេព វន្នីថា អ្នកស្រីបានតាមដានករណីរបស់អ្នកស្រី ទេព វន្នី យ៉ាងដិតដល់ ហើយថា អ្នកស្រីកំពុងរង់ចាំការឆ្លើយតបពីរដ្ឋាភិបាលចំពោះលិខិត ដែលអង្គការសហប្រជាជាតិ បានផ្ញើទៅរដ្ឋាភិបាល ពាក់ព័ន្ធនឹងការចោទប្រកាន់តាមតុលាការប្រឆាំងនឹងអ្នកការពារសិទ្ធិមនុស្ស។
ក្នុងពិធីប្រារព្ធខួបនៃការឃុំខ្លួនអ្នកស្រី ទេព វន្នី រយៈពេលមួយឆ្នាំ អ្នកស្រី ស្មីត បានថ្លែងយ៉ាងដូចេ្នះ៖
«យប់នេះ គឺជាការចងចាំ ទេព វន្នី ក៏ដូចជា អ្នកការពារសិទ្ធិមនុស្សផ្សេងទៀត ជាពិសេសគឺស្ត្រី ដែលត្រូវបានចាប់ខ្លួន និងឃុំខ្លួននៅក្នុងអំឡុងពេលនៃការពុះពារដ៏យូរនេះ»។
កាលពីសប្តាហ៍កន្លងទៅ សាលាឧទ្ធរណ៍ បានសម្រេចតម្កល់សាលក្រមតុលាការរាជធានីភ្នំពេញ ដែលបានកាត់ទោសអ្នកស្រី ទេព វន្នី ជាសកម្មជនការពារសិទ្ធិលំនៅដ្ឋាននៅសហគមន៍បឹងកក់ និងជាម្ចាស់ជ័យលាភីរង្វាន់ស្ត្រីជាអ្នកដឹកនាំរបស់អង្គការ Vital Voices រយៈពេល ៣០ខែ ពីបទប្រព្រឹត្តអំពើហិង្សា ក្បែរផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនកាលពីឆ្នាំ ២០១៣។
លោក អំ សំអាត ប្រធានការិយាល័យបច្ចេកទេសស៊ើបអង្កេតអង្គការការពារសិទ្ធិមនុស្សលីកាដូ បានប្រាប់អ្នកយកព័ត៌មាន នៅក្នុងសហគមន៍បឹងកក់ កាលពីថ្ងៃអង្គារថា វត្តមានរបស់អ្នកស្រី ស្មីត នៅក្នុងរឿងក្តីអ្នកការពារសិទ្ធិមនុស្សនេះ នឹងមិនមានសម្ពាធទៅលើរដ្ឋាភិបាលនោះទេ តែវាអាចផ្តល់សញ្ញាដល់ប្រព័ន្ធយុត្តិធម៌កម្ពុជា ឲ្យពិចារណាឡើងវិញ លើការឃុំខ្លួនទាំងឡាយណា ដែលមិនមានភស្តុតាងច្បាស់លាស់។
«ខ្ញុំសង្ឃឹមថា វត្តមានរបស់អ្នកស្រី នៅពេលនេះ ក៏ធ្វើឲ្យមានការពិចារណាឡើងវិញ ក្នុងការដោះលែងទៅលើសកម្មជនការពារសិទ្ធិមនុស្ស សកម្មជនការពារដីធ្លី និងសកម្មជន គេហៅថា អ្នកទោសមនសិការ ផ្សេងៗទៀត ដើម្បីធានានូវ ការគោរពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជាយើង»។
VOA ព្យាយាមសុំការអធិប្បាយពី លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ តែមិនអាចទាក់ទងបាននៅថ្ងៃពុធនេះ។
នៅក្នុងថ្ងៃប្រារព្ធការឃុំខ្លួនអ្នកស្រី ទេព វន្នីរយៈពេលមួយឆ្នាំ សកម្មជនដីធ្លី និងប្រជាពលរដ្ឋនៅតំបន់បឹងកក់ បានដាក់ញត្តិទៅកាន់បណ្តាស្ថានទូតនៃប្រទេសមហាអំណាចចំនួន៨ ប្រចាំនៅកម្ពុជា។ ការដាក់ញត្តិនេះ មានគោលបំណងជាចម្បង ដើម្បីសុំកិច្ចអន្តរាគមន៍ ឲ្យពិនិត្យលើដំណើរការកាត់ទោសយ៉ាងអយុត្តិធម៌ មកលើអ្នកស្រី ទេព វន្នី និងការបន្តយាយីរបស់អាជ្ញាធរមកលើប្រជាពលរដ្ឋក្នុងការសំដែងមតិ។
អ្នកស្រី ដូនីកា ប៉តទី(Donica Pottie) ឯកអគ្គរាជទូតប្រទេសកាណាដា ប្រចំានៅកម្ពុជា បានបញ្ជាក់ VOA តាមសារអេឡិចត្រូនិច ឬ Email នៅព្រឹកថ្ងៃពុធនេះថា ស្ថានទូតបានទទួលញត្តិរបស់ក្រុមសកម្មជន និងប្រជាពលរដ្ឋនៅក្នុងសហគមន៍បឹងកក់ ហើយបានឲ្យដឹងថា អង្គការសង្គមស៊ីវិលនានានៅក្នុងប្រទេសកាណាដា មានក្តីបារម្ភចំពោះ សុខមាលភាពរបស់អ្នកស្រី ទេព វន្នី។
អ្នកស្រី ឯកអគ្គរាជទូត បានសរសេរក្នុងន័យដើមថា៖
«រដ្ឋាភិបាលកាណាបានប្តេជ្ញាធ្វើឲ្យមានការចម្រើនទៅមុខនៃបញ្ហាសិទ្ធិមនុស្សទាំងនៅក្នុងប្រទេសខ្លួន និងនៅជុំវិញពិភពលោក ដូចដែលបានចែងនៅក្នុងសន្ឋិសញ្ញាអន្តរជាតិនានា»។
មុនមួយថ្ងៃនៃខួបមួយឆ្នាំនៃការឃុំខ្លួនយ៉ាងអយុត្តិធម៌លើអ្នកស្រី ទេព វន្នី ក្រុមអង្គការសង្គមស៊ីវិលចំនួន ៦៤ បានចេញសេចក្តីថ្លែងការណ៍រួម សម្តែងការខកចិត្តចំពោះការបន្តឃុំខ្លួនរបស់អ្នកស្រី ទេព វន្នី និងស្នើឲ្យដោះលែងសកម្មជនការពារសិទ្ធិលំនៅដ្ឋានរូបនេះឲ្យមានសេរីភាពវិញ។
សេចក្តីថ្លែងការណ៍នោះ បានលើកឡើងថា ជារឿយៗ អ្នកការពារសិទ្ធិមនុស្សប្រឈមទៅនឹងការយាយីតាមរយៈការប្រើប្រាស់ប្រព័ន្ធតុលាការនៅកម្ពុជា។ ក្នុងចំណោមនោះ វិធីសាស្ត្រដែលច្រើនប្រើជាទូទៅមួយ គឺការអនុវត្តការព្យួរទោស និងការសើរើពីបទចោទដែលឥតចាត់ការយូរមកហើយ តាមអំពើចិត្ត ដែលត្រូវបានប្រើប្រាស់ ដើម្បីបំភិតបំភ័យដល់អ្នកការពារសិទ្ធិមនុស្ស និងរារាំងពួកគេកុំឲ្យអនុវត្តសកម្មភាពផ្សេងៗនាពេលអនាគត៕