ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​សិទ្ធិមនុស្ស​អន្តរជាតិ៖​ ​លោកហ៊ុន សែន​ប្តឹង​អ្នកវិភាគ​នយោបាយ​ដើម្បី​បិទមាត់​អ្នក​រិះគន់


រូបឯកសារ៖ លោក​ប្រេដ អាដាមស៍​ (Brad Adams)​ ​(ឆ្វេង) នាយក​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ Human Rights​ Watch ​ប្រចាំ​តំបន់​អាស៊ី​។
រូបឯកសារ៖ លោក​ប្រេដ អាដាមស៍​ (Brad Adams)​ ​(ឆ្វេង) នាយក​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ Human Rights​ Watch ​ប្រចាំ​តំបន់​អាស៊ី​។

អ្នក​ឃ្លាំមើល​​សិទិ្ធ​មនុស្ស​នៅ​ក្នុង​តំបន់​អាស៊ី​ហៅ​ចំណាត់​ការ​ខាង​ច្បាប់​របស់​លោក​ហ៊ុន សែន​ថា​ ​ជា​ការ​ធ្វើ​ឲ្យ​អ្នក​ដែល​មិន​ពេញ​ចិត្ត​នឹង​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​ មាន​ការ​ភ័យ​ខ្លាច​ចំពោះ​ការ​និយាយ​​រិះគន់​រដ្ឋាភិបាល​ ​ហើយ​ថា​ ការ​ទារ​លុយ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​គឺ​ជា​រឿង​គួរ​ឲ្យ​អស់​សំណើច។​

អាជ្ញាធរ​បាន​តាម​យ៉ាង​ប្រកៀក​ដើម្បី​ឃ្លាំ​មើល​រាល់​សកម្មភាព​របស់​លោក​គឹម សុខ​ ​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី​បឹ្តង​ទារលុយ​ចំនួន​ប្រាំសែន​ដុល្លារ​ពី​អ្នក​វិភាគ​រូបនេះ​ទាក់ទង​នឹង​ការ​អធិប្បាយ​របស់​លោក​អំពី​ឃាតកម្ម​សម្លាប់លោក​កែម ឡី​ អ្នក​វិភាគ​នយោបាយ​ និង​សង្គម​ដ៏​ល្បី​ល្បាញ​មួយ​រូប។ ​អ្នក​ឃ្លាំមើលសិទិ្ធ​មនុស្ស​នៅ​ក្នុង​តំបន់​អាស៊ី​ហៅ​ចំណាត់​ការ​ខាង​ច្បាប់​របស់​លោក​ហ៊ុន សែន​ថា​ ​ជា​ការ​ធ្វើ​ឲ្យ​អ្នក​ដែល​មិន​ពេញ​ចិត្ត​នឹង​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​ មាន​ការ​ភ័យ​ខ្លាច​ចំពោះ​ការ​និយាយរិះគន់​រដ្ឋាភិបាល​ ​ហើយ​ថា​ ការ​ទារ​លុយ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​គឺ​ជា​រឿង​គួរ​ឲ្យ​អស់​សំណើច។​

លោក​ប្រេដ អាដាមស៍​ (Brad Adams)​ ​នាយក​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ Human Rights​ Watch ​ប្រចាំ​តំបន់​អាស៊ី​ បាត់​ចាត់​ទុកថា ការ​វាយ​ប្រហារ​ខាង​ផ្លូវ​ច្បាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ប្រឆាំង​លោក​គឹម សុខ​ អ្នកវិភាគ​នយោបាយ​មួយ​រូប​គឺ​ជា​យុទ្ធសាស្ត្របិទមាត់អ្នក​បញ្ចេញ​មតិ​រិះ​គន់​នៅ​ក្នុង​ប្រទេស​ដ៏​ក្រីក្រ​នេះ។​

លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ចន្ទ​ដើម្បី​ទាមទារ​ឲ្យ​តុលាការ​ផ្តន្ទាទោស​លោក​គឹម សុខ​ និង​តម្រូវ​ឲ្យ​អ្នក​វិភាគ​រូប​នេះ​ សងប្រាក់​ចំនួន​ប្រាំសែន​ដុល្លារ​អាមេរិក។

រូបឯកសារ៖ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន និង​អ្នកវិភាគ​នយោបាយ​លោក​គឹម សុខ។
រូបឯកសារ៖ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន និង​អ្នកវិភាគ​នយោបាយ​លោក​គឹម សុខ។

លោក​ហ៊ុន សែន​បាន​សម្រេច​ប្តឹង​លោក​គឹម សុខ​ បន្ទាប់ពី​អ្នក​វិភាគ​រូបនេះធ្វើ​ការ​អធិប្បាយ​ក្នុង​វិទ្យុ​អាស៊ីសេរី​ដោយ​លើក​ឡើង​ថា​ គណបក្ស​កាន់​អំណាចនេះ​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​សម្លាប់​លោក​កែម ឡី។​ ​លោក​ហ៊ុន សែន​បាន​ពន្យល់​ក្នុងពាក្យ​បណ្តឹង​របស់​លោកថា​ ការ​លើក​ឡើង​យ៉ាង​ដូច្នេះ​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​កិត្តិយស​ និង​កិតិ្តស័ព្ទរបស់​គណបក្ស​ប្រជាជន​កម្ពុជារបស់​លោក។​

ក្នុង​ថ្ងៃ​តែ​មួយ​ ដែល​លោក​ហ៊ុន សែន​បាន​ដាក់​ពាក្យ​បណ្តឹង​នោះ ​អយ្យការ​អមសាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​លោក​គឹម សុខ​ចូល​ទៅ​កាន់​អយ្យការ​អម​សាលា​ដំបូងរាជធានីភ្នំពេញ​ នៅ​ថ្ងៃ​ទី​១​៧ ខែ​កុម្ភៈ​ វេ​លា​ម៉ោង​៩​ព្រឹក។​

ដីកា​នេះ​ត្រូវ​បាន​ចេញ​ភ្លាមៗ ក្រោយ​ពី​លោក​ហ៊ុន សែន​បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ឃ្លាំ​មើល​លោក​ គឹម សុខ​ ដោយ​លោក​យល់​ថា​ អ្នក​វិភាគ​រូប​នេះ​អាច​នឹង​គេច​ចេញ​ពី​ប្រទេស។​

លោក​ប្រេដ អាដាមស៍​បានប្រាប់​ VOA​ នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែនមិន​ចង់​ឮ​ការ​និន្ទា ​ឬ​ការ​រិះគន់​ណាមួយ​ចំពោះ​រដ្ឋបាល​របស់​លោក​នោះ​ឡើយ ​ដូច្នេះ​លោក​ក៏​សម្រេច​ប្តឹង​លោក​គឹម សុខ​ដើម្បី​ជា​ការ​ព្រមាន។​

«លោក​ហ៊ុន សែន​ ជា​ធម្មតា​កំពុង​ព្យាយាម​ធ្វើ​ឲ្យ​បរាជ័យ​ និង​កម្ទេចរាល់​កម្លាំង​ប្រឆាំង​នៅ​ក្នុងប្រទេស​ បើ​ទោះជា​ប្រជាជន​ទាំង​នោះ​គឺជា​អ្នក​ក្រីក្រ​ខ្លាំង​ ដូច​ជា​បុរស​ម្នាក់​នេះ ​[លោក​ គឹម សុខ]»។​

លោក​ប្រេដ អាដាមស៍​ថ្លែង​បន្ត​ថា​ ការណ៍​ដែល​លោក​ហ៊ុន សែន​ទាម​ទារ​ប្រាក់​ចំនួន​៥​សែន​ដុល្លារពី​លោក​គឹម សុខ​គឺជា​រឿង​ដែល​ពិតជា​គួរ​ឲ្យ​អស់​សំណើច​ជា​ទីបំផុត។​

«ការ​ទារ​លុយ​ចំនួន​៥​សែន​ដុលា្លរ​ពី​បុរស​ម្នាក់​នេះ​គឺ​គួរ​ឲ្យ​អស់​សំណើច​មែន​ទែន​ ហើយ​គ្មាន​នាយក​រដ្ឋ​មន្ត្រី​ណា​គួរ​ធ្វើ​បែប​ហ្នឹង​ទេ​ នៅពេល​ដែល​ពួក​គេ​គ្រប់​គ្រង​តុលាការ​ ប៉ូលិស​ ហើយ​និង​ស្ថាប័ន​រដ្ឋ​ផ្សេងៗ​ទៀត។​ វា​ជារឿង​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ»។​

ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ស្ពាន​មួយ​ក្នុង​ស្រុក​កោះ​ធំ​ ​ខេត្ត​កណ្តាល​ដែល​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ចន្ទ​ លោកនាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​បាន​ព្រមាន​រឹប​អូស​ទ្រព្យ​សម្បតិ្ត​របស់​លោក​គឹម សុខ​ ដើម្បី​លក់​ឡៃឡុង។​

លោក​នាយក​រដ្ឋមន្ត្រី​បញ្ជាក់ថា​ លោក​គឹម សុខ​អាចប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រយៈពេល​ ២​ឆ្នាំ​ ប្រសិន​បើ​លោក​គឹម សុខពុំ​មាន​លទ្ធភាព​សង​ជា​សាច់​ប្រាក់​ទៅ​រូប​លោក។ ​លោក​ហ៊ុន សែន​ព្រមាន​បែប​នេះ នៅ​គ្រា​តុលាការ​មិន​ទាំង​បាន​សម្រេច​ថា​ លោក​គឹម សុខពិត​ជា​មាន​ទោស​ ឬ​យ៉ាង​ណានៅ​ឡើយ​នោះ។​

លោក​គឹម សុខ​ប្រាប់​ VOA ​ នៅ​យប់​ថ្ងៃ​ចន្ទ​ថា​ លោក​មិន​បាន​និយាយ​ចោទ​ប្រកាន់​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​ជា​អ្នក​សម្លាប់​លោក​កែម ឡី​នោះ​ឡើយ។​ លោក​និយាយ​ថា​ លោក​នឹង​ត​ទល់​ខាង​ផ្លូវ​ច្បាប់​ ទោះបី​លទ្ធភាព​ទទួល​បាន​យុត្តិធម៌សម្រាប់​រូប​លោក​មាន​តិច​តួច​ក៏​ដោយ។​

«តម្លៃ​ជាតិ​យើង​បច្ចុប្បន្ន​ វា​ស្ថិត​នៅ​លើ​ការ​ចូលរួម​របស់​ពលរដ្ឋ។​ តម្លៃជាតិ​យើង​មិន​ស្ថិត​នៅ​លើ​យុត្តិធម៌​ពី​តុលាការ​ទេ។​ បាន​ន័យ​ថា​ ខ្ញុំ​នៅ​តតាំង​ដើម្បី​បង្ហាញ​ពលរដ្ឋ​ថា​ កាលៈទេសៈ​ណា​ក៏​ដោយ​ កូន​ខ្មែរ​ទាំងអស់​គ្នា​ ទាំង​ខ្ញុំ​ ទាំងបង​ប្អូន​ទាំង​អស់​គ្នា​ ត្រូវ​តែ​ក្លាហាន​តតាំង។​ បើ​យើង​គេ​បន្លាច​រត់​ គេបន្លាច​រត់​ ប្រទេស​នេះ​នឹង​ជា​របស់​គេ​ផ្តាច់​មុខ​ហើយ។​ បើ​គេ​បន្លាច​រត់​ គេ​បន្លាច​រត់ ​យើង​រត់អស់​ គេ​លក់​អស់​ហើយ»។​

លោក​បន្ថែម​ថា៖​

«ដូច្នេះ​មាន​ន័យ​ថា​ បើ​ទោះ​បី​ជា​មិន​បាន​យុត្តិធម៌​តាម​ផ្លូវ​ច្បាប់​ ខ្ញុំ​ចង់​បង្ហាញ​ពលរដ្ឋ​ថា​ ការ​ហ៊ាន​នៅ​តតាំង​ក្នុង​សង្គម​មួយ​ យើង​តតំាង​តាម​ប្រជា​ធិបតេយ្យ​ ទោះ​បី​ជា​សង្គម​នោះ​ គេ​មិន​ដឹកនាំ​តាម​បែប​ប្រជា​ធិបតេយ្យ​ក៏ដោយ។​ ក៏ប៉ុន្តែ​ជា​ផ្លូវ​មួយ​ដែល​មាន​សេចក្តី​សង្ឃឹម​ថា​ យើង​អាច​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​បាន​ មិនមែន​ផ្លាស់​ប្តូរ​ដើម្បី​គាប​សង្កត់​ ឬ​ដើម្បី​ជាន់​ពន្លិច​ បុគ្គល​ណា​ទេ​ ជាការ​ផ្លាស់​ប្តូរ​មួយ​ដែលយើង​ចង់​បាន​នីតិ​រដ្ឋ ដែល​មាន​តុលាការ​យុត្តិធម៌​ត្រឹម​ត្រូវ​ នីតិរដ្ឋ​ដែល​យើង​ទាំង​អស់​គ្នា​ មិន​ហូរ​ទឹកភ្នែក​ ពីព្រោះ​តែ​តុលាការ»។​

ក្រោយ​ពី​មាន​បទ​បញ្ជា​ដោយ​ផ្ទាល់​មាត់​ពី​លោក​ហ៊ុន សែន​ និងការ​ចេញដីកា​ពី​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ អាជ្ញាធរ​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ទីកន្លែង​ដែល​លោក​គឹម សុខ​មាន​វត្តមាន។​ កាល​ពី​យប់​មិ្សលមិញ​ បន្ទាប់​ពី​លោក​គឹម សុខ​បាន​បញ្ចប់​ការ​ចូល​រួម​ក្នុង​កម្មវិធី​មួយ​របស់​ VOA ​មិត្ត​ភក្តិ​របស់​លោក​ម្នាក់​គឺ​លោក​សៀង ជិន​ ​ដែល​បានបើករថយន្ត​មួយ​គ្រឿងមក​ទទួល​យក​លោក​ ​ត្រូវ​បាន​អាជ្ញាធរ​ខ័ណ្ឌ​ដូនពេញឃាត់​ខ្លួន។​

លោក​សៀង ជិន​ត្រូវ​គេ​ដឹង​ថា​ ត្រូវ​បាន​សមត្ថ​កិច្ច​ឃាត់​ខ្លួន​ដើម្បី​សួរ​នាំ​ពាក់​ព័ន្ធ​នឹង​ការណ៍​ដែល​លោកជូនលោក​គឹម សុខ​ទៅ​ផ្ទះ កាលពី​យប់​ថ្ងៃ​ចន្ទ។​ រហូត​មក​ដល់​ពេល​នេះ លោក​មិនទាន់​ត្រូវ​បាន​អាជ្ញាធរ​ខ័ណ្ឌ​ ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​នោះ​ឡើយ។​

លោក​ធួន សារ៉ែន​ ​វ័យ​៦៣​ឆ្នាំ​ ប្អូន​ថ្លៃ​របស់​លោក​សៀង ជិនបានសម្តែង​ក្តី​មន្ទិល​ចំពោះ​ការ ឃាត់​ខ្លួននេះ។​ លោក​មាន​ប្រសាសន៍​ថា​ អាជ្ញាធរ​កំពុងបំពេញ​ការងារ​ហួស​ពី​អ្វី​ដែល​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​បាន​ថ្លែង​កាលពី​ថ្ងៃ​ចន្ទ។​

«ខ្ញុំ​គ្រាន់​តែ​សុំ​អំពាវនាវ​ដល់​សម្តេច​នាយក​រដ្ឋ​មន្ត្រី ពីព្រោះ​ខ្ញុំនៅ​ចាំ​ប្រសាសន៍​សម្តេច​នាយក​ រដ្ឋមន្ត្រី​ច្បាស់​ណាស់​គឺ​លោក​ឲ្យ​ឃ្លាំមើល​ ឲ្យ​ប៉ូលិស​ឃ្លាំមើល​ តាម​មើល​លោក​គឹម សុខ​ ឃ្លាំ​មើល​ហ្នឹង​ដើម្បី​កុំ​ឲ្យ​រត់​ទៅ​ប្រទេស​ណាមួយ​ ចេញ​ទៅ​ក្រៅប្រទេស។​ ដូច្នេះ​លោក​មិន​បាន​បញ្ជា​ឲ្យ​ទៅ​ចាប់​អ្នក​ដែល​ហូប​បាយ​ជាមួយ​គ្នា​ អ្នក​ដែល​ដើរ​ជាមួយ​គ្នា។​ អាហ្នឹង​ខ្ញុំ​មិន​បាន​ឮ​គាត់​បញ្ជា​បែប​ហ្នឹង​ទេ»។​

លោក​គឹម សុខ​បាន​ថ្លែង​បញ្ជាក់​នៅ​លើ​គណនេយ្យ​ Facebook ​របស់​លោក​អំពី​ការ​ឃាត់​ខ្លួន​មិត្ត​ភក្តិ​របស់​លោក។ ​លោក​បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖​

«គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្តឹង​ខ្ញុំរួច​ហើយ​ ហើយ​ខ្ញុំ​បាន​បញ្ជាក់​ជំហរ​ច្បាស់​ថា​ ខ្ញុំ​នៅ​តតាំង​ក្នុង​រឿង​ក្តី​នេះ​ គឺ​មិន​គេច​ខ្លួន​ដាច់ខាត។​ ហេតុ​អ្វី​បែរ​ជា​ប្រើ​វិធី​បំពាន​សង្កត់​អ្នក​ដទៃ​ទៀត​ដែល​គ្រាន់តែ​ស្គាល់​ រាប់​អាន​ខ្ញុំ?»​

VOA ​បាន​ព្យាយាម​សុំ​សេចក្តី​អធិប្បាយ​ពី​លោក​ហួត ចាន់យ៉ារ៉ាន់​ អធិការ​ប៉ូលិស​ខ័ណ្ឌ​ដូនពេញ​ តែ​លោក​ថា​ ជាប់​ប្រជុំ។​ ក៏​ប៉ុន្តែ​លោក​បាន​បញ្ជាក់​ចំពោះ​មុខ​អ្នក​យក​ព័ត៌មានវិទ្យុ​ក្នុងស្រុក​មួយ​ថា​ ការ​ឃាត់​ខ្លួន​លោក​សៀង ជិន​ត្រូវ​បាន​ធ្វើឡើង​ ដោយសារ​លោក​បើកបរ​ហួស​ល្បឿន​កំណត់ ខុស​ច្បាប់​ចរាចរណ៍ ហើយ​សមត្ថកិច្ច​កំពុង​ចាត់ការរឿង​នេះ។ ​

ស្រប​ពេល​ជាមួយនេះ​គ្នា​ ក្រុម​នគរបាល​ក្នុង​ខេត្តតាកែវ​ ក៏​បាន​យក​ដីកា​ទៅ​បិទ​នៅ​ទ្វារ​ចូល​ផ្ទះ​របស់​លោក​គឹម សុខ​ស្ថិតក្នុង​ខេត្ត​នេះ នាថ្ងៃ​អង្គារ​នេះ​ដែរ៕

XS
SM
MD
LG