លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានគំរាមអ្នកវិភាគនយោបាយគឺលោកគឹម សុខ ដោយឲ្យតុលាការដកហូតទ្រព្យសម្បត្តិរបស់លោក។ លោកហ៊ុន សែនប្តឹងលោកគឹម សុខដោយទារសំណងជាទឹកប្រាក់ចំនួន៥សែនដុល្លារដោយសារការអត្ថាធិប្បាយដែលលោកគឹម សុខថ្លែងថា គណបក្សប្រជាជនកម្ពុជានៅពីក្រោយការបាញ់សម្លាប់លោកកែម ឡី អ្នកវិភាគនយោបាយ និងសង្គម។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានមិត្តភាពកម្ពុជា-ចិនកោះធំ ក្នុងខេត្តកណ្តាល លោកហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា ការអធិប្បាយរបស់លោកគឹម សុខ ដែលថា គណបក្សប្រជាជនកម្ពុជាជាអ្នកសម្លាប់លោកកែម ឡីនោះបានប៉ះពាល់ដល់កិត្តិយសរបស់គណបក្សកាន់អំណាចរបស់លោក។
«ស្អី! អ្នកឯងបញ្ចេញមតិ មកចោទគណបក្សប្រជាជនកម្ពុជាសម្លាប់មនុស្ស! អត់ទេ! ទារកន្លះលានដុល្លារ! ហើយបើអ្នកឯងមិនចង់ឲ្យរឹបអូសទ្រព្យសម្បតិ្តដើម្បីលក់ឡៃឡុងទេ អ្នកឯងយកលុយមកសងមក»។
លោកហ៊ុន សែនមានប្រសាសន៍បែបនេះទាំងតុលាការមិនទាន់បានដំណើរការកាត់ក្តីរឿងនេះផង។
លោកកែម ឡី អ្នកវិភាគដ៏មានប្រជាប្រិយភាព ត្រូវបានខ្មាន់កាំភ្លើងបាញ់ស្លាប់ទាំងកណ្តាលថ្ងៃនៅក្នុងហាងលក់ទំនិញរបស់ស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច (Caltex) កាលពីថ្ងៃទី១០ខែកក្កដា ឆ្នាំ២០១៦។ ការស្លាប់របស់លោកកើតមានឡើងតែប៉ុន្មានថ្ងៃក្រោយពីលោកផ្តល់សេចក្តីអធិប្បាយទៅអ្នកសារព័ត៌មានអំពីរបាយការណ៍របស់អង្គការ Global Witness ដែលបានទម្លាយឲ្យដឹងថា ក្រុមគ្រួសាររបស់លោកហ៊ុន សែនមានទ្រព្យសម្បត្តិដល់ទៅជាង២០០លានដុល្លារ។
លោកហ៊ុន សែនថ្លែងបន្តថា មេធាវីរបស់លោកបានដាក់ពាក្យបណ្តឹងទៅតុលាការដើម្បីទាមទារឲ្យលោកគឹម សុខសងជំងឺចិត្តជាទឹកប្រាក់ចំនួន៥សែនដុល្លារចំពោះការធ្វើឲ្យខូចកិតិ្តយសរបស់គណបក្សប្រជាជនកម្ពុជា។
លោកនាយករដ្ឋមន្ត្រីក៏បានបញ្ជាឲ្យអាជ្ញាធរឃ្លាំមើលលោកគឹម សុខផងដែរ។ លោកអះអាងថា ចំណាត់ការខាងផ្លូវច្បាប់របស់លោកគឺជាផ្នែកមួយនៃការកសាងនីតិរដ្ឋ។
«កុំរត់ណា៎! ព្រោះខ្លួនឯងថា ជើងខ្លាំង! ទៅ! ជាប់គុកត្រឹមពីរឆ្នាំអីតើ! ហើយអស់លុយប៉ុន្មាន?អត់ទេ។ កុំថា អត់លុយសងវើយ»។
លោកបន្តថា៖ «កុំឃើញគេមិនមាត់ ហើយអាងអាក្បាលមេក្រូ អាងវិទ្យុ ហើយនាំគ្នាវិភាគវាយប្រហារគេ អត់ទេ។ ពង្រឹងនីតិរដ្ឋ»។
កាលពីឆ្នាំ២០១៦ គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានប្តឹងលោកអ៊ូ វីរៈ ប្រធានវេទិកាអនាគតដែលជាមជ្ឈមណ្ឌលស្រាវជ្រាវគោលនយោបាយក្នុងស្រុក ដោយទាមទារលុយចំនួន១០០.០០០ដុល្លារ។ ការប្តឹងនេះកើតឡើង បន្ទាប់ពីអ្នកវិភាគរូបនេះ ធ្វើការអធិប្បាយថា ការទម្លាយរឿងអាស្រូវស្នេហាលួចលាក់របស់លោកកឹម សុខា និងនាងខុម ចាន់តារាទីហៅស្រីមុំ អតីតនារីអ៊ុតសក់គឺជាយុទ្ធសាស្ត្ររបស់គណបក្សប្រជាជនកម្ពុជាដើម្បីដាក់សម្ពាធលើលោកកឹម សុខា។
VOA ព្យាយាមសុំសេចក្តីអធិប្បាយពីលោកគឹម សុខទាក់ទិនបណ្តឹងរបស់លោកហ៊ុន សែន តែមិនទាន់អាចទាក់ទងបានទេនៅរសៀលថ្ងៃចន្ទនេះ ដោយទូរសព្ទរបស់លោកត្រូវបានបិទ។ ក៏ប៉ុន្តែលោកបានអធិប្បាយលើទំព័រហ្វេសប៊ុករបស់លោកថា លោកអាចនឹងបាត់មុខមួយរយៈ ហើយលោកមិនបានផ្តល់ហេតុផលនៃអវត្តមានរបស់លោកនោះឡើយ។
លោកបានសរសេរក្នុងន័យដើមថា៖
«ទោះខ្ញុំមានរឿងអ្វីក៏ដោយ វាគ្រាន់តែជាការបាត់វត្តមានរបស់ខ្ញុំមួយរយៈឬបាត់បង់រូបខ្ញុំម្នាក់ប៉ុណ្ណោះ។ តែបើបងប្អូនឈាមរួមខ្មែរទាំងឡាយ ទាំងប្រជារាស្ត្រធម្មតា ទាំងអ្នកនយោបាយជាតិប្រជាធិបតេយ្យយល់អំពីតម្លៃនៃការរួមកម្លាំងការងារតស៊ូមតិរឹងមាំជាមួយគ្នាដោយស្មារតីមិនបោះបង់ ឆ្ពោះទៅកាន់ការផ្លាស់ប្តូរ នោះជីវិតជាតិយើងនៅតែរស់ ហើយប្រសិនបើមានការបាត់បង់ខ្ញុំមែន វាគ្មានអ្វីគួរឲ្យសោកស្ដាយឡើយ»។
លោកគឹម សុខបានប្រាប់ VOA កាលពីថ្ងៃអាទិត្យថា លោកត្រៀមខ្លួនរួចជាស្រេចដើម្បីប្រឈមនឹងបណ្តឹងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ លោកគឹម សុខក៏បានទាមទារឲ្យអាជ្ញាធរមានសេចក្តីក្លាហានក្នុងការបង្ហាញភ័ស្តុតាងនានាពាក់ព័ន្ធនឹងការបាញ់សម្លាប់លោក កែម ឡី។
លោកមាស នី អ្នកសិក្សាស្រាវជ្រាវអំពីការអភិវឌ្ឍសង្គម បានប្រាប់ VOA ថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែននឹងឈ្នះក្នុងរឿងក្តីជាមួយលោកគឹម សុខ បន្ទាប់ពីលោកហ៊ុន សែនបានដាក់ពាក្យបណ្តឹងការអធិប្បាយរបស់លោកគឹម សុខ។ យ៉ាងណាក៏ដោយ លោកមានប្រសាសន៍ថា កម្ពុជាពុំមានប្រព័ន្ធយុត្តិធម៌ណាមួយដែលនឹងវែកមុខរកអ្នកនៅពីក្រោយខ្នង ការបាញ់សម្លាប់លោកកែម ឡីនោះឡើយ។
«ក៏ប៉ុន្តែ រឿងមួយដែលយើងថា មានការព្រួយបារម្ភនោះនៅត្រង់ថា តើមានប្រព័ន្ធណាមួយដែល ឬក៏ប្រព័ន្ធយុត្តិធម៌តុលាការនោះ អាចទៅរកឲ្យច្បាស់ទេ ថាតើអ្នកណាដែលនៅពីក្រោយការធ្វើឃាតកម្មនោះ មែនទែននោះ។ តើវាដូចដែលលោកគឹម សុខចោទមែន ឬក៏វាជាអ្នកណាផ្សេង»។
លោកមេធាវីការពារក្តីលោកហ៊ុន សែនបដិសេធមិនផ្តល់ការអធិប្បាយទេ។ ពាក្យបណ្តឹងរបស់លោកហ៊ុន សែនដាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងថា ការអធិប្បាយរបស់លោកគឹម សុខដែលថា គណបក្សប្រជាជនកម្ពុជាជាអ្នកសម្លាប់លោកកែម ឡី នោះបាន«ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស កិត្តិស័ព្ទ និងភាពស្អាតស្អំរបស់គណបក្សប្រជាជនកម្ពុជា ហើយក៏បានបញ្ជាក់អំពីចេតនាទុច្ចរឹតបង្កជាការញុះញង់បំផុសបំផុល បញ្ឆេះកំហឹងមហាជន ដែលអាចឲ្យមានចលាចលធ្ងន់ធ្ងរក្នុងសង្គមទាំងមូល»។
លោកគឹម សុខគឺជាបុគ្គលទីបីដែលត្រូវបានលោកហ៊ុន សែនប្តឹង បន្ទាប់ពីលោកស្រីថាក់ ឡានី សមាជិកព្រឹទ្ធសភាគណបក្សប្រឆាំង និងលោកសម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលបានរងបណ្តឹងស្រដៀងគ្នានេះ។
ក្នុងកិច្ចខិតខំស្វែងរកការណ៍ពិតនៃការស្លាប់របស់លោកកែម ឡី លោកសម រង្ស៊ីបានដាក់ពាក្យបណ្តឹងទៅតុលាការមួយក្នុងសហរដ្ឋអាមេរិក ដើម្បីទាមទារឲ្យក្រុមហ៊ុន Chevron ដែលជាម្ចាស់ស្ថានីយ៍ប្រេងសាំង Caltex នៅប្រទេសកម្ពុជាផ្តល់វីដេអូកាម៉េរាសុវត្ថិភាព ដែលបានថតរូបភាពនៃការបាញ់សម្លាប់លោកកែម ឡី។ លោកសម រង្ស៊ីបានឲ្យដឹងកាលពីថ្ងៃសុក្រថា តុលាការរដ្ឋ California នៅសហរដ្ឋអាមេរិកបានសម្រេចទទួលយកសំណើនោះហើយ។
លោកសម រង្ស៊ីពន្យល់ថា តុលាការអាមេរិកយល់ឃើញថា សំណើរបស់លោកទាក់ទងទៅនឹងក្តីក្តាំ២ផ្សេងទៀត គឺបណ្តឹងរបស់លោកហ៊ុន សែននៅតុលាការប្រទេសកម្ពុជាពីបទបរិហារកេរ្តិ៍ ទាក់ទងនឹងការចោទប្រកាន់របស់លោកដែលថា រដ្ឋាភិបាលលោកហ៊ុន សែននៅពីក្រោយការបាញ់សម្លាប់លោកបណ្ឌិតកែម ឡី។ បណ្តឹងមួយទៀតជាបណ្តឹងរបស់ជនរងគ្រោះខ្មែរមួយចំនួន រួមទាំងរូបលោកផងដែរ ដែលប្តឹងលោកហ៊ុន សែនចំពោះមុខតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពាននៅក្នុងស្រុកកោះធំ ខេត្តកណ្តាលនៅថ្ងៃច័ន្ទនេះ លោក ហ៊ុន សែនក៏បានព្រមានខ្លាំងៗ ម្តងទៀតទៅដល់បុគ្គល ឬក្រុមណាដែលមានគំនិតចង់ធ្វើបដិវត្តន៍ពណ៌។ លោកថា បុគ្គល ឬក្រុមទាំងនោះត្រូវត្រៀមក្តាមឈូសឲ្យហើយជាមុនសិន ប្រសិនបើពួកគេចង់ធ្វើបដិវត្តន៍ពណ៌ប្រឆាំងនឹងរដ្ឋបាលរបស់លោក៕