ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​កាន់​អំណាចបាន​រៀបចំ​ឯកសារប្តឹង​លោក​គឹម សុខ​


គឹម សុខ អ្នក​ឃ្លាំ​មើល​ការ​អភិវឌ្ឍ​សង្គម និង​នយោបាយ ដែល​រង​ការ​​ព្រមាន​រឹបអូស​ទ្រព្យ​សម្បត្តិ​ពី​សំណាក់​លោកនាយករដ្ឋមន្រ្តី​ហ៊ុន សែន។ (លឹម សុធី/VOA)
គឹម សុខ អ្នក​ឃ្លាំ​មើល​ការ​អភិវឌ្ឍ​សង្គម និង​នយោបាយ ដែល​រង​ការ​​ព្រមាន​រឹបអូស​ទ្រព្យ​សម្បត្តិ​ពី​សំណាក់​លោកនាយករដ្ឋមន្រ្តី​ហ៊ុន សែន។ (លឹម សុធី/VOA)

គណបក្ស​​កាន់​អំណាច​នឹង​ដាក់​ពាក្យ​បណ្តឹង​ទៅកាន់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ​ក្នុង​រយៈ​ពេល​មិន​យូរ​ជាង​​ពីរ​ថ្ងៃ​ ដើម្បី​​ប្តឹង​លោក​គឹម សុខ​ចំពោះ​ការ​អធិប្បាយ​របស់លោក​​ដែល​បាន​ថ្លែង​នៅ​ក្នុង​ការ​សន្ទនា​តាម​វិទ្យុ​ក្នុង​ស្រុក​មួយ​កាលពី​រាត្រី​ថ្ងៃ​សៅរ៍​​ថា​ គណបក្ស​កាន់​អំណាច​បាន​​ប្លន់​អំណាច​ និង​ថា ​ការ​ស្លាប់​លោក​កែម ឡី​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​គណបក្ស​កាន់​អំណាច​ផង​ដែរ។​ នេះ​បើយោងទៅតាមលោក​សុខ ឥសាន​ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា។

អ្នក​វិភាគ​ន​យោ​បាយ​គឺ​លោក​គឹម សុខ​នឹង​ប្រឈម​ការ​ចាត់​ការ​របស់​តុលាការ​ បន្ទាប់​ពី​លោក​បាន​អធិប្បាយ​អំពី​គណបក្ស​ប្រជាជន ដោយ​លោក​អះអាង​ថា គណបក្ស​កាន់​អំណាច​នេះ​កំពុង​ត្រៀម​ខ្លួន​ប្លន់អំណាច​បន្ត​ទៀត។ គណបក្ស​កាន់​អំណាច​នឹង​មាន​ចំណាត់​ការ​ខាង​ផ្លូវច្បាប់​ទៅលើ​ការ​អត្ថាធិប្បាយ​របស់​លោក។​

គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែនគ្រោង​នឹង​ប្តឹង​អ្នក​វិភាគ​នយោ​បាយ​ដ៏​លេច​ធ្លោ​ម្នាក់​ បន្ទាប់​ពី​អ្នក​វិភាគ​រូប​នេះ​បាន​រិះគន់គណបក្ស​កាន់​អំណាច​ខ្លាំងៗអំពី​ការ​ក្រាញ​អំណាច​របស់​គណបក្ស​នេះ​ និង​ឃាតកម្ម​លើ​លោកកែម ឡី​ ដែល​ជា​អ្នក​វិភាគ​ដ៏មាន​ប្រជា​ប្រិយភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា។​

រូបឯកសារ៖ លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ថ្លែង​នៅ​ក្នុង​វេទិកា​ថ្នាក់ជាតិ​លើកទីមួយ​ស្ដី​អំពី​«​ការការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​»​ នៅ​វិមា​ន​សន្តិភាព នៅ​ថ្ងៃ​ច័ន្ទ ទី​២២​ ខែ​សីហា ឆ្នាំ​២០១៦ នា​រាជធានីភ្នំពេញ។​ (ឡេង ឡែន/VOA)
រូបឯកសារ៖ លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ថ្លែង​នៅ​ក្នុង​វេទិកា​ថ្នាក់ជាតិ​លើកទីមួយ​ស្ដី​អំពី​«​ការការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​»​ នៅ​វិមា​ន​សន្តិភាព នៅ​ថ្ងៃ​ច័ន្ទ ទី​២២​ ខែ​សីហា ឆ្នាំ​២០១៦ នា​រាជធានីភ្នំពេញ។​ (ឡេង ឡែន/VOA)

គម្រោង​ការ​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​ក្នុង​ការ​ដាក់​ពាក្យ​បណ្តឹងប្រឆាំង​នឹង​លោក​គឹម សុខ​នេះ​ ​ធ្វើឡើង​ស្រប​ពេល​ដែល​ស្ថាន​ការណ៍​នយោបាយ​នៅ​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ភាព​វឹកវរ​ ដោយ​សារ​ការ​លាលែង​ពី​តំណែង​របស់​ ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​លោក​សម រង្ស៊ី​ ក្រោយ​ពី​លោក​ហ៊ុន​ សែន​ ទាមទារ​ឲ្យ​មាន​ការ​កែប្រែ​ច្បាប់​ស្តី​គណបក្ស​នយោបាយ។​

លោក​សុខ ឥសាន​ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ប្រាប់​ VOA​ ថា​ គណបក្សកាន់​អំណាច​នឹង​ដាក់​ពាក្យ​បណ្តឹង​ទៅកាន់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ​ក្នុង​រយៈ​ពេល​មិន​យូរ​ជាងពីរ​ថ្ងៃ​ ដើម្បីប្តឹង​លោក​គឹម សុខ​ចំពោះ​ការ​អធិប្បាយ​របស់លោកដែល​បាន​ថ្លែង​នៅ​ក្នុង​ការ​សន្ទនា​តាម​វិទ្យុ​ក្នុង​ស្រុក​មួយ​កាលពី​រាត្រី​ថ្ងៃ​សៅរ៍ថា​ គណបក្ស​កាន់​អំណាច​បានប្លន់​អំណាច​ និង​ថា ​ការ​ស្លាប់​លោក​កែម ឡី​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​គណបក្ស​កាន់​អំណាច​ផង​ដែរ។​

«ការ​និយាយ​ពី​យប់​មិញ​នេះ​គឺ​ថា​ វា​ប៉ះពាល់​ខ្លាំង​ណាស់​ដល់​កិត្តិយស​ សេចក្តី​ថ្លៃ​ថ្នូរ​របស់គណបក្ស​ប្រជា​ជន​កម្ពុជាក៏ដូច​ជា​របស់​រាជ​រដ្ឋាភិបាល។ ឥឡូវ​គាត់​ដឹង​ច្បាស់​ហើយ​ គាត់​និយាយ​ច្បាស់​ហើយ​ គ្មាន​ស្រពិច​ស្រពិល​ គ្មានឮ​ថា​ គេ​ថា​ ឬ​មួយ​ក៏​ប្រហាក់​ប្រហែល​អី​ទេ។ ឥឡូវ​ឲ្យ​គាត់​រក​ភ័ស្តុតាង​មក​ ហើយ​យក​ទៅ​ដោះ​បន្ទុក​ជាមួយ​នឹង​តុលាការ​ អាហ្នឹង​វា​ចប់»។​

រូបឯកសារ៖ លោក​ សុខ ឥសាន​ អ្នក​នាំ​ពាក្យគណបក្សប្រជាជនកម្ពុជា​ ផ្តល់​បទ​សម្ភាសន៍​ជាមួយ​ VOA​ នៅ​ឯទីស្នាក់ការគណបក្ស ​ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១២​ ខែ​តុលា​ ឆ្នាំ​២០១៦​។ ​(ហ៊ាន​ សុជាតា​/ VOA​)
រូបឯកសារ៖ លោក​ សុខ ឥសាន​ អ្នក​នាំ​ពាក្យគណបក្សប្រជាជនកម្ពុជា​ ផ្តល់​បទ​សម្ភាសន៍​ជាមួយ​ VOA​ នៅ​ឯទីស្នាក់ការគណបក្ស ​ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១២​ ខែ​តុលា​ ឆ្នាំ​២០១៦​។ ​(ហ៊ាន​ សុជាតា​/ VOA​)

លោកសុខ ឥសាន​បាន​ថ្លែង​ការពារ​គម្រោង​ការ​របស់​គណបក្ស​កាន់​អំណាច​ក្នុង​ការ​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ ដោយ​បកស្រាយថា ​គណបក្ស​ប្រជាជនកម្ពុជា​មិន​យក​ស្ថាប័ន​តុលាការ​ដើម្បី​គំរាម​អ្នក​រិះគន់​រដ្ឋាភិបាល​ ដូច​អ្វី​ដែល​សាធារណ​មតិ​ច្រើន​លើក​ឡើង​កាល​ពី​កន្លង​មកនោះ​ទេ។​

«វា​មាន​ទៅ​ស្អី​ឥឡូវ​នេះ!​ យក​កាំភ្លើង​ទៅ​បាញ់​ ឬ​មួយ​ក៏យក​ច្បាប់​ ដើម្បី​ឲ្យ​រក​យុត្តិធម៌!​ អាហ្នឹង​មាន​តែ​បញ្ហា​អីចឹង​ទេ»។​

លោក​គី តិច​ មេធាវី​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែនបាន​ប្រាប់​អង្គភាព​ព័ត៌មាន​ Freshnews ​ដែល​គេ​ដឹង​ថា​ ​ស្និទ្ធ​នឹង​រដ្ឋាភិបាល​ថា​ លោក​ហ៊ុន សែន​នឹង​ដាក់​ពាក្យ​បណ្តឹង​ទៅ​កាន់​តុលាការ​នៅ​ថ្ងៃ​ចន្ទ​ចំពោះ​ការ​ថ្លែង​របស់​លោក​គឹម សុខ​ ដែល​ចោទ​ប្រកាន់​គណបក្ស​ប្រជាជន​កម្ពុជា​ថា​ បាន​សម្លាប់​លោក​កែម ឡី។​

ទោះបីជា​យ៉ាង​ណាក៏​ដោយ​ លោក​មេធាវី​គី តិច​បដិសេធ​មិន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ ​VOA​ តាម​ទូរស័ព្ទទេ​ ដោយ​លោក​បាន​ប្រាប់​ថា​ ​លោក​រវល់។​

លោក គី តិច មេធាវី​តំណាង​ឲ្យ​លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មាន​ នៅ​មុខ​សាលាតំបូង​រាជធានីភ្នំពេញ នៅ​ថ្ងៃ​សុក្រ ទី​០៥​ ខែ​សីហា ឆ្នាំ​២០១៦។​(ឡេង​ ឡែន/VOA)
លោក គី តិច មេធាវី​តំណាង​ឲ្យ​លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មាន​ នៅ​មុខ​សាលាតំបូង​រាជធានីភ្នំពេញ នៅ​ថ្ងៃ​សុក្រ ទី​០៥​ ខែ​សីហា ឆ្នាំ​២០១៦។​(ឡេង​ ឡែន/VOA)

លោក​កែម ឡី​ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​ស្លាប់​ទាំង​កណ្តាល​ថ្ងៃ​ក្នុង​ហាង​ទំនិញ​របស់​ស្ថានីយ៍​ប្រេង​ឥន្ធនៈ​កាល់តិច​ (Caltex) ​ក្នុង​ខណ្ឌ​ចំការមន​ កាល​ពី​ថ្ងៃ​ទី​១០​ ខែ​កក្កដា​ឆ្នាំ​២០១៦។ ការស្លាប់​របស់​លោកកើត​មាន​ឡើង​ ក្រោយ​លោក​បាន​ផ្តល់​សេចក្តី​អធិប្បាយ​ដល់​អ្នក​សារ​ព័ត៌មានអំពី​របាយ​ការណ៍​របស់​អង្គការ​ Global Witness ​ដែល​បាន​ទម្លាយ​ឲ្យ​ដឹងពីទ្រព្យ​សម្បត្តិ​របស់​ក្រុម​គ្រួសារ​លោក​ ហ៊ុន សែន​ ដោយ​គិត​ជា​ទឹកប្រាក់មាន​ប្រមាណ​២០០​លាន​ដុល្លារ​អាមេរិក។​

លោក​គឹម សុខ​ប្រាប់​ VOA ​នៅ​ថ្ងៃ​អាទិត្យ​ថា​ លោក​ត្រៀម​ខ្លួន​ប្រឈម​នឹង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ខាងផ្លូវច្បាប់​របស់​គណ​បក្ស​កាន់​អំណាច។​ ​លោក​បាន​បញ្ជាក់​ផង​ដែរ​ថា​ អាជ្ញាធរ​ត្រូវ​មានសេចក្តី​ក្លាហាន​ក្នុង​ការ​បង្ហាញ​ភ័ស្តុតាង​ បញ្ជាក់​ការណ៍​ពិត​នៃ​ការ​ស្លាប់​របស់លោក​កែម ឡី។​

«ប្រសិន​បើ​ខ្ញុំ​ពិត​ជាមាន​ទោស​នៅ​ក្នុង​ការ​អត្ថាធិប្បាយ​របស់​ខ្ញុំ​ក្នុង​ក្របខ័ណ្ឌ​ច្បាប់​មែន​ ខ្ញុំ​ពេញ​ចិត្ត​នឹង​ទទួល​យក​ ហើយ​និង​ជាប់ទោសនូវ​អ្វី ​ដែល​ជា​កំហុស​របស់​ខ្ញុំ។​ ប៉ុន្តែ​ខ្ញុំ​សុំ​ឲ្យ​អាជ្ញាធរ​រដ្ឋាភិបាល​ក្លាហាន​ដែរ។​ ដូច​ខ្ញុំ​បញ្ជាក់​អម្បាញ់​មិញ​ គឺ​ក្លាហាន​ក្នុង​ការ​បង្ហាញ​អង្គ​ចង​ចាំ​ ដែល​ពាក់​ព័ន្ធ​ទៅ​នឹង​រូបភាព​សម្លាប់​លោក​បណ្ឌិត​កែម ឡី​ជា​សាធារណៈ​មក។ អ្នកណា​ជា​អ្នក​សម្លាប់?​ ហើយ​អ្នក​ណា​មែន​ទែន​នៅ​ពីក្រោយ​រឿង​ហ្នឹង តាម​រយៈ​ការ​ស៊ើប​អង្កេត​របស់​អាជ្ញាធរ?​ ដូច្នេះ​អាជ្ញាធរ​មាន​គ្រប់​សាច់​រឿង​ទាំង​អស់»។​

លោក​គឹម សុខ​ថ្លែង​បន្តថា​ ​គ្រោង​ការ​ដាក់​ពាក្យ​បណ្តឹង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ប្រឆាំង​នឹង​រូបលោកគឺ​ជា​ផ្នែកមួយ​នៃ​កិច្ច​ខិតខំ​របស់​គណបក្ស​កាន់​អំណាច​ ដើម្បី​បំបិទ​សំឡេងរបស់​លោក។ ​លោក​និយាយ​ថា៖​

«ទី​មួយ​ ដោយ​សារ​តែ​ខ្ញុំ​ហ្នឹង​បង្ហាញ​ចំៗ​អំពី​ល្បិច​នយោបាយ​ក្នុង​ការ​បន្ត​ចង់​ប្លន់​អំណាច​ ឬ​ប៉ង​ប្លន់​អំណាច​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​ ​ហើយ​ទីពីរ​ខ្ញុំ​មើល​ឃើញ​ថា​ គេ​ខឹង​ដោយ​សារ​ខ្ញុំ​បង្ហាញ​អំពី​ល្បិច​សង្កត់​រាស្រ្ត​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​ ​ហើយ​និង​របៀប​លក់​ជាតិ​ដែល​ពួក​គេ​បាន​ធ្វើ​កន្លង​មក»។​

លោក​បន្ថែម​ថា​ មាន​ចំណុច​ពីរ​ផ្សេង​ទៀត​ដែល​ធ្វើ​ឲ្យគណបក្ស​កាន់​អំណាច​មិន​សប្បាយ​ចិត្ត។​ ចំណុច​ទាំង​ពីរ​នោះ​គឺ​ការ​អធិប្បាយ​របស់​លោក​ ពាក់​ព័ន្ធ​នឹង​ទំនាស់​ផ្ទៃ​ក្នុង​ដ៏​ស្រួចស្រាវរបស់​គណបក្ស​ប្រជាជន​កម្ពុជា​ ​និង ការ​វិភាគ​លើទឹក​ចិត្ត​ប្រជា​រាស្ត្រ​ខ្មែរ​ដែល​ចង់​បានការ​ផ្លាស់​ប្តូរ​មេ​ដឹក​នាំ​សព្វ​ថ្ងៃ។​

លោក​គឹម សុខ​នឹង​ស្ថិត​ក្នុង​ចំណាម​អ្នក​វិភាគ​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​ប្តឹង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា។​

កាល​ពី​ឆ្នាំ​២០១៦ ​គណ​បក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ហ៊ុន សែន​បាន​ប្តឹងលោក​អ៊ូ វីរៈ ​នាយក​វេទិកា​អនាគត​ដែល​ជា​មជ្ឈមណ្ឌល​ស្រាវ​ជ្រាវ​គោល​នយោបាយ​ក្នុង​ស្រុក​ ពី​បទបរិហា​កេរ្តិ៍​ ក្រោយ​ពេល​ដែល​លោក​អ៊ូ វីរៈ​ធ្វើ​ការ​វិភាគ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា​ រឿងរ៉ាវ​នាង​ខុម ចាន់តារ៉ាទីហៅ​ស្រី​មុំ​អាច​ជា​យុទ្ធ​សាស្ត្រ​របស់​គណ​បក្ស​កាន់​អំណាច។​

នាង​ខុម ចាន់តារ៉ាទីត្រូវ​បាន​គេសង្ស័យ​ថា​ ​មាន​ទំនាក់​ទំនង​ស្នេហា​លួច​លាក់​ជាមួយ​លោកកឹម សុខា​ ប្រធានស្តីទី​គណបក្សសង្គ្រោះជាតិ។ ដោយ​សារតែរឿង​នេះ​ ​លោក​កឹម សុខា​ត្រូវបង្ខាំង​ខ្លួន​ឯង​ក្នុង​ទីស្នាក់​កណ្តាល​គណបក្ស​សង្រ្គោះ​ជាតិ​អស់​ជាច្រើន​ខែ។​

នា​ពេល​កន្លង​មក ​សមាជិក​គណបក្ស​ប្រឆាំង​មួយ​ចំនួន​ក៏​ត្រូវ​បាន​លោកហ៊ុន សែន​ប្តឹង​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ធ្វើ​អត្ថាធិប្បាយ​ទៅ​លើ​ការ​ស្លាប់​របស់​លោក​កែម ឡី​ផង​ដែរ។

ថ្មីៗ​នេះ​ ​ លោក​ហ៊ុន សែន​ក៏​បាន​ព្រមាន​លោក​មាស នី​ ​អ្នក​សិក្សា​ស្រាវ​ជ្រាវ​អំពី​ការ​អភិវឌ្ឍសង្គម​ដែរ។ ​ការ​ព្រមាន​របស់​លោក​ហ៊ុន សែន​កើត​មាន​ឡើង​ បន្ទាប់​ពីលោក​មាស នី​បានបក​ស្រាយ​ថា​ ការ​បញ្ជា​របស់​លោក​ហ៊ុន សែន​មិន​ឲ្យ​រដ្ឋមន្រ្តី​ចំនួន​៣​រូប​ចូល​ទៅ​បំភ្លឺ​តាម​ការ​កោះ​ហៅ​របស់​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំងនោះ​គឺ​ជា​ការ​បញ្ជាផ្ទុយ​នឹង​រដ្ឋ​ធម្មនុញ្ញ៕

XS
SM
MD
LG