ក្រុមអង្គការសិទ្ធិមនុស្ស បានជំរុញប្រទេសថៃ កុំឲ្យនិរទេសសកម្មជននយោបាយជាតិឡាវម្នាក់ដែលត្រូវបានចាប់ខ្លួនកាលពីចុងសប្តាហ៍ ដោយសារតែការព្រួយបារម្ភថា លោកអាចត្រូវដាក់គុកដោយរដ្ឋាភិបាលកុម្មុយនីស្តឡាវ ប្រសិនបើបញ្ជូនត្រឡប់ទៅប្រទេសវិញ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
តុលាការថៃមួយ បានសម្រេចកាលពីថ្ងៃចន្ទថា លោក Keomanivong Khoukham មានកំហុសចំពោះការស្នាក់នៅហួសទិដ្ឋាការនៅក្នុងប្រទេសថៃ។ នេះ បើតាមប្រភពនានាដែលបានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters។ ក្រុមអង្គការសិទ្ធិមនុស្ស និយាយថា លោក Keomanivong បានត្រូវទទួលស្គាល់ដោយទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNHCR)។
លោក Keomanivong ជាសមាជិកនៃ«ចលនាឡាវសេរី» (Free Lao) ជាក្រុមក្រៅផ្លូវការមួយដែលបានបង្កើតឡើងដើម្បីលើកស្ទួយសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសឡាវ ដែលមានសមាសភាពភាគច្រើន ជាកម្មករចំណាកស្រុកនិងសកម្មជនឡាវសំខាន់ៗនៅក្នុងប្រទេសថៃ។
លោក Phil Robertson អនុប្រធានទទួលបន្ទុកតំបន់អាស៊ីនៃអង្គការសិទ្ធិមនុស្ស Human Rights Watch បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា៖ «បុគ្គលនេះ ជាជនភៀសខ្លួនដែលត្រូវបានទទួលស្គាល់ច្បាស់ក្រឡែត។ ការបញ្ជូនលោកទៅកាន់ប្រទេសឡាវវិញ ជាការរំលោភសិទ្ធិមនុស្សដ៏ខ្លាំងបំផុត»។
ប៉ូលិសថៃ បានបដិសេធមិនធ្វើអត្ថាធិប្បាយ ហើយទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNHCR) បាននិយាយថា ស្របតាមគោលនយោបាយ ខ្លួនមិនអាចបញ្ជាក់អំពីករណី ឬធ្វើអត្ថាធិប្បាយអំពីបញ្ហានេះទេ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមអង្គការសិទ្ធិមនុស្ស បានចែករំលែករូបភាពអត្តសញ្ញាណប័ណ្ណរបស់ UNHCR ដែលមានឈ្មោះ និងរូបថតរបស់លោក Keomanivong៕