កាលពី៥ឆ្នាំមុន លោក ឡាញ់ ថាន មិនចង់ឲ្យប្អូនស្រីរបស់លោកប្រឡូកក្នុងនយោបាយឡើយ ហើយលោកក៏មានការភ្ញាក់ផ្អើលដែលប្អូនស្រី គឺអ្នកស្រី ឡាញ់ ថាវរី សម្រេចចិត្តធ្វើនយោបាយនៅថ្នាក់ក្រោមក្នុងខេត្តបន្ទាយមានជ័យ ជាមួយគណបក្សសង្រ្គោះជាតិដែលត្រូវបានរំលាយចោល។
លោកប្រាប់វីអូអេក្នុងបទសម្ភាសន៍មួយកាលពីពេលថ្មីៗថា៖ «អ្នកដែលប្រឆាំងជាធម្មតាពិបាកហើយ។ មតិដែលប្រឆាំង គឺពិបាកហើយ។ សូម្បីតែយើងតែងសេចក្តី មតិស្រប គឺវាស្រួល។ ដល់មតិប្រឆាំង យើងរកហេតុផលផ្សេងៗមក វាពិបាកហើយ។ ហើយសម្រាប់អ្នកដឹកនាំ ដូចប្អូនខ្ញុំដើរនយោបាយអញ្ចឹង គឺពិបាកមែនទែន»។
អ្នកស្រី ឡាញ់ ថាវរី អាយុ៣៣ឆ្នាំ ដែលជាអតីតមេឃុំឫស្សីក្រោក និងបានរត់គេចខ្លួនទៅជ្រកកោនក្នុងប្រទេសថៃ ក្រោយការរំលាយគណបក្សប្រឆាំង ត្រូវបានចាប់ខ្លួនកាលពីខែវិច្ឆិកា ឆ្នាំ២០២១ ហើយបញ្ជូនមកជាប់ពន្ធនាគារព្រៃស ក្នុងរាជធានីភ្នំពេញ។ ការណ៍នេះនាំឲ្យបងប្រុសនឹកឃើញរឿងកាលពីកន្លងទៅដែលលោកធ្លាប់ប្រាប់ប្អូនស្រីឲ្យចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ហើយមិនចាំបាច់ចាកចេញពីប្រទេសកម្ពុជាឡើយ។
លោក ថាន អាយុ៣៥ឆ្នាំ ដែលជាអ្នកបើករថយន្តឲ្យក្រុមហ៊ុនឯកជនមួយ ថ្លែងថាលោកសប្បាយចិត្តទៅវិញទេ ដែលប្អូនស្រីត្រូវបានបញ្ជូនមកកម្ពុជា ដោយលោកបញ្ជាក់ថាប្អូននឹងមានសេរីភាពឡើងវិញ ក្រោយជាប់ពន្ធនាគារ លែងព្រួយបារម្ភអំពីការចាប់ខ្លួន ដូចពេលស្នាក់នៅក្នុងប្រទេសថៃ។
លោកប្រាប់វីអូអេថា៖ «តែខ្ញុំសប្បាយចិត្តនេះ បើស្តាប់ទៅដូចខ្ទាស់តិច។ ប្អូនជាប់ពន្ធនាគារទៅជាសប្បាយចិត្ត[ទៅវិញ]។ សប្បាយចិត្តនេះ ត្រង់ថានៅពេលដែលរដ្ឋាភិបាលកោះហៅមកឬក៏សមត្ថកិច្ចកោះហៅមក គាត់បានជាប់ពន្ធនាគារ។ ក្រោយពីគាត់ចេញពីឃុំចេញពីពន្ធនាគារ គាត់មានសិទ្ធិដូចថាគាត់រួចស្ថានទម្ងន់ទោស។ គាត់រួចទោស គាត់អាចប្រកបមុខរបររកស៊ីបានជាទូទៅ…កុំឲ្យគាត់នៅមានអាផ្នត់គំនិតមួយថាចូលមកមិនបានទេ ចូលមកចាប់ ចូលមកចាប់ អញ្ចឹងណាស់។ នៅពេលដែលគាត់ជាប់ពន្ធនាគារ គាត់ចេញមកវិញ បានន័យថាគាត់មានសេរីភាព។ គាត់ធ្វើអ្វី ក៏បានដែរពេលហ្នឹង»។
ជាកូនកំព្រាម្តាយលោក ឡាញ់ ថាន និងអ្នកស្រី ឡាញ់ ថាវរី មានបងប្អូនតែពីរនាក់ប៉ុណ្ណោះ។ លោក ថាន ជាអ្នកផ្គត់ផ្គង់ប្អូនស្រី ឲ្យតស៊ូរៀនសូត្រ រហូតដល់ចប់ថ្នាក់ទី១២ក្នុងខេត្តបាត់ដំបង ដែលជាស្រុកកំណើតរបស់ពួកគេ។ ប៉ុន្តែអ្នកស្រី ឡាញ់ ថាវរីមិនបានរៀនបន្តថ្នាក់បរិញ្ញាបត្រដូចបងប្រុសឡើយ ហើយបានរៀបការ ក្រោយចប់បាក់ឌុប និងផ្លាស់ប្តូរពីការរស់នៅក្នុងខេត្តបាត់ដំបង មករស់នៅក្នុងឃុំឫស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យជាមួយស្វាមី ហើយមានកូនពីរនាក់ ប្រុសម្នាក់ ស្រីម្នាក់។
នៅក្នុងខេត្តបន្ទាយមានជ័យនោះហើយដែលអ្នកស្រី ថាវរីបានចូលរួមនយោបាយជាមួយគណបក្សសង្រ្គោះជាតិ ដែលត្រូវបានរំលាយចោលកាលពីខែវិច្ឆិកា ឆ្នាំ២០១៧។ មួយឆ្នាំបន្ទាប់ពីចូលរួមនយោបាយជាមួយគណបក្សប្រឆាំងអ្នកស្រី ថាវរី បានជាប់ឆ្នោតជាមេឃុំឫស្សីក្រោក ដែលមានសំឡេងឆ្នោតលើសគណបក្សប្រជាជនកម្ពុជាជាង៨០០សំឡេង។ នៅក្នុងការបោះឆ្នោតឃុំសង្កាត់ កាលពីឆ្នាំ២០១៧ សម្រាប់ឃុំឫស្សីក្រោក ស្រុកមង្គលបុរី គណបក្សសង្រ្គោះជាតិទទួលបានសំឡេងប្រមាណ៤.៨៦៨ លើសគណបក្សប្រជាជនកម្ពុជាដែលមានសំឡេង៤.០០៣។ គណបក្សសង្រ្គោះជាតិទទួលបាន៦អាសនៈក្នុងចំណោម១១អាសនៈដែលឈ្នះតំណែងមេឃុំឫស្សីក្រោក។ នេះបើយោងតាមទិន្នន័យរបស់គណកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)។
ប៉ុន្តែការដឹកនាំរបស់អ្នកស្រី ឡាញ់ ថាវរី បានប៉ុន្មានខែប៉ុណ្ណោះដោយសារគណបក្សត្រូវបានរំលាយចោល។
បើទោះប្អូនស្រីជាប់ឆ្នោតជាមេឃុំក៏ដោយ លោក ថាន អះអាងថាលោកមិនសប្បាយចិត្តឡើយ។ ក្តីព្រួយបារម្ភ ដោយសារប្អូននៅក្មេង មិនមានបទពិសោធន៍ ហើយបារម្ភអំពីការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយលើប្អូនស្រីនៅពេលអនាគត។
លោកប្រាប់វីអូអេក្នុងបទសម្ភាសន៍មួយនៅផ្ទះជួលរបស់លោកក្នុងខេត្តបាត់ដំបងថា៖ «ហើយបើសិនគាត់និយាយទៅ គាត់ក្មេង គាត់ប៉ះពាល់អីទៅ គេអាចនឹងបើកឡានកៀ ឬក៏ប្រើហិង្សាណាលើគាត់មួយ អាចគាត់ពិការជើង ពិការដៃ ឬក៏បាត់បង់ជីវិត។ ហ្នឹងបានខ្ញុំថាប្អូនជាប់មេឃុំ ខ្ញុំអត់សប្បាយចិត្ត បែរជាស្រងាកចិត្តវិញ។ ស្រងាកចិត្ត ភ័យព្រួយបារម្ភគ្រប់បែបយ៉ាងចំពោះប្អូន»។
លោក ថាន បន្តថាលោកមិនដែលគិតថាប្អូនស្រី«មុះមុត» ដូចបច្ចុប្បន្ននឹងនយោបាយឡើយ។ពេលគណបក្សសង្រ្គោះជាតិត្រូវបានរំលាយ លោក ថាន បានស្នើប្អូនស្រីឲ្យ«សម្របខ្លួន» «សហការ» ជាមួយរដ្ឋាភិបាលក្នុងការដឹកនាំឃុំ ក្រោយមានការអំពាវនាវពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឲ្យសកម្មជនបក្សប្រឆាំងថ្នាក់ក្រោម ចុះចូលជាមួយគណបក្សកាន់អំណាច ហើយនៅអាចបន្តដឹកនាំឃុំសង្កាត់។
លោក ថាន ថ្លែងថា៖ «ក្រោយពេលខ្ញុំពន្យល់មក ស្រាប់តែគាត់ មិនតបតនឹងខ្ញុំ បែរជាគាត់តាមមេរបស់គាត់ តាមបក្សរបស់គាត់ គាត់អត់នៅក្នុងស្រុកទេ គាត់ទៅក្រៅស្រុក រត់ចំណាកស្រុកឆ្លងប្រទេស។ នៅពេលចំណុចនេះហើយ ខ្ញុំគិតថាប្អូនស្រីរបស់ខ្ញុំជាមនុស្សមុះមុតម្នាក់ដែរ ដែលពីមុនមកខ្ញុំគិតថាគាត់មិនមែនជាមនុស្សមុះមុតដល់ប៉ុណ្ណឹងទេ»។
លោក ថានជំរុញឲ្យតុលាការកាត់ទោសប្អូនស្រីឲ្យបានឆាប់ ដោយសារលោកបារម្ភអំពីជំងឺសួតរ៉ាំរៃរបស់ប្អូនស្រី ដែលត្រូវការព្យាបាលឲ្យបានត្រឹមត្រូវ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គធ្លាប់ប្រាប់វីអូអេកាលពីកន្លងទៅថាការចាប់ខ្លួនអ្នកស្រី ឡាញ់ ថាវរីហើយបញ្ជូនមកប្រទេសកម្ពុជាវិញគឺយោងទៅលើការអនុវត្តច្បាប់ពីសំណាក់អាជ្ញាធរថៃខណៈលោកលើកឡើងថាសកម្មជនរូបនោះក៏ជាប់ចោទពីបទ«រួមគំនិតក្បត់»ដែលប្រព្រឹត្តទៅនៅកម្ពុជា។
កាលពីដើមខែវិច្ឆិកាឆ្នាំ២០២១ សកម្មជនពីរនាក់ ក៏ត្រូវបានអាជ្ញាធរថៃចាប់ខ្លួនហើយបញ្ជូនមកកម្ពុជាដែរ។ សកម្មជនទាំងពីរនាក់នោះរួមមានលោក វឿន វាសនាដែលជាសកម្មជនសង្គមហើយតែងតែរិះគន់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ ចំណែកសកម្មជនម្នាក់ទៀតមកពីគណបក្សសង្គ្រោះជាតិគឺលោក វឿង សំណាង។
លោក ឡាញ់ ថាន បានការពារថាប្អូនស្រីរបស់លោក គឺអ្នកស្រី ឡាញ់ ថាវរីគ្រាន់តែនិយាយ«តាមឧត្តមគតិ»របស់គាត់ នៅក្នុងសង្គមប្រជាធិបតេយ្យ ដែលមិនខុសឆ្គងអ្វីឡើយ។
លោកថ្លែងថា៖ «ខ្ញុំគិតថាមិនដល់ទោសថាក្បត់ជាតិទេ។ ទោសហ្នឹង ខ្ញុំគិតថាជាទោសឧត្តមគតិច្រើនជាង។ ទោសនៃការគាំទ្រច្រើនជាង។ ហើយទោសនៃការគាំទ្រ និងទោសឧត្តមគតិហ្នឹង ភាគច្រើនវាខុសតែចិត្តបុគ្គលទេ។ ទាក់ទងនឹងច្បាប់រដ្ឋធម្មនុញ្ញ ខ្ញុំគិតថាអត់ខុសទេ…បើសិនថាជាទោសក្បត់ជាតិ បើសម្រាប់ខ្ញុំ ខ្ញុំគិតថាអយុត្តិធម៌ណាស់សម្រាប់អ្នកគាំទ្រនិន្នាការនយោបាយ ឬក៏អ្នកហ៊ានបញ្ចេញមតិនៅក្នុងប្រទេសដែលមានលទ្ធិប្រជាធិបតេយ្យពិតប្រាកដ»។
នៅក្នុងឃុំឫស្សីក្រោក ប្រជាពលរដ្ឋប្រមាណ១០នាក់ ដែលវីអូអេស្នើសុំធ្វើបទសម្ភាសន៍អំពីរឿងនយោបាយ ការរំលាយគណបក្សសង្រ្គោះជាតិ និងការបោះឆ្នោតនៅពេលខាងមុខប៉ុន្តែពួកគេបានបដិសេធមិនផ្តល់បទសម្ភាសន៍ឡើយ។
ទោះជាយ៉ាងណា កសិករម្នាក់ លោក ម៉ាន តប អាយុ៦២ឆ្នាំ រស់នៅក្នុងភូមិនាងកេត ឃុំឫស្សីក្រោក ស្រុកមង្គលបុរី ដែលកំពុងមើលស្រែរបស់លោក បានប្រាប់វីអូអេថាលោកចង់ឲ្យអ្នកនយោបាយស្រុះស្រួលគ្នា ដើម្បីប្រយោជន៍ជាតិ និងប្រយោជន៍ប្រជាជន។
លោកបញ្ជាក់ថា៖ «បើបានត្រូវរ៉ូវគ្នាវិញ ប្រជាពលរដ្ឋសប្បាយ។ សប្បាយម៉េច កាលពីលើកមុន ត្រូវរ៉ូវគ្នាមួយប្រាវ ស្រូវបានថ្លៃ ដូចថាគេមិនបិទអឺរ៉ុប អានោះបានថ្លៃ។ ដល់តែគេប្រេះឆាគ្នាប្រឹប នេះ[ធ្លាក់]ក្តុក។ កាលហ្នឹងស្រួលណាស់ មួយតោន មួយម៉ឺន២ពាន់ៗ[បាត]»។
លោកអះអាងបន្តថាប្រជាពលរដ្ឋមិនហ៊ាននិយាយរឿងនយោបាយឡើយ ក្រោយការរំលាយគណបក្សសង្រ្គោះជាតិ ដោយបារម្ភអំពីសុវត្ថិភាព។
លោកប្រាប់វីអូអេ ខណៈកំពុងអង្គុយមើលស្រែរបស់លោកថា៖ «ខ្ញុំក៏មិនហ៊ាន ហ៊ានទៅខ្លាចបាត់ខ្លួន។ យើងនិយាយទៅ មានប៉ះពាល់អ្នកណា បើគេត្រូវគ្នា។ ដល់សព្វថ្ងៃ យើងនិយាយអីបាន? និយាយអី ថាសុខចិត្តធ្វើគ ធ្វើថ្លង់»។ លោកបន្ថែមថា៖ «[មាន]ប្រជាធិបតេយ្យណា។ ប្រជាធិបតេយ្យគេរំលាយហើយ មានស្អីទៀត?»។
ខណៈផ្តល់បទសម្ភាសន៍អ្នកជិតខាងរបស់លោកម្នាក់ដែលអង្គុយនៅក្បែរនោះ បានជិះម៉ូតូចេញ ហើយលោកក៏ជិះត្រឡប់មកវិញ ដោយប្រាប់អ្នកសារព័ត៌មានវីអូអេកុំឲ្យដាក់ឈ្មោះរបស់លោកក្នុងការចុះផ្សាយ ប៉ុន្តែបុរសរូបនោះមិនបាននិយាយរឿងនយោបាយអ្វីឡើយជាមួយអ្នកសារព័ត៌មានវីអូអេ។
បុរសម្នាក់នោះថ្លែង ខណៈលោកអង្គុយលើម៉ូតូថា៖ «អធ្យាស្រ័យ សម្ភាសន៍គាត់សម្ភាសន៍ទៅ តែអត់យកឈ្មោះខ្ញុំទេណា។ ខ្លាចខ្ញុំទៅ អូនឯង សុំឈ្មោះខ្ញុំ[ពីគាត់] ព្រោះខ្ញុំអត់បានចូលរួមសម្ភាសន៍ទេ»។
ត្រឡប់ទៅលោក ឡាញ់ ថាន វិញ នៅពេលប្អូនស្រីចេញពីពន្ធនាគារ លោកនឹងទទូចជាថ្មីឲ្យប្អូនស្រី អ្នកស្រី ឡាញ់ ថាវរីឈប់ធ្វើនយោបាយតទៅទៀត ហើយរស់នៅជាពលរដ្ឋធម្មតាម្នាក់។
លោកថ្លែងថា៖ «ហើយសារនេះ ខ្ញុំគិតថានឹងឮដល់ប្អូនស្រីខ្ញុំ ក្រោយពេលដែលគាត់ចេញពីពន្ធនាគារ។ ទទូចសុំជាសាធារណៈនេះ ឲ្យគាត់ឈប់តែម្តង។ ឲ្យគាត់រកស៊ីចិញ្ចឹមជីវិតតាមសម្មាអាជីវោលក់ដូរ អី រកស៊ីអីធម្មតា អត់ឲ្យគាំទ្រនិន្នាការនយោបាយណាមួយទេ»។
លោកបន្ថែមថា៖ «ខ្ញុំអត់ហាមឃាត់គាត់ទេ គ្រាន់តែក្នុងនាមជាបងប្រុសម្នាក់ ដែលមានតែបងប្អូនពីរនាក់ គឺសូមឲ្យប្អូនឈប់ហើយ តែត្រង់ថាគាត់ឈប់ឬមិនឈប់ អាហ្នឹងជារឿងរបស់គាត់បន្តទៀតហើយ។ ខ្ញុំអត់អាចទៅហាមឃាត់ ឬបិទសិទ្ធិគាត់បានទេ ព្រោះគាត់ធំហើយ គាត់មានគ្រួសារ។ ការសម្រេចចិត្ត គឺនៅលើគាត់ហើយ។ បានត្រឹមតែមកពន្យល់ណែនាំប្រាប់ថាឲ្យឈប់ វាអត់មានប្រយោជន៍ចេះមួយចេះពីរ។ វាខាតពេលវេលា អាយុយើងកាន់តែវែងហើយ។ បើដើរទៀត វាអាចបញ្ហាចេះមួយចេះពីរ។ សូមឲ្យគាត់រកស៊ីធម្មតា។ តែបើគាត់នៅតែគាំទ្រទៀត ខ្ញុំក៏អត់ដឹងធ្វើម៉េចដែរ មានតែពាក្យចុងក្រោយ គឺសោកស្តាយតែប៉ុណ្ណឹង»៕