ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជន​ភៀសខ្លួន​កម្ពុជា​នៅ​ថៃមាន​អារម្មណ៍​ថា «មិនមាន​សុវត្ថិភាព» បន្ទាប់​ពី​ការ​ចាប់​បញ្ជូន​ខ្លួន


ព្រះតេជគុណ បូរ បេត ថតរូបនៅព្រលានយន្តហោះក្នុងប្រទេសថៃ មុនចាកចេញទៅប្រទេសស្វីស កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១។ (រូបថតដោយមេធាវីជនជាតិថៃ ដែលត្រូវបានផ្តល់សិទ្ធិឲ្យប្រើប្រាស់ដោយព្រះតេជគុណ បូរ បេត)
ព្រះតេជគុណ បូរ បេត ថតរូបនៅព្រលានយន្តហោះក្នុងប្រទេសថៃ មុនចាកចេញទៅប្រទេសស្វីស កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១។ (រូបថតដោយមេធាវីជនជាតិថៃ ដែលត្រូវបានផ្តល់សិទ្ធិឲ្យប្រើប្រាស់ដោយព្រះតេជគុណ បូរ បេត)

ជនភៀសខ្លួន​ផ្នែក​នយោបាយ​ពី​កម្ពុជា​នៅ​ថៃ​និយាយ​ថា​ពួកគេ​កំពុង​រស់នៅ​ដោយ​ភាព​ភ័យខ្លាច​បន្ទាប់ពី​មាន​ការ​ចាប់បញ្ជូន​ខ្លួន​ត្រឡប់​មក​កម្ពុជា​វិញ​ជា​បន្តបន្ទាប់​មក​លើ​ជនភៀសខ្លួន​ដូច​ពួកគេ​ពី​សំណាក់​អាជ្ញាធរ​ថៃ​នៅ​ក្នុង​រយៈពេល​មួយ​ខែ​កន្លង​មក​នេះ។

ថៃ​បាន​ចាប់ខ្លួន​ពលរដ្ឋ​កម្ពុជា​ចំនួន​ប្រាំ​នាក់​ដែល​បាន​ចុះឈ្មោះ​ក្នុង​បញ្ជី​របស់​ឧត្តម​ស្នងការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន ​(UNHCR) ចាប់តាំង​ពី​ដើម​ខែ​វិច្ឆិកា​មក និង​បង្ខំ​ពលរដ្ឋ​៤​នាក់​ក្នុង​ចំណោម​នោះ​វិល​ត្រឡប់​មក​កម្ពុជា ជា​ទី​ដែល​ពួកគេ​ត្រូវ​បាន​ចាប់ខ្លួន​ភ្លាមៗ តាម​ដីកា​តុលាការ​ដែល​មាន​ពី​មុន​មក​ស្រាប់។ ជន​ភៀសខ្លួន​ទី​ប្រាំ​ព្រះតេជគុណ បូរ បេត​ ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​នៅ​ប្រទេស​ថៃ​ហើយ​ក្រោយមក​បាន​ទទួល​សិទ្ធិ​ជ្រកកោន​នៅ​ប្រទេស​ទី៣។

មជ្ឈមណ្ឌល​សម្រាប់​ការ​ការពារ​ជន​សុំ​សិទ្ធិ​ជ្រក​កោន ដែល​ជា​អង្គការ​គាំពារ​សិទ្ធិ​និង​ផ្តល់​ជំនួយ​ផ្លូវច្បាប់​មួយ​នៅ​ប្រទេស​ថៃ បាន​និយាយ​ថា នេះ​ជា​ការ​ចាប់​បញ្ជូន​ខ្លួន​ជន​ភៀសខ្លួន​កម្ពុជា​យ៉ាង​លឿន​បំផុត​មួយ​ពី​ប្រទេស​ថៃ ចាប់តាំង​ពី​ថៃ​និង​កម្ពុជា​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​កាល​ពី​ឆ្នាំ ២០១៨​ ដើម្បីដោះដូរ «ជន​ល្មើស​រត់​គេខ្លួច​ទៅ​បរទេស» ដែល​ប្រើប្រាស់​ប្រទេស​ថៃ ឬ​កម្ពុជា​ជា​មូលដ្ឋាន​ដើម្បី​«បង្ក​ចលាចល​និង​ការញុះញង់»។

លោក ​ណារិទ្ធ ​សមាជិក​មួយ​រូប​នៃ​គណបក្ស​សង្រ្គោះជាតិ​ដែល​ត្រូវ​បាន​តុលាការ​រំលាយ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ពេញ​របស់​លោក​បាន​ថ្លែង​ប្រាប់​វីអូអេ​តាម​ទូរសព្ទ​ពី​ទីតាំង​មិន​បញ្ជាក់​ច្បាស់​មួយ​នៅ​ថៃ​ថា៖ «មក​ទល់​ពេល​នេះ​យើង​មិនមាន​អារម្មណ៍​ថា​មាន​សុវត្ថិភាព​នោះ​ទេ​ពីព្រោះ​តែ​ព្រឹត្តិការណ៍​វិវត្ត​នា​ពេល​ថ្មីៗ​នេះ​ដែល​បាន​កើត​មាន​មក​លើ​សហការី​របស់​យើង​ដែល​ត្រូវ​ប៉ូលិស​ថៃ​ចាប់ខ្លួន​និង​បញ្ជូន​មក​កម្ពុជា»។

អ្នក​រៀប​ចំ​កម្មវិធី​ឲ្យ​គណបក្ស​សង្រ្គោះជាតិ​រូប​នេះ​បាន​គេចខ្លួន​ទៅ​ប្រទេស​ថៃ​កាល​ពី​ឆ្នាំ​មុន ស្រប​ពេល​ត្រូវ​បាន​តុលាការ​កម្ពុជា​ដាក់​ឲ្យ​នៅ​ក្រៅ​ឃុំ​ពី​បទឃុបឃិត​ទម្លាក់​រដ្ឋាភិបាល​ចេញ​ពី​អំណាច ដែល​ជា​បទចោទ​ប្រកាន់​មួយ​លោក​បាន​បដិសេធ។ លោក​ណារិទ្ធ​បាន​លើកឡើង​ថា លោក​បាន​ផ្លាស់ប្តូរ​ទីតាំង​ចំនួន​បី​លើក​មក​ហើយចាប់​តាំង​ពី​មាន​ការ​ចាប់ខ្លួន​ជនភៀសខ្លួន​ពី​កម្ពុជា​ចុង​ក្រោយ​បង្អស់។

ជីវិតផុយស្រួយ

តុលាការ​កំពូល​កម្ពុជា​បាន​រំលាយ​គណបក្ស​សង្រ្គោះជាតិ​កាល​ពី​ឆ្នាំ ២០១៧ ​ពាក់ព័ន្ធ​នឹង​ផែនការ​ទម្លាក់​រដ្ឋាភិបាល​ពី​អំណាច​ដែល​ជា​ចំណាត់ការ​មួយ​ត្រូវ​បាន​គេ​យល់​ឃើញ​ជា​ទូទៅ​នៅ​កម្ពុជា​និង​នៅ​ក្រៅ​ប្រទេស​ថា​ដោយ​ហេតុផល​នយោបាយ។ សាលក្រម​នេះ​ត្រូវ​បាន​ធ្វើ​ឡើង ខណៈ​ពេល​មាន​ការ​បង្រ្កាប​ពី​សំណាក់​រដ្ឋាភិបាល​មក​លើ​សហជីព​អង្គការ​សិទ្ធិមនុស្ស​និង​បណ្តាញ​ផ្សព្វផ្សាយ​ឯករាជ្យ​ហើយ​បាន​កម្ចាត់ចោល​នូវ​គណបក្ស​ដែល​មាន​សមត្ថភាព​ប្រជែង​នឹង​លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន​ ដែល​បាន​ដឹកនាំ​ប្រទេស​អស់រយៈពេល​ជាង ៣៥​ឆ្នាំ​កន្លង​មក​នេះ​ដោយ​ការ​គ្រប់គ្រង​អំណាច​កាន់​តែ​រឹងមាំ​ជាង​មុន។

សេចក្តី​សម្រេច​របស់​តុលាការ​កម្ពុជា​បាន​រកឃើញ​ថាលោក​ណារិទ្ធ ​និង​មនុស្ស​មួយ​ចំនួន​ទៀត​មាន​ទោស​ជុំវិញ​ការ​ធ្វើ​យុទ្ធនាការដើម្បី​ទម្លាក់​លោក​ហ៊ុន សែន​ចេញ​ពី​តំណែង​ក្រោម​ស្លាកគណបក្ស​សង្រ្គោះ​ជាតិ។ ហើយ​តុលាការបាន​ចេញ​ដីកា​ចាប់ខ្លួនសមាជិក​មួយ​ចំនួននៃ​គណបក្ស​នេះ។

លោក​ ណារិទ្ធ​ បាន​ប្រាប់​វីអូអេ​ថា​សមាជិក​គណបក្ស​សង្រ្គោះជាតិ​ជាង ៦០​នាក់​កំពុង​ស្ថិត​នៅ​ប្រទេស​ថៃ ចាប់តាំង​ពី​រត់​ភៀសខ្លួន​ចេញ​ពី​កម្ពុជា​ក្នុងរយៈពេល​បី​ឆ្នាំ​កន្លងមកនេះ។

​លោក​បាន​បន្ត​ថា​លោក​និង​សមាជិក​ដទៃ​ទៀត​ធ្លាប់​បាន​ជាប់ទោស​នៅ​ក្នុង​ពន្ធនាគារ​ដែល​មាន​មនុស្ស​កកកុញ​នៅ​កម្ពុជា​ចំពោះ​សកម្មភាព​ផ្នែក​នយោបាយ​របស់​ពួកគេ ហើយ​ថា​ប្រសិន​បើ​ពួកគេ​ត្រូវ​បាន​បង្ខំ​ឲ្យ​ត្រឡប់​ទៅ​កម្ពុជា​វិញ​លោក​បាន​និយាយ​ថា៖ «ពួកគេ​នឹង​ចាប់​យើង​ដាក់​គុក​សាជាថ្មី​មិនខាន»។

ដោយ​ព្រួយបារម្ភ​ពី​ការ​ចាប់​ខ្លួន​ពី​សំណាក់​ប៉ូលិស​ថៃ​លោក​ណារិទ្ធ​បាន​និយាយ​ថា​ជនភៀសខ្លួន​ភាគច្រើន​បាន​ផ្លាស់ប្តូរ​កន្លែង​ស្នាក់​អាស្រ័យ​ជា​បន្តបន្ទាប់ក្នុង​រយៈពេល​មួយ​ខែ​កន្លង​មកនេះ​ដោយ​ផ្លាស់ប្តូរ​ទម្លាប់​រ​បស់​ពួកគេ​និង​កាត់បន្ថយ​ការ​ហៅ​ទូរសព្ទ​និង​ការ​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម។ លោក​បាន​ថ្លែង​ថា៖ «យើង​ត្រូវ​មាន​ការ​ប្រយ័ត្នប្រយែង​ក្នុង​ការ​ប្រើ​ទូរសព្ទ​អ៊ីនធឺណិត​ និង​អ្វី​ដូច​នេះ»។

ក្រុម​ជន​ភៀសខ្លួន​បាន​ប្រាប់​ VOA ​ថា​ពួកគេ​ជឿ​ថា ​ពួកគេ​កំពុង​ត្រូវ​បាន​ឃ្លាំ​មើល​តាមដាន​ និង​ថត​រូប​នៅ​ប្រទេស​ថៃ​សូម្បី​តែ​មុន​ពេល​មាន​ការ​ចាប់ខ្លួន​ចុងក្រោយ​បង្អស់​នេះ​មក​ម្ល៉េះ។

សមាជិក​គណបក្ស​សង្រ្គោះ​ជាតិ​មួយ​រូប​ទៀត​ដែល​កំពុង​លាក់​ខ្លួន​នៅ​ប្រទេស​ថៃ​ហើយ​សុំមិន​បញ្ចេញ​ឈ្មោះ​បាន​និយាយ​ថា៖ «ខ្ញុំ​បាន​ដូរ​កន្លែង​រួចរាល់​ហើយ​ដោយសារ​តែ​ខ្ញុំ​គិត​ថា​កន្លែង​ចាស់​មិនមាន​សុវត្ថិភាព»។

យ៉ាង​ណាក្តី​លោក​បាន​បន្ត​ថា៖ «ខ្ញុំ​មិនមាន​អារម្មណ៍​ថា មាន​សុវត្ថិភាព​នោះ​ទេ​រាល់​ថ្ងៃ​នេះ។ យើង​មិនដឹង​នៅ​ពេល​ណា​ដែល​ប៉ូលិស​ថៃ​នឹង​ចាប់ខ្លួន​នរណា​ហើយ​យើង​ត្រូវ​គេ​ចាប់​ដាក់​គុក​នោះ​ទេ»។

លោក​ឈុន សិទ្ធី​អតីត​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​នៃ​គណបក្ស​សង្រ្គោះជាតិ​ដែល​កំពុង​លាក់​ខ្លួន​នៅ​ប្រទេស​ថៃ​បាន​និយាយ​ថា​លោក​មាន​ដីកា​រង់ចាំ​ចាប់ខ្លួន​លោក​នៅ​កម្ពុជា​ចំពោះ​ការ​បន្ត​គាំទ្រ​គណបក្ស​សង្រ្គោះ​ជាតិ​ហើយ​លោក​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រយៈពេល​១០​ឆ្នាំ​ ប្រសិន​បើ​ត្រូវ​បង្ខំ​ឲ្យ​ត្រឡប់​ទៅ​វិញ។

លោក​បាន​ផ្លាស់ប្តូរ​កន្លែង​ស្នាក់​អាស្រ័យ​ឈប់​រៀន​ថ្នាក់​ភាសា​អង់គ្លេស​ដើម្បី​លាក់ខ្លួន​នៅ​ក្នុង​ផ្ទះ ហើយ​ផ្អាក​ការ​និយាយ​ក្នុង​កម្មវិធី​ពិភាក្សា​តាម​ប្រព័ន្ធ​អនឡាញ​អំពី​កម្ពុជា។

លោក​បាន​ថ្លែង​ថា៖ «ខ្ញុំ​ភ័យ​ខ្លាច​ថា ប្រសិន​បើ​ពួកគេ​បញ្ជូន​សហការី​របស់​ខ្ញុំ​ទៅ​កម្ពុជា​ពួកគេ​ក៏​នឹង​បញ្ជូន​ខ្ញុំ​ផង​ដែរ»។

សិទ្ធិ​ជន​ភៀសខ្លួន

លោក​ណារិទ្ធ​បាន​និយាយ​ថា​ភាគច្រើននៃ​ជនភៀសខ្លួន​កម្ពុជា​នៅ​ថៃ​បាន​ឆ្លង​ដែន​ដោយ​ខុស​ច្បាប់​ដើម្បី​បញ្ចៀស​ពី​ការ​ចាប់ខ្លួន​នៅ​តម្រួត​ព្រំដែន។ ប៉ុន្តែ​ចាប់​តាំង​ពី​មក​ដល់​លោក​បាន​បន្ថែម​ថា​ពួកគេ​សឹង​តែ​ទាំងអស់​បាន​ចុះ​ឈ្មោះ​ជាមួយ​នឹង​ទីភ្នាក់ងារ​ UNHCR ​និង​ទទួល​បាន​ការ​ទទួល​ស្គាល់​ជា​ជនភៀសខ្លួន។

មជ្ឈមណ្ឌល​សម្រាប់ការ​ការពារ​ជន​សុំ​សិទ្ធិ​ជ្រក​កោន​លើក​ឡើង​ថា ការ​ទទួល​ស្គាល់​នេះ​អាច​ជួយ​ពួកគេ​បញ្ចៀស​ពី​ការ​បង្ខំ​ឲ្យ​វិល​ត្រឡប់​ទៅ​កម្ពុជា​វិញ ជា​ទី​ដែល​ អង្គការ​នេះ​និយាយ​ថា ពួកគេ​មាន​ឱកាស​តិចតួច​ក្នុង​ការ​ទទួល​បាន​ការ​កាត់ក្តី​ដោយ​យុត្តិធម៌។

អ្នកស្រី​ Rawitsara Piakhuntod ​មន្រ្តី​ប្រចាំ​នៅ​អង្គការ​ខាង​លើ​នេះ​បាន​និយាយ​ថា៖ «ពួកគេ​ទាំងអស់​ត្រូវ​បាន​ទទួល​ស្គាល់​ជា​ជន​ភៀសខ្លួន ដូច្នេះ​យ៉ាង​ហោចណាស់​សម្រាប់​ជន​ភៀស​ខ្លួន រដ្ឋាភិបាល​ថៃ​ត្រូវ​ការពារ​ពួកគេ​ពី​ការ​បញ្ជូន​ត្រឡប់​ទៅ​វិញ»។

ទោះ​បី​ជា​ថៃ​មិន​បាន​ចុះ​ហត្ថលេខា​លើ​អនុសញ្ញា​ស្តី​ជនភៀសខ្លួន​របស់​អង្គការ​សហប្រជាជាតិ​ក៏​ដោយ​ទីភ្នាក់ងារ​ UNHCR​ និយាយ​ថា​ប្រទេស​នេះ​មាន​កាតព្វកិច្ច​ទៅ​នឹង​ច្បាប់​អន្តរជាតិ​ដែល​ហាមឃាត់​រដ្ឋាភិបាល​បណ្តា​ប្រទេស​នានា​ក្នុង​ការ​បញ្ជូនមនុស្ស​ត្រឡប់​ទៅ​ប្រទេស​ដែល​ទំនង​នឹង​ធ្វើ​ទុក្ខ​បុកម្នេញ​មក​លើ​ពួកគេ​តាមរយៈ​សន្ធិសញ្ញា​ផ្សេងៗ​ទៀតដែល​ប្រទេស​ថៃ​ផ្ទាល់​បាន​ចូលរួម។

​អ្នកស្រី Catherine Stubberfield​ អ្នកនាំពាក្យ​ការិយាល័យ​ប្រចាំ​តំបន់​អាស៊ី​និង​ប៉ាស៊ីហ្វិក​នៃ​ទីភ្នាក់ងារ​អង្គការ​សហ​ប្រជាជាតិ​បាន​ថ្លែង​ប្រាប់​វីអូអេ​ថា៖ «ទីភ្នាក់ងារ​ UNHCR បង្ហាញ​ការ​ព្រួយបារម្ភ​និង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ថៃ​បញ្ចៀស​ពី​ការបញ្ជូន​ជនភៀសខ្លួន​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ត្រឡប់​ទៅ​វិញ​និង​គោរព​តាម​កាតព្វកិច្ច​អន្តរជាតិ​របស់​ខ្លួន​ជា​ពិសេស​គោលការណ៍​មិន​បញ្ចូន​មនុស្ស​ត្រឡប់​ទៅ​ប្រទេស​ដែល​ទំនង​នឹង​ធ្វើ​ទុក្ខបុកម្នេញ​មក​លើ​ពួកគេ»។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​កាល​ពី​ខែ​មុន​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​និយាយ​ថា ការ​ជំរុញ​ឲ្យ​ជនភៀស​ខ្លួន​វិលត្រឡប់​មក​វិញ​ដោយ​បង្ខំ​ពី​សំណាក់​ប្រទេស​ថៃបង្ហាញ​ពី «ការ​មិន​គោរព​ទាល់តែ​សោះ»​ចំពោះ​គោលការណ៍​ខាង​លើ​នេះ។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ថៃ​លោក Tanee Sangrat ​មិន​ឆ្លើយ​សំណួរ​ពាក់ព័ន្ធ​នឹង​ការ​ចាប់ខ្លួន​និង​ការ​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​មក​លើ​ពលរដ្ឋ​កម្ពុជា​នា​ពេល​ថ្មីៗ​នេះ​នោះ​ទេ។

​អ្នកនាំពាក្យ​ឲ្យ​រដ្ឋាភិបាល​និង​នគរបាល​ជាតិ​ថៃ​មិន​ឆ្លើយ​តប​នឹង​ការព្យាយាម​ទាក់ទង​តាម​ប្រព័ន្ធទូរសព្ទ​ជា​ច្រើន​លើក​និង​សំណើ​សុំ​ការអធិប្បាយ​ម្តង​ហើយ​ម្តង​ទៀត។

​លោក Achayon Kraithong ​អ្នកនាំពាក្យ​ការិយាល័យ​អន្តោប្រវេសន៍​ថៃ​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន ​Reuters​ កាល​ពី​ខែ​មុន​ថា​រដ្ឋាភិបាល​ថៃ​នឹង​ផ្តោត​អាទិភាព​លើ​ច្បាប់​អន្តោប្រវេសន៍​នៅ​ក្នុង​ប្រទេស​ប៉ុន្តែ​នឹង​បញ្ចៀស​ពី​ការបញ្ជូន​មនុស្ស​ទៅ​រក​គ្រោះថ្នាក់៕

​ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្រ្តបញ្ញា

XS
SM
MD
LG