ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

HRW៖ កងកម្លាំង​សន្តិសុខ​ស៊ូដង់​រំលោភ​បំពាន​ផ្លូវ​ភេទ​លើ​ស្ត្រី​ដែល​ជា​អ្នក​ការពារ​សិទ្ធិ​មនុស្ស


រូបថតឯកសារ៖ នាង​ Lubna Hussein អតីត​អ្នក​សារព័ត៌មាន និង​ជា​មន្ត្រី​ព័ត៌មាន​របស់​អ.ស.ប. លើក​ដៃ​នៅ​ខាង​ក្រៅ​តុលាការ​ក្រោយ​ពេល​នាង​ត្រូវ​បាន​កាត់​ទោស​នៅ​ក្នុងក្រុង​ខាទុំ រដ្ឋធានី​ប្រទេស​ស៊ូដង់។
រូបថតឯកសារ៖ នាង​ Lubna Hussein អតីត​អ្នក​សារព័ត៌មាន និង​ជា​មន្ត្រី​ព័ត៌មាន​របស់​អ.ស.ប. លើក​ដៃ​នៅ​ខាង​ក្រៅ​តុលាការ​ក្រោយ​ពេល​នាង​ត្រូវ​បាន​កាត់​ទោស​នៅ​ក្នុងក្រុង​ខាទុំ រដ្ឋធានី​ប្រទេស​ស៊ូដង់។

អង្គការ​ HRW បាន​ចេញ​សេចក្តី​រាយការណ៍​មួយ​ដោយ​អធិប្បាយ​ពី​របៀប​ដែល​កង​កម្លាំង​សន្តិសុខ​របស់​ស៊ូដង់​​ធ្វើ​ការ​បង្ខិតបង្ខំ​សកម្មជន​ អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​ និង​អ្នក​សារព័ត៌មាន​ជា​ស្ត្រី​ ដោយ​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ ការ​គំរាម​កំហែង​ និង​ទម្រង់​ផ្សេងៗ​ទៀត​នៃ​ការប្រព្រឹត្តិ​មិន​គប្បី។

​នៅ​ក្នុង​របាយការណ៍​ថ្មី​មួយ​ដែល​មាន​ចំណង​ជើង​ថា «ក្មេង​ស្រី​ល្អ មិន​ធ្វើ​ការ​តវ៉ា» អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​បាន​ចងក្រង​ជា​ឯកសារ​នូវ​ករណី​ផ្សេងៗ​ដែល​និយាយ​ថា អាជ្ញាធរ​ស៊ូដង់​បាន​រំលោភ​បំពាន​ បៀតបៀន​ និង​គំរាម​កំហែងទៅ​លើ​ស្ត្រី​ដែល​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ធ្វើ​បាតុកម្ម​ និង​យុទ្ធនាការ​សិទ្ធិ​មនុស្ស​ផ្សេងៗ​ ក៏​ដូច​ជា​ទៅ​លើ​អ្នក​សារព័ត៌មាន​ និង​មនុស្ស​ដទៃ​ទៀត។

អ្នក​ស្រី​ Jehanne Henry​ អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ និយាយ​ថា សកម្មជន​ជា​បុរស​មិន​ធ្លាប់​មាន​បទ​ពិសោធន៍​ដូច​ទៅ​នឹង​អ្វី​ដែល​ភាគី​ខាង​សកម្មជន​ស្ត្រី​ធ្លាប់​ជួប​ប្រទះ​ទេ។

អ្នក​ស្រី​និយាយ​ថា៖ «យើង​មាន​ឧទាហរណ៍​ជាក់ស្តែង​ជា​ច្រើន​ដែល​បង្ហាញ​ពី​មន្ត្រី​សន្តិសុខ​ជាតិ ប៉ុន្តែ​ក៏​មាន​ទាំង​ប៉ូលិស​ផង​ដែរ ដែល​ពេល​ខ្លះ​ពួកគេ​បាន​បៀតបៀន​លើ​ស្ត្រី​ដែល​កំពុង​ធ្វើ​ការ​តវ៉ា ដោយ​និយាយ​ឌឺដងពួក​គេ​ថា តើ​អ្នក​ឯង​កំពុង​ធ្វើ​អ្វី​នៅ​លើ​ដង​ផ្លូវ​នេះ? វា​មិន​មែន​ជា​កន្លែង​សម្រាប់​ស្ត្រី​ទេ។ ហើយ​យើង​ក៏​មាន​ឧទាហរណ៍​ជាក់​ស្តែង​កាន់​តែ​ច្បាស់​ខ្លះ​ទៀត​ ដែល​បង្ហាញ​ឲ្យ​ឃើញ​ថា​មន្ត្រី​សន្តិសុខ​ជាតិ​ ឬ​ប្រហែល​ជា​គាត់​ជា​មន្ត្រី​សន្តិសុខ​ជាតិ​ ដែល​ជាក់​ស្តែង​បាន​ចាប់​ពង្រត់​ និង​ឃុំឃាំង​ស្ត្រី​ ហើយ​បាន​រំលោភ​ផ្លូវ​ភេទ​លើ​ពួក​គេ»។

អ្នក​ស្រី​បាន​បរិយាយ​ករណី​មួយ​ដែល​កើត​ឡើង​នៅ​ក្នុង​ពេល​បោះ​ឆ្នោត​ខែ​មេសា​ឆ្នាំ​២០១៥​ នៅ​ស៊ូដង់ ដែល​កើត​ឡើង​ពេល​ស្ត្រី​ជា​សកម្មជន​ម្នាក់​កំពុង​ចែក​ខិតប័ណ្ណ​ផ្សព្វផ្សាយ​ស្នើ​ឲ្យ​មាន​ការ​ធ្វើ​ពហិការ។

«នាង​ត្រូវ​បាន​គេ​ចាប់​ខ្លួន​នៅ​ខាង​ក្រៅ​ផ្ទះ​របស់​នាង ហើយ​ត្រូវ​បាន​គេ​យក​ចេញ​ទៅ​បាត់​តាម​រថយន្ត គឺ​ទៅ​ចម្ងាយ​ដ៏​ឆ្ងាយ​មួយ​ពី​ទីក្រុង​ ហើយ​នាង​និយាយ​ថា នាង​ត្រូវ​បាន​រំលោភ​ដោយ​កម្លាំង​សន្តិសុខ​៣​នាក់​នៅ​ក្នុង​ទីតាំង​ដាច់​ស្រយាល​មួយ។ នៅ​ពេល​ពួក​គេ​បាន​វាយ​ធ្វើ​បាប​នាង ជេរ​ប្រទេច​នាង និង​រំលោភ​នាង​រួច​ ពួក​គេ​បាន​ដឹក​នាង​យក​ទៅ​ផ្លូវ​ធំ​វិញ​ ហើយ​ទម្លាក់​នាង​ចោល​នៅ​ទី​នោះ»។

បើ​យោង​តាម​អ្នកស្រី Henry​ ប្រទេស​ស៊ូដង់​មាន​វប្បធម៌​នយោបាយ​ស៊ីជម្រៅ​ ហើយ​ស្ត្រី​មាន​ភាព​សកម្ម​ក្នុង​រឿង​នយោបាយ​តាំង​ពី​យូរយារ​មក​ហើយ។ របាយការណ៍​ដដែល​បាន​លើក​ឡើង​ថា​ ការ​រំលោភ​បំពាន​ទៅ​លើ​ស្ត្រី​ ហាក់​ដូច​ជា​បាន​កើនឡើង​ នៅ​ស្រប​ពេល​ដែល​ការ​តវ៉ា​ជា​សាធារណៈ​ និង​ការ​ធ្វើ​បាតុកម្ម​ បាន​កើត​មាន​ជា​ញឹកញាប់​នៅ​អំឡុង​ពេល​ដែល​មាន​ការបះបោរ​របស់​ប្រទេស​អារ៉ាប់​ ការ​ផ្តាច់​ខ្លួន​របស់​ប្រទេស​ស៊ូដង់​ខាង​ត្បូង​កាល​ពី​ឆ្នាំ​២០១១ ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​របស់​ស៊ូដង់​ និង​ការ​បះបោរ​នៅ ​Kordofan​ ភាគ​ខាង​ត្បូង​ និង​នៅ​តំបន់​ Blue Nile។

អ្នក​ស្រី​ Henry ជឿជាក់​ថា​ វា​ជា​រឿង​ចាំបាច់​ដែល​ត្រូវ​លើក​ឡើង​ពី​ករណី​រំលោភ​ផ្លូវ​ភេទ​ ហិង្សា​ផ្លូវ​ភេទ និង​អំពើ​បៀតបៀន​ផ្លូវ​ភេទ​ដែល​ប្រព្រឹត្ត​ឡើង​ដោយ​កងកម្លាំង​សន្តិសុខ​ទាំង​នេះ ដើម្បី​ស្នើ​ឲ្យ​អាជ្ញាធរ​ស៊ូដង់​ចាត់​វិធានការ​សមរម្យ​ណា​មួយ។

«ដូច្នេះ យើង​ចង់​បង្ហាញ​ថា​ នេះ​ជា​អ្វី​ដែល​កំពុង​កើត​ឡើង។ យើង​ស្នើ​ឲ្យ​ពួកគេ​ដោះ​ស្រាយ​វា​ដោយ​គ្មាន​ការ​អត់ឱន​ចំពោះ​អំពើ​ទាំង​នេះ និង​ដោយ​ឲ្យ​កងកម្លាំង​សន្តិសុខ​ទាំង​នោះ​ទទួល​ខុស​ត្រូវ​ ពេល​រក​ឃើញ​ថា​ ពួកគេ​បាន​ប្រព្រឹត្ត​អំពើ​ទាំង​នោះ។ ប្រទេស​ស៊ូដង់​បាន​បដិសេធ​ថា​ មន្ត្រី​របស់​ខ្លួន​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​អំពើ​ហិង្សា​ផ្លូវ​ភេទ​នោះ​ទេ ហើយ​បើ​តាម​យើង​ដឹង​ ពួក​គេមិន​បាន​ដាក់​អ្នក​ណា​ម្នាក់​ឲ្យ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​រំលោភ​បំពាន​លើ​ស្ត្រី​ដែល​ជា​សកម្មជន​នោះ​ទេ»។

ច្បាប់​សន្តិសុខ​ជាតិ​របស់​ប្រទេស​ស៊ូដង់​ដែល​អនុម័ត​នៅ​ឆ្នាំ​២០១០​ បាន​ផ្តល់​អំណាច​យ៉ាង​ទូលំទូលាយ​ដល់​មន្ត្រី​សន្តិសុខ​ជាតិ​ ដោយ​ធានា​មន្ត្រី​នីមួយៗ​ឲ្យ​រួច​ផុត​ពី​ការ​ទទួល​ទោស​ពៃរ៍​យ៉ាង​មាន​ប្រសិទ្ធភាព។

ប្រទេស​ស៊ូដង់​បាន​ចុះ​សន្ធិសញ្ញា​សិទ្ធិ​មនុស្ស​ផ្សេងៗ​ដែល​រារាំង​ការ​ប្រព្រឹត្តិ​បែប​អមនុស្ស​ធម៌​ ឬ​ដែល​ធ្វើ​ឲ្យ​បាត់បង់​តម្លៃ​មនុស្ស។ ប៉ុន្តែ​ច្បាប់​សីលធម៌​សាធារណៈ​របស់​ខ្លួន​ បាន​រារាំង​របៀប​ស្លៀក​ពាក់​របស់​ស្ត្រី​ ការ​ចូល​រួម​ចលនា​នានា​ និង​តួនាទី​ស្ត្រី​ក្នុង​ជីវិត​ជា​សាធារណៈ។ ការ​រំលោភ​បំពាន​លើ​ច្បាប់​ទាំង​នេះ​ អាចទទួល​រង​ទារុណកម្ម​ដោយ​ការ​វាយ​ ឬ​ការ​គប់​ដុំ​ថ្ម។

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ស៊ូដង់​ធ្វើ​កំណែ​ទម្រង់​លើ​ច្បាប់​ទាំង​នេះ​ បូក​រួម​ទាំង​ច្បាប់​ស្តី​ពី​សន្តិសុខ​ជាតិ​ និង​លុបចោល​ការ​ធ្វើ​ទារុណកម្ម​រាងកាយ។

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​មិន​ទាន់​ឆ្លើយ​តប​ទៅ​លើ​របាយការណ៍​នេះ​ទេ៕

ប្រែ​សម្រួល​ដោយ​ នៀម ឆេង

XS
SM
MD
LG