ការថ្លែងរបស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ទៅកាន់សភាអឺរ៉ុបនៃសហភាពអឺរ៉ុបកាលពីសប្ដាហ៍មុន បានធ្វើឲ្យសមាជិកសភាខ្លះស្រក់ទឹកភ្នែក។ ពួកគេបានក្រោកឈរទះដៃសរសើរមេដឹកនាំអ៊ុយក្រែនរូបនេះ នៅពេលដែលលោកបាននិយាយអំពីវិធីដែលពលរដ្ឋអ៊ុយក្រែនប្រយុទ្ធដើម្បីសេរីភាពនិងជីវិតរបស់ពួកគេ។
លោក Zelenskyy បានថ្លែងដូច្នេះថា៖ «យើងក៏ប្រយុទ្ធផងដែរដើម្បីក្លាយជាសមាជិកស្មើភាពនៃ[សហភាព] អឺរ៉ុប។ ខ្ញុំជឿថា ថ្ងៃនេះយើងកំពុងបង្ហាញដល់មនុស្សរាល់គ្នាឲ្យឃើញថាតើពួកយើងគឺជានរណានិងកំពុងធ្វើអ្វី។ សហភាពអឺរ៉ុបនឹងកាន់តែខ្លាំងក្លាជាងមុនទៀត ប្រសិនបើមានអ៊ុយក្រែនជាសមាជិក។ នេះគឺជាការពិត»។
នេះគឺជាការអង្វរករថ្មីមួយទៀតរបស់រដ្ឋាភិបាលអ៊ុយក្រែននៅក្នុងការស្នើសុំចូលជាសមាជិករបស់សហភាពអឺរ៉ុប។ កាលពីថ្ងៃទី ១ ខែមីនា លោក Zelenskyy បានដាក់ពាក្យជាផ្លូវការសុំចូលជាសមាជិករបស់សហភាពអឺរ៉ុប។
អ្នកស្រី Amanda Paul ដែលជាអ្នកវិភាគជាន់ខ្ពស់នៃមជ្ឈមណ្ឌលគោលនយោបាយអឺរ៉ុប (European Policy Center) ដែលជាអង្គការស្រាវជ្រាវមានមូលដ្ឋាននៅក្នុងទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្ស៊ិក បាននិយាយថា៖ «ប្រទេសអ៊ុយក្រែនតែងតែចង់ក្លាយជាសមាជិករបស់សហភាពអឺរ៉ុប។ តាំងពីដំបូងម្ល៉េះ បន្ទាប់ពីទទួលបានឯករាជ្យមក អ៊ុយក្រែនបានដើរក្នុងទិសដៅនេះ។ ប៉ុន្តែអ៊ុយក្រែនតែងតែជួបការលំបាក»។
អ្នកស្រីបានបន្ថែមថា៖ «ស្ថានភាពនៅពេលបច្ចុប្បន្ននេះគឺជាឱកាសដ៏ល្អបំផុតមួយ។ វាគឺជាស្ថានភាពដ៏ធ្ងន់ធ្ងរនៅក្នុងប្រទេសអ៊ុយក្រែន។ ពលរដ្ឋអ៊ុយក្រែនបានបង្ហាញឲ្យគេឃើញថា ពួកគេមានភាពក្លាហាន ហ៊ានងើបតតាំងដើម្បីសន្តិសុខនៅទ្វីបអឺរ៉ុប។ ដូច្នេះ ខ្ញុំគិតថា នឹងមានកម្លាំងដ៏ខ្លាំងក្លាចេញពីក្នុងសហភាពអឺរ៉ុបផ្ទាល់ ពីសមាជិកជាច្រើនរបស់សហភាពអឺរ៉ុប ដើម្បីជំរុញរឿងនេះទៅមុខឲ្យបានកាន់តែឆាប់តាមដែលអាចធ្វើទៅបាន»។
នៅក្នុងការថ្លែងទៅកាន់ទីភ្នាក់ងារព័ត៌មាន Euronews របស់ប្រទេសបារាំង អ្នកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុបនៃសហភាពអឺរ៉ុបបានគាំទ្រទស្សនៈរបស់មេដឹកនាំនៃបណ្ដាប្រទេសជាសមាជិកមួយចំនួនរបស់សហភាពអឺរ៉ុប។
ប៉ុន្តែ ប្រទេសមួយចំនួនដែលគាំទ្រខ្លាំងក្លាដល់អ៊ុយក្រែន ដែលភាគច្រើនមកពីតំបន់អឺរ៉ុបខាងកើតនិងអឺរ៉ុបកណ្ដាល ចង់ឲ្យបង្កើនល្បឿននៃដំណើរការសុំចូលជាសមាជិករបស់ប្រទេសអ៊ុយក្រែននៅក្នុងសហភាពអឺរ៉ុប។
បណ្ដាប្រទេសជាសមាជិកចាស់ៗរបស់សហភាពអឺរ៉ុបមើលទៅហាក់ដូចជាមានការស្ទាក់ស្ទើរលើការផ្ដល់ចម្លើយចំពោះរឿងនេះឲ្យបានលឿន។
រដ្ឋមន្ត្រីការបរទេសបារាំងលោក Jean Yves Le Drian បាននិយាយកាលពីសប្ដាហ៍មុនថា៖ «ជាការពិត ពលរដ្ឋអ៊ុយក្រែនគឺជាពលរដ្ឋអឺរ៉ុប។ ពួកគេអះអាងដូច្នេះ។ ពួកគេទទួលបានការពិចារណាខ្លាំងក្លាពីយើង»។
ប៉ុន្តែ លោកបានស្នើថា ការសម្រេចរឿងសមាជិកភាពណាមួយគឺមិនអាចធ្វើឡើងភ្លាមៗបាននោះទេ។
ប្រទេសអ៊ុយក្រែនមានបំណងប្រាថ្នាចូលជាសមាជិករបស់សហភាពអឺរ៉ុបជាយូរមកហើយ។ នៅពេលដែលអតីតប្រធានាធិបតីអ៊ុយក្រែនលោក Viktor Yanukovych ដែលជាអ្នកមានទំនោរទៅរករុស្ស៊ី បានបដិសេធមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងភ្ជាប់ទំនាក់ទំនងដ៏ធូររលុងមួយជាមួយនឹងសហភាពអឺរ៉ុប ប្រជាពលរដ្ឋបានងើបតវ៉ាទម្លាក់លោកចេញពីដំណែងនៅឆ្នាំ ២០១៤។ ក្នុងពេលមិនយូរប៉ុន្មានបន្ទាប់ពីលោកត្រូវបានទម្លាក់ពីដំណែង រុស្ស៊ីបានភ្ជាប់យកតំបន់ Crimea។
បើទោះបីជាសហភាពអឺរ៉ុបអាចពិចារណាលឿនក៏ដោយ ក៏ការចូលជាសមាជិករបស់ប្លុកនេះត្រូវការពេលរាប់ឆ្នាំដែរ។ ការចូលជាសមាជិកនីមួយៗតម្រូវឲ្យមានការបំពេញលក្ខខណ្ឌស្របតាមបទបញ្ញត្តិជាបន្តបន្ទាប់គ្រប់ផ្នែកទាំងអស់តាំងពីផ្នែកបរិស្ថានរហូតដល់ផ្នែកនីតិរដ្ឋនិងហិរញ្ញវត្ថុ។
ជាងនេះទៀត ប្រទេសមួយចំនួនទៀតបានដាក់ពាក្យសុំចូលជាសមាជិកនេះមុនប្រទេសអ៊ុយក្រែនទៅទៀត ដែលឥឡូវនេះនៅកំពុងរង់ចាំការសម្រេចពីសហភាពអឺរ៉ុបនៅឡើយ។ អ្នកខ្លះមិនប្រាកដទេថាតើអ៊ុយក្រែនអាចកាត់មុខប្រទេសដទៃទៀតដែលសុំចូលជាសមាជិកសភាពអឺរ៉ុបនេះបានដែរឬក៏យ៉ាងណានោះ។
បន្ថែមទៅនឹងភាពស្ទាក់ស្ទើរដែលអាចកើតមានឡើងនេះ សមាជិកថ្មីៗមួយចំនួនរបស់សហភាពអឺរ៉ុបដូចជាប្រទេសប៉ូឡូញនិងហុងគ្រីជាដើម បានរំលោភលើស្ដង់ដាររបស់សហភាពអឺរ៉ុបលើផ្នែកសំខាន់ៗមួយចំនួនដូចជានីតិរដ្ឋជាដើម។
ប៉ុន្តែ អ្នកស្រី Amanda Paul ដែលជាអ្នកវិភាគ ជឿថា សូម្បីតែប្រសិនបើសហភាពអឺរ៉ុបផ្ដល់ការយល់ព្រមជាក់ច្បាស់ជាមុនសម្រាប់សមាជិកភាពរបស់ប្រទេសអ៊ុយក្រែននៅពេលអនាគតក៏ដោយ ក៏វាអាចជាការលើកទឹកចិត្តសម្រាប់ប្រជាពលរដ្ឋអ៊ុយក្រែនផងដែរ នៅពេលដែលការឈ្លានពានរបស់រុស្ស៊ីកំពុងបន្ត។
អ្នកស្រីថ្លែងដូច្នេះថា៖ «វាប្រាកដជានឹងជួយជំរុញខ្លាំងក្លាដល់ផ្លូវចិត្តរបស់ប្រជាពលរដ្ឋអ៊ុយក្រែន ហើយចំណុចនេះក៏អាចជួយដល់ពួកគេនៅក្នុងសង្គ្រាម [ជាមួយនឹងរុស្ស៊ី] ផងដែរ។ ជាការពិត ពួកគេប្រយុទ្ធដើម្បីប្រទេសរបស់ពួកគេជាអាទិភាពចម្បងបំផុត និងសម្រាប់ខ្លួនពួកគេផ្ទាល់។ ប៉ុន្តែ [ប្រសិនបើសហភាពអឺរ៉ុបផ្ដល់ការធានាជាមុនចំពោះសមាជិកភាពរបស់អ៊ុយក្រែន] វានឹងក្លាយជាសញ្ញាដ៏ខ្លាំងក្លាបំផុតមួយដែលថា សហភាពអឺរ៉ុបគាំទ្រពួកគេ ១០១%»។
អ្នកស្រីបានបន្ថែមថា ដូចទៅនឹងការផ្ដល់អាវុធនិងយន្តហោះដល់អ៊ុយក្រែនកន្លងមកដូច្នេះដែរ [ការធានាជាមុនរបស់សហភាពអឺរ៉ុបនេះ] បង្ហាញថា សហភាពអឺរ៉ុបគាំទ្រអ៊ុយក្រែនជាសមាជិកនៅពេលអនាគតរបស់ប្លុកនេះ៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ