ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយនៅថ្ងៃអាទិត្យនេះថា ប្រទេសរុស្ស៊ីមានផែនការទម្លាក់គ្រាប់បែកលើទីក្រុង Odessa របស់ប្រទេសអ៊ុយក្រែន។ លោក Zelenskyy បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយតាមកញ្ចក់ទូរទស្សន៍ថា ប្រសិនបើករណីនេះកើតឡើងមែន វា«នឹងក្លាយជាឧក្រិដ្ឋកម្មសង្គ្រាម...ឧក្រិដ្ឋកម្មជាប្រវត្តិសាស្ត្រ»។
លោក Zelenskyy បាននិយាយជាភាសារុស្ស៊ីសម្រាប់ផ្នែកខ្លះនៃសេចក្ដីថ្លែងការណ៍នេះ ដោយបានជំរុញប្រជាពលរដ្ឋរុស្ស៊ីឲ្យជ្រើសរើសរវាងជីវិតនិងទាសភាព «នៅពេលដែលវានៅអាចទៅរួចនៅក្នុងការយកឈ្នះលើអំពើអាក្រក់ដោយគ្មានការបាត់បង់ដែលមិនអាចកែប្រែបាន»។
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បាននិយាយកាលពីថ្ងៃសៅរ៍ថា ភាពជាប្រទេសរបស់ប្រទេសអ៊ុយក្រែនកំពុងប្រឈមនឹងហានិភ័យ ប្រសិនបើប្រទេសអ៊ុយក្រែននៅបន្តមាគ៌ាបច្ចុប្បន្នរបស់ខ្លួន។
ក្នុងអំឡុងពេលប្រជុំជាមួយនឹងបុគ្គលិកនៃក្រុមហ៊ុនអាកាសចរណ៍ Aeroflot លោក Putin បានបន្ថែមថា «តំបន់ហាមឃាត់ការហោះហើរ» ណាមួយនៅពីលើប្រទេសអ៊ុយក្រែនអាចនឹងមាន «ផលវិបាកមហន្តរាយដ៏ធំមិនត្រឹមតែសម្រាប់ទ្វីបអឺរ៉ុបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ពិភពលោកទាំងមូលផងដែរ»។
លោក Zelenskyy បានរិះគន់អង្គការអូតង់ (NATO) ថាមិនបានដាក់កំហិតតំបន់ហាមឃាត់ការហោះហើរ។ សម្ព័ន្ធមិត្តបស្ចិមប្រទេសធ្លាប់បានបញ្ជាក់ថា ការដាក់កំហិតបែបនេះអាចធ្វើឲ្យជម្លោះជាមួយប្រទេសរុស្ស៊ីកាន់តែរីកធំឡើង។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បាននិយាយកាលពីយប់ថ្ងៃសៅរ៍ជាមួយនឹងប្រធានាធិបតីអ៊ុយក្រែនលោក Zelenskyy។ លោកទាំងពីរបានពិភាក្សាគ្នាអំពីកិច្ចការដែលសហរដ្ឋអាមេរិក សម្ព័ន្ធមិត្តរបស់អាមេរិក ដៃគូ និងវិស័យឯកជនកំពុងធ្វើដើម្បីលើកឡើងអំពីផលប៉ះពាល់នៃសង្គ្រាមសម្រាប់ប្រទេសរុស្ស៊ី។
លោក Biden បានបញ្ជាក់ថា រដ្ឋបាលរបស់លោកកំពុងបង្កើនជំនួយផ្នែកសន្តិសុខ សេដ្ឋកិច្ច និងមនុស្សធម៌ទៅកាន់ប្រទេសអ៊ុយក្រែន និងកំពុងធ្វើការជាមួយនឹងសភាអាមេរិកដើម្បីអនុម័តថវិកាបន្ថែមទៀតសម្រាប់ប្រទេសអ៊ុយក្រែន។
កាលពីព្រឹកថ្ងៃសៅរ៍ លោក Zelenskyy បានជួបប្រជុំតាមអនឡាញដោយផ្ទាល់ជាមួយនឹងមនុស្សជាង ៣០០ នាក់ ដែលក្នុងនោះរួមមានទាំងសមាជិកព្រឹទ្ធសភាអាមេរិក សមាជិករដ្ឋសភាអាមេរិកមួយចំនួន និងទីប្រឹក្សានានាផងដែរ។
នៅក្នុងជំនួបនោះ លោកបាន «អង្វរយ៉ាងខ្លាំង» ឲ្យមានការបញ្ជូនយន្តហោះបន្ថែមទៀតមកជួយប្រទេសអ៊ុយក្រែនប្រយុទ្ធជាមួយនឹងការឈ្លានពានរបស់រុស្ស៊ី។ នេះបើយោងតាមការបញ្ជាក់របស់លោក Chuck Schumer មេដឹកនាំគណបក្សប្រជាធិបតេយ្យនៃព្រឹទ្ធសភាអាមេរិក ដែលជាគណបក្សសំឡេងភាគច្រើន។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានពិភាក្សាកាលពីថ្ងៃសៅរ៍ជាមួយនឹងរដ្ឋមន្ត្រីការបរទេសប៉ូឡូញលោក Zbigniew Rau នៅក្នុងទីក្រុង Rzeszow ប្រទេសប៉ូឡូញ ដែលនៅជាប់ព្រំដែនប្រទេសអ៊ុយក្រែន។»
លោក Blinken បានឆ្លងព្រំដែនចូលប្រទេសអ៊ុយក្រែនមួយភ្លែតដើម្បីជួបពិភាក្សាជាមួយនឹងរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dymtro Kuleba។ លោក Kuleba បានស្នើសុំជំនួយយោធាបន្ថែមទៀតដើម្បីប្រយុទ្ធយកឈ្នះលើប្រទេសរុស្ស៊ី។
បន្ទាប់ពីបានជួបប្រជុំជាមួយនឹងសមភាគីប៉ូឡូញរបស់លោកមក លោក Blinken បានបញ្ជាក់ជាថ្មីនៅក្នុងសន្និសីទសារព័ត៌មានមួយថា សហរដ្ឋអាមេរិក «នឹងការពារទឹកដីរបស់ប្រទេសទាំងអស់ដែលជាសមាជិកអង្គការអូតង់»។
ជាងនេះទៀត លោក Blinken បានប្រកាសថា រដ្ឋបាលរបស់លោក Biden កំពុងត្រៀមខ្លួនដើម្បីបញ្ជូនជំនួយមនុស្សធម៌បន្ថែមទៀតចំនួន ២.៧៥០ លានដុល្លារ ដល់ជនភៀសខ្លួនអ៊ុយក្រែន។
លោក Blinken ក៏បានសរសើរប្រទេសប៉ូឡូញផងដែរថាបានជួយពលរដ្ឋអ៊ុយក្រែនរាប់សែននាក់ ដែលបានភៀសខ្លួនពីប្រទេសកំណើតរបស់ពួកគេ។ លោកបាននិយាយដូច្នេះថា៖ «ប្រជាពលរដ្ឋនៃប្រទេសប៉ូឡូញដឹងអំពីសារៈសំខាន់នៃការការពារសេរីភាព»។
រដ្ឋមន្ត្រីការបរទេសប៉ូឡូញលោក Rau បានលើកឡើងថា៖ «ប្រទេសប៉ូឡូញនឹងមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែទឹកដីណាមួយដែលធ្វើឡើងតាមរយៈភាពគឃ្លើនមិនត្រឹមត្រូវនិងខុសច្បាប់»។
លោក Blinken បានធ្វើដំណើរទៅកាន់ប្រទេសម៉ុលដាវីកាលពីយប់ថ្ងៃសៅរ៍ ដើម្បីបង្ហាញការគាំទ្រដល់ប្រទេសតូចមួយនេះ ដែលប្រទេសនេះក៏មានតំបន់ផ្ដាច់ខ្លួនមួយផងដែរ ស្របពេលដែលប្រទេសនេះទទួលយកជនភៀសខ្លួនរាប់ម៉ឺននាក់ពីប្រទេសអ៊ុយក្រែន។
នៅក្នុងប្រទេសអ៊ុយក្រែនឯណោះវិញ រុស្ស៊ីបានទម្លាក់គ្រាប់បែកជាច្រើនលើទីក្រុង Chernihiv នៅភាគខាងជើងរដ្ឋធានីកៀវ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីថ្នាក់តំបន់ម្នាក់៕
ប្រែសម្រួលដោយលោក ភី សុភាដា
អ្នកស្រី Nike Ching ប្រធានផ្នែកឆ្លើយឆ្លងព័ត៌មានរបស់ VOA ប្រចាំក្រសួងការបរទេស លោក Jeff Seldin អ្នកឆ្លើយឆ្លងព័ត៌មានរបស់ VOA ផ្នែកសន្តិសុខជាតិ អ្នកស្រី Carla Babb អ្នកឆ្លើយឆ្លងព័ត៌មានរបស់ VOA ប្រចាំក្រសួងការពារជាតិ អ្នកស្រី Heather Murdock អ្នកឆ្លើយឆ្លងព័ត៌មានបរទេសរបស់ VOA ប្រចាំទីក្រុង Istanbul ប្រទេសតួកគី អ្នកស្រី Anita Powell អ្នកឆ្លើយឆ្លងព័ត៌មានរបស់ VOA ប្រឆាំសេតវិមាន និងអ្នកស្រី Cindy Saine អ្នកឆ្លើយឆ្លងព័ត៌មានជាន់ខ្ពស់ផ្នែកការទូត រួមចំណែកនៅក្នុងសេចក្ដីរាយការណ៍នេះ។
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារព័ត៌មាន Associated Press ទីភ្នាក់ងារព័ត៌មាន AFP និងទីភ្នាក់ងារព័ត៌មាន Reuters។