ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធាន​សភា​តំណាង​រាស្ត្រ​អាមេរិកាំង​​រំពឹង​ថា​នឹង​មាន​សវនាការ​សាធារណៈ​អំពី​ការ​ចោទ​ប្រកាន់​លោក​ត្រាំ​ក្នុង​ខែ​វិច្ឆិកា


លោក​ស្រី ​Nancy Pelosi​ ប្រធាន​​សភា​តំណាង​រាស្ត្រ​អាមេរិកាំង ថ្លែង​ក្នុង​ពេល​ធ្វើ​ជា​អធិបតី​នៃ​ការ​បោះ​ឆ្នោត​របស់សភាតំណាង​រាស្ត្រ​ទៅ​លើ​ដំណោះ​ស្រាយសម្រាប់​កំណត់​វិធានការ​បន្ទាប់ពាក់​ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​លោក ត្រាំ កាល​ពី​ថ្ងៃ​ទី៣១ តុលា ២០១៩។
លោក​ស្រី ​Nancy Pelosi​ ប្រធាន​​សភា​តំណាង​រាស្ត្រ​អាមេរិកាំង ថ្លែង​ក្នុង​ពេល​ធ្វើ​ជា​អធិបតី​នៃ​ការ​បោះ​ឆ្នោត​របស់សភាតំណាង​រាស្ត្រ​ទៅ​លើ​ដំណោះ​ស្រាយសម្រាប់​កំណត់​វិធានការ​បន្ទាប់ពាក់​ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​លោក ត្រាំ កាល​ពី​ថ្ងៃ​ទី៣១ តុលា ២០១៩។

លោក​ស្រី ​Nancy Pelosi​ ប្រធានសភា​តំណាង​រាស្ត្រ​អាមេរិកាំង​បាន​មាន​ប្រសាសន៍កាល​ពី​ថ្ងៃ​សុក្រ​ថា ​លោក​ស្រី​រំពឹង​ថា​សវនាការ​សាធារណៈ​នឹង​ចាប់​ផ្តើម​ធ្វើ​ក្នុង​ខែ​នេះ​អំពី​ការ​ស៊ើប​អង្កេត​ដោយ​សភា​តំណាង​រាស្ត្រ​ដើម្បី​ចោទ​ប្រកាន់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ។

នៅ​ក្នុង​សេចក្តី​សម្ភាសន៍​មួយ​ជាមួយ​ទូរទស្សន៍ ​Bloomberg News​ លោក​ស្រី​Pelosi ​បាន​មានប្រសាសន៍​ថា «ខ្ញុំ​សន្មត​ជា​មុន​ថា​នឹង​មាន​សវនការ​សាធារណៈ​ក្នុង​ខែ​វិច្ឆិកា»​ ហើយ​លោក​ស្រី​បាន​ថ្លែង​បន្ថែម​ថា​ ករណី​ចោទ​ប្រកាន់​ណា​មួយ​ប្រឆាំង​នឹង​លោក ត្រាំ​ «ត្រូវ​តែ​មាំទាំ»។

អ្នកស្រី​ Stephanie Grisham ​អ្នកនាំ​ពាក្យ​សេតវិមាន​បាន​និយាយ​ប្រាប់​ទូរទស្សន៍ Fox News ​កាល​ពីថ្ងៃ​សុក្រថា «យើង​ប្រុង​ប្រៀប​សម្រាប់​ការ​ចោទ​ប្រកាន់​ដែល​នឹង​កើត​មាន»។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ សភា​តំណាង​រាស្ត្រ​អាមេរិកាំង​ត្រួត​ត្រា​ដោយ​ពួក​ប្រជាធិបតេយ្យ​បាន​បោះ​ឆ្នោត​អនុញ្ញាត​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​ដើម្បី​ចោទ​ប្រកាន់​លោក​ប្រធានាធិបតី ​ត្រាំ ជា​ផ្លូវ​ការ​នៅ​ក្រោយ​មាន​ការ​ឆ្លើយ​ជា​កសិណ​សាក្សី​ដោយ​បិទ​ទ្វារ​ជា​ច្រើន​សប្តាហ៍​អំពី​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​លោក​ដើម្បី​ជំរុញ​អាជ្ញាធរអ៊ុយក្រែន​ឱ្យ​ស៊ើប​អង្កេត​ពួក​អ្នក​ប្រឆាំង​នឹង​លោក​ខាង​នយោបាយ។

ការ​បោះឆ្នោត​នេះ​បាន​ប្រព្រឹត្ត​ទៅ​តាម​ខ្សែ​បន្ទាត់​គណបក្ស​ដោយ​មាន​២៣២​សំឡេង​គាំទ្រ​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​ហើយ​១៩៦​សំឡេង​ប្រឆាំង​ ដោយ​ពួក​សាធារណរដ្ឋ​ទាំង​អស់​បាន​ជំទាស់​នឹង​សេចក្តី​សម្រេច​ចិត្ត​នេះ​ ហើយ​មាន​អ្នក​ប្រជាធិបតេយ្យ​ពីរ​នាក់​មិន​បាន​បោះ​ឆ្នោត​គាំទ្រ​សេចក្តី​សម្រេច​ចិត្ត​នេះ​ទេហើយ​បាន​ចូល​រួម​ជាមួយ​ពួក​សាធារណរដ្ឋ​ដោយ​បាន​បោះឆ្នោត​ប្រឆាំង​វិញ។

ជា​បន្ទាន់​នៅ​ក្រោយ​ការបោះ​ឆ្នោត​នេះ​ លោក​ ត្រាំ​ បាន​សរសេរ​នៅ​លើ​ Twitter ដោយ​បាន​ហៅ​ការ​ស៊ើប​អង្កេតដើម្បី​ចោទ​ប្រកាន់​លោក​ថា​ ជា​«ការ​តាម​ធ្វើ​ទុក្ខ​បុក​ម្នេញ​ធំបំ​ផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិកាំង»។

អ្នកស្រី​ Stephanie Grisham​ អ្នក​នាំ​ពាក្យ​សេតវិមាន​បាន​ចេញ​ផ្សាយ​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា ​ប្រធានាធិបតី ត្រាំ​ «មិន​បាន​ធ្វើ​អ្វី​ខុស​ទេ»​ ហើយ​អ្នក​ស្រី​បាន​ហៅដំណើរ​ការ​នេះ​ថា​មិន​យុត្តិធ៌ម, មិន​ត្រឹម​ត្រូវ​តាម​រដ្ឋធម្មនុញ្ញ​ហើយ​គ្មាន​ភាព​ជា​អាមេរិកាំង​ទេ។

អ្នកស្រី​ Grisham ​បាននិយាយ​ថា៖ «ការ​ផ្កាប់​មុខ​ដោយ​គ្មាន​សម​ហេតុផល​របស់​លោកស្រី Nancy Pelosi ​និង​ពួក​ប្រជាធិបតេយ្យ​ជា​មួយ​ទម្រង់​ការ​ចោទ​ប្រកាន់​ដោយ​ខុស​ច្បាប់​នេះ​មិន​ធ្វើ​ឱ្យ​ប្រធានាធិបតី​ ត្រាំ​ ខូច​ប្រយោជន៍ទេ​ វា​ធ្វើ​ឱ្យ​ប្រជា​រាស្ត្រ​អាមេរិកាំង​ខូច​ផល​ប្រយោជន៍»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG