ដោយសារការផ្លាស់ប្ដូរប្រជាសាស្ត្រ រដ្ឋ តិចសាស ដែលធ្លាប់គាំទ្រគណបក្សសាធារណរដ្ឋរហូតមក មិនប្រាកដថាបន្តគាំទ្រប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅក្នុងការបោះឆ្នោតប្រជែងយកតំណែងប្រធានាធិបតីនៅឆ្នាំ២០២០ខាងមុខនេះទេ។ លោកប្រធានាធិបតីចំណាយពេលយ៉ាងច្រើនដើម្បីធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនៅក្នុងរដ្ឋ តិចសាស ដោយរួមទាំងការប្រមូលផ្ដុំសាធារណៈក្នុងខែនេះ ដែលជាការឃោសនាលើកទីបីហើយក្នុងរយៈពេលមួយឆ្នាំមកនេះផងដែរ។
ប្រជាពលរដ្ឋអាមេរិកាំងនៅរដ្ឋតិចសាស សប្បាយនឹងការជិះសេះ មើលថែសត្វ និងចម្អិនម្ហូបអាហារ។
ការតាំងពិព័ណ៌នៅក្នុងរដ្ឋតិចសាស ប្រមូលមនុស្សមកពីគ្រប់ទិសទី មិនថាពួកគេប្រកាន់នយោបាយខាងណានោះទេ។
លោក Mykull Ray អ្នករស់នៅក្នុងរដ្ឋ តិចសាស ម្នាក់បានថ្លែងថា៖
«គេតែងតែសន្មតថា អ្នករស់នៅរដ្ឋ តិចសាស ទាំងអស់គាំទ្រគណបក្សសាធារណរដ្ឋ។ វាប្រៀបដូចជាគេសន្មតថា យើងទាំងអស់គ្នាសុទ្ធតែចិញ្ចឹមគោ ជិះសេះ និងពាក់មួក cowboy ដើរគ្រប់កន្លែងអីចឹង»។
រដ្ឋតិចសាសនៅតែជាកន្លែងសំខាន់មួយដែលគាំទ្រគណបក្សសាធារណរដ្ឋ ប៉ុន្តែការស្ទង់មតិសាធារណៈនាពេលថ្មីៗនេះបង្ហាញថា មានអ្នកចុះឈ្មោះបោះឆ្នោតរួចហើយតែ៤៥% ប៉ុណ្ណោះនៅក្នុងរដ្ឋតិចសាសនេះ ដែលគាំទ្រលោកប្រធានាធិបតីត្រាំ។
អ្នកស្រី Temple Gonzales អ្នករស់នៅរដ្ឋ តិចសាស ម្នាក់ទៀតបាននិយាយថា៖
«ខ្ញុំមិនចូលចិត្តពីរបៀបដែលលោកប្រធានាធិបតីប្រព្រឹត្តទៅលើមនុស្សម្នាទេ។ ខ្ញុំមិនចូលចិត្តទាល់តែសោះ។ ខ្ញុំគិតថា លោកត្រូវធ្វើជាគំរូរបស់គេ ប៉ុន្តែខ្ញុំមិនគិតថា វានឹងអាចកើតឡើងនោះទេ»។
លទ្ធផលនៃការស្ទង់មតិដដែលនេះបង្ហាញថា ពលរដ្ឋនៅក្នុងរដ្ឋតិចសាស ៤៨%នឹងមិនបោះឆ្នោតឲ្យលោក ត្រាំ ទេ នៅឆ្នាំ២០២០។
ឥឡូវនេះ រដ្ឋតិចសាសប្រហែលក្លាយជាគោលដៅមួយសម្រាប់សមាជិកគណបក្សប្រជាធិបតេយ្យហើយ។ ខណៈដែលគោលនយោបាយរបស់លោកប្រធានាធិបតី ត្រាំ ទៅលើសេដ្ឋកិច្ចនិងអន្តោប្រវេសន៍ប្រហែលជាទទួលបានការគាំទ្រច្រើននៅទីនេះ ការប្រែប្រួលប្រជាសាស្ត្រ ដោយរួមទាំងការកើនឡើងនូវចំនួនប្រជាពលរដ្ឋដែលមិនមែនជាជនជាតិស្បែកសនិងនិន្នាការដែលស្ត្រីនៅតំបន់ជនបទងាកទៅបោះឆ្នោតឲ្យគណបក្សប្រជាធិបតេយ្យ ប្រហែលជាធ្វើឲ្យគណបក្សសាធារណរដ្ឋពិបាកនឹងយកជ័យជម្នះបាន ជាពិសេសនៅក្នុងការបោះឆ្នោតថ្នាក់រដ្ឋតែម្ដង។
លោក Rodney Anderson នៃសង្កាត់ Dallas ខាងគណបក្សសាធារណរដ្ឋ មានប្រសាសន៍ថា៖
«វាគឺជាការប្រជែងគ្នាមួយដែលមានការប្រកៀកប្រកិតកាន់តែខ្លាំង។ ប៉ុន្តែប្រជាពលរដ្ឋនឹងមិនប្ដូរទៅបោះឆ្នោតឲ្យគណបក្សប្រជាធិបតេយ្យនោះទេ»។
សមាជិកគណបក្សសាធារណរដ្ឋនិយាយថា មានហានិភ័យខ្ពស់សម្រាប់គណបក្សរបស់ពួកគេ។
លោក Rodney Anderson នៃសង្កាត់ Dallas ខាងគណបក្សសាធារណរដ្ឋ មានប្រសាសន៍ទៀតថា៖
«យើងមានការប្រកួតប្រជែងយ៉ាងស្វិតស្វាញលើកនេះ។ យើងត្រូវការឲ្យអ្នកគាំទ្រទាំងអស់ទៅបោះឆ្នោត»។
កាលពីឆ្នាំ២០១៦ លោក ត្រាំ ទទួលបានជ័យជម្នះក្នុងរដ្ឋតិចសាស ចំនួន៩ពិន្ទុ តិចជាងជំនាន់លោក Mitt Romney ខាងគណបក្សសាធារណរដ្ឋដែរ ដែលទទួលបានជ័យជម្នះរហូតដល់១៦ពិន្ទុក្នុងការប្រជែងយកតំណែងប្រធានាធិបតីកាលពីឆ្នាំ២០១២។
នៅឆ្នាំ២០១៨ លោក Ted Cruzonly ខាងគណបក្សសាធារណរដ្ឋ ដែលកំពុងកាន់តំណែង បានយកជ័យជម្នះលើលោក Beto O'Rourke ខាងគណបក្សប្រជាធិបតេយ្យ តែបន្ដិចបន្ដួចប៉ុណ្ណោះ នៅក្នុងការប្រជែងយកតំណែងជាសមាជិកព្រឹទ្ធសភាតំណាងឲ្យរដ្ឋនេះ។
ដោយប្រជាពលរដ្ឋនៅតាមតំបន់ជនបទនៅតែគាំទ្រគណបក្សសាធារណរដ្ឋខ្លាំងក្លានៅឡើយ អ្នកវិភាគភាគច្រើនទស្សន៍ទាយថា វាលឿនពេកហើយក្នុងការហៅរដ្ឋ តិចសាស ថាជារដ្ឋដែលមានការប្រជែងគ្នាប្រកៀកប្រកិតរវាងគណបក្សនយោបាយធំៗទាំងពីរនេះ។
អ្នកស្រី Shannon Bow O'Brien នៃសាកលវិទ្យាល័យ តិចសាស ក្នុងទីក្រុង Austin និយាយថា៖
«តិចសាសគឺជារដ្ឋមួយដែលកំពុងមានកំណើនប្រជាពលរដ្ឋ ជាពិសេសនៅតាមទីក្រុង។ ខ្ញុំគិតថា ភាគច្រើននៃពលរដ្ឋដែលកើនឡើងនៅតាមទីក្រុង គឺជាអ្នកគាំទ្រគណបក្សប្រជាធិបតេយ្យ»។
សមាជិកគណបក្សប្រជាធិបតេយ្យនៅក្នុងរដ្ឋ តិចសាស សាទរចំពោះការប្រែប្រួលប្រជាសាស្ត្រនេះ ហើយមានគោលបំណងទាក់ទាញអ្នកមានទស្សនៈឯករាជ្យកាន់តែច្រើនថែមទៀតឲ្យគាំទ្រគណបក្សប្រជាធិបតេយ្យ។
លោក Tramon Arnold ខាងគណបក្សប្រជាធិបតេយ្យ នៃសង្កាត់ Dallas បានលើកឡើងថា៖
«មានមនុស្សជាច្រើនដែលមិនពេញចិត្តនឹងរឿងដែលលោក ត្រាំ បានធ្វើ ហើយភាគច្រើននៃពួកគេគឺជាអ្នកដែលបោះឆ្នោតឲ្យលោក ត្រាំ កាលពីលើកមុន»។
អ្នកបោះឆ្នោតដូចជាលោក Larry Strauss ដែលគាំទ្រគណបក្សសាធារណរដ្ឋរហូតមក គឺជាសហស្ថាបនិកនៃក្រុមប្រឹក្សាប្រជាធិបតេយ្យជ្វីសប៉ែកខាងជើងរដ្ឋ តិចសាស ក្នុងឆ្នាំ២០១៧។
បន្ទាប់ពីលោកបានឭសុន្ទរកថារបស់លោកប្រធានាធិបតី ត្រាំ អំពីការប្រមូលផ្ដុំពួកស្បែកសជ្រុលនិយមនៅទីក្រុង Charlottesville រដ្ឋ Virginia ដែលបានក្លាយជាអំពើហិង្សានោះ លោកបានថ្លែងថា៖
«នៅពេលដែលលោក ដូណាល់ ត្រាំ ធ្វើអត្ថាធិប្បាយថា មានមនុស្សល្អដើរដង្ហែក្បួននៅក្នុងភាគីទាំងពីរ ខ្ញុំគាំងនិយាយអ្វីមិនចេញ។ ខ្ញុំក៏លាលែងឈប់ធ្វើជាសមាជិកគណបក្សសាធារណរដ្ឋ ហើយប្រគល់កាតសមាជិកឲ្យគេវិញ»។
ការស្ទង់មតិនាពេលថ្មីៗនេះនៅក្នុងរដ្ឋ តិចសាស បង្ហាញថា លោក ត្រាំ ទទួលបានការគាំទ្រតិចជាងបេក្ខជនឈរឈ្មោះប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យមួយចំនួន។
លោកប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែងថា៖
«ខ្ញុំសូមប្រាប់ដល់អ្នកទាំងអស់គ្នាថា ខ្ញុំនឹងមិនចាញ់នៅក្នុងរដ្ឋតិចសាស ទេ »។
អ្នកវិភាគភាគច្រើនគាំទ្រការអះអាងរបស់លោកប្រធានាធិបតីក្នុងពេលឥឡូវនេះ ប៉ុន្តែពួកគេនិយាយថា មានរឿងជាច្រើនអាចនឹងកើតឡើងក្នុងរយៈពេលមួយឆ្នាំខាងមុខនេះ ជាពិសេសនៅពេលដែលការស៊ើបអង្កេតដើម្បីចោទប្រកាន់ទម្លាក់លោកប្រធានាធិបតីពីតំណែងកំពុងតែបន្ដដំណើរការ៕
ប្រែសម្រួលដោយអ្នកស្រី ហុង ចិន្ដា