ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋសភា​សហរដ្ឋ​អាមេរិក​នឹង​បោះ​ឆ្នោត​លើ​សេចក្ដី​សម្រេច​មួយ​អំពី​ដំណើរការ​ចោទ​ប្រកាន់​ទម្លាក់​លោក Trump ពី​តំណែង


រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ថ្លែងនៅក្នុងសន្និបាតសមាគមប៉ូលិស​ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ នៅក្រុង Chicago។
រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ថ្លែងនៅក្នុងសន្និបាតសមាគមប៉ូលិស​ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ នៅក្រុង Chicago។

មេដឹកនាំ​ព្រឹទ្ធសភា​លោក Mitch McConnell ដែល​មក​ពី​គណបក្ស​សាធារណរដ្ឋ បាន​និយាយ​ថា សេចក្ដី​សម្រេច​នេះ «មិន​បាន‍» ផ្ដល់​នូវ​ភាព​យុត្តិធម៌ និង​នីតិវិធី​ត្រឹមត្រូវ​នៅ​ក្នុង​ការ​ស៊ើប​អង្កេត​ដើម្បី​ចោទ​ប្រកាន់​ទម្លាក់​លោក Trump ពី​តំណែង​នោះ​ទេ។

រដ្ឋសភា​សហរដ្ឋ​អាមេរិក​គ្រោង​នឹង​អនុម័ត​លើ​សេចក្ដី​សម្រេច​មួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដើម្បី​កំណត់​ជា​ផ្លូវការ​នូវ​ដំណើរការ ដែល​គណៈកម្មាធិការ​រដ្ឋសភា​មួយ​ចំនួន​នឹង​បន្ត​អនុវត្ត​ទាក់ទិន​នឹង​ការ​ស៊ើប​អង្កេត​ដើម្បី​ចោទ​ប្រកាន់​ទម្លាក់​លោក​ប្រធានាធិបតី Donald Trump ពី​តំណែង។

ការ​បោះ​ឆ្នោត​លើ​សេចក្ដី​សម្រេច​នេះ​ទំនងជា​បង្ហាញ​ឲ្យ​ឃើញ​អំពី​ការ​ខ្វែង​គំនិត​គ្នា​នៅ​ក្នុង​រដ្ឋសភា​រវាង​គណបក្ស​ប្រជាធិបតេយ្យ​ដែល​មាន​សំឡេង​ភាគ​ច្រើន និង​គណបក្ស​សាធារណរដ្ឋ​ដែល​មាន​សំឡេង​ភាគ​តិច។ កន្លង​មក ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​អះអាង​ថា​មិន​ចាំបាច់​អនុម័ត​លើ​សេចក្ដី​សម្រេច​ដូច​នេះ​ដើម្បី​ធ្វើ​ឲ្យ​ដំណើរ​ការ​ស៊ើប​អង្កេត​នេះ​ស្រប​ច្បាប់​នោះ​ទេ។ ចំណែក​ឯ​គណបក្ស​សាធារណរដ្ឋ​វិញ កន្លង​មក​ជំទាស់​ទៅ​នឹង​ការ​ស៊ើប​អង្កេត​នេះ​ថា​ជា​ដំណើរការ​បិទបាំង​ជ្រុល និង​មិន​ផ្ដល់​ឱកាស​ស្មើ​ភាព​ដល់​ពួកគេ។

ប្រធាន​រដ្ឋសភា​អ្នកស្រី Nancy Pelosi បាន​បញ្ជាក់​នៅ​ក្នុង​លិខិត​មួយ​ច្បាប់​ផ្ញើ​ទៅ​កាន់​សមាជិក​សភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ថា៖ «យើង​ចាត់​វិធានការ​ដូច​នេះ​ដើម្បី​លុប​បំបាត់​ចម្ងល់​ណា​មួយ​ទាក់ទិន​នឹង​ថា​តើ​រដ្ឋបាល​របស់​លោក Trump ប្រហែល​ជា​បាន​ដក​ចេញ​នូវ​ឯកសារ រារាំង​ការ​ផ្ដល់​សក្ខីកម្ម​របស់​សាក្សី និង​មិន​ខ្វល់​នូវ​ដីកា​កោះ​ហៅ​របស់​រដ្ឋសភា ឬ​ក៏​បន្ត​រារាំង​រដ្ឋសភា ឬ​ក៏​យ៉ាង​ណា​នោះ»។

មេដឹកនាំ​ព្រឹទ្ធសភា​លោក Mitch McConnell ដែល​មក​ពី​គណបក្ស​សាធារណរដ្ឋ បាន​និយាយ​ថា សេចក្ដី​សម្រេច​នេះ «មិន​បាន‍» ផ្ដល់​នូវ​ភាព​យុត្តិធម៌ និង​នីតិវិធី​ត្រឹមត្រូវ​នៅ​ក្នុង​ការ​ស៊ើប​អង្កេត​ដើម្បី​ចោទ​ប្រកាន់​ទម្លាក់​លោក Trump ពី​តំណែង​នោះ​ទេ។

កន្លង​មក គណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់ គណៈកម្មាធិការ​កិច្ចការ​បរទេស និង​គណៈកម្មាធិការ​ត្រួត​ពិនិត្យ​កិច្ចការ​រដ្ឋាភិបាល​បាន​បើក​សវនាការ​បិទ​ទ្វារ​ស្ដាប់​សក្ខីកម្ម​ពី​មន្ត្រី​ការទូត និង​មន្ត្រី​ផ្សេង​ទៀត នៅ​ពេល​ដែល​ពួកគេ​កំពុង​ស៊ើប​អង្កេត​អំពី​ថា​តើ​លោក Trump គួរតែ​ត្រូវ​បាន​ចោទ​ប្រកាន់​ទម្លាក់​ពី​តំណែង​ឬ​ក៏​អត់ សម្រាប់​ការណ៍​ដែល​លោក​ជំរុញ​ឲ្យ​ប្រទេស​អ៊ុយក្រែន​ស៊ើប​អង្កេត​លើ​លោក Joe Biden បេក្ខជន​ប្រធានាធិបតី​មួយ​រូប​ខាង​គណបក្ស​ប្រជាធិបតេយ្យ ដែល​អាច​ជា​គូ​ប្រជែង​របស់​លោក​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​នៅ​ឆ្នាំ​ក្រោយ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG