កាលពីថ្ងៃពុធ អ្នកការទូតអាមេរិកពីរនាក់បាននិយាយប្រាប់ការស៊ើបអង្កេតដើម្បីចោទប្រកាន់ដកលោកប្រធានាធិបតី Donald Trump ពីតំណែងថា ប្រធានាធិបតីរូបនេះមានទស្សនៈអវិជ្ជមានយ៉ាងខ្លាំងអំពីប្រទេសអ៊ុយក្រែនថា ជាប្រទេសពុករលួយមួយ ដែលធ្វើឱ្យសាំញ៉ាំដល់កិច្ចខិតខំប្រឹងប្រែងខាងការទូតដើម្បីពង្រឹងចំណងទាក់ទងរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនជាមួយរដ្ឋាភិបាលក្រុងកៀវ និងគាំទ្រដល់ការប្រយុទ្ធរបស់អ៊យក្រែនប្រឆាំងនឹងពួកទាមទារបំបែករដ្ឋរុស្សីនៅក្នុងផ្នែកខាងកើតនៃប្រទេសអ៊ុយក្រែន។
អ្នកស្រី Catherine Croft ដែលបានធ្វើការជាអ្នកជំនាញខាងកិច្ចការប្រទេសអ៊ុយក្រែននៅក្នុងក្រុមប្រឹក្សាសន្តិសុខជាតិនៅឯសេតវិមាន បានឆ្លើយជាកសិណសាក្សីដល់ពួកអ្នកស៊ើបអង្កេតដើម្បីចោទប្រកាន់លោក Trump ថានៅក្នុងឆ្នាំ២០១៧អ្នកស្រីបានធ្វើការអំពីផែនការរបស់លោក Trump ក្នុងការផ្តល់ឱ្យអ៊ុយក្រែននូវប្រព័ន្ធ missile បាញ់រថក្រោះហើយក៏បានរៀបចំឱ្យមានជំនួបមួយរបស់លោក Trump ជាមួយលោក Petro Poroshenko ដែលកាលពីពេលនោះបានកាន់តំណែងជាប្រធានាធិបតីនៃប្រទេសអ៊ុយក្រែននៅខាងក្រៅមហាសន្និបាតប្រចាំឆ្នាំនៃអ.ស.ប.។
អ្នកស្រី Croft បាននិយាយនៅក្នុងចម្លើយជាកសិណសាក្សីដែលបានត្រូវរៀបចំជាមុនថា «នៅក្នុងឱកាសទាំងពីរនេះ ខ្ញុំបានឮ—ដោយផ្ទាល់និងមិនផ្ទាល់--ថាប្រធានាធិបតី Trump បានព៌ណនាប្រទេសអ៊ុយក្រែនថាជាប្រទេសពុករលួយ»។
អ្នកស្រី Croft ក៏បាននិយាយដែរថា នៅក្នុងរយៈពេលដែលអ្នកស្រីកាន់តំណែងជាជំនួយការខាងសន្តិសុខជាតិអ្នកស្រីបានទទួលការហៅទូរសព្ទជាច្រើនគ្មានការពន្យល់ពីលោក Robert Livingston អតីតសមាជិកសភាម្នាក់ខាងគណបក្សសាធារណរដ្ឋដែលក្លាយទៅជាអ្នកនិយាយបញ្ចុះបញ្ចូលបាននិយាយប្រាប់អ្នកស្រីថាលោកស្រី Marie Yovanovitch ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសអ៊ុយក្រែនគួរត្រូវដកចេញពីតំណែង។
លោកស្រីបានថ្លែងថា លោក Livingston បានចាត់ទុកលោកស្រី Yovanovitch ថាជា«អ្នកនៅបន្តតំណែងពីរយៈពេលមុនរបស់លោកអូបាម៉ា» ពីរដ្ឋបាលរបស់លោកអតីតប្រធានាធិបតី Barack Obama ហើយ «មានការទាក់ទងជិតស្និទ្ធជាមួយលោក George Soros» ដែលជាអ្នកគាំទ្រយូរយារមកហើយដល់បុព្វហេតុសេរីនិយមនិងពួកប្រជាធិបតេយ្យដែលប្រឆាំងនឹងលោក Trump៕