ប្រទេសកូរ៉េខាងជើងបានបាញ់គ្រាប់ផ្លោងរយៈចម្ងាយខ្លីពីរគ្រាប់ ដែលអាចជាគ្រាប់ផ្លោងមីស៊ីល សំដៅឆ្ពោះទៅកាន់សមុទ្រនៅភាគខាងកើត។ នេះបើតាមការបញ្ជាក់របស់ប្រទេសកូរ៉េខាងត្បូង និងប្រទេសជប៉ុននៅថ្ងៃព្រហស្បតិ៍នេះ។ ការបាញ់លើកនេះគឺជាលើកទី ១២ ហើយសម្រាប់ប្រទេសកូរ៉េខាងជើងនៅក្នុងឆ្នាំនេះ។
ការបាញ់គ្រាប់ផ្លោងនេះបានធ្វើឡើង ស្របពេលដែលកូរ៉េខាងជើងកំពុងបង្កើនការដាក់សម្ពាធនៅមុនការបរិច្ឆេទកំណត់នៅចុងឆ្នាំនេះ ដែលខ្លួនបានកំណត់ឲ្យសហរដ្ឋអាមេរិកកែប្រែវិធីសាស្ត្ររបស់ខ្លួនចំពោះការចរចារឿងនុយក្លេអ៊ែរដែលកំពុងតែជាប់គាំងនៅពេលបច្ចុប្បន្ននេះ។ កាលពីដើមសប្ដាហ៍នេះ កូរ៉េខាងជើងបានព្រមានសហរដ្ឋអាមេរិកថា ប្រសិនបើសហរដ្ឋអាមេរិកធ្វើព្រងើយកន្តើយចំពោះកាលបរិច្ឆេទនេះ នោះវាគឺជា «កំហុសដ៏ធ្ងន់ធ្ងរមួយ»។
គ្រាប់ផ្លោងទាំងពីរនេះ ដែលបានបាញ់ចេញពីតំបន់ Suncheon នៃខេត្ត South Pyongan បានហោះបានចម្ងាយប្រហែល ៣៧០ គីឡូម៉ែត្រ និងហោះបានរយៈកម្ពស់ខ្ពស់បំផុតប្រហែល ៩០ គីឡូម៉ែត្រ។ នេះបើតាមការបញ្ជាក់របស់យោធាកូរ៉េខាងត្បូង។
មន្ត្រីជប៉ុនបាននិយាយថា គ្រាប់ផ្លោងទាំងពីរនេះប្រហែលជាគ្រាប់ផ្លោងមីស៊ីល ហើយគ្រាប់ផ្លោងនេះបានធ្លាក់នៅក្រៅតំបន់សេដ្ឋកិច្ចពិសេសនៃសមុទ្ររបស់ជប៉ុន ដែលលាតសន្ធឹងចម្ងាយ ៣៧០ គីឡូម៉ែត្រពីឆ្នេរសមុទ្ររបស់ជប៉ុន។
តាំងពីដើមខែឧសភាមក ប្រទេសកូរ៉េខាងជើងបានបាញ់គ្រាប់មីស៊ីល ១២ ដងរួចមកហើយ បន្ទាប់ពីបានផ្អាកឈប់បាញ់សាកល្បងគ្រាប់មីស៊ីលដូចនេះអស់រយៈពេលមួយឆ្នាំកន្លះមក។ អ្នកវិភាគអះអាងថា ការបាញ់សាកល្បងនេះប្រហែលជាធ្វើឡើងយ៉ាងហោចណាស់មួយផ្នែកគឺដើម្បីបង្កើនឥទ្ធិពលចរចារបស់កូរ៉េខាងជើងជាមួយនឹងសហរដ្ឋអាមេរិក។
មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un និងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានជួបពិភាក្សាគ្នា ៣ លើករួចមកហើយតាំងពីខែមិថុនា ឆ្នាំ ២០១៨ ប៉ុន្តែមិនសម្រេចបានដំណើរវិវឌ្ឍណាមួយអំពីការរារាំងកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើងនោះទេ៕