រូបសំណាកមួយនៅសាកលវិទ្យាល័យក្រុងហុងកុងដែលឧទ្ទិសដល់ការកាប់សម្លាប់នៅទីលាន Tiananmen ក្រុងប៉េកាំង ឆ្នាំ១៩៨៩ បានត្រូវពួកកម្មករដកចេញនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ទោះបីមានការប្រឆាំងពីអ្នកបង្កើតរូបសំណាកនេះ មកពីដាណឺម៉ាក។ នេះ បើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP។
រូបសំណាកដែលមានកម្ពស់ ៨ ម៉ែត្រឈ្មោះ Pillar of Shame ដែលបរិយាយពីសាកសពចំនួន៥០ ដែលដាក់គរលើគ្នាបានត្រូវរចនាឡើងដោយជាងចម្លាក់ជាតិដាណឺម៉ាកលោក Jens Galschiot ដើម្បីធ្វើជានិមិត្តរូបនៃការបាត់បង់ជីវិតក្នុងអំឡុងនៃការបង្ក្រាបខាងយោធាដ៏បង្ហូរឈាមលើពួកបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យនៅទីលាន Tiananmen ក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៨៩។
ក៏ប៉ុន្តែ រូបសំណាកនោះ បានកា្លយជាកម្មវត្ថុនៃជម្លោះកាលពីខែតុលា ដោយសាកលវិទ្យាល័យ បានទាមទារឲ្យដករូបសំណាកនោះចេញ ទោះបីការសម្រេច នោះបាននាំឲ្យមានការរិះគន់ពីពួកសកម្មជន និងក្រុមអង្គការសិទ្ធិមនុស្សក៏ដោយ។ លោក Galschiot បានស្នើសុំយករូបសំណាកនោះ ទៅប្រទេសដាណាម៉ាកវិញ ប្រសិនបើលោកត្រូវបានគេផ្តល់អភ័យឯកសិទ្ធខាងផ្លូវច្បាប់រួចពីការកាត់ទោសនៅក្រោមច្បាប់សន្តិសុខជាតិរបស់ក្រុងហុងកុង ក៏ប៉ុន្តែ លោកមិនបានទទួលជោគជ័យទេ មកទល់នឹងពេលនេះ។
ពួកកម្មករ បានដាក់របាំងព័ទ្ធជុំវិញរូបសំណាកនៅសាកលវិទ្យាល័យហុងកុងនេះ កាលពីយប់ថ្ងៃពុធ។ សំឡេងស្វាននិងដំឮៗ អាចត្រូវគេឮសូរចេញពីទីកន្លែងនោះដែលត្រូវបានយាមល្បាតដោយពួកអ្នកការពារ។
សាកលវិទ្យាល័យបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា៖ «មិនដែលមានភាគីណាបានទទួលការយល់ព្រមពីសាកលវិទ្យាល័យឲ្យដាក់តាំងរូបសំណាកនេះនៅបរិវេណសាកលវិទ្យាល័យទេ ហើយសាកលវិទ្យាល័យ មានសិទ្ធិចាត់វិធានការសមរម្យដើម្បីដោះស្រាយបញ្ហានេះ នៅពេលណាក៏បាន»។
កាលពីខែតុលា សាកលវិទ្យាល័យក្រុងហុងកុង បានជូនដំណឹងដល់ក្រុមអ្នករៀបចំចាត់ចែងដុតភ្លើងទានដែលឥឡូវនេះ លែងដំណើរការ គឺអង្គការសម្ព័ន្ធភាពក្រុងហុងកុងសម្រាប់ការគាំទ្រចលនាប្រជាធិបតេយ្យស្នេហារជាតិចិន (Hong Kong Alliance in Support of Patriotic Democratic Movements of China) ថា ខ្លួនបានយករូបសំណាកចេញ បន្ទាប់ពី«ការវាយតម្លៃអំពីហានិភ័យ និងការផ្តល់យោបល់ខាងផ្លូវច្បាប់ នៅពេលថ្មីៗនេះ»៕