សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យនៅទីក្រុងហុងកុងចំនួន៩នាក់ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារជាច្រើនខែ ពីបទចូលរួមក្នុងការអុជភ្លើងទៀនដោយគ្មានការអនុញ្ញាត ដើម្បីរំឭកការបង្ក្រាបយ៉ាងឃោរឃៅលើក្រុមបាតុករនិស្សិតនៅទីលាន Tiananmen ក្នុងឆ្នាំ ១៩៨៩។
ជនជាប់ចោទទាំង៩នាក់រួមមានលោក Albert Ho និង លោក Figo Chan ដែលត្រូវបានគេផ្តន្ទាទោសកាលពីដើមខែនេះ ឲ្យជាប់ពន្ធនាគាររយៈពេលយូរ ពីបទចូលរួមក្នុងបាតុកម្មដោយគ្មានការអនុញ្ញាតកាលពីខែតុលាឆ្នាំ២០១៩ ប្រឆាំងរដ្ឋាភិបាល បង្កឡើងដោយច្បាប់ធ្វើបត្យាប័នដ៏ចម្រូងចម្រាស ហើយរាលដាលទៅទាមទារសេរីភាពសម្រាប់ទីក្រុងហុងកុង។
ជនជាប់ចោទទាំង៩នាក់បានសារភាពទោសកំហុសកាលពីដើមខែនេះចំពោះការចូលរួមក្នុងពិធីអុជទៀនឆ្នាំ២០២០ ដែលអាជ្ញាធរបានហាមឃាត់ ដោយលើកយកការរីករាលដាលនៃជំងឺកូវីដ១៩ជាលេស។
ពិធីអុជភ្លើងទៀននេះត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំដើម្បីរំឭកដល់ការបង្ក្រាបថ្ងៃទី៤ខែមិថុនាឆ្នាំ ១៩៨៩លើការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យ ដឹកនាំដោយនិស្សិត នៅទីលាន Tiananmen ក្នុងទីក្រុងប៉េកាំង ជាកន្លែងដែលពួកគេអំពាវនាវចង់បានការបញ្ចប់អំពើពុករលួយ កំណែទម្រង់នយោបាយ និងសង្គមមួយប្រកបដោយយុត្តិធម៌ និងបើកចំហ។
ក្រុមសិទ្ធិមនុស្សជឿថា មនុស្សជាច្រើនពាន់នាក់ត្រូវបានសម្លាប់នៅពេលរថក្រោះបើកឆ្លងកាត់ទីលាន Tiananmen ដើម្បីកម្ចាត់បាតុកម្ម។
សកម្មជនទាំង៩នាក់ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារពី៦ខែទៅ១០ខែ។ ជនជាប់ចោទបីនាក់ផ្សេងទៀត ដែលបានសារភាពទោសកំហុសចំពោះការចូលរួមអុជទៀនកាលពីឆ្នាំមុន ត្រូវបានព្យួរទោស។
ការធ្វើបាតុកម្មឆ្នាំ២០១៩បានជំរុញឲ្យរដ្ឋាភិបាលទីក្រុងប៉េកាំងអនុម័តច្បាប់សន្តិសុខជាតិដ៏ទូលំទូលាយមួយសម្រាប់ទីក្រុងហុងកុងកាលពីឆ្នាំមុន ដែលគេជឿថា តាមច្បាប់នេះ អ្នកដែលគេជឿថា ធ្វើសកម្មភាពភេរវកម្ម ផ្តាច់ខ្លួន វិទ្ធង្សនាអំណាចរដ្ឋ ឬឃុបឃិតជាមួយកម្លាំងបរទេសអាចត្រូវបានកាត់ទោស និងប្រឈមមុខនឹងការជាប់គុកមួយជីវិត ប្រសិនបើរកឃើញថា មានទោស៕
(ព័ត៌មានខ្លះក្នុងសេចក្តីរាយការណ៍នេះដកស្រង់ពី The Associated Press និង Reuters)