កាលពីថ្ងៃពុធម្សិលមិញ សហរដ្ឋអាមេរិក បានថ្កោលទោសសកម្មភាពរបស់អាជ្ញាធរហុងកុងទប់ស្កាត់ការប្រឆាំងដោយប្រកាសថា មានការព្យាយាមលុបបំបាត់ការចងចាំអំពីការសម្លាប់រង្គាលនៅទីលាន Tiananmen នៅពេលជិតដល់ថ្ងៃខួបការសម្លាប់រង្គាលនេះ។
រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden បានហៅការបង្ក្រាបដោយហិង្សាពីសំណាក់រដ្ឋាភិបាលចិនទៅលើបាតុកម្មដោយសន្តិវិធីនៅទីលាន Tiananmen នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៨៩ថា ជាការសម្លាប់រង្គាល។
អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Jalina Porter បានថ្លែងក្នុងសន្និសីទសារព័ត៌មានតាមទូរស័ព្ទថា «សហរដ្ឋអាមេរិកថ្កោលទោសសកម្មភាពរបស់អាជ្ញាធរហុងកុងដែលបានជំរុញឱ្យអ្នករៀបចំបិទសារមន្ទីរអំពីការសម្លាប់រង្គាលនៅថ្ងៃទី៤មិថុនា ដែលរំឭកដល់ការសម្លាប់រង្គាលនៅទីលាន Tiananmen ឆ្នាំ១៩៨៩»។
លោកស្រី Porter បានបន្ថែមថា «អាជ្ញាធរក្រុងហុងកុងនិងរដ្ឋាភិបាលក្រុងប៉េកាំងបន្តបំបិទសំឡេងប្រឆាំងដោយព្យាយាមលុបចោលរឿងរ៉ាវអំពីការសម្លាប់រង្គាលដ៏សាហាវចេញពីប្រវត្តិសាស្ត្រ»។ ការអត្ថាធិប្បាយខ្លាំងៗរបស់ក្រសួងការបរទេសនេះធ្វើឡើង នៅពេលដែលសារមន្ទីរអំពីការសម្លាប់រង្គាលនៅថ្ងៃទី៤ មិថុនារបស់ទីក្រុងហុងកុងបាននិយាយថា សារមន្ទីរនេះ នឹងត្រូវបិទជាបណ្តោះអាសន្នដោយសារអាជ្ញាធរស៊ើបអង្កេតអំពីអាជ្ញាបណ្ណ។
ប៉ុន្មានថ្ងៃមុនពិធីរំឭកខួប ក្រសួងអនាម័យចំណីអាហារនិងបរិស្ថានទីក្រុងហុងកុងបានបញ្ជាក់ថា សារមន្ទីរមិនបានទទួលអាជ្ញាបណ្ណទេ ហើយអាចរំលោភបទបញ្ញត្តិ។
សារមន្ទីរបានបញ្ចាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា សារមន្ទីរនេះ នឹងបិទរហូតដល់មានការជូនដំណឹងបន្ថែមដើម្បីការពារសុវត្ថិភាពបុគ្គលិកនិងភ្ញៀវ ហើយត្រូវការការណែនាំផ្នែកច្បាប់បន្ថែមទៀត៕