សមាជិក៤ នាក់នៃក្រុម ដែលរៀបចំពិធីរំឭកខួបប្រចាំឆ្នាំនៃការបង្ក្រាបនៅទីលាន Tiananmen ឆ្នាំ១៩៨៩ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃពុធ បន្ទាប់ពីបដិសេធមិនសហការក្នុងការស៊ើបអង្កេតរបស់ប៉ូលិសចំពោះសកម្មភាពរបស់ក្រុមខ្លួន។
អ្នកនាង Chow Hang Tung ជាមេធាវី និងជាអនុប្រធានសម្ព័ន្ធហុងកុងគាំទ្រចលនាប្រជាធិបតេយ្យស្នេហាជាតិនៅប្រទេសចិនត្រូវបានឃុំខ្លួននៅការិយាល័យរបស់នាងនៅសង្កាត់ពាណិជ្ជកម្មកណ្តាលទីក្រុងហុងកុង។ អ្នកនាង Chow គ្រោងនឹងធ្វើជាមេធាវីតំណាងឲ្យអ្នកនាង Gwyneth Ho អ្នកនយោបាយប្រឆាំងនៅក្នុងសវនាការសុំនៅក្រៅឃុំនៅថ្ងៃពុធនេះ។ អ្នកនាង Ho ត្រូវបានចោទពីបទសមគំនិតធ្វើវិទ្ធង្សនា។
សម្ព័ន្ធនេះបានបង្ហាញអត្តសញ្ញាណសមាជិកដែលជាប់ឃុំផ្សេងទៀតគឺលោក Simon Leung លោកSean Tang និងលោក Chan To-wai។
កាលពីខែមុនប៉ូលិសបានបញ្ជាឲ្យក្រុមនេះប្រគល់ព័ត៌មានទាំងអស់អំពីហិរញ្ញវត្ថុ សមាជិកភាព និងសកម្មភាពរបស់ខ្លួនត្រឹមថ្ងៃទី ៧ ខែកញ្ញា ដោយចោទថា ក្រុមនេះបានឃុបឃិតជាមួយភ្នាក់ងារបរទេស។ ទោះយ៉ាងណា សម្ព័ន្ធនេះបានជូនដំណឹងជាផ្លូវការដល់ប៉ូលិសនៅថ្ងៃអង្គារជាថ្ងៃផុតកំណត់ថា ខ្លួនគ្មានចេតនាសហការទេ ពីព្រោះប៉ូលិសមិនបានផ្តល់ភស្តុតាងអំពីការចោទប្រកាន់នេះទេ។
អាជ្ញាធរបានចេញសេចក្តីថ្លែងការណ៍កាលពីល្ងាចថ្ងៃអង្គារ ដោយព្រមានថា ជនដែលមិនព្រមធ្វើតាមនឹងប្រឈមមុខជាប់ពន្ធនាគាររហូតដល់៦ខែ និងពិន័យជាប្រាក់ជាង១២.000ដុល្លារ។
សម្ព័ន្ធទីក្រុងហុងកុងនេះបានរៀបចំពិធីអុជទៀនប្រចាំឆ្នាំនៅឧទ្យាន Victoria ដើម្បីរំឭកការបាញ់ប្រហារបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យ នៅថ្ងៃទី ៤ ខែមិថុនាឆ្នាំ ១៩៨៩ នៅទីលាន Tiananmen ក្នុងរដ្ឋធានីប៉េកាំងដោយទាហានចិន។ពីរឆ្នាំចុងក្រោយនេះ អាជ្ញាធរបានហាមឃាត់ការរៀបចំពិធីនេះ ដោយលើកឡើងពីវិធានការការពារជំងឺរាតត្បាត។
ច្បាប់សន្តិសុខជាតិរបស់ហុងកុង ដែលត្រូវបានអនុម័តដោយរដ្ឋាភិបាលទីក្រុងប៉េកាំងឆ្លើយតបទៅនឹងការតវ៉ាទ្រង់ទ្រាយធំប្រឆាំងរដ្ឋាភិបាល និងជាញឹកញាប់ប្រឈមហិង្សានៅឆ្នាំ២០១៩ នោះ ដាក់ទណ្ឌកម្មលើជនដែលអាជ្ញាធរជឿថា បានធ្វើសកម្មភាពភេរវកម្ម ផ្តាច់ខ្លួន វិទ្ធង្សនាអំណាចរដ្ឋ ឬឃុបឃិតជាមួយកម្លាំងបរទេស ដោយផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ប្រសិនបើរកឃើញថាមានទោស៕
(ព័ត៌មានខ្លះក្នុងសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន The Associated Press, Reuters និង Agence France Presse)