ការបោះឆ្នោតនៅ ហុងកុង បានប្រព្រឹត្តទៅដោយមានអ្នកទៅបោះឆ្នោតក្នុងចំនួនមួយដ៏ទាបកាលពីថ្ងៃអាទិត្យ។ ការបោះឆ្នោតនោះគឺដើម្បីជំនួសតំណាងរាស្ត្រដែលត្រូវបានដកតំណែងដោយសារមានកំហុសជុំវិញការស្បថចូលកាន់តំណែងកាលពីឆ្នាំមុន ព្រោះរដ្ឋាភិបាលចិនមើលឃើញថាមិនសមស្រប។
ការបោះឆ្នោតនេះគឺជាការប្រកួតប្រជែងគ្នារវាងអ្នកស្មោះស្ម័គ្រនឹងរដ្ឋាភិបាលក្រុងប៉េកាំងនឹងបេក្ខជនដែលប្រឆាំង ដែលបារម្ភថា ប្រសិនបើពួកគេមិនទទួលបានអាសនៈខ្លះនៅក្នុងការបោះឆ្នោតនេះទេ ពួកគេនឹងមិនមានអំណាចវេតូនោះទេ ហើយការណ៍នេះនឹងធ្វើឲ្យអំណាចរបស់រដ្ឋាភិបាលក្រុងប៉េកាំងកាន់តែមានប្រសិទ្ធភាពនៅក្នុងសភាពាក់កណ្តាលប្រជាធិបតេយ្យរបស់ទីក្រុងនេះ។
យុវតី Agnes Chow បេក្ខជនខាងគាំទ្រប្រជាធិបតេយ្យ ដែលបានសង្ឃឹមថា នឹងជំនួសតំណែងរបស់តំណាងរាស្ត្រនិងសកម្មជន Nathan Law ត្រូវបានហាមឃាត់មិនឲ្យឈរឈ្មោះនៅនាទីចុងក្រោយ ដោយសារតែនាងបានតស៊ូមតិសម្រាប់អ្នករស់នៅទីក្រុង ហុង កុង ដើម្បីកំណត់ពីអនាគតរបស់ខ្លួនឯងបាន។
នាង Chow បាននិយាយថា «ការបោះឆ្នោតនេះមិនមែនជាការបោះឆ្នោតធម្មតាមួយនោះទេ។ វាគឺជាសមរភូមិរវាងអ្នកគាំទ្ររដ្ឋាភិបាលក្រុង ប៉េកាំង និងអ្នកគាំទ្រប្រជាធិបតេយ្យ»។ នាងបានបន្ថែមថា ការបោះឆ្នោតនេះគឺជាជម្រើសដ៏សំខាន់មួយសម្រាប់អ្នករស់នៅទីក្រុង ហុង កុង រវាង «នីតិរដ្ឋឬច្បាប់របស់គណបក្សកុម្មុយនីស្ត»៕