បាតុកម្មប្រឆាំងរដ្ឋាភិបាលក្រុងហុងកុងកើតមានឡើងរយៈពេល៥ខែហើយ។ ពួកនិស្សិតក្រុងហុងហុងនិយាយថា ទោះបីពួកគេដឹងថា ការប្រយុទ្ធនេះមិនបានទទួលជ័យជម្នះក៏ដោយ ក៏ពួកគេត្រូវតែធ្វើដើម្បីដាក់ការគាបសង្កត់លើរដ្ឋាភិបាល។
នៅពេលដែល Joseph ចាកចេញពីផ្ទះកាលពីសប្តាហ៍មុន និស្សិតនៅមហាវិទ្យាល័យហុងកុង អាយុ១៩ឆ្នាំនេះបានប្រាប់ឪពុកម្តាយរបស់ខ្លួនថា គេទៅដើរលេងជាមួយមិត្តភក្តិ។ នេះជាការពិតតែមួយផ្នែកប៉ុណ្ណោះ។
តាមការពិត Joseph បានធ្វើដំណើរទៅកាន់សាកលវិទ្យាល័យពហុបច្ចេកទេសហុងកុង ដែលនៅទីនោះគាត់ និងក្រុមយុវជនក្មេងៗរាប់រយនាក់ទៀតបានកាន់កាប់បរិវេណសាកលវិទ្យាល័យបិទផ្លូវ Highway ដ៏សំខាន់មួយ ហើយបានស្តុកទុកអាវុធធ្វើដោយខ្លួនឯងនៅក្នុងការប្រុងប្រៀបប្រយុទ្ធជាមួយប៉ូលិស។
ពីមួយយប់ទៅមួយយប់កាលពីសប្តាហ៍មុន បរិវេណសាកលវិទ្យាល័យនៅក្នុងទីក្រុង បានក្លាយជាសមរភូមិ នៅពេលដែលប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកនិងគ្រាប់កាំភ្លើងជ័រទៅលើពួកនិស្សិតដែលបានឆ្លើយតបដោយប្រើដបសាំងដែលមានភ្លើង ដុំឥដ្ឋ និងអ្វីៗដែលពួកគេអាចរកបាន។
ថ្វីបើក្រុងហុងកុងបានឃើញការតវ៉ាប្រឆាំងរយៈពេល៥ខែក៏ដោយ នេះជាប្រភេទអំពើហឹង្សាថ្មី។ ចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យដែលត្រូវបានកត់សម្គាល់ដោយការតវ៉ាប្រឆាំងដ៏ខ្លាំងនៅតាមផ្លូវនានាឥឡូវនេះបង្ហាញនូវភាពគ្រោះថ្នាក់ដែលត្រូវបានធ្វើឡើងដោយពួកនិស្សិតជ្រុលនិយមមួយក្រុមតូចដែលបង្ហាញថា ពួកគេមានឆន្ទៈធ្វើហួសពីបាតុកម្មដោយសន្តិវិធី និងទាក់ទិននៅក្នុងការប្រយុទ្ធរយៈពេលយូរជាមួយប៉ូលិសនៅក្នុងការខំប្រឹងប្រែងរបស់ពួកគេដើម្បីធ្វើកំណែទម្រង់តាមបែបលទ្ធិប្រជាធិបតេយ្យ។
យុវជន Joseph បាននិយាយតាមប្រព័ន្ធសារ app សម្ងាត់មួយថា «ខ្ញុំសារភាពតាមការពិតថា យើងកំពុងប្រើប្រាស់អំពើហឹង្សាខ្លះ។ ក៏ប៉ុន្តែ ដើម្បីការពារពួកបាតុករ ស្លូតត្រង់និងធ្វើការដាក់សម្ពាធលើរដ្ឋាភិបាល អំពើហឹង្សានិងកម្លាំងខ្លះដើម្បីប្រយុទ្ធតបតវិញជាការចាំបាច់»។
ក្នុងគំនិតរបស់បាតុករនៅជួរមុខដូចជា Joseph អំពើហឹង្សាជាការខំប្រឹងប្រែងចុងក្រោយដើម្បីរក្សាសេរីភាពដែលនៅសេសសល់របស់ក្រុងហុងកុងមុនពេលដែនដីពាក់កណ្តាលស្វ័យភាពនេះ ត្រូវកាន់កាប់ដោយចិនដីគោកនៅឆ្នាំ២០៤៧។ ពួកអាជ្ញាធរក្រុងហុងកុងចោទប្រកាន់ពួកបាតុករពីការចូលរួមក្នុងអំពើហឹង្សាដែលមិនស្របទៅ នឹងលទ្ធិប្រជាធិបតេយ្យ។
VOA បាននិយាយជាមួយពួកបាតុករក្មេងៗប្រហែល១០នាក់ដែលបានស្ថិតនៅឯសា កលវិទ្យាល័យពហុបច្ចេកទេសអស់រយៈពេលជាងមួយសប្តាហ៍។ ថ្វីបើការប្រឈមមុខដាក់គ្នាភាគច្រើនបានចប់ហើយក៏ដោយ ពួកបាតុកររាប់សិបនាក់ នៅតែស្ថិតនៅក្នុងបរិវេណសាកលវិទ្យាល័យ។ ភាគច្រើននៃបាតុករទាំងនោះ ភាគច្រើនបានប្រគល់ខ្លួនឲ្យប៉ូលិសឬរត់គេចខ្លួន។ បាតុករខ្លះប្រឈមការចោទប្រកាន់ដែលទាក់ទិននឹងកុប្បកម្មដែលអាចធ្វើឲ្យពួកគេជាប់គុកចំនួន១០ឆ្នាំ។ VOA បានប្រើឈ្មោះក្លែងក្លាយដើម្បីការពារអត្តសញ្ញាណរបស់ពួកគេ។
នាង Crystal ជាបាតុករនិស្សិតរបស់សាកលវិទ្យាល័យពហុបច្ចេកទេសដែលបានរត់គេចខ្លួនចាប់តាំងពីចាកចេញពីបរិវេណសាកលវិទ្យាល័យនោះមកបាននិយាយថា «យើងបានធ្វើបាតុកម្មដោយសន្តិវិធី ក៏ប៉ុន្តែ រដ្ឋាភិបាលមិនបានស្តាប់យើងទេ»។នាងនិយាយទៀតថា នាងមិនអាចដេកឲ្យបានស្កប់ស្កល់អស់ជាង១សប្តាហ៍ហើយ។
នាងនិយាយទៀតថា «ខ្ញុំភ័យខ្លាច។ខ្ញុំប្រាកដជាភ័យខ្លាច»។
នាង Crystal ចង់ធ្វើជាគ្រូបង្រៀនបថមសិក្សានៅថ្ងៃណាមួយ ក៏ប៉ុន្តែនៅពេលឥឡូវនេះ នាងចាត់ទុកខ្លួននាងជាអ្នកបដិវត្តន៍ម្នាក់។
នាងនិយាយទៀតថា «ខ្ញុំគិតថា ភាពជ្រុលនិយមជាពាក្យវិជ្ជមានសម្រាប់ខ្ញុំ សម្រាប់យើងទាំងអស់គ្នា។ហើយ បដិវត្តន៍ភាគច្រើនមានអំពើហិង្សា»។
នៅពេលនេះ នាងមិនប្រាកដថាតើនឹងស្ថិតនៅក្នុងក្រុងហុងកុងហើយធ្វើការប្រយុទ្ធ ឬក៏ស្វះស្វែងសុំសិទ្ធិជ្រកកោននយោបាយនៅក្នុងប្រទេសដទៃទៀត។
នាងនិយាយទៀតថា «នេះជាទីកន្លែងរបស់ខ្ញុំ។នេះជាផ្ទះរបស់ខ្ញុំ។ ខ្ញុំចាំបាច់ការពារ។ហើយ ខ្ញុំដឹងថា នៅឆ្នាំ២០៤៧ ខ្ញុំនឹងក្លាយជាស្រ្តីចាស់ម្នាក់។ ក៏ប៉ុន្តែអ្វីនឹងកើតមានឡើងសម្រាប់មនុស្សជំនាន់ក្រោយ?។ ហើយមនុស្សជំនាន់ក្រោយឮទៀតនឹងទៅជាយ៉ាងណា? តើពួកគេនឹងក្លាយទៅជាអ្វីទៅ?។ តើពួកគេត្រូវគេលាងខួរក្បាលឬ? អ្វីៗនឹងក្លែងក្លាយដូចជាប្រទេសដីគោកឬ?»។
ពួកនិស្សិតជួរមុខភាគច្រើនដែលបានប្រយុទ្ធនៅឯសាកលវិទ្យាល័យពហុបច្ចេកទេសហុងកុង ជាក្មេងជំទង់ឬមានអាយុខ្ទង់២០ឆ្នាំប្លាយ។ ពួកគេខ្លះជាបាតុករថ្មី។ អ្នកខ្លះទៀតជាបាតុករជើងចាស់នៃចលនាឆ័ត្រឆ្នាំ២០១៤ជា ការតវ៉ាប្រឆាំងដែលដឹកនាំដោយនិស្សិតម្នាក់ដែលជំរុញមិនបានទទួលជោគជ័យឲ្យមានការបោះឆ្នោតសាកល។
នៅពេលដែលនិយាយពីកម្លាំង ពួកនិស្សិតទាំងនោះ មិនអាចប្រៀបផ្ទឹមមិនត្រឹមតែអាវុធរបស់ប៉ូលិសក្រុងហុងកុងទេ កុំថាឡើយដល់កងទ័ពរំដោះប្រជាជនចិន ដែលជាកងទ័ពដ៏ខ្លាំងបំផុតមួយរបស់ពិភពលោកនោះ។ កងទ័ពរំដោះប្រជាជនចិនមានកងទ័ពរាប់ពាន់នាក់នៅក្នុងទីក្រុងហុងកុងហើយជាច្រើនពាន់នាក់ទៀតនៅម្ខាងទៀតនៅព្រំដែន ទោះជា ពួកគេមិនទាន់បានចាកចេញពីបន្ទាយ ដើម្បីប្រឈមពួកបាតុករនៅឡើយក៏ដោយ។
Joseph និយាយទៀតថា «យើងយល់ថា យើងមិនអាចឈ្នះនៅក្នុងការប្រយុទ្ធដៃទល់នឹងដៃទេ។ក៏ប៉ុន្តែ ទោះយ៉ាងណាក៏ដោយ យើងមិនត្រូវរក្សាការស្ងៀមស្ងាត់នៅក្នុងការប្រឈមភាពអយុត្តិធម៌នេះទេ»។
នេះជាមនោសញ្ចេតនាក្នុងចំណោមពួកបាតុករដែលស្ថិតនៅជួរមុខ។ ភាគច្រើននៃបាតុករទាំងនោះ មានការទោមនស្សចំពោះបណ្តាញព័ត៌មានក្រុងហុងកុងនិងចិនដីគោកដែលបានចោទប្រកាន់ពួកគេថា ជាកូនក្មេងឆោតល្ងង់ដែលត្រូវបានជំរុញទៅជួរមុខដោយពួកមនុស្សពេញវ័យដែលគ្មានការទទួលខុសត្រូវ។ តាមការពិត ពួកបាតុករជ្រុលនិយមជាច្រើន ហាក់ដូចជា មានការយល់ដឹងដោយខ្លួនឯង បានសម្តែងនូវជំនឿតាមកម្មវាសនានិងការតាំងចិត្តប្រកបដោយភាពគ្រោះថ្នាក់យ៉ាងខ្លាំង។
ម្យ៉ាងវិញទៀតគឺថា ពួកគេដឹងថា ពួកគេហាក់ដូចជាចាញ់ ក៏ប៉ុន្តែពួកគេមានឆន្ទៈដើម្បីធ្វើការប្រយុទ្ធ។
នាង Crystal និយាយទៀតថា «យើងដឹងថា យើងមិនអាចឈ្នះបានទេ ក៏ប៉ុន្តែការតស៊ូនេះ អាចធ្វើឲ្យមានក្តីសង្ឃឹម។ ប្រសិនបើយើងមិនសាកល្បង យើងដឹងថា តើការណ៍នេះ បញ្ចប់ដោយរបៀបណាទេ។ យើងមិនអាចគ្រាន់តែនិយាយថា ទេ ទេ មិនអាចធ្វើទៅបាននោះទេ។ ហេតុអ្វី បានជាមិនសាកល្បងនោះ?»។
និស្សិតម្នាក់ទៀតនៅបរិវេណសាកលវិទ្យាល័យដែលបានកាន់ធ្នូនិងព្រួញ ហើយបានពាក់មួកបិទបាំងតាមបែបយោធា បានទទួលស្គាល់ថា អាវុធរបស់ខ្លួន មិនអាចប្រៀបផ្ទឹមជាមួយកម្លាំងដែលគាត់ប្រយុទ្ធប្រឆាំងនោះទេ។
លោកបាននិយាយនៅខាងមុខគំនតុរៀនដែលខ្ទេចខ្ទី ដែលបានគរជាគំនរធ្វើជារបាំងរារាំងប៉ូលិសថា «បាតុករទាំងអស់ មានការភ័យខ្លាច ពីព្រោះយើងប្រហែលនឹងស្លាប់។ ក៏ប៉ុន្តែយើងគិតថា ប្រសិនបើយើងមិនក្រោកឈរឡើងនៅថ្ងៃនេះទេ បន្ទាប់មក សេរីភាពទាំងអស់នៅក្នុងទីក្រុងហុងកុងនឹងបាត់បង់។ មិនមានផ្លូវសម្រាប់យើងត្រឡប់ថយក្រោយទេ»។
បាតុករនៅជួរមុខម្នាក់ទៀតនៅឯសាកលវិទ្យាល័យពហុបច្ចេកទេសដែលបាននិយាយតាមរយៈការពាក់របាំងមុខពណ៌ខ្មៅដើម្បីការពារឧស្ម័នដែលមានសំឡេងខុសពីភាពដើមនិយាយថា «យើងទាំងអស់គ្នានៅទីនេះ ដឹងពីអ្វីដែលយើងកំពុងធ្វើ។ពីព្រោះតែការទាមទាររបស់យើង មិនត្រូវបានគេដោះស្រាយ។ ដោយហេតុនេះហើយ យើងត្រូវតែធ្វើឲ្យសកម្មភាពរបស់យើងកាន់តែធំឡើងនិងមានបច្ចុប្បន្នភាពដើម្បីទទួលបានលទ្ធផលមកពីរដ្ឋាភិបាល»។
ការតវ៉ាប្រឆាំងនៅពេលថ្មីៗនេះ បានកើតមានឡើងនៅខែមិថុនានៅក្នុងការប្រឆាំងសេចក្តីព្រាងច្បាប់បត្យាប័ន។ សំណើរច្បាប់នោះអាចត្រូវមើលឃើញថា អ្នកក្រុងហុងកុងត្រូវគេយកទៅកាត់ទោសនៅចិនដីគោក ដែលនៅទីនោះ តុលាការ ត្រូវបានត្រួតត្រាដោយគណបក្សកុម្មុយនិស្ត ហើយមានសេចក្តីរាយការណ៍ថា ការធ្វើទារុណកម្មនិងចម្លើយសារភាពដោយសារការបង្ខំ ជាការធម្មតា។
ថ្វីបើអាជ្ញាធរក្រុងហុងកុង នៅទីបញ្ចប់បានបោះបង់ចោលសេចក្តីព្រាងច្បាប់បត្យា ប័ននោះក៏ដោយ បន្ទាប់មកការតវ៉ាប្រឆាំងនោះបានផ្លាស់ប្តូរទៅជាការអំពាវនាវឲ្យមានលទ្ធិប្រជាធិបតេយ្យកាន់តែខ្លាំងឡើងនិងការប្រឆាំងដល់ឥទ្ធិពលកាន់តែខ្លាំងឡើងរបស់រដ្ឋាភិបាលក្រុងប៉េកាំង។
ពួកបាតុករបានធ្វើការទាមទារចំនួន ៥ រួមមានការស៊ើបអង្កេតអំពីភាពព្រៃផ្សៃរបស់ប៉ូលិស ការលើកលែងទោសពួកបាតុករដែលត្រូវបានឃុំខ្លួន និងការបោះឆ្នោតដោយផ្ទាល់ទាំងនៅក្នុងអង្គនីតិបញ្ញត្តិនិងប្រតិបត្តិកំពូល។
ក៏ប៉ុន្តែក្រៅពីការបោះបង់ចោលនូវសេចក្តីព្រាងច្បាប់បត្យាប័ន ក្រុមអាជ្ញាធរក្រុងហុងកុងបានបដិសេធពុំព្រមធ្វើសម្បទាន។ផ្ទុយទៅវិញ នៅពេលដែលពួកគេបានចាប់ផ្តើមពីដំបូងពួកអាជ្ញាធរ បានចាត់ទុកការតវ៉ាប្រឆាំងនោះជាកុប្បកម្ម។
លោកស្រី Carrie Lam ប្រធានប្រតិបត្តិក្រុងហុងកុង និយាយនៅដើមខែនេះថា«សកម្មភាពរបស់ពួកកុប្បករមានហួសឆ្ងាយពីការអំពាវនាវឲ្យមានលទ្ធិប្រជាធិបតេយ្យ។ ពួកគេឥឡូវនេះជាសត្រូវរបស់ប្រជាពលរដ្ឋ»៕
ប្រែសម្រួលដោយជឹង ប៉ូជីន