លោកស្រី Carrie Lam មេដឹកនាំក្រុងហុងកុងបាននិយាយនៅថ្ងៃអង្គារនេះថា លទ្ធផលនៃការបោះឆ្នោតមូលដ្ឋានដែលបេក្ខជនគណបក្សប្រឆាំង បានឈ្នះអាសនៈដែលត្រូវប្រកួតប្រជែងជិត៩០ភាគរយ អាចជាការឆ្លុះបញ្ចាំងនៃការមិនសប្បាយចិត្តជាមួយរដ្ឋបាលរបស់លោកស្រី ហើយនិងចំណាត់ការរបស់រដ្ឋបាលដល់បាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យ។
លោកស្រី Lam បាននិយាយទៀតថា អ្នកបោះឆ្នោត បានសម្តែងនូវទស្សនៈរបស់ពួកគេស្តីពី «ភាពកម្សោយនៅក្នុងការដឹកនាំ»ហើយនិងការអំពាវនាវម្តងហើយម្តងទៀតរបស់លោកស្រីឲ្យបញ្ចប់បាតុកម្មហិង្សា។ លោកស្រីក៏បាននិយាយឡើងវិញដែរពីការសន្យាកាលពីពេលមុនៗរបស់លោកស្រីដើម្បីធ្វើការសន្ទនាជាសាធារណៈដើម្បីដោះស្រាយបញ្ហានានាដូចជាភាពចលាចល ខណៈដែលមិនបានផ្តល់សម្បទានពិត ប្រាកដណាមួយ។
អ្នកបោះឆ្នោតកាលពីថ្ងៃអាទិត្យ បានដាក់ការស្តីបន្ទោសដ៏ភ្ញាក់ផ្អើលមួយដល់រដ្ឋាភិបាលក្រុងប៉េកាំង ហើយលទ្ធផលនៃការបោះឆ្នោតនេះ មានន័យថា ក្រុមគាំទ្រលទ្ធិប្រជាធិបតេយ្យ នឹងត្រួតត្រាក្រុមប្រឹក្សាស្រុកចំនួន១៧នៃក្រុមប្រឹក្សាស្រុកទាំងអស់ចំនួន១៨ ដែលកាលពីពេលមុនមិនបានត្រួតត្រាក្រុមប្រឹក្សាស្រុកណាមួយ។
ការបោះឆ្នោតនេះជានិមិត្តរូបនៃការបរាជ័យដ៏ខ្លាំងមួយដល់កម្លាំងដែលគាំទ្ររដ្ឋាភិបាលក្រុងប៉េកាំងដែលបានគ្រប់គ្រងនយោបាយក្រុងហុងកុង ហើយជាភស្តុតាងនៃពេលថ្មីៗនេះនៃការបន្តការគាំទ្ររបស់សាធារណជនដល់ចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យរយៈពេល៥ខែដែលមានភាពគគ្លើនកាន់តែខ្លាំងឡើងៗ។
លោក Joshua Wong សកម្មជននិស្សិត បាននិយាយក្នុងសារតាម Twitter ថា «អ្នកស្រុកហុងកុង បានចាប់ផ្តើមនិយាយខ្លាំងៗហើយនិងច្បាស់ៗ។ សហគមន៍អន្តរជាតិ ត្រូវតែទទួលស្គាល់ថា អស់រយៈពេលជិត៦ខែ មតិសាធារណជនមិនបានប្រឆាំងនឹងចលនានេះទេ»៕