ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្លាំង​ប្រជាធិបតេយ្យ​ហុងកុង​ទទួល​បាន​ជ័យជម្នះ​ភ្លូក​ទឹក​ភ្លូក​ដី​ក្នុង​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​សង្កាត់


អ្នក​គាំទ្រ​លោក Angus Wong ដែល​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​សាទរ​ បន្ទាប់​ពី​លោក​បាន​ឈ្នះ​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ស្រុក​មួយ​នៅ​ក្នុង​ក្រុង​ហុងកុង កាលពី​ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩។
អ្នក​គាំទ្រ​លោក Angus Wong ដែល​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​សាទរ​ បន្ទាប់​ពី​លោក​បាន​ឈ្នះ​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ស្រុក​មួយ​នៅ​ក្នុង​ក្រុង​ហុងកុង កាលពី​ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩។

កម្លាំង​ប្រជាធិបតេយ្យ​នៅ​ក្នុង​ទីក្រុង​ហុងកុង​ទទួល​បាន​ជោគជ័យ​ភ្លូក​ទឹក​ភ្លូក​ដី​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​សង្កាត់​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ ដែល​ករណី​នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា អ្នក​បោះ​ឆ្នោត​ក្នុង​ចំនួន​ជា​ច្រើន​មិន​ដែល​មាន​ពី​មុន​មក​បង្ហាញ​ការ​ជំទាស់​ទៅ​នឹង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។

បេក្ខជន​ខាង​គណបក្ស​ប្រឆាំង​ឈ្នះ​អាសនៈ​ជិត ៩០ ភាគរយ។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​ស្ថានីយ​វិទ្យុ​ហុងកុង RTHK។ បេក្ខជន​ខាង​ប្រជាធិបតេយ្យ​នឹង​គ្រប់គ្រង​ក្រុម​ប្រឹក្សា​សង្កាត់​ចំនួន ១៧ ក្នុង​ចំណោម​ក្រុម​ប្រឹក្សា​សង្កាត់​ទាំង ១៨ នៅ​ទីក្រុង​ហុងកុង។ កាល​ពី​មុន បេក្ខជន​ខាង​ប្រជាធិបតេយ្យ​មិន​បាន​គ្រប់គ្រង​ក្រុម​ប្រឹក្សា​សង្កាត់​ណា​មួយ​ទេ។

ការ​បោះ​ឆ្នោត​គឺ​ជា​ការ​វាយ​បក​បែប​និមិត្តរូប​ដ៏​សំខាន់​មួយ​ចំពោះ​កម្លាំង​ដែល​មាន​ទំនោរ​ទៅ​រក​ចិន ដែល​គ្រប​ដណ្ដប់​នយោបាយ​ទីក្រុង​ហុងកុង​នៅ​ពេល​បច្ចុប្បន្ន​នេះ និង​ជា​ភស្តុតាង​ថ្មី​ចុង​ក្រោយ​នៃ​ការ​គាំទ្រ​ជា​បន្ត​របស់​សាធារណជន​ចំពោះ​ចលនា​តវ៉ា​ប្រជាធិបតេយ្យ​ជាង ៥ ខែ​កន្លង​មក។

សកម្មជន​និស្សិត​លោក Joshua Wong បាន​បញ្ជាក់​តាម Twitter ថា៖ «ពលរដ្ឋ​ហុងកុង​បាន​បញ្ចេញ​មតិ​ឮៗ និង​ច្បាស់ៗ​ហើយ។ សហគមន៍​អន្តរជាតិ​ត្រូវតែ​ទទួល​ស្គាល់​ថា សាធារណជន​មិន​បាន​ប្រឆាំង​នឹង​ចលនា​តវ៉ា​ជិត ៦ ខែ​កន្លង​មក​នេះ​ទេ‍»។

លោក David Zweig សាស្ត្រាចារ្យ​ចូល​និវត្តន៍​នៃ​សាកល​វិទ្យាល័យ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ហុងកុង បាន​និយាយ​ថា៖ «នេះ​គឺ​ជា​ជោគជ័យ​ភ្លូក​ទឹក​ភ្លូក​ដី គឺ​ហួស​ពី​ការ​រំពឹង​ទុក​របស់​ប្រជាពលរដ្ឋ​ទៅ​ទៀត‍»។

ការ​បោះ​ឆ្នោត​នេះ​នឹង​មិន​ផ្លាស់ប្ដូរ​សំខាន់​ណា​មួយ​ចំពោះ​តុល្យភាព​អំណាច​នៅ​ក្នុង​ប្រព័ន្ធ​នយោបាយ​បែប​ប្រជាធិបតេយ្យ​មួយ​ចំនួន​របស់​ទីក្រុង​ហុងកុង​នោះ​ទេ។ សមាជិក​ក្រុម​ប្រឹក្សា​សង្កាត់​គ្មាន​អំណាច​ណា​មួយ​នៅ​ក្នុង​ការ​អនុម័ត​ច្បាប់​នោះ​ឡើយ។ ពួកគេ​ធ្វើ​ការ​ជា​ចម្បង​លើ​បញ្ហា​តាម​មូលដ្ឋាន​ដូចជា​ការ​ត្អូញត្អែរ​របស់​ពលរដ្ឋ​អំពី​សំឡេង​ថ្លង់ និង​ទីតាំង​សម្រាប់​ស្ថានីយ​រថយន្ត​ក្រុង​ជា​ដើម៕

XS
SM
MD
LG