ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្ថានការណ៍​តវ៉ា​របស់​ក្រុម​និស្សិត​ហុងកុង​នៅ​សាកល​វិទ្យាល័យ​កាន់តែ​យ៉ាប់យ៉ឺន​ឡើង


រូបឯកសារ៖ បាតុករពាក់ស្រោមមុខអំឡុងពេលបាតុកម្មប្រឆាំងរដ្ឋាភិបាលនៅក្រុងហុងកុង កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩។
រូបឯកសារ៖ បាតុករពាក់ស្រោមមុខអំឡុងពេលបាតុកម្មប្រឆាំងរដ្ឋាភិបាលនៅក្រុងហុងកុង កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩។

អ្វី​ដែល​ធ្លាប់​ធ្វើ​ជា​ផ្ទះ​សម្រាប់​អ្នក​តវ៉ា​ដែល​ជា​និស្សិត​ក្នុង​រយៈពេល​មួយ​សប្ដាហ៍​កន្លង​មក​នេះ ឥឡូវ​នេះ​គឺ​ពោរពេញ​ទៅ​ដោយ​សំរាម។ គិត​ត្រឹម​ថ្ងៃ​អង្គារ ការ​ហ៊ុមព័ទ្ធ​សាកល​វិទ្យាល័យ​នេះ​បាន​ចូល​ដល់​ថ្ងៃ​ទី ៣ ហើយ ដោយ​ស្បៀង​អាហារ ទឹកចិត្ត និង​ចំនួន​អ្នក​តវ៉ា​កាន់តែ​តិច​ទៅៗ។

ស្ថានការណ៍​នៅ​បរិវេណ​សាកល​វិទ្យាល័យ​នេះ​គឺ​កាន់តែ​យ៉ាប់យ៉ឺន​ឡើងៗ។ អ្នក​តវ៉ា​ពីរ​នាក់​បាន​ប្រាប់ VOA ថា ពួកគេ​គិត​ចង់​សម្លាប់​ខ្លួន ប៉ុន្តែ​ក៏​សម្រេច​ចិត្ត​ឈប់​គិត​រឿង​នេះ​វិញ។

អ្នក​តវ៉ា​មួយ​ចំនួន​តូច​បាន​ចាកចេញ​ពី​បរិវេណ​សាកល​វិទ្យាល័យ​នេះ ដែល​ពួកគេ​អាច​នឹង​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​ពាក់ព័ន្ធ​នឹង​កុប្បកម្ម ដែល​អាច​ធ្វើ​ឲ្យ​ពួកគេ​ជាប់​ពន្ធនាគារ​ជា​ច្រើន​ឆ្នាំ។

មេដឹកនាំ​ទីក្រុង​ហុងកុង​អ្នកស្រី Carrie Lam បាន​ការពារ​វិធានការ​របស់​ប៉ូលិស។

អ្នកស្រី​និយាយ​ថា៖ «ពួកគេ​ត្រូវ​បញ្ឈប់​អំពើ​ហិង្សា លះបង់​អាវុធ ចេញ​មក​ដោយ​សន្តិវិធី និង​ស្ដាប់​តាម​ការ​ណែនាំ​របស់​ប៉ូលិស‍»។

លោក Derek Kwan ប្រធាន​សមាគម​និស្សិត​របស់​សាកល​វិទ្យាល័យ និយាយ​ថា ស្បៀង​អាហារ​កាន់តែ​តិច​ទៅៗ​សម្រាប់​មិត្តភ័ក្ដិ​របស់​លោក​នៅ​ក្នុង​បរិវេណ​សាកល​វិទ្យាល័យ​នោះ។

លោក​បញ្ជាក់​ដូច្នេះ​ថា៖ «ឥឡូវ​នេះ ស្បៀង​អាហារ​ត្រូវ​បាន​កាត់​ផ្ដាច់​ដោយ​ប៉ូលិស ដោយ​របាំង​មួយ​ចំនួន ដែល​ដាក់​កាត់​ទទឹង​ផ្លូវ​រារាំង​មិន​ឲ្យ​បញ្ជូន​ស្បៀង​អាហារ​ចូល។ ដូច្នេះ ទោះបីជា​មាន​ការ​ផ្គត់ផ្គង់​ទឹក​មិន​កំណត់​ដល់​សាកល​វិទ្យាល័យ​យើង​ក៏​ដោយ ក៏​ស្បៀង​អាហារ​ចាប់ផ្ដើម​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់‍​ដែរ»។

នៅ​ខាង​ក្រៅ​សាកល​វិទ្យាល័យ ឪពុក​ម្ដាយ​នៃ​ក្រុម​និស្សិត​តវ៉ា​ទាំង​នេះ ដែល​មាន​អ្នក​ខ្លះ​នៅ​ស្ថិត​ក្នុង​សាកល​វិទ្យាល័យ​នោះ​នៅ​ឡើយ បាន​ស្នើ​ឲ្យ​មាន​ដំណោះស្រាយ​ប្រកប​ដោយ​សន្តិវិធី។

គ្រប់​ភាគី​ទាំង​អស់​អំពាវនាវ​ឲ្យ​មាន​ដំណោះស្រាយ​ប្រកប​ដោយ​សន្តិវិធី ប៉ុន្តែ​មិន​ទាន់​មាន​នរណា​ដឹង​ថា​ដំណោះស្រាយ​នេះ​នឹង​សម្រេច​បាន​នៅ​ពេល​ណា និង​ដោយ​វិធី​ណា​នោះ​ទេ៕

ប្រែ​សម្រួល​ដោយ ភី សុភាដា

វីដេអូថ្មីៗបំផុត

XS
SM
MD
LG