ពួកអ្នកវិភាគនិយាយថា រដ្ឋាភិបាលក្រុងហុងកុងប្រហែលពិចារណាអំពីវិធានការពង្រឹងការបង្ក្រាបរបស់ពួកគេលើក្រុមបាតុការប្រឆាំងនឹងរដ្ឋាភិបាលនៅក្រោយប្រធានាធិបតីចិន Xi Jinping បានចេញសេចក្តីព្រមានចំៗមួយឱ្យអាជ្ញាធរក្រុងនេះ«បញ្ចប់អំពើហិង្សាហើយធ្វើឱ្យមានរបៀបរៀបរយឡើងវិញ»។
ពួកអ្នកវិភាគទាំងនេះបាននិយាយបន្ថែមថា ការបង្កើនការបង្ក្រាបអាចមានផលមិនល្អត្រឡប់មកវិញ, បញ្ឆេះឱ្យមានភាពតានតឹងខ្លាំងជាងមុននៅក្នុងក្រុងនេះនិងធ្វើឱ្យសេដ្ឋកិច្ចក្រុងនេះមានដំណើរការមិនល្អប្រសិនបើក្រុមបាតុករមិនព្រមថយក្រោយ។
ទីភ្នាក់ងារព័ត៌មាន Peole's Daily របស់រដ្ឋនៃប្រទេសចិនបានរាយការណ៍ថា លោក Xi Jinping បាននិយាយប្រាប់ស្និសីទកំពូលមួយក្នុងប្រទេសប្រេស៊ីល កាលពីថ្ងៃព្រហស្បតិ៍ថា"ឧក្រិដ្ឋកម្មជ្រុលនិយមនិងឃោរឃៅបានជាន់ឈ្លីលើគោលការណ៍ជាមូលដ្ឋាននៃប្រទេសមួយ ប្រព័ន្ធពីរ នៅហុងកុង។
លោក Xi បាននិយាយថា៖ «ការបញ្ឈប់អំពើហិង្សានិងធ្វើឱ្យមានរៀបរៀបរយឡើងវិញជាកាតព្វកិច្ចបន្ទាន់បំផុតនៅពេលនេះរបស់អាជ្ញាធរក្រុងហុងកុង»។
លោក Xi ក៏បានសម្តែងការគាំទ្រដល់អ្នកស្រី Carrie Lam ប្រធានប្រតិបត្តិនៃក្រុងហុងកុង, ពួកប៉ូលិសហុងកុង និងអង្គការតុលាការនៃក្រុងនេះដែលបានដាក់ទណ្ឌកម្មដល់អ្វីដែលលោកហៅថា «ពួកឧក្រិដ្ឋជនឃោរឃៅ»។
ប្រធានាធិបតីចិនរូបនេះបាននិយាយបន្ថែមថា៖ «រដ្ឋាភិបាលចិនគ្មានការងាករេទេក្នុងការថែរក្សាអធិបតេយ្យភាពរបស់ខ្លួន, ផលប្រយោជន៍ខាងសន្តិសុខនិងខាងអភិវឌ្ឍន៍ ដោយអនុវត្តគោលការណ៍ប្រទេសមួយ ប្រព័ន្ធពីរ និងរារាំងការជ្រៀតជ្រែកដោយកងកម្លាំងបរទេសទៅក្នុងកិច្ចការក្រុងហុងកុង»។
លោក Sang Pu ដែលជាអ្នកធ្វើអត្ថាធិប្បាយម្នាក់នៅហុងកុងបាននិយាយថា ទោះបីនេះជាការនិយាយជាថ្មីអំពីគោលជំហរយូរយាមកហើយរបស់រដ្ឋាភិបាលក្រុងប៉េកាំងក៏ដោយ ក៏កំណត់សម្គាល់ទាំងនេះរបស់លោក Xi ជាបញ្ជាដោយផ្ទាល់ដល់អ្នកស្រី Lam ឱ្យចាត់វិធានការតឹងរ៉ឹង និងបញ្ឈប់ចលាចលខាងនយោបាយនេះដែលរយៈពេលប្រាំខែមកហើយក្នុងក្រុងហុងកុង៕