បាតុករមួយចំនួនតូចបានបោះជំរំនៅខាងក្រៅអាគារនីតិបញ្ញត្តិនៃក្រុងហុងកុង តែប៉ុន្មានថ្ងៃក្រោយពីប្រជារាស្ត្រក្រុងហុងកុងរាប់លាននាក់បានធ្វើការតវ៉ាតាមផ្លូវ។ ដោយពិចារណាអំពីវិធានការបន្ទាប់របស់ពួកគេ បាតុករច្រើននាក់សង្ស័យថា ក្នុងពេលឆាប់ៗនេះ រដ្ឋាភិបាលក្រុងប៉េកាំងនឹងធ្វើការបង្ក្រាប។
លោក Cam ដែលជាអ្នកស្រុកក្រុងហុងកុងម្នាក់ បាននិយាយថា៖ «ជាការច្បាស់លាស់ ខ្ញុំព្រួយបារម្ភ។ ក៏ប៉ុន្តែ យើងត្រូវតែធ្វើបាតុកម្មនេះតទៅទៀត ពីព្រោះប្រសិនបើយើងមិនប្រយុទ្ធនៅពេលនេះទេ ប្រសិនបើយើងមិនប្រយុទ្ធដើម្បីសេរីភាពយើងទេ នោះនឹងគ្មានឱកាសទៀតទេ»។
សេចក្តីសម្រេចរបស់អាជ្ញាធរក្រុងហុងកុង ក្នុងការផ្អាកសេចក្តីព្រាងច្បាប់ស្តីពីបត្យាប័ន ជាការលែងទទួលស្គាល់ឥទ្ធិពលរបស់រដ្ឋាភិបាលក្រុងប៉េកាំង ក្នុងក្រុងហុងកុង។
ហើយជ័យជម្នះធំមួយសម្រាប់ក្រុមសកម្មជន ដូចជាលោក Joshua Wong ជាដើម គឺលោកបានត្រូវដោះលែងពីពន្ធនាគារ កាលពីសប្តាហ៍មុន។ លោក Joshua Wong បាននិយាយថា៖ «កាលពីប្រាំឆ្នាំមុននេះ យើងបាននិយាយអះអាងថា យើងនឹងវិលត្រឡប់មកវិញ។ ហើយនៅពេលនេះយើងវិលមកវិញមែន»។
ពលរដ្ឋក្រុងហុងកុងបានធ្វើការតវ៉ាប្រឆាំងនឹងសេចក្តីព្រាងច្បាប់នេះ ដោយមានអ្នកចូលរួមច្រើននាក់មិនធ្លាប់មានពីពេលមុនៗទេ។ ក៏ប៉ុន្ តែមានរយៈពេលតឹងតែងបំផុតនៅខាងមុខ។
លោក Wilson Leung ដែលជាសមាជិកម្នាក់នៃក្រុមមេធាវីគាំទ្រសេចក្តីថ្លៃថ្នូរនៅក្នុងក្រុងហុងកុង បាននិយាយថា៖ «ខ្ញុំយល់ថា ការព្រួយបារម្ភ គឺថា នៅពេលណាដែលការយកចិត្តទុកដាក់អន្តរជាតិរសាយ នៅពេលនោះរដ្ឋាភិបាលក្រុងប៉េកាំងនឹងខិតខំព្យាយាមដាក់កំហិតការត្រួតត្រាកណ្តាប់ដៃដែកក្នុងក្រុងហុងកុង»។
គេយល់ឃើញដោយភាគច្រើនថា សំណើអំពីបត្យាប័នជាកំហុសឆ្គងដែលមិនត្រូវបង្ខំឱ្យធ្វើទេ។ ក៏ប៉ុន្តែ នៅថ្ងៃមុខ រដ្ឋាភិបាលក្រុងប៉េកាំងប្រហែលនឹងពង្រីកឥទ្ធិពលរបស់ខ្លួន តាមកលល្បិចយ៉ាងប៉ិនប្រសប់ជាងមុន។
លោក Wilson Leung បានថ្លែងថា៖ «ជាឧទាហរណ៍ ដូចជាការមានឥទ្ធិពលលើការបោះឆ្នោត។ រដ្ឋាភិបាលក្រុងប៉េកាំងជួយពួកបេក្ខជនដែលគាំទ្រគោលនយោបាយពួកគេ ឱ្យជាប់ឆ្នោត ហើយធ្វើឱ្យពួកសមាជិកសភាខាងក្រុមប្រឆាំងគ្មានគុណវុឌ្ឍិ។រដ្ឋាភិបាលនេះក៏ផ្តល់ប្រាក់ និងលើកទឹកចិត្តដល់កាសែតដែលគាំទ្រគោលជំហររបស់ពួកគេផងដែរ»។
បាតុករច្រើននាក់និយាយថា វិធីតែមួយគត់ គឺអ្នកស្រី Carrie Lam មេដឹកនាំក្រុងហុងកុង ដែលមានទំនាក់ទំនងល្អជាមួយរដ្ឋាភិបាលក្រុងប៉េកាំង គួរចុះចេញពីតំណែង។
អ្នកស្រី Emily Lau ដែលជាអតីតសមាជិកាសភាហុងកុង បាននិយាយថា៖ «មានមនុស្សខ្លះនឹងនិយាយថា តើបានការអី? ប្រសិនបើអ្នកស្រី Lam ចុះចេញពីតំណែង លោកអ្នកនឹងមានអាយ៉ងមួយទៀតរបស់រដ្ឋាភិបាលក្រុងប៉េកាំង ដោយសារប្រព័ន្ធបោះឆ្នោតរបស់យើង មិនប្រជាធិបតេយ្យ។ ក៏ប៉ុន្តែ ការពិតជាក់ស្តែងអំពីបញ្ហានេះគឺត្រូវផ្តល់សញ្ញាដល់ពួកអាយ៉ងទាំងអស់ថា ប្រសិនបើអ្នកធ្វើអ្វីខុស អ្នកត្រូវតែចុះចេញពីតំណែង»។
នៅពេលនេះ ការធ្វើបាតុកម្មប្រហែលជាជម្រើសតែមួយគត់។ លោក Joshua Wong ដែលជាមេដឹកនាំលម្អៀងទៅខាងលទ្ធិប្រជាធិបតេយ្យនៅហុងកុង បាននិយាយថា៖ «រដ្ឋាភិបាលក្រុងប៉េកាំងត្រូវតែបង់ខាតអំពីការធ្វើដូច្នេះ។ រដ្ឋាភិបាលក្រុងប៉េកាំងបានធ្វើឱ្យក្រុមពលរដ្ឋធម្មតាមួយជំនាន់ប្រែក្លាយជាក្រុមអ្នកប្រឆាំង»។
ទោះណាជាបាតុកម្មចុះថមថយនៅពេលនេះក៏ដោយ ក៏នៅតែមានកំហឹងតទៅទៀត៕
ប្រែសម្រួលដោយ ឈឹម សុមេធ