រដ្ឋបាលលោកប្រធានាធិបតី Joe Biden សន្យាធ្វើការឆ្លើយតបចំពោះការធ្វើចំណាកស្រុករបស់អនិតិជនមកកាន់អាមេរិក បន្ទាប់ពីវិបត្តិដែលដាក់បន្ទុកយ៉ាងធ្ងន់លើកន្លែងយាមល្បាតតាមព្រំដែនសហរដ្ឋអាមេរិកនេះ ហាក់ដូចជាអាចគ្រប់គ្រងបានហើយ។
រដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិ លោក Alejandro Mayorkas បានប្រាប់សមាជិកសភាអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋបាលលោក Biden បានកាត់បន្ថយចំនួនអនិតិជន ដែលគ្មានអាណាព្យាបាលមកជាមួយ ដែលជាប់នៅតាមព្រំដែនពីរាប់ពាន់នាក់ មកត្រឹមរាប់រយនាក់ និងបានកាត់បន្ថយពេលវេលានៃការស្នាក់នៅកន្លែងរង់ចាំធ្វើក្រដាសស្នាមពីជាងប្រាំថ្ងៃ មកនៅត្រឹមតិចជាង២៤ម៉ោង។
ស្របពេលបង្ហាញអំពីភាពប្រសើរឡើងនៃការគ្រប់គ្រងពេលវេលាធ្វើឯកសារសម្រាប់អនិតិជនធ្វើចំណាកស្រុក លោក Mayorkas បានថ្លែងថា រដ្ឋបាលលោក Biden កំពុងផ្ដោតលើដំណោះស្រាយរយ:ពេលវែងសម្រាប់បាតុភូតនៃការធ្វើចំណាកស្រុកដែលមិនអាចគ្រប់គ្រងបាននេះ។
លោកបានថ្លែងថា៖ «យើងកំពុងបង្កើតវិធីស្របច្បាប់សម្រាប់កុមារ និងអ្នកផ្សេងទៀត មកកាន់សហរដ្ឋអាមេរិក បើសិនជាពួកគេមានលក្ខណ:សម្បត្តិគ្រប់គ្រាន់តាមច្បាប់ដែលរដ្ឋសភាបានអនុម័តជាច្រើនឆ្នាំមកហើយ ដើម្បីឲ្យពួកគេឈប់គិតថា ពួកគេត្រូវតែប្រថុយគ្រោះថ្នាក់ដើម្បីធ្វើដំណើរមកកាន់សហរដ្ឋអាមេរិក»៕