រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានមានប្រតិកម្មទៅនឹងភស្តុតាងដែលថា ស្ថានភាពនៅឯព្រំដែនសហរដ្ឋអាមេរិកជាប់ប្រទេសម៉ិកស៊ិកមិនល្អ។
អ្នកនាំពាក្យសេតវិមានអ្នកស្រី Jen Psaki បាននិយាយថា រដ្ឋបាលរបស់លោក Biden ផ្តោតលើការពន្លឿនដំណើរការនិងការបើកមណ្ឌលដាក់ជនចំណាកស្រុកបន្ថែមទៀតនៅឯព្រំដែនសហរដ្ឋអាមេរិកជាប់ប្រទេសម៉ិកស៊ិក។
អ្នកស្រីថ្លែងដូច្នេះ បន្ទាប់ពីមានការផ្សព្វផ្សាយនូវរូបថតមួយចំនួនដែលបង្ហាញអំពីកុមារចំណាកស្រុកក្នុងចំនួនដ៏ណែនណាន់តាន់តាប់នៅឯមណ្ឌលរបស់ទីភ្នាក់ងារគយនិងការពារព្រំដែននៅក្នុងរដ្ឋ Texas។
អ្នកស្រី Psaki បានប្រាប់ក្រុមអ្នកយកព័ត៌មានកាលពីថ្ងៃចន្ទថា៖ «រូបថតទាំងនេះបង្ហាញអំពីអ្វីដែលយើងបាននិយាយជាយូរមកហើយ ដែលនោះគឺថា មណ្ឌលរបស់ទីភ្នាក់ងារគយនិងការពារព្រំដែនទាំងនេះមិនមែនជាកន្លែងដែលធ្វើឡើងសម្រាប់កុមារនោះទេ។ វាមិនមែនជាកន្លែងដែលយើងចង់ឲ្យកុមារស្នាក់នៅរយៈពេលយូរនោះឡើយ។ ជម្រើសផ្សេង គឺបញ្ចូនពួកគេត្រឡប់ទៅវិញក្នុងដំណើរផ្លូវដ៏គ្រោះថ្នាក់នេះ ប៉ុន្តែនេះមិនមែនជាជម្រើសដ៏ត្រឹមត្រូវដែលត្រូវធ្វើនោះទេ»។
វិបសាយព័ត៌មាន Axios បានផ្សព្វផ្សាយរូបថតទាំងនេះដំបូងកាលពីថ្ងៃចន្ទ។ រូបថតទាំងនេះត្រូវបានថតដោយលោក Henry Cuellar ដែលជាសមាជិករដ្ឋសភាខាងគណបក្សប្រជាធិបតេយ្យតំណាងឲ្យសង្កាត់មួយនៅជាប់ព្រំដែនក្នុងរដ្ឋ Texas។
លោក Cuellar បាននិយាយថា លោកបានផ្សព្វផ្សាយរូបថតទាំងនេះដើម្បីទាក់ទាញចំណាប់អារម្មណ៍សាធារណៈចំពោះស្ថានការណ៍នេះ។
មន្ត្រីអន្តោប្រវេសន៍ជាន់ខ្ពស់ ៣ រូបរបស់សហរដ្ឋអាមេរិកបានធ្វើដំណើរទៅកាន់ប្រទេសម៉ិចស៊ិក និងក្វាតេម៉ាឡាកាលពីថ្ងៃចន្ទ ដើម្បីពិភាក្សាជាមួយរដ្ឋាភិបាលប្រទេសទាំងនោះក្នុងគោលបំណងព្យាយាមរកវិធីកាត់បន្ថយចំនួនជនចំណាកស្រុកដែលធ្វើដំណើរឆ្ពោះមកកាន់ព្រំដែនសហរដ្ឋអាមេរិក៕