ប្រព័ន្ធផ្សព្វផ្សាយគាំទ្ររដ្ឋាភិបាលប្រទេសតួកគី ដែលជាធម្មតាតែងរិះគន់សហរដ្ឋអាមេរិកនោះ បានស្វាគមន៍ចំពោះការស្បថចូលកាន់តំណែងជាប្រធានាធិបតីរបស់លោក ដូណាល់ ត្រាំ។ លោក Ibrahim Kalin អ្នកនាំពាក្យរបស់ប្រធានាធិបតីតួកគីបាននិយាយអំពីប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិកដោយភាពកក់ក្តៅថា រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ «មានទស្សនៈវិស័យមួយដែលនឹងការពារជំហរដ៏រសើបរបស់តួកគីនៅក្នុងតំបន់នេះ»។
លោក Semih Idiz អ្នកសរសេរអត្ថបទព័ត៌មាននយោបាយជនជាតិតួកគីសម្រាប់គេហទំព័រ Al Monitor និយាយថា ខណៈទំនាក់ទំនងទ្វេភាគីបានល្អក់កករខ្លាំងនៅក្រោមការដឹកនាំរបស់លោកអតីតប្រធានាធិបតី អូបាម៉ា នៅមានក្តីសង្ឃឹមដែលថា លោកត្រាំអាចធ្វើឲ្យទំនាក់ទំនងនេះត្រឡប់មករកភាពសភាដើមវិញ។
លោកនិយាយថា៖ «លោកត្រាំនឹងអាចបត់បែនច្រើនទៅលើរដ្ឋាភិបាលលោក Edogan ជាងការសន្និដ្ឋានរបស់មនុស្សជាច្រើន។ ខ្ញុំគិតថានេះគឺជាអ្វីដែលរដ្ឋាភិបាលទីក្រុងអង់ការ៉ាកំពុងពឹងផ្អែកលើ។ ពួកគេមានសត្រូវដូចគ្នា ខ្ញុំគិតថាពួកគេនឹងព្យាយាមផ្តោតការយកចិត្តទុកដាក់ទៅលើរឿងនោះ។ បាទ! ដូច្នេះរដ្ឋាភិបាលកំពុងរំពឹងថានឹងទទួលបានអ្វីៗពីរដ្ឋបាលលោក ត្រាំ ជាងអ្វីដែលរដ្ឋាភិបាលតួកគីទទួលបាននៅក្នុងរដ្ឋបាលរបស់លោកអូបាម៉ា»។
លោកនាយករដ្ឋមន្រ្តី Binali Yildirim កាលពីពាក់កណ្តាលខែមករា បានពន្យល់នូវអ្វីដែលរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ត្រូវធ្វើដើម្បីស្តារទំនាក់ទំនងឡើងវិញ។ នៅក្នុងរបស់វារៈរបស់លោក មានចំណុចមួយដែលនិយាយពីការពន្លឿននៃការធ្វើបត្យាប័នទៅលើលោក Fethullan Gulen ជនជាតិតួកគី ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដែលត្រូវបានគេចោទប្រកាន់ថានៅពីក្រោយការធ្វើរដ្ឋប្រហារបរាជ័យមួយ កាលពីខែកក្កដាកន្លងទៅ។
លោក Yildirim ក៏បានទាមទារឲ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបញ្ចប់ការគាំទ្រយោធាដល់ក្រុមអំបូរជនជាតិឃើដ ក្នុងប្រទេសស៊ីរី ដែលគេហៅកាត់ថា PYD។ ក្រុមនេះកំពុងប្រយុទ្ធប្រឆាំងដណ្តើមយកក្រុង Raqqa ដែលក្រុមរដ្ឋឥស្លាមបានប្រកាសថា ទីក្រុងនេះស្ថិតក្នុងការគ្រប់គ្រងរបស់ខ្លួន។ រដ្ឋាភិបាលទីក្រុងអង់ការ៉ាបានចោទក្រុម PYD ថាមានទំនាក់ទំនងនឹងពួកឧទ្ទាមឃើដនៅក្នុងតួកគី។
លោក Atilla Yesilada ដែលជាទីប្រឹក្សារបស់ក្រុមហ៊ុន Global Source Partners បានព្រមានថា រដ្ឋាភិបាលទីក្រុងអង់ការ៉ាទំនងជានឹងខកចិត្ត ជាពិសេសបន្ទាប់ពីមានការធ្វើអត្ថាធិប្បាយកាលពីសប្តាហ៍កន្លងទៅថ្មីៗនៅក្នុងសវនការបញ្ជាក់ការតែងតាំងបេក្ខជនរដ្ឋមន្រ្តីការបរទេស លោក Rex Tillerson នៅចំពោះមុខព្រឹទ្ធសភាអាមេរិក។
ការធ្វើបត្យាប័នលោក Gulen គឺជាបញ្ហាតុលាការដែលលោក ត្រាំ មានអំណាចត្រួតត្រាតិចតួច។ លើសពីនេះក្រុម PYD កំពុងប្រតិបត្តិការបានយ៉ាងល្អក្នុងការដណ្តើមយកក្រុងRaqq មកវិញ។ ខ្ញុំមិនយល់ឃើញថា លោកត្រាំនឹងធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងនេះភ្លាមៗនោះទេ។ ចំពោះលោក Rex Tillerson ដែលជារដ្ឋមន្រ្តីការបរទេសថ្មី ក៏បានការពារជនជាតិឃើដ ថាជាសម្ព័ន្ធមិត្តក្លាហាន ហើយលោកបាននិយាយថាសហរដ្ឋអាមេរិកនឹងបន្តប្រយុទ្ធជាមួយអង្គការភាតរភាពឥស្លាម (Muslim Brotherhood) ដែលជាសម្ព័ន្ធមិត្តរបស់លោក Erdogan»។
អ្នកសរសេរអត្ថបទវិភាគ លោក Idiz និយាយថា គេគួរតែមានរំពឹងទុកទាបជាងនេះ ប៉ុន្តែលោកថានៅតែមានហេតុផលដែលត្រូវមានសុទិដ្ឋិនិយមដោយប្រុងប្រយ័ត្នចំពោះទំនាក់ទំនងទ្វេភាគីនេះ។
លោកនិយាយថា៖ «លោក អូបាម៉ា ត្រូវបានគេមើលឃើញថាជាអ្នកដោះស្រាយបញ្ហាគ្រប់បែបយ៉ាង ប៉ុន្តែវាមិនដំណើរការនោះទេ។ នេះគឺជាស្ថានភាពដ៏លំបាកមួយ ដូច្នេះអ្នកនឹងខកចិត្តជាមិនខាន។ ប៉ុន្តែទោះយ៉ាងណា ខ្ញុំគិតថាអ្នកនឹងឃើញចំហាយនៃការផ្លាស់ប្តូរជំហរនៅក្រោមរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ក្នុងទំនាក់ទំនងរវាងប្រទេសតួកគី និងសហរដ្ឋអាមេរិក។ ដូច្នេះនោះគឺជាអ្វីដែលមនុស្សជាច្រើនកំពុងទន្ទឹងរង់ចាំ ជាជាងការដោះស្រាយណាមួយ ឬចង្កឹះវេទមន្តណាមួយដែលនឹងដោះស្រាយបញ្ហាគ្រប់យ៉ាងតែក្នុងមួយយប់នោះ»។
ក្រុមអ្នកវិភាគនិយាយថា ទំនាក់ទំនងរវាងប្រទេសតួកគី និងសហរដ្ឋអាមេរិកអាចនឹងបន្តតានតឹងថែមទៀត បើរដ្ឋបាលលោក ត្រាំ មានបំណងចង់ដកស្ថានទូតរបស់ខ្លួនក្នុងប្រទេសអ៊ីស្រាអែលពីទីក្រុង Tel Aviv ទៅតាំងនៅក្នុងទីក្រុងហ្ស៊េរុយសាឡិម។ ការគាំទ្រយ៉ាងខ្លាំងរបស់លោក ត្រាំ លើកម្មវិធីតាំងទីលំនៅរបស់អ៊ីស្រាអែលនៅលើតំបន់ West Bank និងនៅទីក្រុងហ្ស៊េរុយសាឡិម ក៏ទំនងជានឹងធ្វើឲ្យរដ្ឋាភិបាលក្រុងអង់ការ៉ាមានការព្រួយបារម្ភផងដែរ។
ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan នៅថ្ងៃទី ២២ ខែមករាកន្លងទៅ បានសម្តែងក្តីបារម្ភរបស់លោកដោយនិយាយថា លោកបានឮពាក្យសម្តីរបស់លោក ត្រាំ ដែលធ្វើឲ្យលោកអន់ចិត្តអំពីបញ្ហានៅមស្ចិមប្រទេស៕
ប្រែសម្រួលដោយ ផន បុប្ផា