ក្រុមសកម្មប្រយុទ្ធ Kurd ត្រូវបានគេសង្ស័យថា បានបំផ្ទុះរថយន្តមួយគ្រឿងនៅក្បែរអគារតុលាការមួយនៅក្នុងទីក្រុង Izmir ដែលស្ថិតនៅប៉ែកខាងលិចប្រទេសតួកគី កាលពីថ្ងៃព្រហស្បតិ៍ ដែលបានសម្លាប់ប៉ូលិសម្នាក់និងបុគ្គលិកនៅក្នុងតុលាការម្នាក់។ នេះបើយោងតាមសម្តីរបស់អាជ្ញាធរ។
លោក Erol Ayyildiz អភិបាលខេត្តនោះបានថ្លែងប្រាប់អ្នកកាសែតនៅក្នុងអត្ថាធិប្បាយមួយដែលផ្សាយផ្ទាល់ថា «ការប៉ះទង្គិចគ្នាបានកើតឡើង បន្ទាប់ពីប៉ូលិសរបស់យើងចង់បញ្ឈប់រថយន្តមួយគ្រឿងនៅប៉ុស្តិ៍ត្រួតពិនិត្យរបស់ប៉ូលិស នៅខាងមុខអគារតុលាការនៅ Bayrakli។ នៅក្នុងហេតុការណ៍ប៉ះទង្គិចគ្នានេះ ក្រុមភេរវករបានបំផ្ទុះរថយន្តនោះ ខណៈដែលព្យាយាមរត់គេចខ្លួន»។ អាជ្ញាធរនិយាយថា ជនដៃដល់២នាក់ត្រូវបានបាញ់ស្លាប់ ហើយមានសេចក្តីរាយការណ៍ថា ជនសង្ស័យទី៣កំពុងត្រូវបានតាមចាប់ខ្លួន។ VOA សេវាតួកគី បានឲ្យដឹងថា រថយន្តនៅកន្លែងកើតហេតុបានឆេះ។ មនុស្សយ៉ាងហោចណាស់១០នាក់បានរងរបួសនៅក្នុងហេតុការណ៍វាយប្រហារនោះ។ រថយន្តសង្គ្រោះបន្ទាន់មួយចំនួនបានប្រញាប់ប្រញាល់ទៅកន្លែងកើតហេតុ ដើម្បីបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ខណៈដែលប៉ូលិសនៅយាមត្បាតសន្តិសុខនៅកន្លែងកើតហេតុ។
លោកអភិបាលខេត្ត Ayyildiz ក៏បានមានប្រសាសន៍ថា ជនដៃដល់មានប្រដាប់ដោយកាំភ្លើងវែងស្វ័យប្រវត្តិ កាំភ្លើងធំ និងគ្រាប់បែកដៃ ដែលការវិនិច្ឆ័យដំបូងបង្ហាញថា គឺក្រុម PKK ដែលជាអ្នកនៅពីក្រោយហេតុការណ៍នេះ។ ក្រុមក្រៅច្បាប់ PKK ត្រូវបានតួកគី សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ចាត់ទុកថាជាក្រុមភេរវករ។ លោកអភិបាលខេត្តក៏បានមានប្រសាសន៍ថា ហេតុការណ៍បង្កគ្រោះថ្នាក់ទី២ ដែលអាចធ្ងន់ធ្ងរជាងនេះ ត្រូវបានទប់ស្កាត់ទាន់ពេលវេលា។
នៅមិនទាន់មានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះហេតុការណ៍បំផ្ទុះរថយន្តកាលពីថ្ងៃព្រហស្បតិ៍នៅក្នុងទីក្រុងIzmir នេះ នៅឡើយទេ។
ហេតុការណ៍បំផ្ទុះរថយន្តនេះបានកើតឡើងក្រោយពីការបាញ់សម្លាប់រង្គាលកាលពីថ្ងៃបុណ្យចូលឆ្នាំថ្មីនៅឯក្លឹបរាត្រីមួយក្នុងទីក្រុង អ៊ីស្តង់ប៊ុល ដែលបានសម្លាប់មនុស្សអស់ចំនួន៣៩នាក់៕