ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្រ្តី​តួកគី​ម្នាក់​និយាយថា ​អាជ្ញា​ធរ​រក​ឃើញ​អ្នក​បាញ់​ប្រហារនៅរង្គសាល​ក្នុង​ក្រុង​អ៊ីស្តង់ប៊ុល


រូបថត​របស់​ជន​រងគ្រោះ​និង​ផ្កា​ដែល​គេដាក់​ដើម្បី​ឧទ្ទិសកុសល​នៅ​ក្លឹប​ដែល​ត្រូវ​បាន​បាញ់​ប្រហារទីក្រុង​អ៊ីស្តង់​ប៊ុលកាល​ពី​ថ្ងៃទី​០៣ មករា ២០១៧។
រូបថត​របស់​ជន​រងគ្រោះ​និង​ផ្កា​ដែល​គេដាក់​ដើម្បី​ឧទ្ទិសកុសល​នៅ​ក្លឹប​ដែល​ត្រូវ​បាន​បាញ់​ប្រហារទីក្រុង​អ៊ីស្តង់​ប៊ុលកាល​ពី​ថ្ងៃទី​០៣ មករា ២០១៧។

លោក Mevlut Cavusoglu ​រដ្ឋ​មន្រ្តី​ការ​បរទេស​តួកគី ​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ​អាជ្ញាធរ​បាន​រក​ឃើញខ្មាន់​កាំភ្លើង​ម្នាក់​ដែល​បាន​សម្លាប់​មនុស្ស​៣៩​នាក់​នៅ​ក្នុង​ការវាយ​ប្រហារ​នៅ​ថ្ងៃ​បុណ្យចូលឆ្នាំ​សាកល​នៅឯរង្គសាល​មួយ​នៅ​ក្នុង​ទីក្រុង​អ៊ីស្តង់​ប៊ុល​ហើយ។

លោកCavusoglu បាន​ធ្វើ​ការ​ប្រកាស​នេះ​ក្នុង​អំឡុង​នៃ​ការ​ផ្តល់​កិច្ច​សម្ភាសន៍​ជា​មួយ​ទី​ភ្នាក់​ងារ Anadolu ​ដែល​ចាត់​ចែង​ដោយ​រដ្ឋ ក៏ប៉ុន្តែ ​លោក​មិន​បាន​ផ្តល់​ឈ្មោះ​អ្នក​វាយ​ប្រហារ​នោះ​ទេ។

​អាជ្ញាធរ ​បាន​ស្វែង​រក​អ្នក​បាញ់​ប្រហារ​នោះ​ចាប់​តាំងពី​ព្រឹក​ថ្ងៃ​អាទិត្យ​មក​នៅ​ពេល​ដែល​ជន​នោះ​បាន​រត់គេច​ខ្លួន​ពី​រង្គសាល Reina។

បណ្តាញផ្សព្វផ្សាយ​តួក​គី​បានផ្សាយ​វីដេអូ​កាល​ពី​ថ្ងៃ​អង្គារ​ពី​បុរស​ម្នាក់​ដែល​ពួកគេ​បាន​និយាយ​ថា​ជា​ជន​សង្ស័យ​ខ្មាន់កាំភ្លើងដែល​បាន​ដើរ​ជុំ​វិញ​ទីលាន Taksim ​នៃ​ទីក្រុង​អ៊ីស្តង់ប៊ុល។ ​គេ​មិនទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ថា​តើ​នៅពេល​ណា​ដែលវីដេអូ​នោះ​បាន​ថត។​ អាជ្ញាធរបាន​ចេញ​ផ្សាយ​ពី​រូប​ភាព​របស់​ជន​សង្ស័យដែលបានមកពី​ម៉ាស៊ីន​ថត​សន្តិសុខ។

ទី​ភ្នាក់​ងារ​ព័ត៌មាន Anadolu ក៏​បាន​រាយការណ៍​នៅ​ថ្ងៃ​ពុធ​នេះ​ដែរថា​ពួក​អាជ្ញាធរ​បានឃុំ​ខ្លួន​មនុស្ស​៥​នាក់​ថែម​ទៀត​នៅ​ក្នុង​ការ​ទាក់​ទិន​ទៅ​នឹង​ការវាយ​ប្រហារ​នេះ។ ជន​ទាំង​៥​នាក់​នោះ​ត្រូវ​បាន​សង្ស័យថា​ជាសមា​ជិក​របស់​ក្រុមរដ្ឋ​ឥស្លាម​ហើយ​បាន​ស្ថិត​នៅ​ក្នុងការ​ឃុំឃាំង​នៅ​ក្នុង​ទីក្រុង Izmir ភាគ​ខាង​លិច។

លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​បារ៉ាក់ ​អូបាម៉ា ​បាន​សំដែងការ​ចូលរួម​រំលែក​ទុក្ខ​កាល​ពី​ថ្ងៃ​អង្គារអំឡុង​ពេល​និយាយ​ទូរស័ព្ទ​ជាមួយ​លោក Recep Tayyip Erdogan ប្រធានា​ធិបតី​នៃ​ប្រទេសតួកគី៕

XS
SM
MD
LG