ដូចលើកមុនដែរ ដើម្បីបង្ហាញភាពទុកចិត្តដល់សាធារណជន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអះអាងថា លោកនឹងនាំចៅរបស់លោកដែលមានអាយុចន្លោះពី១២ទៅ១៧ឆ្នាំ ទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលយុទ្ធនាការ នឹងចាប់ផ្តើមនៅថ្ងៃអាទិត្យ ទី១ ខែសីហា។
បើទោះលោក ហ៊ុន សែន មិនបានបញ្ជាក់ឈ្មោះវ៉ាក់សាំងនេះ ប៉ុន្តែមន្រ្តីក្រសួងសុខាភិបាលធ្លាប់បានឲ្យដឹងថា កម្ពុជាបានបញ្ជាទិញវ៉ាក់សាំងស៊ីណូវ៉ាក់របស់ក្រុមហ៊ុនចិនឈ្មោះ Sinovac Biotech នៅទីក្រុងប៉េកាំង ដើម្បីចាក់ឲ្យក្មេងៗកម្ពុជា ដែលមានការប៉ាន់ប្រមាណចំនួន២ លាននាក់។
នៅក្នុងពិធីទទួលវ៉ាក់សាំង AstraZeneca ដែលផ្តល់ដោយរដ្ឋាភិបាលជប៉ុន ក្រោមយន្តការកូវ៉ាក់ (COVAX) កាលពីយប់ថ្ងៃសុក្រសប្តាហ៍មុន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលកំពុងសម្រុកចាក់វ៉ាក់សាំងដល់ប្រជាជនកម្ពុជា បានឱ្យដឹងថា ការចាក់វ៉ាក់សាំងសម្រាប់ក្មេងៗ នឹងចាប់ផ្តើមនៅដើមខែសីហានេះ ហើយលោកនឹងនាំចៅៗរបស់លោកដែលមានអាយុលើសពី១២ឆ្នាំទៅចាក់វ៉ាក់សាំងនេះ នៅមន្ទីរពេទ្យកាល់ម៉ែត្រ។ លោកបន្ថែមថា មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលផ្សេងទៀតដែលមានកូន និងចៅ អាយុ១២ឆ្នាំឡើងទៅ ក៏នឹងនាំពួកគេមកចាក់នៅថ្ងៃអាទិត្យសប្តាហ៍នេះដូចគ្នា។
លោកនាយករដ្ឋមន្រ្តី បានអំពាវនាវឱ្យអាណាព្យាបាលយកកូនទៅចាក់វ៉ាក់សាំងនេះ ដែលលោកថា វាដូចជាវ៉ាក់សាំងបង្ការជំងឺផ្សេងៗដែលចាក់ដល់ក្មេង តាំងពីកើត ហើយលោកថា «កុំមានការបារម្ភ»អំពីហានិភ័យណាមួយដែលអាចកើតឡើង។
លោកបានថ្លែងថា៖ «ដូច្នេះវាគ្មានហានិភ័យណាមួយកើតឡើងសម្រាប់ការចាក់វ៉ាក់សាំងនោះទេ»។
បើតាមលោក ហ៊ុន សែន យុទ្ធនាការនេះ នឹងចាក់បង្ការដល់ក្មេងៗនៅរាជធានីភ្នំពេញជាមុនសិន ដែលមានប្រមាណ២៨ម៉ឺននាក់។ បន្ទាប់មកនឹងចាក់ដល់ក្មេងៗនៅទូទាំងប្រទេស ដែលសរុបទាំងអស់មានប្រមាណ២លាននាក់។
លោក ហ៊ុន សែន បន្ថែមថា មានសញ្ញានៃការថមថុយចុះនៃការឆ្លងក្នុងតំបន់រោងចក្រនៅរាជធានីភ្នំពេញ ក្រោយបញ្ចប់ការចាក់វ៉ាក់សាំងនៅទីក្រុងភ្នំពេញ។ លោកទទួលស្គាល់ថា បើទោះចាក់វ៉ាក់សាំងពីរដូសរួចហើយ នៅតែឆ្លង ប៉ុន្តែលោកថា បញ្ហានេះកើតឡើងនៅទូទាំងពិភពលោក ក្នុងនោះ ក៏មានប្រទេសដែលមានវ៉ាក់សាំងល្អចាក់ដល់ពលរដ្ឋរបស់ខ្លួនផងដែរ។
លោកបញ្ជាក់ថា៖ «ករណីចាក់វ៉ាក់សាំងពីរដូសហើយ នៅតែឆ្លង ហើយនៅតែស្លាប់ មិនមែនមានតែករណីនៅកម្ពុជាទេ។ សូម្បីតែនៅសហរដ្ឋអាមេរិក នៅអង់គ្លេស និងនៅប្រទេសក្នុងអឺរ៉ុប គឺមានករណីដូចគ្នា។ សុទ្ធតែវ៉ាក់សាំងដែលអួតថា ខ្លាំងៗ»។
កាលពីថ្ងៃទី២២ ខែកក្កដា អ្នកស្រី យក់ សម្បត្តិ អ្នកនាំពាក្យក្រសួងសុខាភិបាលបានថ្លែងថា កម្ពុជាកំពុងត្រៀមចាក់វ៉ាក់សាំងដល់កុមារអាយុចន្លោះពី១២ ទៅ១៧ឆ្នាំ ដែលវ៉ាក់សាំងនេះ ត្រូវបានបញ្ជាទិញពីប្រទេសចិន គឺវ៉ាក់សាំងស៊ីណូវ៉ាក់។
កាលពីខែមិថុនា ក្រុមហ៊ុនផលិតឱសថចិន Sinovac Biotech បានប្រកាសថាអាជ្ញាធរចិន បានអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងស៊ីណូវ៉ាក់សម្រាប់ចាក់បង្ការដល់កុមារដែលមានអាយុចាប់ពី៣ឆ្នាំឡើងទៅ។ ចិនបានក្លាយជាប្រទេសដំបូងគេដែលអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដសម្រាប់ចាក់កូនក្មេង។
គេនៅមិនទាន់ដឹងលក្ខខណ្ឌកំណត់របស់ក្រសួងសុខាភិបាលកម្ពុជាសម្រាប់ការចាក់ទៅលើក្មេងៗ ដែលត្រូវមានការឯកភាពពីអាណាព្យាបាលរបស់ពួកគេ។
កាលពីដើមខែមិថុនា អង្គការសុខភាពពិភពលោក (WHO) បានបង្ហោះសារនៅលើគេហទំព័ររបស់ខ្លួនថា វ៉ាក់សាំងស៊ីណូវ៉ាក់ត្រូវបានប្រកាសឱ្យប្រើប្រាស់បន្ទាន់ ប៉ុន្តែអង្គការនេះមិនទាន់ផ្តល់អនុសាសន៍សម្រាប់ចាក់ដល់ក្មេងអាយុក្រោម១៨ឆ្នាំនៅឡើយទេ ដោយថា រង់ចាំលទ្ធផលនៃការសិក្សាបន្តទៀតសិន។
វីអូអេមិនទាន់អាចសុំការឆ្លើយតបពីអ្នកស្រី Li Ailan តំណាងអង្គការ WHO ប្រចាំនៅកម្ពុជា តាមសារអ៊ីមែលបាននៅឡើយទេនៅថ្ងៃចន្ទនេះ។
លោក ចាទ្បាក់ អាប់ឌុលវ៉ាហាប់ (Jalaa Abdelwahab) នាយកស្តីទីនៃអង្គការយូនីសេហ្វប្រចាំកម្ពុជា បានថ្លែងប្រាប់វីអូអេតាមសារអ៊ីមែលនៅថ្ងៃចន្ទនេះថាប្រទេសកម្ពុជា បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដល់ប្រជាពលរដ្ឋគោលដៅ បានច្រើនគួរឲ្យកត់សម្គាល់ជាខ្លាំង។ លោកបន្តថា វាស្រ័យលើរដ្ឋាភិបាលក្នុងការសម្រេចចិត្តចាក់វ៉ាក់សាំងដល់ក្រុមណាបន្តទៀត។
លោកបញ្ជាក់ថា៖«ការត្រៀមជាផែនការនៅពេលខាងមុខជារឿងលើកទឹកចិត្ត ហើយប្រទេសដែលពិចារណាចាក់វ៉ាក់សាំងដល់ក្រុមមនុស្សវ័យក្មេង ចាំបាច់ពិចារណាទៅលើសុវត្ថិភាព និងប្រសិទ្ធភាពនៃវ៉ាក់សាំងបង្ការជំងឺកូវីដ១៩សម្រាប់ក្មេងៗ ដោយពិចារណាទៅលើហានិភ័យធ្ងន់ធ្ងរ និងផលប្រយោជន៍»។
តំណាងអង្គការយូនីសេហ្វរូបនេះបញ្ជាក់ថាវ៉ាក់សាំងជាឧបករណ៍មួយក្នុងការប្រឆាំងនឹងជំងឺកូវីដ១៩ ប៉ុន្តែលោកថាប្រជាពលរដ្ឋត្រូវតែបន្តប្រុងប្រយ័ត្ន ដោយរក្សាអនាម័យដៃ ពាក់ម៉ាស និងរក្សាគម្លាតពីគ្នា ទោះចាក់វ៉ាក់សាំងរួចហើយក៏ដោយ។
តាមការប្រកាសរបស់ក្រសួងសុខាភិបាលកម្ពុជាកាលពីកន្លងទៅ អ្នកដែលមានបញ្ហាសុខភាពមិនអាចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩បានទេ។ បញ្ហាសុខភាពទាំងនោះ រួមមានដូចជាអ្នកមានជំងឺផ្លូវដង្ហើម ជំងឺហឺត ជំងឺរ៉ាំរ៉ៃធ្ងន់ធ្ងរ ជំងឺអាឡែកស៊ី ជំងឺថ្លើម ជំងឺតម្រងនោមធ្ងន់ធ្ងរ ជំងឺលើសឈាម ជំងឺប្រកាច់ស្កន់ ឬឆ្កួតជ្រូក សរសៃប្រសាទ រលាកស្រោមខួរ និងជំងឺបេះដូងជាដើម។ អ្នកដែលចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ អាចមានប្រតិកម្មមួយចំនួន ដូចជាអាការៈក្តៅខ្លួន រមាស់ ឬឈឺចុកចាប់ក្នុងរាងកាយ ឬក្រហមកន្លែងចាក់ ក្រោយពេលចាក់បានប៉ុន្មានថ្ងៃ។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍនិងសន្តិភាពប្រាប់វីអូអេថាលោកស្វាគមន៍ការបន្តស្វែងរកវ៉ាក់សាំងចាក់ឱ្យក្មេងៗក្នុងប្រទេសកម្ពុជាឱ្យបានឆាប់។ លោកថាការចាក់ដល់ក្មេងៗ«ជាបញ្ហាសំខាន់ណាស់ដែលត្រូវតែគិតគូរឱ្យបានដិតដល់»។ លោកជំរុញឲ្យផ្តល់ព័ត៌មានឱ្យបានច្រើនដល់ប្រជាពលរដ្ឋជាអាណាព្យាបាល ដើម្បីឱ្យពួកគេសម្រេចចិត្តបញ្ជូនកូនទៅចាក់វ៉ាក់សាំងបង្ការនេះ។
លោកប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា៖ «ប៉ុន្តែរឿងដែលសំខាន់បំផុត យើងក៏មានការព្រួយបារម្ភដែរពីហានិភ័យនៃវ៉ាក់សាំង ប្រសិនបើមិនទាន់ធ្វើពិសោធន៍បានត្រឹមត្រូវបាទ។ ប៉ុន្តែបើថាមានការធ្វើពិសោធន៍ត្រឹមត្រូវហើយ អាហ្នឹងគឺវាមិនបញ្ហាអីទេបាទ។ ខ្ញុំមិនដឹងថាតើមានការពិសោធន៍អីត្រឹមត្រូវក្នុងការចាក់ទៅដល់ក្មេងមានសុវត្ថិភាពដល់កម្រិតណា យើងមិនទាន់ដឹងដែរបាទ»។
លោកក៏ជំរុញឱ្យក្រសួងសុខាភិបាលត្រូវមានប្រព័ន្ធគាំពារដល់ឪពុកម្តាយរបស់ក្មេងៗ ដូចជាសេវាសម្រាប់ជួយពួកគាត់ឱ្យបានទាន់ពេលវេលា និងប្រព័ន្ធ Hotline សម្រាប់ផ្តល់ព័ត៌មាន និងមានឆ្លើយតបរហ័ស។
វីអូអេមិនទាន់អាចសុំការឆ្លើយតបពីអ្នកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យរបស់ក្រសួងសុខាភិបាលបានទេនៅថ្ងៃចន្ទនេះ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃអាទិត្យ កម្ពុជាបានចាក់វ៉ាក់សាំងដល់ពលរដ្ឋប្រមាណ៦លាន៨សែននាក់ ដែលស្មើនឹងប្រមាណ៦៨%នៃប្រជាជន១០លាននាក់ដែលជាគោលដៅនៃការចាក់វ៉ាក់សាំងឱ្យរួចរាល់ត្រឹមខែតុលានេះ។ វ៉ាក់សាំងដែលចាក់ដល់ពលរដ្ឋយ៉ាងច្រើននេះ ភាគច្រើនជាវ៉ាក់សាំងចិនស៊ីណូហ្វាម (Sinopharm) និងស៊ីណូវ៉ាក់ (Sinovac) ដែលកម្ពុជាទទួលបានតាមរយៈជំនួយឥតសំណង និងការបញ្ជាទិញពីប្រទេសចិន។
បើតាមលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រដ្ឋាភិបាលកម្ពុជាមានគោលដៅចាក់វ៉ាក់សាំងដល់ពលរដ្ឋជាង៨០% នៃប្រជាជនសរុបចំនួន១៦ លាននាក់ ដើម្បីឱ្យមានភាពស៊ាំក្នុងសហគមន៍។
ប្រមុខរដ្ឋាភិបាលបញ្ជាក់ថាទោះបីតម្លៃណាក៏ដោយ វ៉ាក់សាំងត្រូវតែរកឲ្យបាន ដើម្បីចាក់ជូនប្រជាជនកម្ពុជា។ លោកក៏ចាត់ទុកការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះ ជាមរតករបស់លោក ក្នុងចំណោមមរតកផ្សេងទៀត ដែលមានការរំដោះពលរដ្ឋចេញពីរបបប៉ុល ពត និងការបញ្ចប់សង្រ្គាម ដែលនាំមកសន្តិភាពក្នុងប្រទេស៕