ស្របពេលមានការរកឃើញវីរុសកូវីដ១៩បំប្លែងថ្មី ប្រភេទដែលតា (Delta) ឆ្លងក្នុងសហគមន៍ រដ្ឋាភិបាលបានប្រកាសវិធានការបិទខ្ទប់ក្នុងខេត្តចំនួន៨ រយៈពេល២សប្តាហ៍ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសដែលឆ្លងខ្លាំង និងរហ័សមួយនេះ។
ខេត្តទាំងនោះ រួមមានខេត្តកោះកុង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ និងខេត្តសៀមរាប។
បើតាមសេចក្តីសម្រេចរបស់រដ្ឋាភិបាលកម្ពុជាចេញផ្សាយកាលពីថ្ងៃពុធ ខេត្តទាំងនេះ នឹងត្រូវមានការកំណត់បែងចែកភូមិសាស្ត្រជា«តំបន់ក្រហម» «តំបន់លឿងទុំ» និង«តំបន់លឿង» អាស្រ័យតាមកម្រិតនៃការឆ្លងរាលដាលនៃជំងឺនេះ នៅក្នុងភូមិសាស្ត្របិទខ្ទប់នីមួយៗ។
សេចក្តីសម្រេចនេះ មិនបានបង្ហាញលម្អិតនូវវិធានការពាក់ព័ន្ធនឹងបម្រាមគោចរ ការហាមឃាត់សកម្មភាពសេដ្ឋកិច្ចសង្គម និងការហាមប្រជាពលរដ្ឋចាកចេញពីលំនៅឋានក្នុងតំបន់មានកម្រិតឆ្លងខ្លាំងនៃវីរុសបំប្លែងថ្មីនេះ។
ប៉ុន្តែអភិបាលខេត្តនៃខេត្តដែលត្រូវបានបិទខ្ទប់ អាចប្រើប្រាស់វិធានការលម្អិតដែលធ្លាប់ត្រូវបានប្រើប្រាស់ ស្តីពីការបន្តបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ទៅតាមស្ថានភាពជាក់ស្តែងនៃការចម្លងវីរុសកូវីដ១៩ប្រភេទដែលតា។
បើតាមសេចក្តីសម្រេចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះថ្ងៃទី២៨ ខែកក្កដា ការបិទខ្ទប់ភូមិសាស្ត្រខេត្តចំនួន៨ខាងលើនោះ នឹងធ្វើឡើងជាបណ្តោះអាសន្នសម្រាប់រយៈពេល១៤ថ្ងៃ គិតចាប់ពីម៉ោង១១:៥៩នាទីយប់ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១។
អ្នកស្រី ធន់ ស៊ីវហ្គិច ជំនួយការរបស់អភិបាលខេត្តកោះកុងអ្នកស្រី មិថុនា ភូថង ប្រាប់វីអូអេនៅថ្ងៃពុធនេះថា តាមការអនុវត្តវិធានការបិទខ្ទប់ភូមិសាស្ត្រនេះ ប្រជាពលរដ្ឋមិនអាចធ្វើដំណើរឆ្លងកាត់ ឬចេញចូលខេត្តបានឡើយក្នុងរយៈពេល១៤ថ្ងៃ។
«ទាក់ទងនឹងការបិទខ្ទប់ហ្នុង គឺបិទខេត្ត មានន័យថា ខេត្តទាំងប៉ុន្មានហ្នឹងទាំង៦ ទាំង៧ហ្នឹង គឺអត់ឲ្យមានការចូលទេ លុះត្រាតែមានបេសកកម្ម ឬក៏មានឡានដឹកទំនិញ សម្រាប់ប្រជាពលរដ្ឋធម្មតា គឺឆ្លងកាត់អត់បានទេ គឺបិទរយៈពេល១៤ថ្ងៃ»។
ជំនួយការអភិបាលខេត្តកោះកុងរូបនេះ ឲ្យដឹងថា អាជ្ញាធរពាក់ព័ន្ធខេត្តកំពុងពិភាក្សាអំពីវិធានការលម្អិតនៃការអនុវត្តវិធានការបិទខ្ទប់ភូមិសាស្ត្រខេត្តកោះកុង ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសបំប្លែងថ្មីដែលតា។
បើតាមអ្នកស្រី ធន់ ស៊ីវហ្គិច វីរុសកូវីដ១៩ប្រភេទដែលតានេះ មិនទាន់ត្រូវបានរកឃើញនៅក្នុងខេត្តកោះកុងនៅឡើយទេ។
ក្នុងការចាត់វិធានការបិទខ្ទប់ខេត្តដែលភាគច្រើនមានព្រំប្រទល់ជាប់នឹងប្រទេសថៃនោះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនឹងទាក់ទងជាបន្ទាន់ជាមួយភាគីថៃ ដើម្បីបិទព្រំដែនជាបណ្តោះអាសន្នសម្រាប់អ្នកដំណើរចេញចូល លើកលែងតែការដឹកជញ្ជូនទំនិញ និងករណីពិសេសដែលមានការអនុញ្ញាតរបស់អាជ្ញាធរមានសមត្ថកិច្ច ដូចជាករណីអ្នកជំងឺសង្គ្រោះបន្ទាន់។ នេះបើតាមសេចក្តីសម្រេចស្តីពីវិធានការបិទខ្ទប់ភូមិសាស្ត្រខេត្តទាំង៨។
វីរុសបំប្លែងថ្មីដែលតា (Delta) ត្រូវបានរកឃើញនៅកម្ពុជា កាលពីចុងខែមិថុនា តាមរយៈពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃ នៅតាមបណ្តាខេត្តជាប់ព្រំដែន។ នៅក្នុងខែកក្កដានេះ ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសរកឃើញវីរុសកូវីដ១៩ បំប្លែងថ្មីដែលតា លើប្រជាពលរដ្ឋក្នុងស្រុក ដែលជាការព្រួយបារម្ភមួយចំពោះការនាំឲ្យមានការឆ្លងរហ័សបន្ថែមទៀត។
បើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតចាប់តាំងពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី២៥ ខែកក្កដា កម្ពុជាបានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ប្រភេទដែលតា សរុបចំនួន១១៤នាក់។ ក្រសួងមិនទាន់បញ្ជាក់ឲ្យដឹងអំពីករណីឆ្លងថ្មីសរុបនៃវីរុសប្រភេទដែលតា គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ។
លោក ឌី រ៉ាដូ អភិបាលរងខេត្តឧត្តរមានជ័យ និងជាអ្នកនាំពាក្យរបស់សាលាខេត្តមួយរូប ប្រាប់វីអូអេថា ប្រជាពលរដ្ឋអាចបន្តធ្វើដំណើរបានក្នុងខេត្ត តែមិនអនុញ្ញាតឲ្យឆ្លងចេញចូលខេត្តបានទេ។
«ប៉ុន្តែបើសិនជាក្រុមការងារស្រាវជ្រាវមុខសញ្ញា អ្នកដែលពាក់ព័ន្ធហ្នឹង ហើយទីតាំងណាមួយ មានរកឃើញ មានវិជ្ជមានប្រភេទថ្មី គឺថាយើងបិទខ្ទប់នៅតាំងហ្នឹង កំណត់ថា ជាតំបន់ក្រហម លឿងទុំ តំបន់លឿង ទៅតាមអ្វីដែលអាជ្ញាធរមូលដ្ឋាន អ្វីដែលអាជ្ញាធរស្រុក រួមជាមួយនឹងក្រុមការងារកំណត់សញ្ញាហ្នឹង គាត់ផ្តល់យោបល់មកគណៈអភិបាលខេត្ត»។
បើតាមលោក ឌី រ៉ាដូ មានករណីឆ្លងវីរុសកូវីដ១៩ប្រភេទដែលតាចំនួន៣៣ករណីត្រូវបានរកឃើញ នៅក្នុងខេត្តឧត្តរមានជ័យ។ លោកបន្ថែមថា អាជ្ញាធរខេត្តនឹងបន្តពិនិត្យមើលស្ថានភាពឆ្លង ក្នុងអំឡុងពេលអនុវត្តវិធានការបិទខ្ទប់ចំនួន១៤ថ្ងៃ។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព ថ្លែងថា វិធានការបិទខ្ទប់ថ្មីសម្រាប់ខេត្តទាំង៨នោះ អាចនឹងជួយបន្ថយល្បឿននៃការចម្លងវីរុសបំប្លែងថ្មីដែលតាទៅបណ្តាខេត្តផ្សេងទៀត និងរាជធានីភ្នំពេញ ប្រសិនបើអាជ្ញាធរដែលឈរជើងនៅតាមច្រកព្រំដែនប្រកាន់ភាពហ្មត់ចត់ក្នុងការអនុវត្តភារកិច្ចរបស់ខ្លួន។
«យើងដឹងហើយថា នៅរាជធានី គឺពាក់ព័ន្ធមជ្ឈមណ្ឌលសេដ្ឋកិច្ច វប្បធម៌ទាំងអស់ បើសិនជាយើងទប់ស្កាត់មិនបានទេ គឺវានឹងប៉ះពាល់ខ្លាំង ហើយនៅក្នុងនោះដែរគឺ វាអាចកាត់បន្ថយនូវខ្សែសង្វាក់ផលិតកម្ម ក៏ដូចជាការទាញឲ្យថយចុះ យ៉ាងខ្លាំងនូវកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ដែលអាចប៉ះពាល់កាន់តែដុនដាបថែមទៀត»។
ភ្លាមៗក្រោយរដ្ឋាភិបាលប្រកាសបិទខ្ទប់ភូមិសាស្រ្តខេត្តចំនួន៨នោះ រដ្ឋបាលរាជធានីភ្នំពេញបានចេញវិធានការកំហិតការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងរាជធានី និងតម្រូវឲ្យផ្អាកជាបណ្តោះអាសន្ននូវសកម្មភាពមុខរបរ ឬអាជីវកម្ម ដែលមានលក្ខណៈប្រមូលផ្តុំ។ វិធានការនេះនឹងអនុវត្តរយៈពេល១៤ថ្ងៃ គិតចាប់ពីម៉ោង១១:៥៩នាទី យប់ថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី១២ ខែសីហា។
បើតាមសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ«ក្នុងអំឡុងពេលនៃការចេញវិធានការរដ្ឋបាល ត្រូវបានអនុវត្តបម្រាមគោចរ ដោយផ្អាកជាបណ្តោះអាសន្ននូវរាល់ការធ្វើចរាចរណ៍ និងរាល់សកម្មភាព ការងារ មុខរបរ ឬអាជីវកម្ម នៅចន្លោះម៉ោង២១(ម៉ោង៩យប់)ដល់ម៉ោង៣ភ្លឺ»។
គួរបញ្ជាក់ថា កម្ពុជាបានសម្រុកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដល់ពលរដ្ឋរបស់ខ្លួន ដែលរហូតមកដល់ថ្ងៃពុធ ចាក់បានប្រមាណ៧លាន១សែននាក់ហើយ គឺស្មើប្រមាណ ៧១% នៃគោលដៅចាក់ឲ្យបានយ៉ាងតិច១០លាននាក់នាត្រឹមខែតុលាខាងមុខនេះ។ ទោះជាយ៉ាងណា ការសិក្សានានាបង្ហាញថា វ៉ាក់សាំងបង្ការកូវីដ១៩ មិនមានប្រសិទ្ធភាពខ្លាំងប្រឆាំងនឹងវីរុសបំប្លែងថ្មីដែលតានេះទេ៕