ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​សុខា​ភិបាល​រក​ឃើញ​វីរុស​បំប្លែង​ថ្មី Delta លើ​ពលរដ្ឋ​ក្នុង​សហគមន៍​លើក​ដំបូង នាំ​ឲ្យ​ព្រួយ​បារម្ភ​ការឆ្លង​រហ័ស​បន្ថែមទៀត


រូបឯកសារ៖ បុគ្គលិក​សុខាភិបាល​ក្នុង​ឯកសណ្ឋាន​ការពារ​​ពី​ជំងឺ​កូវីដ១៩ ប្រមូល​សំណាក​ពី​អ្នកពាក់ព័ន្ធ​នឹង​អ្នក​ជំងឺ​ឃើញ​តេស្ត​វិជ្ជមាន​កូវីដ១៩ រាជធានី​ភ្នំពេញ ខែ​មេសា ឆ្នាំ២០២១។ (ហ៊ាន សុជាតា/វីអូអេ)
រូបឯកសារ៖ បុគ្គលិក​សុខាភិបាល​ក្នុង​ឯកសណ្ឋាន​ការពារ​​ពី​ជំងឺ​កូវីដ១៩ ប្រមូល​សំណាក​ពី​អ្នកពាក់ព័ន្ធ​នឹង​អ្នក​ជំងឺ​ឃើញ​តេស្ត​វិជ្ជមាន​កូវីដ១៩ រាជធានី​ភ្នំពេញ ខែ​មេសា ឆ្នាំ២០២១។ (ហ៊ាន សុជាតា/វីអូអេ)

ខណៈ​កម្ពុជា​បន្ត​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូវីដ​១៩​ក្នុង​ចំនួន​ច្រើន​ជា​រៀងរាល់​ថ្ងៃ ក្រសួង​សុខា​ភិបាល នៅ​ថ្ងៃ​អង្គារ​នេះ បាន​ប្រកាស​រក​ឃើញករណី​ឆ្លង​វីរុស​កូវីដ​១៩​ប្រភេទ​បំប្លែង​ថ្មី​ ដែល​តា (Delta)​ លើក​ដំបូង​លើ​ប្រជា​ពលរដ្ឋ​ក្នុង​ស្រុក ដែល​ជា​ការ​ព្រួយ​បារម្ភ​មួយ​ចំពោះ​ការនាំ​ឲ្យ​មាន​ការ​ឆ្លង​រហ័ស​បន្ថែម​ទៀត។

បើ​ទោះ​កម្ពុជា​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩​ដល់​ប្រជាពលរដ្ឋ​ក្នុង​ចំនួន​ច្រើន​ក៏​ដោយ ការ​សិក្សា​បង្ហាញ​ថា​វ៉ាក់សាំងមិន​មាន​ប្រសិទ្ធ​ភាព​ខ្លាំង​ក្លា​ប្រឆាំង​នឹង​ប្រភេទ​វីរុស​បំប្លែង​ថ្មី​នេះ​ទេ។

សេចក្តី​ប្រកាសព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ​នេះ ឲ្យ​ដឹង​ថា​ចាប់​ពី​ថ្ងៃ​ទី​២២​ដល់​ថ្ងៃ​ទី២៥ ខែ​កក្កដា ក្រសួង​សុខាភិបាល​កម្ពុជា​បាន​រក​ឃើញ​ករណី​ឆ្លង​វីរុស​កូវីដ​១៩​បំប្លែង​ថ្មី​ប្រភេទ​B.167-2 (Delta)​ចំនួន​៣៩​នាក់ រួម​មាន​អ្នក​ដំណើរ​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​តាម​ច្រក​ព្រំដែន​ចំនួន​២១​នាក់ បុគ្គលិក​សុខាភិបាល​៤​នាក់ ពលរដ្ឋ​ក្នុង​សហគមន៍​ដែល​ប៉ះ​ពាល់​ផ្ទាល់​៦​នាក់ និង​ពលរដ្ឋ​ក្នុង​សហគមន៍​មិន​ប៉ះពាល់​ផ្ទាល់​៨​នាក់។

ចំនួន​៨នាក់​នេះ ជា​ករណី​ឆ្លង​សហគមន៍​លើក​ដំបូង ដោយ​សារ​កន្លង​ទៅ ក្រសួង​រក​ឃើញ​វីរុស​បំប្លែង​ថ្មី​នេះ តែ​លើ​ពលករ​ខ្មែរ​ត្រឡប់​ពី​ប្រទេស​ថៃ និង​អ្នក​ធ្វើ​ដំណើរ​ចូល​ប្រទេស​កម្ពុជា​តែ​ប៉ុណ្ណោះ។

បើ​តាម​ក្រសួង​សុខាភិបាល គិត​ចាប់​តាំង​ពី​ថ្ងៃ​ទី​៣១ ខែ​មីនា ដល់​ថ្ងៃ​ទី២៥ ខែ​កក្កដា កម្ពុជា​បាន​រក​ឃើញ​ករណី​វិជ្ជមាន​វីរុស​កូវីដ​១៩ ប្រភេទ​ដែលតា សរុប​ចំនួន​១១៤​នាក់។

ក្រសួង​សុខាភិបាល​ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា បុគ្គលិក​ពេទ្យ៤​នាក់​ដែល​បាន​ធ្វើ​តេស្ត​វិជ្ជមាន​វីរុស​កូវីដ​១៩​បំប្លែង​ថ្មី​ដែល​តា​នេះ មាន៣​នាក់​មាន​ទី​លំនៅ​ក្នុង​ខេត្ត​ឧត្តរ​មាន​ជ័យ។

លោក ឌី រ៉ាដូ អភិបាល​រង​ខេត្ត​ឧត្តរ​មានជ័យ និង​ជា​អ្នក​នាំពាក្យ​របស់​សាលា​ខេត្ត​មួយ​រូប បាន​ថ្លែង​ប្រាប់​VOA​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ករណី​ឆ្លង​ក្នុង​ចំណោម​គ្រូ​ពេទ្យ​ដែល​ជាបុគ្គលិក​សុខាភិបាល គឺ​អំឡុង​ពេលដែល​ពួកគេ​បាន​មកបំពេញ​ការងារ​ពិនិត្យ​អ្នក​ដំណើរ​ឆ្លង​កាត់​តាម​ព្រំដែន។

លោក​ថ្លែង​ថា៖ «បុគ្គលិក​សុខាភិបាល​ដែល​ឆ្លង​នោះ​គឺ មន្រ្តី​គាត់​ប្រចាំ​ការ​នៅ​ព្រំ​ប្រទល់​ព្រំដែន​ អញ្ចឹង​គាត់​ឆ្លង​ពេល​ហ្នឹង​ ពេល​ពិនិត្យ​បង​ប្អូន​ពលករ​»។

លោក​ឲ្យ​ដឹង​ទៀត​ថា​អ្នក​ធ្វើ​ដំណើរ​ត្រឡប់​មក​ពី​ប្រទេសថៃចូល​តាម​ច្រក​ខេត្ត មាន​កាន់​តែ​ច្រើន​ជាង​មុន ដោយ​ជា​មធ្យម​មាន​ជាង​៤០០​នាក់​ក្នុង​មួយ​ថ្ងៃ។ លោក​បញ្ជាក់​ថាចំពោះ​អ្នក​ដែល​ធ្វើ​តេស្ត​វិជ្ជមាន​កូវីដ​១៩​ប្រភេទ​បំប្លែង​ថ្មី​ដែលតា ភាគ​ច្រើន​ជា​ពលករ​វិល​ត្រឡប់​មក​ពីថៃ ដោយ​សារ​វីរុស​បំប្លែង​ប្រភេទ​នេះ​មាន​ការ​ឆ្លង​ខ្លាំង​នៅ​ទី​នោះ។

បើ​តាម​អភិបាល​រង​ខេត្ត​រូប​នេះ គ្រប់​អ្នក​ដំណើរតាម​ច្រក​អូស្មាច់ តម្រូវ​ឲ្យ​ធ្វើ​ចត្តាឡីស័ក​នៅ​តាម​មណ្ឌល​ចត្តាឡី​ស័ក​ក្នុង​ខេត្ត។ ហើយ​អ្នក​ជំងឺ​កូវីដ​១៩​វីរុស​បំប្លែង​ថ្មី​នេះ តម្រូវ​ឲ្យ​ព្យាបាល​ដាច់​ដោយ​ឡែក​ចំនួន​២១​ថ្ងៃ និង​ធ្វើ​ចត្តាឡីស័ក​ចំនួន​២១​ថ្ងៃ​បន្ថែម​ទៀត។

ចំណែក​អាជ្ញាធរ​ខេត្ត​សៀមរាប​បាន​ឲ្យ​ដឹង​ថា​ខ្លួន​ក៏​រក​ឃើញ​ករណី​វីរុស​បំប្លែង​ថ្មី​ប្រភេទ​ដែលតា​នេះ ឆ្លង​ក្នុង​សហគមន៍​ផង​ដែរ។ នេះ​បើ​តាម​លោក លី សំរិទ្ធ អភិបាល​រង​ខេត្ត​សៀមរាប និង​ជា​អ្នក​នាំពាក្យ​របស់​សាលា​ខេត្ត។

លោក​បាន​ថ្លែង​ប្រាប់ ​VOA ​ថា​ អាជ្ញាធរ​ខេត្ត​កំពុង​ព្រួយ​បារម្ភជុំវិញ​ស្ថាន​ភាព​ឆ្លង​ជំងឺ​កូវីដ​១៩ ប្រភេទ​បំប្លែង​ថ្មី​ដែលតា​នេះ។

លោក​បញ្ជាក់​ថា៖ «យើង​នៅ​សៀមរាប​នេះ ក៏​មាន​សភាព​មួយ​គួរ​ឲ្យ​ព្រួយ​បារម្ភ​ផង​ដែរ។ គិត​ត្រឹម​ថ្ងៃ​ទី២៥ យើង​មាន​វីរុស​ដែល​តាហ្នឹង​១១​នាក់​ហើយ​។ ហើយ​ក្នុង​ចំណោម​១១​នាក់​នេះ​ ដែល​មើល​ឃើញ​ពី​ពលករ ដែល​មក​ពី​ប្រទេស​ថៃ​ហ្នឹង ចំនួន​៦​នាក់។ ហើយ​អ្នក​ប៉ះ​ពាល់​ជាមួយ​នឹង​ពលករ​ហ្នឹង ចំនួន៦​នាក់ ហើយ​និង​មិន​ប៉ះ​ពាល់​ពល​ករ​ហ្នឹង​២​នាក់​ទៀតបាទ។ អញ្ចឹង​នេះ​ជា​បញ្ហា​ដែល​ព្រួយ​បារម្ភ​ ហើយ​នៅ​ក្នុង​សហគមន៍​យើង ក៏​វា​មាន​វីរុស​ដែល​តា​ហ្នឹង​រួច​ហើយ។ នេះ​ជា​អ្វី​ដែល​យើង​មាន​ការ​លំបាក»។

លោក យង់ គិមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជា​ពលរដ្ឋ​ ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព ​បាន​ប្រាប់​ VOA​ ថា ​ស្ថានភាព​ឆ្លង​វីរុស​កូវីដ១៩​ប្រភេទ​ថ្មី​អាច​រាល​ដាល​ក្នុង​កម្រិត​ធ្ងន់ ប្រសិន​បើ​មិន​មាន​ការ​ពិនិត្យ​តាម​ដាន​ច្បាស់​លាស់​ពី​មន្រ្តី និង​អាជ្ញាធរ​មាន​សមត្ថកិច្ច​នោះ​ទេ។

លោកថ្លែង​ថា​៖ «ជា​ការ​ពិត​ណាស់ ប្រសិន​បើ​យើង​មិន​បាន​ធ្វើ​ការ​ត្រួត​ពិនិត្យ​ឲ្យ​បាន​ដិត​ដល់​ទេ យើង​នឹង​ទទួល​រង​ការ​វាយ​ប្រហារ​ពី​ជំងឺ​កូវីដ​១៩​បំប្លែង​ថ្មី​នេះ ដែល​ធ្វើ​ឲ្យ​កម្ពុជា​យើង​ធ្លាក់​ចូល​ក្នុង​ស្ថាន​ភាព​ធ្ងន់ធ្ងរ។ ហើយ​ចំពោះ​បញ្ហា​នេះ សញ្ញា​នៃ​ការ​ព្រួយ​បារម្ភ​បាន​កើត​ឡើង​ ហើយ​ដោយ​យើង​ឃើញ​ថា​មិន​មែន​ត្រឹម​តែ​អ្នក​ដំណើរ​ពី​ក្រៅ​ប្រទេស​នោះ​ទេ​ នៅ​ក្នុង​នោះ​ក៏​មាន​អ្នកពាក់ព័ន្ធ​នៅ​ក្នុង​សហ​គមន៍​ដែរ ដែល​យើង​ព្រួយ​បារម្ភ ប្រសិន​បើ​យើង​ទប់​ស្កាត់​អត់​បាន​ទេ គឺ​វា​នឹង​មាន​ការ​រាល​ដាល​បាទ»។

លោក​យង់ គិមអេង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​រឹត​បន្តឹង​វិធាន​ការ​ក្នុង​ការ​ស្វែង​រកអ្នក​ពាក់​ព័ន្ធ​នឹង​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩ ប្រភេទ​បំប្លែង​ថ្មី ក៏​ដូច​ជា​រៀបចំ​មណ្ឌល​ចត្តា​ឡីស័ក​ត្រឹម​ត្រូវ​ចំពោះ​អ្នក​ដំណើរ​ពី​ក្រៅ​ប្រទេស។

កាល​ពី​ចុង​ខែ​មិថុនា អ្នកស្រី​ ឱ វណ្ឌឌីន រដ្ឋលេ​ខាធិ​ការ និង​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ធ្លាប់​បាន​បញ្ជាក់​ពី​ផល​វិបាក​ធ្ងន់ធរនៃ​វីរុស​កូវីដ១៩ ​ប្រភេទ​បំប្លែង​ថ្មី​ដែល​តា ដែល​ត្រូវ​បាន​រកឃើញ​ដំបូង​នៅ​ប្រទេស​ឥណ្ឌា ដូចជា​ការ​ឆ្លង​ទ្រង់ទ្រាយ​ធំ ហានិ​ភ័យ​នៃ​ការ​ស្លាប់​ច្រើន​ជាង​មុន ក៏​ដូចជា សម្ពាធ​បន្ថែម​មក​លើ​ប្រព័ន្ធ​សុខាភិបាល​កម្ពុជា។ ​

អ្នក​ស្រី Li Ailan តំណាង​អង្គការ​សុខភាព​ពិភព​លោក (WHO) ប្រចាំ​កម្ពុជា​បាន​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម​Twitter កាល​ពី​ថ្ងៃ​ទី២៥ ខែ​កក្កដា ជា​ភាសា​អង់គ្លេស​ ហើយ​ត្រូវ​បាន​ប្រែសម្រួល​ជា​ភាសាខ្មែរ​ថា៖ «យើង​កំពុង​ស្វះ​ស្វែង​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​កូវីដ​១៩ ប្រភេទ​បំប្លែង​ថ្មី​ Delta។ យើង​ត្រូវ​ចាត់​វិធាន​ការ​ឲ្យ​កាន់​តែ​ឆាប់​រហ័ស និង​ដោយ​មិនមាន​ការ​សោក​ស្តាយ​ពីការលះបង់​ណា​មួយ។ វិធានការ​សំខាន់​ពីរ​ ដើម្បីអាច​បោះជំហាន​ទៅ​មុខ​បាន​ឆាប់​រហ័ស​រួម​មានការ​អនុវត្តន៍​វិធានការ​បង្ការ​ការពារនិង​ការ​ផ្តល់​វ៉ាក់សាំង​ឲ្យ​បាន​ពេញលេញ​ដល់​ក្រុម​មនុស្ស​ងាយ​រង​គ្រោះ»។

គួរ​បញ្ជាក់​ថា​នៅ​ថ្ងៃ​អង្គារ​នេះ ក្រសួង​សុខាភិបាល​បាន​រាយ​ការណ៍​ករណី​ឆ្លង​ថ្មី​ជំងឺ​កូវីដ​១៩ ចំនួន​៦៨៥​នាក់ ដោយ​នាំ​ឲ្យករណី​ឆ្លង​សរុប​កើន​ឡើង​ប្រមាណ​៧៤.០០០​នាក់ ហើយ​ចំនួន​អ្នក​ស្លាប់​ថ្មី​មាន​១៩​នាក់ ដោយ​ធ្វើ​ឲ្យ​ករណី​ស្លាប់​សរុប​កើន​ដល់​១.៣២៤​នាក់៕

XS
SM
MD
LG