ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជន​ភៀស​ខ្លួន ​Hazara នៅ​តែ​បន្ត​ជីវិត​​គ្មាន​សិទ្ធ​សេរីភាព​នៅ​ប្រទេស​ឥណ្ឌូនេស៊ី


(រូបភាព​ឯកសារ)​ បុរស​ជនជាតិ​ភាគតិច​ Hazara ក្រឡេក​មើកទៅ​ក្រៅតាម​កញ្ចក់​នៅជម្រក​បណ្តោះ​អាសន្ន​ក្នុងតំបន់​ Karawang ខេត្ត​ West Java ប្រទេស​ឥណ្ឌូនេ​ស៊ី។
(រូបភាព​ឯកសារ)​ បុរស​ជនជាតិ​ភាគតិច​ Hazara ក្រឡេក​មើកទៅ​ក្រៅតាម​កញ្ចក់​នៅជម្រក​បណ្តោះ​អាសន្ន​ក្នុងតំបន់​ Karawang ខេត្ត​ West Java ប្រទេស​ឥណ្ឌូនេ​ស៊ី។

ពេល​និយាយ​ដល់​ជន​ភៀស​ខ្លួន​ អ្នក​ខ្លះ​គិត​ថា ជីវិត​របស់​ពួក​គេ​មាន​ភាព​ទុរគត ត្រូវ​បាន​រឹត​បន្តឹង​និង​មាន​ភាព​ខ្វះ​ខាត។ ប៉ុន្តែ​ ការ​ពិត​ទៅ ជីវិត​ជា​ជន​ភៀស​ខ្លួន​គឺ​អផ្សុក​ខ្លាំង​ណាស់។

ឧទាហរណ៍ ដូចជា​ជន​ភៀស​ខ្លួន​ Hazara ដែល​ឥឡូវ​នេះ​ កំពុង​ស្ថិត​នៅ​ខេត្ត West Java។ ពួក​គេ​រស់​នៅ​ទី​នោះ​អស់​រយៈ​ពេល​រាប់​ខែ​រាប់​ឆ្នាំ។ ពួក​គេ​មិន​អាច​ធ្វើ​ការងារ​ ចូល​រៀន ឬ​ធ្វើ​ដំណើរ​ទៅ​ណា​បាន​ទេ។ រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​ មិន​បាន​អើពើ​នឹង​ពួក​គេ​ឡើយ​ ព្រោះ​ជន​ភៀស​ខ្លួនទាំង​នោះ​មិន​ត្រូវ​បានទទួល​ស្គាល់​នោះ​ទេ។

ពួក​គេ​រង់​ចាំ​ចុះ​ឈ្មោះ​ក្នុង​របាយ​ការណ៍​របស់​ឧត្តម​ស្នង​ការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​លើ​ជន​ភៀស​ខ្លួន UNHCR ដើម្បី​មាន​ឱកាស​ផ្លាស់​ទី​លំ​នៅ​ទៅ​ប្រទេស​អាល្លឺម៉ង់​ឬ​សហ​រដ្ឋ​អាមេរិក។

ចំនួន​ជន​ភៀស​ខ្លួន​ Hazara មាន​ច្រើន​គួរ​សម ​នៅ​ក្នុង​ស្រុក​ Cisarua​ ដែល​ស្ថិត​នៅ​ក្បែរ​ទីក្រុង Bogor។ ពួក​គេ​រាប់​រយ​នាក់​បាន​មក​ដល់​ប្រទេស​ឥណ្ឌូនេស៊ី​តាម​រយៈ​យន្តហោះ​ និង​ទូក​ក្នុង​រយៈ​ពេល​ប្រាំ​ឆ្នាំ​ចុង​ក្រោយ​នេះ ​ដោយ​ភៀស​ខ្លួន​ចេញ​ពី​ការ​ធ្វើ​ទុក​បុក​ម្នេញ​ នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ ប៉ាគីស្ថាន​ និង​អ៊ីរ៉ង់។

ប្រទេស​ឥណ្ឌូនេស៊ី​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ចំណត​ដំបូង​ មុន​នឹង​បន្ត​ដំណើរ​ទៅ​កាន់ប្រទេស​អូស្រ្តាលី​ ប៉ុន្តែ​ ចាប់​តាំងពី​ប្រទេស​មួយ​នេះ​ បង្ក្រាប​អ្នក​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​ ដែល​ធ្វើ​ដំណើរ​តាម​សមុទ្រ​ ប្រទេស​ឥណ្ឌូនេស៊ី​ បាន​ក្លាយ​ដូច​ជា​នរក​អ៊ឺ​ចឹង។ ពួក Hazara បាន​ជ្រើស​រើស​យក​ស្រុក Cisarua ដោយសារ​តែ​អាកាសធាតុ ​នៅ​ទីនោះ​ត្រជាក់​ ហើយ​ពួក​គេ​អាច​ជួល​ផ្ទះ​ក្នុង​តម្លៃ​ថោក ​ជំនួស​ឱ្យ​ការ​ប្តូរ​ទៅ​រស់​នៅ​ក្នុង​ផ្ទះ​លក្ខណៈ​ជា​អាផាតមឹន​នៅ​ទីក្រុង Jakarta។

ជន​ភៀស​ខ្លួន​ជាច្រើន​បាន​បង្កើត​សាលា​រៀន​បណ្តោះ​អាសន្ន​មួយ​សម្រាប់​កុមារ​ ដែល​ហៅ​ថា​ មជ្ឈ​មណ្ឌល​សិក្សា​សម្រាប់​ជន​ភៀស​ខ្លួន​ ឬ​ហៅ​កាត់​ថា RLC នៅ​ឆ្នាំ​2014។ ដំបូង​គេ​ចាប់​ផ្តើម​ពី​ថ្នាក់រៀន​ក្រៅ​ផ្លូវការ​មួយ​ បន្ទាប់​មក​គេ​បាន​ពង្រីក​មជ្ឈមណ្ឌល​នេះ​ទៅ​ជា​សាលា​រៀន​ដែល​មាន​ប្រាំ​មួយ​ថ្នាក់ សម្រាប់​មនុស្ស​ពេញ​វ័យ​ និង​កុមារ រួម​ជា​មួយ​បណ្ណាល័យ ថ្នាក់​ភាសា​អង់គ្លេស​ និង​តារាង​បាល់​ទាត់​មួយ។

លោក Asad Shadan ស្ថាបនិក​មជ្ឈមណ្ឌល RLC បាន​និយាយ​ថា៖ «យើង​បាន​ស្នើ​ឱ្យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀសខ្លួន UNHCR ​ជួយ​ពួក​យើង​លើ​កម្ម​វិធី​អប់រំ​មួយ​ចំនួន​សម្រាប់​រយៈ​ពេល​បីខែ​ ប៉ុន្តែ​បន្ទាប់​ពី​មិន​មាន​ការ​ឆ្លើយ​តប​ណាមួយ​មកវិញនោះ​ទេ ដូច្នេះ​ពួក​យើងក៏​បាន​សម្រេច​ចិត្ត​ធ្វើ​វា​ដោយ​ខ្លួន​ឯង គឺ​បង្កើត​ថ្នាក់រៀន​មួយ​ដែល​មាន​កុមារ១៨នាក់»។ លោក​បាន​បន្ត​ទៀត​ថា៖ «ក្នុង​រយៈ​ពេល​ត្រឹម​តែ​ប្រាំ​មួយ​ខែ មាន​កុមារ​ចំនួន​១០០នាក់​បាន​ចុះ​ឈ្មោះ​ចូល​រៀន​ ហើយ​ឥឡូវនេះ​យើង​មាន​សិស្ស​ចំនួន២០០ នាក់ និង​គ្រូ​បង្រៀន​ចំនួន ១៦នាក់។ វា​ជាការងារ​របស់​យើង»។

សូម​អរគុណ​ចំពោះ​ការ​បរិច្ចាគ​ក្នុងរយៈ​ពេល​ប៉ុន្មាន​ឆ្នាំចុ​ង​ក្រោយ​នេះ ឥឡូវ​នេះ​មជ្ឈមណ្ឌល​ RLC ​មាន​បណ្ណាល័យ​ធំ​ល្មម។ ទោះ​បីជា​ភាសា​ដើម​របស់​ពួក​ Hazara​ គឺ Farsi ​ក៏ដោយ​ ក៏​ពួក​គេ​ជាច្រើន ​ជាពិសេស ក្មេង​តូចៗ និយាយ​ភាសា​អង់គ្លេស ​បាន​ល្អឥត​ខ្ចោះ។ លោក Shadan បាន​កំប្លែង​ថា៖ «ពួក​យើង​នៅ​មាន​ពេលច្រើន​ដើម្បី​ធ្វើ​ការ​អនុវត្ត»។

ខណៈ​ពេល​ដែលយើង​ដើរ​ពី​បន្ទប់​ថ្នាក់​រៀន ​ទៅកាន់​តារាងបាល់ទាត់ យើង​ឃើញ​ក្រុម​មនុស្ស​ពេញ​វ័យ​មួយ​ថ្នាក់​កំពុង​រៀន​ភាសា​អង់គ្លេស​ បាន​ថា​តាម​គ្រូ​របស់ពួកគេ។

​ក្រុម​កីឡា​បាល់ទាត់

ការប្រកួត​បាល់​ទាត់របស់​មជ្ឈមណ្ឌល RLC ​បាន​ក្លាយ​ជា​កម្មវិធី​សំខាន់​សម្រាប់​សាលា​រៀននេះ។ ពួកគេ​បាន​បង្កើតការ​ប្រកួត​ចំនួន​បី ដែល​ការ​ប្រកួត​ចំនួន​ពីរ​គឺ​សម្រាប់​ក្មេងប្រុស ​ហើយ​ការ​ប្រកួត​ចំនួន​មួយ​សម្រាប់​ក្មេងស្រី។ ក្រុម​នីមួយៗ​ហ្វឹកហាត់​ពីរ​ដង​ក្នុងមួយ​សប្តាហ៍​ ហើយ​ពួក​គេ​ធ្វើ​ការ​ប្រកួត​ប្រជែង​រៀងរាល់​ថ្ងៃសុក្រ។

ពី​មុន​ពួកគេ​ធ្លាប់​តែ​ហ្វឹកហាត់​នៅ​លើទី​លាន​ខាង​ក្រៅ ប៉ុន្តែ​មាន​សភាព​មិន​ល្អ​នោះ​ទេ​ដោយសារ​តែមាន​ភ្លៀង​ធ្លាក់​ជា​ប្រចាំ​នៅ​ក្នុង​តំបន់​នោះ។ ប៉ុន្តែ​ សម្រាប់​រយៈពេល​ប្រាំមួយ​ខែ​ចុងក្រោយ​នេះ​ ម្ចាស់ជំនួយ​បាន​ជួល​ទីលាន​បាល់​ទាត់​ដែល​មាន​ដំបូល​ឲ្យ​ពួក​គេ​ លេង​ចំនួន​ពីរ​ឬ​បី​ម៉ោង​ក្នុងមួយ​សប្ដាហ៍។

នៅ​រសៀល​ថ្ងៃ​អង្គារថ្មី​ៗនេះ ក្រុម​ក្មេង​ស្រី​ដែល​មានកី​ឡា​ករ​ប្រមាណ​ ២០ នាក់​ដែល​មានអាយុពី​ ១២ ទៅ ២០ ឆ្នាំ​ បាន​ចេញ​ធ្វើ​ការ​ហាត់​សម​ ក្នុង​សម្លៀក​បំពាក់​កន្សែង​រុំក្បាល​ ខោ​កីឡា​និងស្បែកជើង​សម្រាប់​លេងបាល់​ទាត់។ ក្រុម​កីឡា​ការី​ Hazara ទាំងអស់​មាន​សប្បាយ​រីករាយ​ដែល​ពួក​គេ​មាន​ទី​តាំង​សម្រាប់​លេង​កី​ឡា​នេះ​ ពីព្រោះ​ក្រុម​នេះ​បាន​ដឹង​ច្បាស់​ថា​ពួកគេ​មិន​អាច​លេង​កីឡា​អ្វី​ទាំងអស់​នៅ​ក្នុង​ប្រទេស​កំណើតពួក​គេ​នោះ​ទេ។

នាង Madiha Ali អាយុ ​១៧ ឆ្នាំ ​មក​ពី​ប្រទេស​ប៉ាគីស្ថាន​ បាន​និយាយ​ថា​៖ «​របៀប​របប​សង្គម​ក្នុង​ប្រទេស​ខ្ញុំ មាន​ការ​អភិរក្ស​ខ្លាំង​ណាស់​ ជា​ពិសេស​នៅ​ក្នុង​សហគមន៍​ Hazara របស់​ខ្ញុំ​ផ្ទាល់»។ នាង​បាន​បន្ត​ទៀត​ថា៖ «កុមារី​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​លេង​បាល់​ទាត់​ និង​កីឡា​ផ្សេងៗ​ទៀត​នោះ​ទេ»។ នាង Ali ដែល​បង្រៀន​គណិតវិទ្យា​នៅ​មជ្ឈមណ្ឌល​ RLC និង​បាន​សរសេរ​ពី​បទពិសោធន៍​របស់​នាង​ផ្ទាល់​ដែល​មាន​ប្រវែង​ប្រហាក់​ប្រហែល​នឹង​ប្រលោមលោក​បាន​និយាយ​ថា ការលេង​កីឡា​បាល់ទាត់​គឺ​ជា​សកម្មភាព​ប្រចាំ​សប្តាហ៍​ដ៏​មានសារៈ​សំខាន់​សម្រាប់​នាង។ នាង​បាន​និយាយ​ថា៖ «ខ្ញុំ​ស្រឡាញ់​កីឡា​បាល់​ទាត់។ កីឡា​បាល់​ទាត់​គឺ​ជា​ចំណង់​ចំណូល​ចិត្ត​របស់​ខ្ញុំ​ ពី​ព្រោះ​វា​មិន​ត្រឹម​តែ​ជា​កីឡា​ជួយ​បន្លប់​ពេល​វេលា​យើងបាន​ប៉ុណ្ណោះ​ទេ វា​មាន​អត្ថប្រយោជន៍​ច្រើន​ជាង​នេះ​ទៅ​ទៀត។ វា​ដូច​ជា​ចំណង់​ចំណូល​ចិត្ត​មួយ​ ដែល​អាច​ឲ្យ​យើង​ភ្លេច​ការ​ព្រួយបារម្ភ​និង​ភាពតាន​តឹងរបស់​យើង​ទាំងអស់»។

នាង​ Atifa Zamiri ​កីឡា​ការនី​អាយុ​ ១៧ឆ្នាំ​មាន​ដើម​កំណើត​មក​ពី​ប្រទេស​អាហ្វហ្គានីស្ថាន​ បាន​និយាយ​ថា៖ «យើង​ពិតជា​ត្រូវ​ការ​ការ​សំរាក​លំហែ​កាយ ហើយការ​លេង​កីឡាបាល់​ទាត់​ពិត​ជា​ធ្វើ​ឲ្យ​ពួក​យើង​ស្ងប់​ចិត្ត»។

លោក​ Shadan កំពុង​ដឹកនាំ​យុទ្ធនាការ​បរិច្ចាគ​ថវិកា​ ដើម្បី​ទ្រទ្រង់​មជ្ឈមណ្ឌលRLC ពី​ព្រោះជនភៀស​ខ្លួន មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ធ្វើការ​នោះ​ទេ ដូច្នេះ​រាល់​កម្មវិធីទាំង​អស់បាន​មក​ពីការ​បរិច្ចាគ​និង​ប្រាក់​សន្សំ​ដែល​ជនភៀស​ខ្លួន​មាន​មក​ជា​មួយ។ លោក​ Shadan បាន​ឲ្យ​ដឹង​ថា៖ «រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​ធ្វើ​ដូច​ជា​យើងពុំមាន​វត្តមាន​នៅ​ទី​នេះ​អញ្ជឹង»៕

ជន​ដែល​ត្រូវ​បាន​សម្គាល់​ទុក​

​ការ​រា​រាំង​ការ​លើក​ទឹក​ចិត្ត​លើ​ជន​ភៀស​ខ្លួន​ទាំង​មនុស្ស​ពេញ​វ័យ​និង​កុមារ គឺ​មាន​លក្ខណៈ​គួរ​ឱ្យ​ភ្ញាក់ផ្អើល ​នៅ​ពេល​ដែល​យើងដឹង​ថា​ក្រុម​ជនជាតិ​ Hazara ​បាន​ចំណាយ​ពេល​មួយ​ជីវិត​របស់​ពួក​គេរស់​នៅ​ក្នុង​សភាព​ជា​ជន​ដែល​ត្រូវ​បាន​គេ​ចំណាំ​ទុក។ លោក​ Shadan និយាយ​ថា ដោយ​សារ​តែ​មាន​ជាប់​ភិនភាគ​ជា​ជនជាតិ​អាស៊ី​ខាង​កើត​ ក្រុម​ជនភៀស​ខ្លួនទាំង​នោះ​បាន​ក្លាយ​ជា​គោលដៅ​ចាត់ទុក​ថា​ជា​ផ្នែក​នៃ​ប្រទេស​អាហ្គានីស្ថាន។

លោក​បាន​និយាយ​ថា៖ «តើ​យើង​អាច​លាក់​ដោយ​របៀប​ណា នៅ​ពេល​ដែល​មុខរបស់​យើង​បង្ហាញ​ថា​ យើងជា​ក្រុម​ជន​ជាតិ​ Hazaraនោះ»?

លោក​ Shadan ដែលធ្លាប់​ធ្វើការ​ជាអ្នក​ស្រាវជ្រាវ ​ឲ្យ​ក្រុមហ៊ុន​អូស្ត្រាលី​មួយ​បាន​ចាក​ចេញ​ពី​ស្រុក​កំណើត​លោក​ក្នុង​ឆ្នាំ ២០១៤ បន្ទាប់ពី​ពួក​តាលីបង់ ​បាន​ចោទប្រកាន់​លោក​ពី​បទ​ចារកម្ម​ និង​បាន​គំរាម​ប្រពន្ធ​ និង​ឪពុក​ម្តាយ​របស់​លោក។

លោក​បាន​រំលឹក​ថា​ពេលនោះ​ លោក​បាន​សុំ​ជំនួយ​ពី​ក្រសួង​ការពារ​សិទ្ធិ​មនុស្ស នៅ​ទីក្រុង​ Kabul ប៉ុន្តែ​ពួកគេ​បាន​ច្រាន​ចោល​សំណើ​នោះ។ ដូច្នេះ​ នៅ​ប៉ុន្មាន​ថ្ងៃ​ដំបូង​ លោក​បាន​ចាក​ចេញ​ទៅ​កាន់​ប្រទេស​ឥណ្ឌា បន្ទាប់​មក​លោក​បាន​ទៅ​ប្រទេស​ម៉ាឡេស៊ី​និង​ចុង​ក្រោយ​បង្អស់​នេះ​លោក​បានទៅ​ប្រទេស​ឥណ្ឌូនេស៊ី​ កន្លែង​ដែល​លោក​បាន​ចូល​ចត​នៅ​កោះ​ស៊ូម៉ាត្រា ​តាម​ទូក។ លោក​បាន​ចាក​ចេញ​ពី​ភរិយា​ដែល​កំពុង​មាន​ផ្ទៃពោះ​ ហើយ​លោក​មិន​ដែល​ឃើញ​មុខ​កូន​ប្រុស​អាយុ​ពីរ​ឆ្នាំ​របស់​លោក​ ​ក្រៅ​ពី​មើលតាម​រូបថត​នោះ​ទេ។

នៅក្នុងស្រុក​ Cisarua លោក​ Shahad គឺ​ដូចជា​បង​ប្រុស​ម្នាក់​សម្រាប់​អ្នក​នៅ​ក្នុង​សហគមន៍​ ដែល​ជួយ​កុមារ​ឆ្លង​ផ្លូវ​ បង្រៀន​ពួក​គេ​ពី​បច្ចេកទេស​នៃ​ការ​លេង​បាល់​ទាត់​និង​ពន្យល់​មេរៀន​ដល់​ពួក​គេ។ បើទោះ​បី​ជា ពួក​គេ​បាន​រង​ទុក្ខ​លំបាក​ជា​ច្រើន​ក៏​ដោយ ក៏​ពួក​គេ​នៅ​តែ​បន្ត​រីក​ចម្រើន​ទៅ​មុខ​ដែរ។

លោក​ Shahad បាន​ឲ្យ​ដឹង​ថា៖ «​នៅ​ពេល​តាំង​ទី​លំនៅ​ថ្មី​ អ្វី​ដែល​យើង​ចង់​ជៀស​វាង​គឺ​ យើង​មិន​ចង់​ឲ្យ​យើង​គ្មាន​ជំនាញ​អី្វ​មួយ​នោះ​ទេ ហើយ​មិន​ចង់​ឲ្យ​កុមារ​ត្រូវ​បាន​ខាត​ពេល​ជា​ច្រើន​ឆ្នាំ​មិន​បាន​រៀន​សូត្រ​នោះ​ទេ»។

ពួក​គេ​កំពុង​តាំង​លំនៅ​ថ្មី ​ប៉ុន្តែ​ វា​មាន​លក្ខណៈ​យឺតយ៉ាវ។

នាង​ Masoma Faqihi អាយុ​ ២០ឆ្នាំ​ ពាក់​កន្សែង​រុំក្បាលពណ៌ខ្មៅ។ នាង​ជា​កីឡា​ការនី​បាល់​ទាត់​ ម្នាក់​បាន​ថ្លែង​ថា ក្រុម​គ្រួសារ​របស់​នាង​ទាំង​ប្រាំ​មួយ​នាក់​ ទីបំផុត​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​កាន់​សហ​រដ្ឋ​អាមេរិក ​បន្ទាប់​ពី​នាង​រស់​នៅ​ស្រុក Cisarua ជាង​បី​ឆ្នាំ។

នាង​បាន​និយាយ​ថា៖ "ខ្ញុំ​ចូល​ចិត្ត​បង្រៀន​នៅ​តាម​សាលា​រៀន​នេះ ​ប៉ុន្តែ​ ខ្ញុំ​ត្រូវ​ទៅ​បន្ត​ការ​សិក្សា​ដើម្បី​អនាគត​ផ្ទាល់។ នាង​បាន​បន្ត​ទៀត​ថា៖ «ខ្ញុំ​ឮ​ថា អ្នក​អាច​ធ្វើ​អ្វី​ក៏​បាន​នៅ​សហរដ្ឋ​អាមេរិក​ ហើយ​ខ្ញុំ​ពិត​ជា​ចង់​ក្លាយ​ជា​អ្នកតុបតែង​មុខ​ម្នាក់​ខ្លាំងណាស់​។ ជូន​ពរ​ឲ្យ​ខ្ញុំ​មាន​សំណាង​ល្អ​ផង​ចុះ!»៕

ប្រែ​សម្រួល​ដោយ​ ឆាយ​ គីម​ហ៊ង

XS
SM
MD
LG